ក្រោយពីការទម្លាក់គ្រាប់បែកបរមាណូ តើជប៉ុនអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣យ៉ាងដូចម្ដេច?
ភាពជោគជ័យរបស់ប្រទេសជប៉ុនក្នុងតំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោក តែងតែត្រូវបានមនុស្សទូទាំងសកលលោកចោទជាចម្ងល់កន្លងមក។ វាប្រាកដជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនិងស្របជាមួយគ្នានេះក៏គួរឲ្យកោតសរសើរស្ញប់ស្ញែងផងដែរ ចំពោះប្រទេសមួយដែលជួបប្រទះនឹងសោកនាដកម្មស្ទើរងើបមុខមិនរួចបន្ទាប់ពីបរាជ័យក្នុងសង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥ នៅពេលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកកម្ទេចទីក្រុងសំខាន់ៗចំនួន២របស់ជប៉ុនគឺ ហ៊ីរ៉ូស៊ីម៉ា និងណាកាសាគី។
សោកនាដកម្មដ៏ធំធេងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជប៉ុននេះ បាននាំមកនូវប្រសិទ្ធភាពនៃការលូតលាស់ទាប ការបន្តកើនឡើងតម្លៃទំនិញចំពោះតម្រូវការដ៏មូលដ្ឋានរបស់ប្រជាជន និងកំណើនអត្រាអ្នកអត់ការងារធ្វើមិនចេះឈប់អស់រយៈកាល១៥ឆ្នាំ។ សំណួរចោទសួរថា តើអតីតប្រទេសដែលបរាជ័យយ៉ាងជោកជាំក្នុងសង្គ្រាមលោកនេះអាចតស៊ូអភិវឌ្ឍប្រទេសជាតិខ្លួន រហូតអាចដណ្ដើមឈរនៅទីខ្ពស់ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោកបានយ៉ាងដូចម្ដេច ? ការជ្រៀតជ្រែករបស់សម្ព័ន្ធមិត្តAllyក្នុងសង្គ្រាមលោកលើកទី២មាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋប្រជាមានិតចិន និងសហភាពសូវៀត ក្នុងការជួយទំនុកបម្រុងនិងជាពិសេសគឺស្ដារឡើងវិញនូវប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនអំណាចសេដ្ឋកិច្ចរបស់ជប៉ុនឡើងវិញ។ ដំណើរការណ៍នៃការជ្រៀតជ្រែករបស់សម្ព័ន្ធមិត្ត Ally នេះមាន៣ដំណាក់កាលធំៗ។
ដំណាក់កាលទី១ គឺជាកិច្ចខិតខំប្រឹងប្រែងផ្ដួចផ្ដើមដើម្បីដាក់ទណ្ឌកម្មក៏ដូចជាកំណែទម្រង់ប្រទេសជប៉ុន
ទី២ជាការកែសម្រួលឡើងវិញនូវសេដ្ឋកិច្ចជប៉ុន និងចុងក្រោយគឺជាសេចក្ដីបញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពផ្លូវការនិងមិត្តភាព។
