តើចិនពិតជាបង្កើតវីរុសកូវីដ១៩មែន? តើចិនបានចំណេញអ្វីបើមែន? ចុះបើមិនមែនអ្នកណាចំណេញ?
«តើចិនពិតជាបង្កើតវីរុសកូវីដ១៩មែន? ចិន បានចំណេញអ្វីបើមែននោះ? ចុះបើមិនមែនអ្នកណាចំណេញ?» នេះជាសំណួរដែល BizKhmer យកមកធ្វើជាប្រធានបទនៅក្នុងអត្ថបទស្រាវជ្រាវមួយនេះ ដោយមិនបានឆ្លុះបញ្ចាំងអំពី ការចោទប្រកាន់ទៅលើភាគីណាមួយ ឬទៅលើប្រទេសណាមួយ ប៉ុន្តែជាជ្រុងតូចមួយដែលយើងចង់ឆ្កឹះយកមកចែករំលែក តែមិនមែនក្នុងហេតុផលដើម្បី បំពុលសង្គម នោះទេ។ ការស្រាវជ្រាវនេះ គឺផ្ដល់ជូនបងប្អូន មិត្តអ្នកអាន ជាដើមទុននៃចំណេះដឹងថ្មីៗជុំវិញ កូវីដ១៩។
ថ្មីៗនេះមានការលើកឡើងជាច្រើនមិនថា នៅប្រទេសកម្ពុជា និងបណ្ដាប្រទេសបស្ចិមលោក ក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ក៏ធ្លាប់ហៅ កូរ៉ូណា ថា «វីរុសចិន» ថែមទៀតផង។
នៅក្នុងអត្ថបទស្រាវជ្រាវមួយដោយលោកបណ្ឌិត យិន ឆេងស៊ន ដែលគេហទំព័រ BizKhmer យើងបានលើកយកមកចុះផ្សាយមានចំណងជើងថា «កូវីដ១៩៖ បទពិសោធន៍ដែលមិននឹកស្មានដល់» មានចំណងជើងរងមួយដែលបានលើកឡើងពី «ទ្រឹស្តីនៃការសមគំនិត (Conspiracy theories)»។ លោកបណ្ឌិត បានសរសេរថា ទ្រឹស្តីពីការសមគំនិត គឺជាជំនឿដែលថាព្រឹត្តិការណ៍ ឬស្ថានការណ៍ណាមួយរៀបចំដោយអ្នកណាមួយ។
តាមពិតទៅ មុនកើត ទ្រឹស្តីនៃការសមគំនិត (Conspiracy theories) នេះឡើង ក៏មានចចាមអារ៉ាមជាច្រើនចោទលើប្រទេសចិន មិនទាន់មានការរុញដាក់អាមេរិកនោះទេ ថាចិនជាអ្នកបង្កើតវីរុសនេះឡើង។ អ្វីដែលដើមចមនោះ គឺមកពី វិទ្យាស្ថានវីរុសសាស្ត្រវូហាន គឺស្ថិតនៅចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះពីផ្សារលក់សាច់ចម្រុះវូហាន ជាទីតាំងដែលគេរកឃើញថា ផ្ទុះកូវីដ១៩នេះដំបូង។
ទ្រឹស្តីពីការសមគំនិតផ្សេងៗ លេចឡើងជុំវិញការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដូចជាថា មន្ទីរពិសោធន៍វីរុសសាស្ត្រជាប្រភពដើមនៃការលេចធ្លាយ និងសាយភាយវីរុសថ្មីនេះ។ វាក៏មានការសង្ស័យថា វិទ្យាស្ថានវីរុសសាស្ត្រវូហាន ថាជាកន្លែងបង្កឱ្យលេចឡើង និងប្រភពជាក់ស្តែងនៃវីរុសថ្មីស្ថិតនៅជាអាថ៌កំបាំងដែលមិនទាន់អាចបំបាត់ក្តីមន្ទិលនៅឡើយ។ ជាមួយគ្នានោះដែរ មានការសង្ស័យថា ចិនមានមហិច្ឆតាបង្កើតអាវុធជីវសាស្ត្រស្របគ្នានឹងការប្រឈមគ្នាកាន់តែតានតឹងជាមួយអាមេរិក ក៏ដូចជាមហិច្ឆតាគ្រប់គ្រងពិភពលោករបស់អ្នកដឹកនាំ លោកស៊ីជិងពិងដែរ។
