បើសង្គមបន្តធ្វើរឿងទាំង ពីរនេះទៀត ប្រហែលអ្នកស្លាប់មុនកូរ៉ូណាទៅទៀត​



ក្នុងកាលៈទេសៈនេះ ពិភពលោកកំពុងស្ថិតក្នុងភាពវឹកវរដោយសារតួអង្គសំខាន់តែមួយគត់គឺកូវីដ Covid 19។ មិនមែន​តែ​សម្រាប់ប្រទេសដែលក្រីក្រ ឬ មានសេដ្ឋកិច្ចទន់ខ្សោយនោះទេ ដែលកំពុងជួបវិបត្តិ តែជាក់ស្តែងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដូចគ្នា។ 

នៅក្នុងបរិបថ និងស្ថានភាពលំបាកជារួមបែបនេះ ប្រទេសជាតិកំពុងត្រូវការរួមដៃសហការពីគ្រប់ទិសទី ពិសេសប្រជាជនក្នុងប្រទេសផ្ទាល់តែម្តង។ ងាកមកកម្ពុជាបច្ចុប្បន្ន ភាពអសកម្ម  និងការបំពុលមួយចំនួន កំពុងដើរតួធ្វើនាំឲ្យសង្គមកាន់តែមានភាពជ្រួលច្របល់ បង្កើតជាបញ្ហាកាន់តែច្រើន។ តែកត្តាសំខាន់ចំនួន ២ កំពុងតែបំពុលសង្គមកម្ពុជានោះគឺ៖

១) គិតតែពីផលប្រយោជន៍បុគ្គល
ភាពអត្មានិយម ទោះក្នុងស្ថានភាពបែបណាអ្នកចាំកេងផលចំណេញនៅតែមាន ហើយក្នុងពេលថ្មីៗនេះក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសចាត់វិធានការលើម្ចាស់អាជីវកម្ម ពាក់ព័ន្ធនឹងការលក់ផលិតផលមួយចំនួនដូចជា អាល់កុល និងម៉ាសជាដើម។ 

អាជីវករមួយចំនួនព្យាយាមទាញផលប្រយោជន៍ពីស្ថានភាពលំបាក៖  ការតម្លើងថ្ងៃទំនិញ និយាយឲ្យចំគឺអ្នកលក់ម៉ាស់ អាក់កុល និងទឹកលាងដៃសម្លាប់មេរោគ បានឆ្លៀតពេលយកចំណេញពីអតិថិជនដែលលក់ក្នុងតម្លៃថ្លៃ រាប់ចាប់តាំងពីករណីកូវីដ ១៩ មិនទាន់ផ្ទុះឡើងក្នុងប្រទេសកម្ពុជាទៅទៀត។ លើសពីនេះ នៅមានការលក់អាល់កុលក្លែង បន្លំដល់អតិថិជន ដែលមានសារធាតុមេតាណុល មានមុខងារសម្លាប់មេរោគតិចបំផុត និងអាចបង្កជាគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង។

បែបនេះហើយ ទើប ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាស ស្នើដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរងមួយចំនួនត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ប្រសិនបើក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា ជាម្ចាស់ឱសថ ឱសថស្ថានរង ឬឱសថការី ទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរង មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ក្រសួងសុខាភិបាល និងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ដែលមានជាធរមាន ។

ប្រភពរូបពី៖ ក្រសួងព័ត៌មាន

 

ប្រភពរូបពី៖ ក្រសួងព័ត៌មាន

អ្នកទិញព្យាយាមបំពុលទីផ្សារ៖ តាមការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន​ tasnim news បាន​ឲ្យដឹង​ថានៅសហរដ្ឋអាមរិក​មានការ​ភាពជ្រួល​ច្របល់​ក្នុងការ​ទិញ​ទំនិញ​ស្តុក​ទុក​ ខណៈដែល​ប្រទេសអូស្រ្តាលី​ក៏​មាន​ករណី​សម្រុក​ទិញទំនិញ​ស្តុក​ដូចគ្នាក្នុង​វិបត្តិ​កូរ៉ូណា​នេះ។ ការបំពុលទីផ្សារតាមរយៈការសម្រុកទិញទំនិញមកស្តុកទុករបស់អ្នកប្រើប្រាស់ មិនទាន់មានច្រើននៅក្នុងប្រទេសកម្ពុជាយើងនោះទេ (យ៉ាងណាក៏នៅមានខ្លះៗដែរ) តែជាក់ស្តែងនៅប្រទេស​ជឿន​លឿន​ ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន បន្ទាប់ពីការទន្ទា្រននៃកូវីដ ១៩ អតិថិជនបានសម្រុកទិញទំនិញពីហាង និងផ្សារទំនើបស្ទើរគ្រប់ទាំងអស់ ហើយក៏ឈានដល់ដំណាក់កាលខ្វះទំនិញសូម្បីក្រដាសអនាម័យ។ 

ប្រភពរូបពី៖ Business Insider 

អត្ថបទទាក់ទង៖ ហេតុផល ៧ យ៉ាងដែលអ្នកមិនគួរស្លន់ស្លោរខ្លាំង​ហួស​ប្រមាណពី​ជំងឺ​កូរ៉ូណា

