តើ​បរិយាកាស​ការងារ​បែប​ណា​​ដែល​ក្រុមហ៊ុន​​របស់​អ្នក​គួរ​បង្កើត​ឡើង​?​



នៅ​ពេល​ដែល​អ្នក​​​ចង់​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​រីកចម្រើន អ្នក​ប្រហែល​ផ្ដោត​តែ​ទៅ​លើ​ការ​ស្វែង​រក​យុទ្ធសាស្ត្រ ដើមទុន ឬ​ជួល​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្លាំង​ពូកែ។ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភ្លេច​​គិត​ទៅ​ដល់​ជំនាញ​មួយ​ចំនួន ដែល​មាន​សារសំខាន់​សម្រាប់​ក្រុមហ៊ុន​សម័យ​ទំនើប​នេះ។ សូម​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​នេះ​ថា​ តើ​ក្រុមហ៊ុន​របស់​អ្នក​មាន​ចំណុច​ទាំងអស់​នេះ​ហើយ​ឬ​នៅ? ​​​

១.ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​សីលធម៌​ខ្ពស់ ឧត្តមគតិ​ខ្ពស់ និង​បញ្ញា​ឈ្លាសវៃ​
នេះ​​ជា​អ្វី​ដែល​ត្រូវ​​អនុវត្ត​ជាមួយ​មនុស្ស​ដែល​​​នៅ​ជុំវិញ​អ្នក​​ចាប់​តាំង​ពី​ដៃគូ​ជំនួញ​រហូត​ដល់​​បុគ្គលិក​ចូល​ថ្មី អ្នក​វិនិយោគ និង​ស្ថាបនិក​ក្រុមហ៊ុន​ជាដើម​។ ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​​គុណ​តម្លៃ​ខ្ពស់​ អាច​ជួយ​ជំរុញ​ឲ្យ​អ្នក​មាន​ការ​អភិវឌ្ឍ​ និង​រៀនសូត្រ​កាន់តែ​ប្រសើរ​ឡើង ធ្វើ​ឲ្យ​អាជីវកម្ម និង​ក្រុម​ការងារ​របស់​អ្នក​កាន់តែ​មុត​ស្រួច ផ្ដោត​យកចិត្ត​ទុកដាក់ និង​​បង្កើន​ប្រសិទ្ធភាព  ភាព​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មីៗ​នៅ​ក្នុង​ក្រុមហ៊ុន។​​​ 

២.បង្កើត​បរិយាកាស​តាម​បែប​ស្តង់ដារ​សកល​ដែល​ជំរុញ​​ភាព​លូតលាស់ ​ភាព​ច្នៃប្រឌិត និង​ប្រសិទ្ធភាព
នេះ​គឺ​ជា​​កិច្ចការ​ដ៏​ចាំបាច់​មួយ​ដែល​អ្នក​គួរ​តែ​ធ្វើ​បន្ត​ជា​ប្រចាំ​​ជាពិសេស​នៅ​ពេល​អ្នក​ជួល​មនុស្ស​ថ្មីៗ​មក​ធ្វើ​ការ និង​ពង្រីក​ក្រុមហ៊ុន​​​ជា​បន្តបន្ទាប់​។ វា​ជា​​រឿង​សំខាន់​ដែល​​អ្នក​ត្រូវ​ដឹង​ពី​ការ​បង្កើត​​បរិស្ថាន​​​ការងារ​​ដ៏​ល្អ​មួយ​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​  ​ពី​​របៀប​កែលំអ​ដើម្បី​លើកទឹកចិត្ត និង​​ពី​របៀប​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​ចំណាប់អារម្មណ៍​លើ​ការងារ​របស់​ពួកគេ​​​ជា​រៀងរាល់​ថ្ងៃ។ ជំហាន​ដ៏​សំខាន់​មួយ​​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​​សម្រេច​បាន​​លទ្ធផល​នេះ គឺ​​អ្នក​ត្រូវ​ចំណាយពេល​ធ្វើការ​ជាមួយ​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ក្រុមការងារ​របស់​អ្នក​។  អ្នក​ត្រូវ​បង្កើត​បរិយាកាស ឬ​​បណ្ដុះ​វប្បធម៌​​​ធ្វើការ​រួមគ្នា​ដើម្បី​យល់​ពី​​តម្រូវការ​​​​ដែល​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ព្រម​ទាំង​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ផង​ដែរ​។ 