ពាក់ព័ន្ធនឹងចំណុចនេះដែរ? យើងចង់លើកយកប្រវត្តិនៃវិទ្យាស្ថាននេះមកនិយាយបន្តិច! តាមពិតទៅវិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ មកម្ល៉េះ ដែលដំបូងឡើយជាវិទ្យាស្ថានមីក្រូជីវសាស្ត្រវូហានស្ថិតនៅក្រោមបណ្ឌិតសភាវិទ្យាសាស្ត្រចិន (បច្ចុប្បន្ន ក៏ស្ថិតនៅក្រោមបណ្ឌិតសភានេះដែរ)។ វិទ្យាស្ថាននេះត្រូវបានប្ដូរឈ្មោះជាបន្តបន្ទាប់ រហូតដល់ឆ្នាំ១៩៧៨ ទើបប្ដូរឈ្មោះមកជា «វិទ្យាស្ថានវីរុសសាស្ត្រវូហាន» រហូតមកដល់សព្វថ្ងៃ។
មកដល់ឆ្នាំ ២០១៥ មន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រជាតិ (National Bio-safety Laboratory) នៅក្នុងវិទ្យាស្ថាននេះ ក៏ត្រូវបានបង្កើតឡើងដោយចំណាយទឹកប្រាក់ ៤៤លានដុល្លារដោយសហការជាមួយក្រុមវិស្វករមកពីលីយ៉ុងនៃប្រទេសបារាំង។ មន្ទីរពិសោធន៍នេះជាមន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រកម្រិត៤ (BSL-4) ដំបូងគេនៅទឹកដីចិន (សូមបញ្ជាក់ថា មន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រ មានទាំងអស់ ៤កម្រិតមិនថានៅអាមេរិក អាល្លឺម៉ង់ កាណាដា ឬចិនទេ ហើយកម្រិតទី ៤ នេះជាកម្រិតខ្ពស់បំផុត។ កម្រិតនីមួយៗ នេះគឺជារង្វាស់នៃកម្រិតសុវត្ថិភាពពាក់ព័ន្ធនឹងសម្ភារៈបរិក្ខារ រួមទាំងអគារ ឬរចនាសម្ព័ន្ធរូបវន្តរបស់មន្ទីរពិសោធន៍ សម្រាប់រក្សាទុកនូវ «ភ្នាក់ងារជីវសាស្ត្រដែលគ្រោះថ្នាក់ (isolate dangerous biological agents)»។
មន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រជាតិ (National Bio-safety Laboratory) ស្ថិតនៅក្នុង វិទ្យាស្ថានវីរុសសាស្ត្រវូហាន
អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកល្បីៗមួយចំនួនដូចជា អ្នកជំនាញផ្នែកជីវម៉ូលីគីល (Molecular Biologist) Richard H.Ebright ធ្លាប់បានបង្ហាញនូវការព្រួយបារម្ភអំពីការបែកធ្លាយនូវវីរុស SARS នៅមន្ទីរពិសោធន៍របស់ចិននាទីក្រុង ប៉េកាំង។ លោកក៏បារម្ភផងដែរអំពីផែនការនៃការពង្រីកមន្ទីរពិសោធន៍ថ្នាក់ជាតិរបស់ចិនទៅដល់កម្រិតទី៤ នេះ។ ទោះជាយ៉ាងណា គេដឹងថា មន្ទីរពិសោធន៍មួយនេះ មានសម្ព័ន្ធភាពយ៉ាងស្អិតល្មួតជាមួយនឹងមន្ទីរពិសោធន៍ជាតិ Galveston នៃសាកលវិទ្យាល័យ Texas របស់សហរដ្ឋអាមេរិក។ មកដល់ឆ្នាំ២០២០ នេះ លោក Ebright បានហៅ វិទ្យាស្ថានវីរុសសាស្ត្រវូហាន បែបចំអកឡកឡើយថាជា «វិទ្យាស្ថានស្រាវជ្រាវលំដាប់ពិភពលោកដែលធ្វើការស្រាវជ្រាវវីរុស និងប្រព័ន្ធភាពស៊ាំ (virology and immunology) លំដាប់ពិភពលោកមែន»។
ងាកមកមើលអត្ថបទស្រាវជ្រាវក្រោមប្រធានបទ «កូវីដ១៩៖ បទពិសោធន៍ដែលមិននឹកស្មានដល់» ដដែលបានបង្ហាញថា មានពាក្យចចាមអារ៉ាមជាច្រើន ត្រូវបានចែកចាយតាមអ៊ិនធឺណែតអំពីប្រទេសចិន។ The South China Morning Post បានរាយការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មិនបានចាត់ទុកពត៌មានថា នាយិកាវិទ្យាស្ថានគឺអ្នកស្រី Wang Yanyi បានលក់សត្វដែលរងការពិសោធន៍ចេញពីវិទ្យាស្ថានទៅទីផ្សារលក់សត្វ និងអាហារសមុទ្ទវូហាន ថា ត្រឹមត្រូវទេ (ថាជាព័ត៌មានមិនពិត)។
