ហេតុអ្វីសម័យកាលជំងឺ​​ Covid19 ធ្វើ​ឲ្យ​ចិន​ភ័យខ្លាច​ដេក​មិន​លក់ជាង​សម័យ​កាល​​​ជំងឺ SARS?​



អស់រយៈពេល១៦ ឆ្នាំហើយបន្ទាប់ពីជំងឺ SARS បានឆ្លងដល់មនុស្សជាង ៨ ០០០ នាក់ និងសម្លាប់មនុស្ស ៧៧៤ នាក់។ ឥឡូវនេះជំងឺកូវីដ ១៩ កំពុងបង្កការភ័យខ្លាចនៅទូទាំងសាកលលោក ខណៈដែលវ៉ាក់សាំងបង្ការ ​មិនទាន់ត្រូវបានគេរកឃើញ និង​ប្រកាស​ទទួល​ស្គាល់​ជា​សកលនៅ​ឡើយ ស្របពេលដែល​ឱសថព្យាបាលត្រូវ​បាន​អ្នក​ជំនាញ​ប្រើ​ប្រាស់​ផ្សេងៗគ្នាទៅ​តាម​ប្រទេស និង​តំបន់ ដោយ​មិន​ទាន់​មានការ​ប្រកាស​ទទួល​ស្គាល់ឱសថណាមួយ​ឱ្យ​បាន​ច្បាស់ជា​សកល​នៅ​ឡើយ​ទេ។ 

ជំងឺដ៏គួរឲ្យភ័យខ្លាចមួយនេះ ទំនងជាមិនបញ្ឈប់ដំណើររបស់វាត្រឹមហ្នឹងទេ។ វាកំពុងធ្វើឲ្យចរន្តសេដ្ឋកិច្ចសាកលលោកជាប់គាំងនៅស្របពេលដែលកំណើនសេដ្ឋកិច្ចមហាយក្សចិនកំពុងមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលមួយទសវត្សចុងក្រោយ។ គេនៅចាំបានថា កាលពីឆ្នាំ ២០០៣  ជំងឺ SARS បានបំផ្លាញសេដ្ឋកិច្ចចិន (GDP) អស់ត្រឹមតែ ១,៦ ពាន់ពាន់ (១,៦ទ្រីលាន) លានដុល្លារប៉ុណ្ណោះ។ សព្វថ្ងៃនេះផលិតផលក្នុងស្រុកសរុបរបស់មហាអំណាចពិភពលោកមួយនេះមានចំនួនប្រហែល ១៣ ពាន់ពាន់​(១៣ទ្រីលាន) លានដុល្លារ។

រូបភាពខាងក្រោមនេះនឹងបង្ហាញប្រិយមិត្តអ្នកអានឲ្យបានដឹងថា តើសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០០៣ និងពេលបច្ចុប្បន្ននេះខុសគ្នាដូចម្តេចខ្លះ?

សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិន គឺស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលរីកចម្រើនលឿនជាងគេបំផុតមួយនៅលើពិភពលោក។ មានការព្រួយបារម្ភថា កំណើនសេដ្ឋកិច្ចរបស់មហាយក្សមួយនេះ នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ នេះ។  លោក Larry Hu ប្រធាន​សេដ្ឋវិទូ​ចិន​ប្រចាំ​ក្រុមហ៊ុន Macquarie Group បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​មហាអំណាច​លើ​លោក​មួយ​នេះ​នឹង​ធ្លាក់​ចុះមក​ត្រឹម​ ​៦% នៅក្នុងត្រីមាសទី ១ ​ឆ្នាំ​នេះ​ បើប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ចិនកំពុងនាំចេញទំនិញច្រើនជាងពេលណាៗទាំងអស់។ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ចិនគឺជាអ្នកផ្គត់ផ្គង់ទំនិញធំបំផុតរបស់សហរដ្ឋអាមេរិករួមមានដូចជា គ្រឿងម៉ាស៊ីនអគ្គិសនី (មានតម្លៃ ១៥២ ពាន់លានដុល្លារ) គ្រឿងម៉ាស៊ីន ( មានតម្លៃ ១១៧ ពាន់លានដុល្លារ) គ្រឿងសង្ហារឹម និងសម្ភារៈលំនៅឋាន (មានតម្លៃ៣៥ ពាន់លានដុល្លារ) ឧបករណ៍ក្មេងលេង និងសម្ភារៈកីឡា (មានតម្លៃ ២៧ ពាន់លានដុល្លារ) និងផ្លាស្ទិច (មានតម្លៃ ១៩ ពាន់លានដុល្លារ)។