ដំណាក់កាលទី១ចាប់ផ្ដើមពីឆ្នាំ១៩៤៥រហូតដល់១៩៤៧ ដែលសម្ព័ន្ធមិត្តAlly ដាក់ទោសជប៉ុនចំពោះយោធានិយមនិងការពង្វាតទឹកដីរបស់ជប៉ុន។ ពួកគេរៀបចំឡើងវិញនូវទាហានយោធាជប៉ុន និងដាក់បម្រាមចំពោះអតីតមន្ត្រីយោធាគ្រប់រូបក្នុងការបន្តកាន់តំណែងរបស់ខ្លួនក្នុងរដ្ឋាភិបាលថ្មីនេះ។ រីឯផ្នែកសេដ្ឋកិច្ចវិញ កំណែទម្រង់ដីធ្លីត្រូវបានបង្កើតឡើងក្នុងគោលដៅផ្ដល់ប្រយោជន៍ជួយដល់ប្រជាកសិករក្រីក្រទាំងឡាយរបស់ជប៉ុន និងកាត់បន្ថយនូវអំណាចពួកអ្នកមានក្នុងការកាន់កាប់ដីធ្លី ដែលពួកនេះហើយប្រកាសគាំទ្រចំពោះសង្គ្រាមនិងការពង្វាតទឹកដីរបស់ជប៉ុនក្នុងទសវត្សឆ្នាំ១៩៣០។
កំណែទម្រង់សេដ្ឋកិច្ចក៏បានព្យាយាមកែប្រែពីប្រព័ន្ធទីផ្សារដែលធ្លាប់តែមានតែរដ្ឋាភិបាលសម្រេចចិត្តចំពោះផលិតផលណាគួរឬមិនគួរផលិត និងជាអ្នកទំនុកបម្រុងពួកម្ចាស់នាយទុនដោយគ្រប់គ្រងទៅលើប្រព័ន្ធហិរញ្ញវត្ថុ ឲ្យប្រែក្លាយជាប្រព័ន្ធទីផ្សារសេរីបើកចំហចំពោះពាណិជ្ជកម្មពិភពលោកវិញ។
ដំណាក់កាលទី២ចាប់ផ្ដើមពីចុងឆ្នាំ១៩៤៧ដល់១៩៥០ ដែលស្របពេលនោះរបបកុំមុយនិសរបស់ម៉ៅ សេទុងនៅសាធារណរដ្ឋប្រជាមានិតចិនបានទទួលជ័យជម្នះក្នុងសង្គ្រាមស៊ីវិល សម្ព័ន្ធមិត្តAllyមើលឃើញថាសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ជប៉ុននាពេលនោះងាយនឹងទទួលឥទ្ធិពលពីជ័យជម្នះរបស់របបកុំមុយនិស ដែលអាចធ្វើឲ្យសេដ្ឋកិច្ចជប៉ុននឹងជាប់គាំងមួយកន្លែងមិនខាន។ ដូច្នេះហើយពួកគេក៏បង្កើតគោលនយោបាយសេដ្ឋកិច្ចមួយដែលធ្វើកំណែទម្រង់ទៅលើពន្ធ ផ្ដល់អត្រាសន្សំប្រាក់ក្នុងកម្រិតខ្ពស់ និងគ្រប់គ្រងអតិផរណាឲ្យនៅទាប ដែលជាអំណោយផលដល់ការពង្រីកជំនួញជាច្រើនយ៉ាងល្អប្រសើរ។
យ៉ាងណាមិញភាពខ្វះខាតនូវវត្ថុធាតុដើមរបស់ជប៉ុនដែលមិនអាចឆ្លើយតបតាមតម្រូវការរបស់ឧស្សាហកម្មនិងទីផ្សារជប៉ុនបានល្អ អាចជាឧបសគ្គដ៏ធ្ងន់ធ្ងរមួយក្នុងការសង្គ្រោះសេដ្ឋកិច្ចជប៉ុន។ សំណាងល្អស្របពេលនោះ សង្គ្រាមនៅកូរ៉េខាងត្បូងក៏បានផ្ទុះឡើងនៅឆ្នាំ១៩៥០ ដែលធ្វើឲ្យសហរដ្ឋអាមេរិកអាចជួយសង្គ្រោះជប៉ុនបានតាមរយៈអ្នកទិញផលិតផលរបស់អាមេរិកដ៏សំខាន់របស់កូរ៉េខាងត្បូង។
ដំណាក់កាលបញ្ចប់នៃការជ្រៀតជ្រែក គឺជាការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពរបស់សាន់ហ្វ្រាន់ស៊ីស្កូ និងកិច្ចព្រមព្រៀងសន្តិសុខរវាងអាមេរិកនិងជប៉ុនក្នុងឆ្នាំ១៩៥២ នៅពេលដែលពួកគេមើលឃើញថាជប៉ុនមានស្ថិរភាពគ្រប់គ្រាន់ក្នុងការក្ដោបក្ដាប់អំណាចគ្រប់គ្រងលើដែនដីរបស់ខ្លួនដោយខ្លួនឯងវិញ៕
ដោយ៖ ស្រីពៅ
ប្រភព៖ history.state.gov & spice.fsi.stanford.edu