សូមអាន៖ កូវីដ១៩៖ បទពិសោធន៍ដែលមិននឹកស្មានដល់
ចំណែក អ្នកវីរុសសាស្ត្រដែលពិនិត្យទម្រង់ហ្សែន (Genome) និងអ្នកឯកទេសផ្នែកជំងឺឆ្លងដែលសិក្សាពីវីរុសកូរ៉ូណា សន្និដ្ឋានថា ពួកគេមានភ័ស្តុតាងថា វីរុសថ្មីនេះកើតចេញពីធម្មជាតិ។ ពួកអ្នកឯកទេសខាងលើជាច្រើនលើកឡើងថា ការវិភាគលើហ្សែន (Genome analyses) នៃវីរុសពីបណ្តាប្រទេសជាច្រើនដែលឆ្លងជំងឺនេះ ថ្មីៗនេះដែរអះអាងនៅក្នុងទស្សនាវដ្តីអន្តរជាតិ The Lancet ថា វីរុសមួយនេះមានប្រភពចេញពីសត្វព្រៃ។
បើតាមភស្ត័តាង និងព័ត៌មានពីការរាតត្បាតសរសេរដោយអ្នកស្រាវជ្រាវបីនាក់នៅក្នុងទស្សនាវដ្តី New England Journal of Medicine ថាវីរុសថ្មីដែលមានប្រភពពីសត្វប្រជៀវនេះបានឆ្លងទៅសត្វអម្បូរផ្សេងដែលលក់នៅទីផ្សារសត្វរស់នៅចិន។ បើតាមអ្នកឯកទេសវិភាគហ្សែន Tanja Stadler នៅក្រុង Zurich (ស្វ៊ីស) ថា វីរុសបានឆ្លងទៅកាន់មនុស្សរួចទៅហើយក្នុងប្រទេសចិនតាំងពីពាក់កណ្តាលទី១ នៃខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ។
ម្យ៉ាងទៀត នៅពេលដែលជំងឺនេះសាយភាយពេញពិភពលោក ចិនដែលពីដំបូងគ្មានប្រតិកម្មទេនៅពេលដែលគេនិយាយថា «វីរុសវូហាន» នោះ ប៉ុន្តែចុងក្រោយបានឆ្លៀតបំផ្លាតព័ត៌មានថា ជំងឺនេះមិនមានប្រភពនៅប្រទេសចិនទេព្រមទាំងចោទថាមកពីអាមេរិកវិញ។
ទ្រឹស្តីនៃការសមគំនិតបានទាញអារម្មណ៍ប៉ុន្មានសប្តាហ៍មកនេះ ក្រោយពេលដែលអ្នកឯកទេសចិនផ្នែកជំងឺឆ្លងដ៏គួរឱ្យគោរពម្នាក់គឺ Zhong Nanshan និយាយនៅសន្និសិទសារពត៌មានថ្ងៃទី២៧ ខែកុម្ភៈ ថា បើទោះបីជាចិនជាកន្លែងដែលជំងឺនេះលេចឡើង ប៉ុន្តែវាក៏អាចដែរថា មិនមានប្រភពពីប្រទេសចិននោះទេ។
ក្រោយមកលោកបញ្ជាក់ថា ដើមដំបូងនៃការរកឃើញជំងឺនៅចិន តែមិនមែនបានសេចក្តីថា ចិនត្រូវតែជាប្រភពនោះទេ ។ គាត់និយាយបន្ថែមទៀតថា ប៉ុន្តែ យើងមិនអាចសន្និដ្ឋានថា វីរុសត្រូវបាននាំចូលពីក្រៅនោះក៏ទេដែរ។ ទាល់តែមានការអង្កេត និងពិនិត្យមើលដានរបស់វាទើបយើងអាចឆ្លើយសំណួរនេះ។ ចំណែក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន មន្ត្រីការទូតចិន ផ្តោតតែលើប្រយោគខាងដើមរបស់អ្នកប្រាជ្ញខ្លួនប៉ុណ្ណោះ ហើយលើកទឹកចិត្តពួកមន្ត្រីខ្លួនឱ្យបង្កើនការចែកចាយព័ត៌មាននេះ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយការបដិសេធមិនឱ្យក្រុមគ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រអាមេរិកក្នុងការចូលទៅជួយចិនពីដំបូង អ្វីៗស្ថិតក្រោមការបញ្ជាពីបក្សកុំម្មុយនិស្ត សង្គមគ្មានតម្លាភាពនិងការបិទព័ត៌មាននៅតែធ្វើឱ្យពិភពលោកបន្តក្តីសង្ស័យលើចិនដដែល។