២) ការបំពុលសង្គម ឬការបំភ័យនានា បង្ក​ឲ្យមានភាព​ភ័យ​ខ្លាច​ជ្រុល​
ព័ត៌មានមិនពិត
គ្រោះថ្នាក់ធំមួយសម្រាប់សង្គម ឬប្រទេសជាតិ គឺការបំពុលសង្គមដោយព័ត៌មានក្លែងក្លាយ ឬ Fake News។ ចំពោះករណីកូវីដ ១៩ មានបុគ្គជាច្រើនបានព្យាយាមបំពុលសង្គមតាមរយៈព័ត៌មានក្លែងក្លាយរបស់ខ្លួន ហើយក្នុងពេលថ្មីៗនេះ ក្រសួងព័ត៌មានបានព្រមានចាត់វិធានការធ្ងន់លើជនណាព្យាយាមចែកចាយព័ត៌មានមិនពិត បង្កចលាចលក្នុងសង្គម។ 

តាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកមួយនៅ ថ្ងៃសុក្រទី ២០ មីនា នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “អ្នកដែលបន្តបំផុសព័ត៌មានប្រឌិតរឿង Covid 19 នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ 

ជាមួយគ្នានេះដែរ ក្លឹបអ្នកសារព័ត៌មានកម្ពុជាក៏បានចេញសេចក្តីអំពាវនាវ ៤ ចំណុចសំខាន់ៗដល់អ្នកសារព័ត៌មានទាំងអស់ឲ្យធ្វើការចុះផ្សាយពាក់ព័ន្ធនឹងករណីកូវីដ ១៩ ដូចខាងក្រោម៖

ប្រភពរូបពី៖ ក្រសួងព័ត៌មាន

និយាយពីភាពភ័យខ្លាចវិញ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយបានឲ្យដឹងថា ភាពស្លន់ស្លោរ អារម្មណ៍ភ័យខ្លាច បង្កើតបានភាពស្រ្តេសដល់ខួរក្បាល ប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ របត់ចរន្តឈាមក្នុងរាងកាយ និងបញ្ហាផ្លូវភេទជាដើម។ ទាំងអស់នោះ បានក្លាយជាអ្នករុញច្រានប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យចុះខ្សោយ ងាយឆ្លងនិងចាញ់ជំងឺ និងងាយទទួលរងហានិភ័យសុខភាពខ្លាំង។ 

តាមប្រសាសន៍ពី លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាន៍ថា ចំពោះករណីកូវីដ ១៩ លោកសុំធ្វើការចែករំលែកព័ត៌មាន និងជូនជាសារចំណេះដឹងជូនដល់សាធារណៈជនថា សូមកុំឲ្យមានការភ័យខ្លាចខ្លាំងពេក ព្រោះជំងឺមួយនេះអាចធ្វើការព្យាបាលជា ក្នុងករណីដែលអ្នកជំងឺមានប្រព័ន្ធភាពស៊ាំរឹងមាំ ទទួលទានអាហារបានគ្រប់គ្រាន់ និងទទួលការព្យាបាលត្រឹមត្រូវនោះវានឹងជាសះស្បើយ។ ក្នុងករណីដែលប្រជាពលរដ្ឋមានភាពភ័យខ្លាចខ្លាំងជ្រុលហួសពេក វាធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ មិនអាចវាយបកប្រឆាំងជាមួយវីរុសកូវីដ ក៏ដូចជារីរុសដទៃទៀតបាន នោះទោះបីជាបុគ្គលនោះមិនបានឆ្លងវីរុសកូវីដ ១៩ ក៏អ្នកអាចប្រឈមនឹងបញ្ហាសុខភាពដែរ។ តែបើអ្នកព្យាយាមធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរឹងមាំ ទោះបីជាអ្នកឆ្លងវីរុសកូវីដ ១៩ នេះក្តីក៏នៅតែអាចព្យាបាលជា ហើយឆាប់រហ័សជាអ្នកដទៃដែរ។

អត្ថបទទាក់ទង៖ ចំណុច ៦ នេះការពារអ្នកពីកូរ៉ូណាខ្លាំងជាងម៉ាស់ និងអាល់កុលលាងដៃទៀត

គួរងាកទៅមើលប្រទេសចិន ក្នុងអំឡុងពេលដែលទីក្រុងវូហានទាំងមូលកំពុងស្ថិតក្នុងវិប្តតិដ៏ធ្ងន់ធ្ងរនៃការឆ្លងរាលដាលវីរុសកូវីដ ១៩ ក្រុមសិល្បៈករក៏ដូចជាប្រជាជនរបស់ចិនពីគ្រប់ទិសទីបានរួមដៃគ្នាលើកទឹកចិត្តគ្រប់​មធ្យោ​បាយ​តាម​រយៈការ​ច្រៀងចំម្រៀងពី​កូ​រ៉ូណា​នៅ​វូហាន​ ចម្រៀង​លើ​កទឹក​ចិត្ត​គ្រូពេទ្យ និង​សកម្មភាព​ដទៃទៀត​ ដល់អ្នកជំងឺ ពិសេសក្រុមគ្រូពេទ្យដែលកំពុងបំពេញបេសកកម្មព្យាបាលយ៉ាងសកម្ម។ នេះជាគម្រូដ៏ល្អមួយដែលប្រជាជាតិដទៃទៀតគួរយកគំរូតាម៕

ដោយ៖ យ៉ាយ៉ា

 

X
5s