មក​មើល​ចំនួនមហាសេដ្ឋី​វិញ ចិនកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។ លោក Jack Ma ដែលថ្មីៗនេះបានលាលែងតំណែងជាប្រធានក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនអេឡិចត្រូនិចយក្សដ៏ធំបំផុតមួយក្នុងលោក និងជាមហាសេដ្ឋីមានជាងគេបំផុតរបស់ចិន មានទ្រព្យសម្បត្តិរហូតដល់ទៅ ៤២ ពាន់លានដុល្លារទៅហើយ។ ក្រៅពីនេះនៅមានមហាសេដ្ឋីល្បីៗជាច្រើនទៀតសរុប ៣២៤ កំពុងជាប់ឈ្មោះក្នុងបញ្ជីទស្សនាវដ្តី Forbes ដែលកំពុងប្រដេញដណ្តើមតំណែងនេះ ខណៈដែលមហាសេដ្ឋីកើតថ្មីកំពុងកើនឡើងកាន់តែច្រើនឡើងដែលមិនធ្លាប់មានពីមុនមក។

ងាកមកមើលការធ្វើដំណើរ និងវិស័យទេសចរណ៍វិញ វិស័យនេះបានក្លាយជាសូចនាករដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីកម្រិតជីវភាពប្រជាជនចិនកាន់តែប្រសើរឡើង ហើយប្រជាជនរបស់ខ្លួនកាន់តែច្រើនទៅៗបានធ្វើដំណើរជុំវិញពិភពលោកនៅអំឡុងពេលវិស្សមកាលរបស់ពួកគេ។ គេបានរកឃើញថា អ្នកទេសចរចិនម្នាក់បានចំណាយជាមធ្យម ៧៦២ ដុល្លារលើថ្លៃទំនិញពេលធ្វើដំណើរកម្សាន្តក្រៅប្រទេស ខណៈដែលភ្ញៀវទេសចរមិនមែនជនជាតិចិនជាមធ្យមបានចំណាយត្រឹមតែ ៤៨៦ ដុល្លារប៉ុណ្ណោះ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen កាលពីឆ្នាំ ២០១៧ កន្លងទៅ ។

នៅពេលកន្លងទៅក្រុមហ៊ុន Starbucks ដ៏ល្បីល្បាញរបស់អាមេរិកក៏បានប្រកាសដែរថា ខ្លួនបានបិទជាងពាក់កណ្តាលនៃហាងទំនិញសរុបរបស់ខ្លួនចំនួន ៤ ១០០ កន្លែងនៅចិនដីគោកចំពេលមានការភ័យខ្លាចទៅនឹងជំងឺឆ្លងនេះ។ ក្រៅពីនោះ ក្រុមហ៊ុនសំលៀកបំពាកក់របស់ស្វីស H&M ក៏សុទ្ធតែបានប្រកាសបិទទ្វារយ៉ាងហោចណាស់ទីតាំងចំនួន ៤៥។ ក្រុមហ៊ុន IKEA និងក្រុមហ៊ុនល្បីៗជាច្រើន ទៀតមកពីលោកខាងលិចដែលបានបណ្តាក់ទុនរកស៊ីក្នុងប្រទេសនេះសុទ្ធតែបានប្រកាសបិទទ្វារដែរនៅអំឡុងពេលវីរុសវាយលុក។

ក្រៅពីក្រុមហ៊ុនលក់រាយរបស់អាមេរិក គេក៏មិនត្រូវមើលរំលងវិស័យបដិសណ្ឋារកិច្ច (Hotel) នោះដែរ។ ចិនបានក្លាយជាទ្រនំរកស៊ីដ៏កាក់កបមួយ និងជាទីតាំងរកស៊ីធំជាងគេរបស់ក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោកម៉ារីយ៉ូត (Marriott) ក្រៅពីទឹកដីអាមេរិក។ កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុនអាមេរិកមួយនេះបានចាប់ដៃជាមួយក្រុមហ៊ុន Alibaba ដែលផ្តល់ឲ្យអតិថិជនទាំងអស់មកពីគ្រប់ទិសទីអាចកក់សណ្ឋាគារតាមគេហទំព័រ Alibaba បាន។ ក្រុមហ៊ុននេះបានផ្អាកការផ្តល់សេវាកម្មនៅទីតាំងមួយចំនួនធំដោយសារតែភ័យខ្លាចទៅនឹងជំងឺនេះ។

មិនខុសពីក្រុមហ៊ុនសណ្ឋាគារខាងលើ ក្រុមហ៊ុនល្បែងដ៏ល្បីរបស់អាមេរិក Las Vegas Sands ដែលបោះទីតាំងរកស៊ីនៅម៉ាកាវបានបាត់បង់ភ្ញៀវអស់ដល់ទៅ ៨០% ខណៈដែលក្រុមហ៊ុននេះធ្លាប់រកចំណូលបានដល់ទៅជាង ៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨ កន្លងទៅ។ នៅសម័យជំងឺ SARS ក្រុមហ៊ុននេះ មិនទាន់មានវត្តមាននៅលើទឹកដីនេះនៅឡើយ។ នេះជាបញ្ហាចោទដ៏ធំមួយសម្រាប់វិស័យល្បែងរបស់ចិនដែលធ្លាប់ដែលល្បីល្បាញអស់រយៈពេលជាច្រើនទសវត្សកន្លងមក។ 