ការបិទព័ត៌មានមិនមែនជារឿងមិនពិតនោះទេ សូម្បីកាលពីពេលថ្មីៗនេះ លោក ស៊ីជីនពីង ក៏បានផ្លាត់មាត់ផងដែរថា ស្នើរសុំមន្ត្រីខ្លួនមិនត្រូវលាក់បាំងព័ត៌មានអំពីករណីកូរ៉ូណានេះជាដាច់ខាត។
តែទោះជាយ៉ាងនេះក្ដី បើនិយាយតាមបែបចោទប្រកាន់ដែលថា ចិនជាអ្នកបង្កើត និងចម្លងទៅកាន់ពិភពលោក វាពិតជាមិនសមហេតុផលប៉ុន្មានទេ ព្រោះថា ចិនខាតបង់មិនតិចឡើយ ទាំងប្រជាជនស្លាប់ ការចំណាយទៅលើការព្យាបាល ហើយអ្វីដែលធំបំផុតនោះគឺសកម្មភាពសេដ្ឋកិច្ចដែលត្រូវគាំងស្ទះខាតបង់រាប់សិបពាន់លានដុល្លារ។ ប៉ុន្តែបើយកហេតុផល លេចធ្លាយវីរុស ពីមន្ទីរពិសោធន៍ ឬកត្តាធ្វេសប្រហែសណាមួយអំពីការគ្រប់គ្រងនូវសុវត្ថិភាពម្ហូបអាហារ អាចសមទំនងមួយជ្រុងដែរ។
បើនិយាយថា អាមេរិក ជាអ្នកបង្កើត ហើយជាអ្នកបង្កបញ្ហានៅចិនវិញក៏មិនសមហេតុផលដែរព្រោះថា អាមេរិកមានអ្នកឆ្លងវីរុសច្រើនជាងគេនាពេលបច្ចុប្បន្ន (ជាង 120 000 ករណីទៅហើយ) ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗដូចជា បារាំង អេស្ប៉ាញ អ៊ីតាលី និងអង់គ្លេស ជាសម្ព័ន្ធមិត្តខ្លួន កំពុងរងទុក្ខជាទម្ងន់។ សំណួរបែបឆោត បើអាមេរិកបង្កើតមែន ប្រហែលជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអាចថ្លឹងថ្លែង និងរកវិធីទប់ស្កាត់ទុកមុនដល់ខ្លួន ឬសម្ព័ន្ធមិត្តខ្លួន មិនទុកឱ្យធ្ងន់ករដូចពេលនេះទេ? (សូម្បីសម្ភារៈបរិក្ខារពេទ្យមួយចំនួន ត្រូវស្នើសុំទិញពីសម្ព័ន្ធរបស់ខ្លួនដែរ)។
បើនិយាយអំពីផលចំណេញសេដ្ឋកិច្ច តើប្រទេសណាចំណេញនាពេលនេះ? ដូចជាគ្មានទេ សូម្បីតែចិនខ្លួនឯង ដែលអះអាងថា រហូតមកដល់ពេលនេះមានអ្នកឆ្លងតិចតួច ឬស្ទើរតែគ្មាន ជាពិសេសនៅតំបន់ផ្ទូះវូហាន ហើយសកម្មភាពផលិតកម្មចាប់ផ្ដើមដំណើរការវិញខ្លះៗក៏ពិតមែន។ សួរថា បើចាប់ផ្ដើមឡើងនាពេលនេះ តើកម្រិតនៃការប្រើប្រាស់ក្នុងស្រុក (Domestic Consumption) អាចបន្តរក្សា ឬ ជំរុញកំណើនសេដ្ឋកិច្ចចិនជាងការនាំចេញបានទេ? ចុះបើនាំចេញ តើផលទទួលបាន អាចបានច្រើនទេ បើប្រទេសភាគច្រើនកំពុងត្បិតត្បៀត និងសន្សំសំចៃយ៉ាងនេះនោះ? ចុះបើនិយាយអំពីការនាំចេញតែ សម្ភារៈបរិក្ខារពេទ្យ អាចធ្វើឱ្យ សេដ្ឋកិច្ច ចិន ស្ទុះឡើងវិញទេ? កាលៈទេសៈពិភពលោកបច្ចុប្បន្នកុំថាឡើងផលិតកម្មចិនដើរវិញនោះ ទោះជាដើរក៏ប្រហែលនឹងជួបកង្វះខាតនូវវត្ថុធាតុដើមដែរ។
ការឈានដល់វិបត្តិសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ (Depression)?