៣.កត់ត្រា​ទុក​​នូវ​គោលគំនិត និង​ទស្សនៈ​ល្អៗ​របស់​បុគ្គលិក
ការ​កត់ត្រា​ទុក​​នូវ​គោលគំនិត និង​ទស្សនៈ​ល្អៗ​របស់​បុគ្គលិក វា​កាន់តែ​ផ្តល់​​ភាព​ងាយស្រួល​ដល់​អ្នក​ដើម្បី​ធ្វើ​ការ​វិភាគ រិះគន់​ស្ថាបនា និង​ជំរុញ​ឲ្យ​ពួកគេ​​អនុវត្ត​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង។ ប្រសិន​បើ​អ្នក​ចង់​​ឲ្យ​​មាន​ការ​អនុវត្ត​ទៅ​លើ​គោល​គំនិត​ ឬ​ទស្សនៈ​របស់​ពួកគេ​ អ្នក​ត្រូវ​ផ្តល់​ពេលវេលា ទីកន្លែង​ដ៏​សមស្រប និង​​​តាមដាន​ពិនិត្យ​មើល​ការ​អនុវត្ត​របស់​ពួកគេ​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រកបដោយ​ការ​យកចិត្តទុកដាក់។ ការ​ធ្វើ​បែប​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នក​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ពួកគេ ហើយ​ជួយ​កែលំអ​ចំណុច​ខ្វះខាត​ទាំង​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​អ្វី​ដែល​ពួកគេ​​អាច​ធ្វើ​បាន​ល្អ​បំផុត។ ទន្ទឹម​នឹង​នេះ​អ្នក​គួរ​​បង្កើត​សៀវភៅ​កំណត់ហេតុ​សង្ខេប​មួយ​សម្រាប់​ក្រុមហ៊ុន​​​អំពី​របៀប​ដែល​ក្រុមការងារ​របស់​អ្នក​អនុវត្ត​​គំនិត និង​សម្រេច​​​គោលដៅ​ឲ្យ​ក្រុមហ៊ុន។  សៀវភៅ​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​​រូបមន្ត​ធ្វើការ​ទាំងមូល​របស់​ក្រុមហ៊ុន​អ្នក។

៤.ការ​គិតគូរ​​ពី​​សុខភាព​ដែល​នាំ​ទៅ​ដល់​សុខុមាលភាព​ផ្លូវចិត្ត​របស់​បុគ្គលិក
តាម​ពិត​ទៅ​ចង់​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ពេញ​មួយ​សប្តាហ៍ ឬ អាច​ពេញ​មួយ​ខែ​ដែល​មិន​ប្រើ​កម្លាំង ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​នាំ​ឲ្យ​រាងកាយ​មាន​ភាព​សកម្ម​​គឺ​ជា​រឿង​ងាយស្រួល​ណាស់។ អង្គុយ​ក្នុង​រថយន្ត អង្គុយ​ធ្វើ​ការ​រាប់​ម៉ោង ឬ​​អ្វី​ផ្សេង​ទៀត​ដែល​ប្រើ​គ្រឿង​ម៉ាស៊ីន​ជំនួស​ឲ្យ​ប្រើ​កម្លាំង​របស់​អ្នក វា​មិន​លំបាក​ទេ។ ប៉ុន្តែ​​មាន​រឿង​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​ថា សុខភាព​រាងកាយ​ល្អ​ស្មើ​នឹង​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​ល្អ​ដែល​នាំ​ឲ្យ​​អ្នក​​សំបូរ​ទៅ​ដោយ​គំនិត​រស់រវើក​ផង​ដែរ។ ដូច្នេះ​វា​ជា​រឿង​ល្អ​ណាស់​ដែល​អ្នក​​ជំរុញ​ឲ្យ​បុគ្គលិក​របស់​អ្នក​​ឧស្សាហ៍​ហាត់ប្រាណ លេង​កីឡា ឬ​​ដើរ​កម្សាន្ត​​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ពួកគេ​រឹងមាំ និង​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ការងារ។ កត្តា​នេះ​នាំ​មក​នូវ​លទ្ធផល​ល្អ​ដល់​គុណភាព​ការងារ​របស់​ពួកគេ។

៥.ផ្តល់​ពេលវេលា​​សម្រាប់​មិត្តភក្ដិ និង​ក្រុម​គ្រួសារ
រឿង​ដ៏​សំខាន់​បំផុត​មួយ​ទៀត​គឺ​ទាក់ទង​ទៅ​នឹង​ការ​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​ការងារ និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ផ្ដោត​ទៅ​លើ​ការ​​បង្កើត​ទំនាក់ទំនង​ថ្មីៗ វា​មិន​សូវ​ជា​ចោទ​បញ្ហា​សម្រាប់​អ្នក​នោះ​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​​​ជា​បញ្ហា​នោះ​គឺ​ការ​រក្សា​ទំនាក់ទំនង​ឲ្យ​ល្អ​ជា​មួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​អ្នក។ ចំពោះ​អ្នក​ផ្ទាល់ អ្នក​ត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ​រឿង​​ទាំង​នេះ​បើ​មិន​ដូច្នេះ​ទេ ថ្វីត្បិត​តែ​ការងារ​​របស់​អ្នក​ជោគជ័យ អ្នក​​អាច​នឹង​បរាជ័យ​លើ​ចំណង​គ្រួសារ ឬ​មិត្តភាព។ ដោយសារតែ​​ចំណុច​នេះ​ជា​រឿង​សំខាន់ អ្នក​ក៏​គួរតែ​ផ្តល់​ពេលវេលា​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​ពេលវេលា​សម្រាប់​ក្រុម​គ្រួសារ ឬ​បង្កើត​មិត្តភាព​ក្នុង​ជីវិត​ឯក​របស់​ពួកគេ​ផង​ដែរ៕

ប្រភព៖ Inc ​​​​​​​

 

X
5s