ជា​រួម​វិស័យ​លក់រាយរបស់​ចិន​បានធ្លាក់​ចុះអស់ ២០,៥% ក្នុង​ខែ​មករា និង​កុម្ភៈ​នៅ​ក្នុង​រយៈពេល​ដូចគ្នា​បើ​ប្រៀបធៀប​ទៅ​នឹង​​ឆ្នាំ ២០១៩ ​កន្លង​ទៅ។ ចំណែក​វិស័យ ឧស្សាហកម្ម​វិញ​បាន​ធ្លាក់ចុះ​អស់ ១៣,៥% ហើយ​ការ​វិនិយោគ​លើ​វិស័យ​ទូទៅ​បាន​ធ្លាក់​ចុះ​ជិត​ ២៥% នេះ​បើយោងតាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ខ្លួន​។ ​ទិន្នន័យ​មក​ពី​វិស័យ​ទាំងបី​សំខាន់ៗ​នេះ គឺ​សុទ្ធតែ​ធ្លាក់​ចុះ​ច្រើន​ជាងការ​រំពឹងទុក​ទាំងអស់​របស់​អ្នកវិភាគ ហើយ​ការ​ធ្លាក់ចុះ​ក្នុង​វិស័យ​ឧស្សាហកម្ម​គឺ​ជា​ការ​ធ្លាក់ចុះ​ច្រើន​ជាងគេ​បំផុត​មិន​ធ្លាប់​មាន​នៅ​ពេល​កន្លង​មក។

យ៉ាងណាក៏ដោយ ការិយាល័យស្ថិតិជាតិខាងលើបានបន្តថា សេដ្ឋកិច្ចរបស់ខ្លួនអាចនឹងប្រសើរឡើងវិញនៅត្រីមាសទី ២ នេះដោយសារតែសកម្មភាពអាជីវកម្មអាចវិលត្រឡប់មកសភាពធម្មតាវិញ គួបផ្សំជាមួយនឹងវិធានការណ៍អនុវត្តគោលនយោបាយជាច្រើនរបស់រដ្ឋាភិបាលរួមមាន ការកាត់បន្ថយអត្រាការប្រាក់ ការបញ្ចេញសាច់ប្រាក់កម្ចីរបស់រដ្ឋាភិបាលទៅវិស័យឯកជន ការកាត់បន្ថយពន្ធ និងថ្លៃសេវាកម្មផ្សេងៗ។​

ប៉ុន្តែក្រុមអ្នកវិភាគនៅមិនទាន់មានសុទិដ្ឋិនិយមនៅឡើយទេដោយពួកគេបាននិយាយថា ការស្ទុះងើបឡើងវិញទំនងជានៅខ្សោយនៅឡើយទេដោយសារអត្រាគ្មានការងារធ្វើបានកើនឡើងខ្ពស់ដែលនឹងធ្វើឲ្យកាត់បន្ថយការ ចំណាយរបស់អ្នកប្រើប្រាស់ និងការរីករាលដាលនៃជំងឺនេះដែលកំពុងរាំងខ្ទប់ដល់ការនាំចេញរបស់ចិន ទោះបីរោងចក្រសហគ្រាសអាជីវកម្មអាចវិលទៅរកសមភាពធម្មតាក៏ដោយ។ អត្រាគ្មានការងារធ្វើរបស់ចិនបានកើនឡើងខ្ពស់រហូតដល់ទៅ ៦,៣% ក្នុងខែកុម្ភៈពី ៥,២% បើធៀបទៅនឹងខែធ្នូចុងឆ្នាំ ២០១៩។ 

នៅពេលនេះ ថ្វីត្បិតតែវាបានធូរស្រាលបន្តិចក្តីសម្រាប់មហាយក្សចិន ក៏ប៉ុន្តែជំងឺកូវីដ ១៩ នេះកំពុងបង្កការភ័យខ្លាចនៅបណ្តាប្រទេសមួយចំនួននៅលោកខាងលិចទៅវិញជាពិសេសតំបន់អឺរ៉ុប និងអាមេរិកដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ចិន។ គេរំពឹងថា សេដ្ឋកិច្ចសាកលលោកប្រមាណ ៤,១ ពាន់ពាន់លានដុល្លារនឹងត្រូវលេបត្របាក់ដោយសារជំងឺនេះ នេះបើយោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ មនុស្សជាង ១លាននាក់ទៅហើយបានឆ្លងជំងឺនេះ ខណៈមនុស្សជាង ៥ម៉ឺននាក់បានស្លាប់ ហើយគេមិនអាចព្យាករណ៍បាននៅឡើយទេថា តើវានឹងបញ្ចប់ទៅនៅពេលណាឲ្យពិតប្រាកដ?

អត្ថបទទាក់ទង៖

ដោយ៖ ណារិន​
ប្រភព៖ Forbes &CNN 

 

 

X
5s