អ្នកសេដ្ឋកិច្ចប្រចាំសាកលវិទ្យាល័យ Oxford បានព្រមានកាលពីពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ២០២០ ថា ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះចូលទៅកាន់តំបន់ផ្សេងៗទៀតដែលស្ថិតនៅខាងក្រៅទ្វីបអាស៊ី នោះនឹងធ្វើឲ្យអត្រាកំណើននៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះមានការធ្លាក់ចុះ ១,៣% ដែលស្មើនឹងការខាតបង់ចំណូលគិតជាទឹកប្រាក់ប្រមាណជា ១,១ លានលានដុល្លារអាមេរិក (ទ្រីលាន) ស្មើនឹងទំហំសេដ្ឋកិច្ចរបស់៌ឥណ្ឌូណេស៊ី។ សូមអាន៖ វីរុសកូរ៉ូណាអាចសម្លាប់ក្រុមហ៊ុនមួយចំនួន និងធ្វើឲ្យពិភពលោកខាតបង់ជាង ១ ទ្រីលានដុល្លារ
អ្នកសេដ្ឋកិច្ចអន្តរជាតិមួយចំនួនធំ អះអាងថា សេដ្ឋកិច្ចពិភពលោកអាចនឹងឈានដល់វិបត្តិធ្ងន់ធ្ងរ (Depression) ប៉ុន្តែប្រហែលជាមិនទាន់ធ្លាក់ដល់មហាវិបត្តិ (Great Depression) ដូចឆ្នាំ១៩២៨ ដែលជាដើមចមនៃសង្គ្រាមលោកលើកទី ២នោះទេ។
ទោះជាយ៉ាងនេះក្ដី ការវាយតម្លៃកាលពីពាក់កណ្ដាលខែកុម្ភៈ ហាក់នៅមានទំហំតូចនៅឡើយ រហូតមកដល់ដើមខែមីនានេះ អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនទម្លាយប្រាប់ Bloomberg ថា សេដ្ឋកិច្ចពិភពលោក នឹងខាតបង់ ២,៧ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ស្មើនឹងទំហំសេដ្ឋកិច្ចរបស់អង់គ្លេសទាំងមូល។ ហើយទំនងមើលទៅ ប្រសិនបើ វិបត្តិនៅតែបន្តអូសបន្លាញ ទំហំនេះទំនងកាន់តែបន្តរីកធំឡើងៗ។ តើទំហំសេដ្ឋកិច្ចដែលខាតបង់នេះ ខាតតែចិន ឬខាតតែអាមេរិក? គឺខាតមួយពិភពលោកតែម្ដង!
កាលៈទេសៈនេះ BizKhmer គិតថា មិនមែនជាពេលបង្កើតហេតុផលចោទដាក់គ្នាទៀតនោះទេ ប៉ុន្តែជាពេលដែលត្រូវជួយគ្នា ផ្សព្វផ្សាយពីវិធីបង្ការ និងការពារជាអតិបរមា ជាពិសេសសម្រាប់កម្ពុជាតែម្ដង។ ចំពោះពិភពលោក ក៏គួរតែបន្ទន់ឥរិយាបថ និងការស្រាក់ដៃគ្នាទាំងការចែករំលែកព័ត៌មាន ទាំងការស្រាវជ្រាវវ៉ាក់សាំង ស្រាវជ្រាវថ្នាំ និងការដោះស្រាយបញ្ហាដោយឈរលើផលប្រយោជន៍សកលោកជារួម៕
ដោយ៖ យ៉ន សុភារិទ្ធិ
ស្ថាបនិក BizKhmer
ឯកសារយោង៖ Bloomberg, CNBC, CNN, BBC, The South China Morning Post, Nikkie Asian Review