សន្និសីទសារពត៌មានស្តីពីគម្រោង “ការឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាខួប ៥ ឆ្នាំ” គាំទ្រដោយ មន្ទីរពេទ្យកុមារអង្គរនិងមូលនិធិម៉ានី​



រាជធានីភ្នំពេញ, ថ្ងៃទី២៧-ធ្នូ-២០២៥ : នាថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សន្និសីទសារពត៌មានស្តីពីគម្រោង “ការឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាខួប ៥ ឆ្នាំ” បានប្រារព្ធឡើងនៅ The Kampus​, ពីម៉ោង ៨ ទៅ ១១ ព្រឹក។ គម្រោងមនុស្សធម៌នឹងប្រារព្ធរយៈពេល ២យប់ ៣​ថ្ងៃចាប់ផ្តើមពីថ្ងៃ១៩ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះបានរៀបចំឡើងជាបន្តបន្ទាប់រយៈពេល ៥ ឆ្នាំមកហើយ ក្នុងគោលបំណងកៀរគរថវិកា និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសុខភាពកុមារកម្ពុជា ក្រោមការគាំទ្រយ៉ាងសកម្មពី មន្ទីរពេទ្យកុមារអង្គរ និង មូលនិធិម៉ានី។


ជារៀងរាល់ឆ្នាំមានកុមារកម្ពុជារាប់សិបម៉ឺននាក់ដែលត្រូវការការព្យាបាល និងសេវាសង្គ្រោះបន្ទាន់ ក្នុងនោះមន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យដ៏ធំមួយក្នុងចំណោមមន្ទីរពេទ្យដទៃទៀតដែលកំពុងបំពេញបេសកកម្មក្នុងការសង្គ្រោះជីវិតកុមារ និងទារកកម្ពុជារាប់លានករណីដោយឥតគិតថ្លៃ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យត្រូវការថវិកាចំណាយសរុប ប្រមាណជា ៦លាន ដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវពឹងផ្អែកទាំងស្រុងពីជំនួយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស​ ដើម្បីបន្តសកម្មភាពព្យាបាលជំងឺផ្សេងៗរបស់កុមារដែលមកទទួលសេវាទូទាំងប្រទេសកម្ពុជា។ ដូច្នេះហើយក្រោមការផ្តួចផ្តើមរបស់ លោក អ៊ីវ គឹមសួរ ជា​គ្រូបង្វឹកអាជីវកម្ម​និងជា​សមាជិក នៃ BNI Master រួមសហការជាមួយដៃគូដែលជាបណ្តាស្ថាប័នឯកជននានា និងការគាំទ្រពីស្ថាប័នរដ្ឋមានមន្ទីរទេសចរណ៏ និងសាលាខេត្តកំពត បានជម្រុញអោយមានការបង្កើតកម្មវិធី​ <ដើរឡើងភ្នំដើម្បីសុខភាពកុមារ> នេះឡើង។

កម្មវិធី ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ លើកទី៥ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី​១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រយៈពេលបីថ្ងៃពីរយប់ក្នុងទឹកដីនៃខេត្តកំពត ដោយអ្នកចូលរួមត្រូវដើររួមគ្នាចំងាយ ៣១ គម ចេញពីទីតាំងជើងភ្នំបូកគោឡើងតាមផ្លូវថ្នល់ និងបញ្ចប់នៅទីតាំងរង្វង់មូលផ្លូវបំបែកនៅលើកំពូលភ្នំ។ កម្មវិធីធ្វើឡើងក្នុងគោលបំណង ៣ ធំៗ៖ (១) ប្រមូលមូលនិធិដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ អោយបានយ៉ាងតិចណាស់ ១ ម៉ឺនដុល្លារអាមេរិក, (២)  ជំរុញគោលដៅទេសចរណ៍ «ឋានសួគ៌បូកគោ» និង (៣) បង្កទំនាក់ទំនងសង្គមអាជីវកម្ម និង ស្មារតីសប្បុរសធម៌ មនុស្សធម៌របស់សង្គមជាតិកម្ពុជា។ 
យុទ្ធនាការឡើងភ្នំដ៏ធំនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥។
មូលនិធិម៉ានីចូលរួមគាំទ្រកម្មវិធីនេះយ៉ាងសកម្ម ក្នុងគោលបំណងរួមគ្នាបង្កើនសុខុមាលភាពដល់កុមារកម្ពុជា និងធានាថាកុមារដែលខ្វះខាតអាចទទួលបានការព្យាបាលដោយឥតគិតថ្លៃ។


សម្រាប់បងប្អូនសប្បុរសជនដែលមានការចាប់អារម្មណ៍ចង់ចូលរួម ឬឧបត្ថម្ភ 
សូមទាក់ទងតាមរយៈទូរស័ព្ទ :
-លោក រស់ សាត (086 256 585)
-លោក ថូ ភីរ៉ាត់ (061 797 978)
Registration link: https://forms.gle/tJWqbtkDLxSwGdDL9

 

X
5s