“ជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ លើកទី៣”​



ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការរៀបចំកម្មវិធី ជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុ លើកទី៣ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។ កិច្ចជំនួបនេះមានគោលបំណងផ្គូផ្គងរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុ និងបង្កើតឱកាសឱ្យមានការផ្លាស់ប្តូរមតិយោបល់ និងស្វែងយល់ពីគ្នាទៅវិញទៅមក​ ដើម្បីជួយគាំទ្រដល់វិស័យធុរកិច្ចនៅកម្ពុជា ដែលបាននិងកំពុងដើរតួយ៉ាងសំខាន់ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល។

 

កិច្ចជំនួបរវាងសហគ្រាសធុនមីក្រូ​ តូច និងមធ្យម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនេះ បានទទួលការអញ្ជើញចូលរួមពីគណៈអធិបតី ឯកឧត្តម រត្ន័ សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដោយប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មប្រមាណជាជាង ២៥០ រូបមកពីគ្រប់វិស័យ រួមមានវិស័យអប់រំ សុខាភិបាល សេវាកម្ម បច្ចេកវិទ្យា កសិកម្ម ទេសចរណ៍ សំណង់ និងចំណីអាហារជាដើម។

 

អំឡុងពេលនៃកម្មវិធី ឯកឧត្តម រត្ន័ សុវណ្ណនរៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានយកចិត្តទុកដាក់បង្កើតឲ្យមានកម្មវិធីនេះឡើង។ ឯកឧត្តម បានមានប្រសាសន៍ថា «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា»។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ក្រុមហ៊ុនសហគ្រាស សមាគម អង្គការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលដែលជារូបិយវត្ថុជាតិ នៅក្នុងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីជួយទ្រទ្រង់តម្លៃប្រាក់រៀលមិនឱ្យមានការធ្លាក់ចុះ ដែលនេះគឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។

 

ឆ្លៀតក្នុងឱកាសនៃកម្មវិធីជំនួបខាងលើនេះ សមាគមធំៗទាំងបីស្ថាប័នដែលតំណាងឱ្យធុរកិច្ចជន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) រយៈពេល ៣ ឆ្នាំបន្តទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងការធ្វើការរួមគ្នាលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេស ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានកំណត់គោលដៅ ៥០ ភាគរយជាសហគ្រិនស្ត្រី ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃប្រាក់រៀល។

 

សមាគមទាំងបីនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់វិស័យធុរកិច្ចនៅកម្ពុជាដែលសហគ្រិនកំពុងជួបប្រទះ តាមរយៈការសហការរៀបចំផ្ដល់ជាវគ្គបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុ សិក្ខាសាលាពាក់ព័ន្ធ និងកម្មវិធីជំនួបដោយផ្ទាល់រវាងម្ចាស់អាជីវកម្មជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដើម្បីពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់អាជីវកម្មរបស់ពួកគេ។

 

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណចំពោះគណៈអធិបតី និងអ្នកចូលរួមទាំងអស់ ជាពិសេសដៃគូឧបត្ថម្ភគាំទ្រទាំងអស់ដែលបានចូលរួមសហការរៀបចំកម្មវិធីនេះឡើង។ ឧកញ៉ាបានថ្លែងនៅក្នុងកម្មវិធីថា «កម្មវិធីនេះនឹងរួមចំណែកបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព និងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រីនៅកម្ពុជា»។

 

ឧកញ៉ាបានធ្វើការកត់សម្គាល់ពីសមិទ្ធផលកន្លងមកថា «មាន SMEs ជាច្រើនប្រមាណជាជាង ២០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីតាមរយៈវេទិកា ការផ្គូផ្គងជាមួយធានាគារ និង​​វគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំឡើងដោយសមាគម​ និងមាន SMEs ជាច្រើនបានទទួលហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណជាជាង ៥ លានដុល្លារសហរដ្ឋអាមេរិក។​ ដោយមើលឃើញពីភាពជោគជ័យនៃការសហការជាដៃគូយុទ្ធសាស្រ្តរវាងសមាគមទាំង ៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេល ៣ ឆ្នាំបន្តទៀតដើម្បីលើកកម្ពស់ការទទួលបាននូវហិរញ្ញប្បទាន និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ​ ជាពិសេសការលើកកម្ពស់ប្រាក់រៀលក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។

 

លោក ហាង ផេង ក្វាង (Han Peng Kwang)​ ហេរញ្ញិកនៃសមាគមធនាគានៅកម្ពុជា បានថ្លែងថា «មានបញ្ហាជាច្រើនដែលយើងបានជួបប្រទះ និងប្រឈមអស់រយៈពេលជាង ៣ឆ្នាំមកនេះ ដែលមានដូចជា ការរីករាលដាលនៃជំងឺកូវីដ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការដំឡើងអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិក និងអតិផរណាជាដើម។ យ៉ាងណាក៏ដោយ វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នៅតែផ្តល់នូវទំនុកចិត្តលើភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារនៅកម្ពុជា ក្រោមការការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់យើង នៅតែបន្តគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាការចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលផងដែរ»។

 

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «យ៉ាងណាមិញ MSMEs ក៏កំពុងប្រឈមនឹងឧបសគ្គមួយចំនួនក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ ដែលក្នុងនោះ កង្វះលទ្ធភាពទទួលបានកម្ចីហិរញ្ញវត្ថុ ជាបញ្ហាចម្បងមួយដែលពួកគាត់កំពុងជួបប្រទះ។ កន្លងមក សមាគមទាំងបីតែងតែយកចិត្តទុកដាក់ និងប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ ហើយកម្មវិធីនៅថ្ងៃនេះគឺជាកម្មវិធីលើកទីបីហើយដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំឡើង ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់កម្ចី ជាមួយនឹង MSMEs និង សហគ្រិនស្រ្តីដែលមានតម្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម ហើយព្រឹត្តិការណ៍នេះក៏នឹងក្លាយជាវេទិកាសម្រាប់ម្ចាស់ សហគ្រាសទាំងឡាយ ទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងការជជែកពិភាក្សាគ្នាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់សម្រាប់ MSMEs និងសហគ្រិនស្រ្តី ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ជាងនេះទៅទៀត ឯកឧត្តម ហេង សុខគង់ ​បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែងដ៏ឥតស្រាកស្រាន្តរបស់សមាគមទាំងបី និងបណ្តាស្ថាប័នដែលបានចូលរួមពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាក្នុងការរៀបចំវេទិកាដើម្បីធ្វើការចែករំលែកនូវបទពិសោធ និងព័ត៌មានថ្មីៗដែលមានអត្ថប្រយោជន៍ដល់វិស័យធុរកិច្ច សហគ្រាស និងក្រុមហ៊ុននានា។

 

គួររំឭកផងដែរថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលបានអនុវត្តកន្លងទៅ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជួយដល់សហគ្រិនចំនួន ៧៣នាក់ ឱ្យទទួលបានប្រាក់កម្ចីដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុដៃគូ និងសហគ្រិនវ័យក្មេងចំនួន ២៣២នាក់ ដែលបានទទួលការបណ្ដុះបណ្ដាលកសាងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងសហគ្រិនចំនួន ២៧នាក់ ដែលបានទទួលជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុផងដែរ។ ដោយផ្អែកលើសមិទ្ធផលវិជ្ជមាននេះហើយ ទើបសមាគមទាំងបី បានសម្រេចអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានរយៈពេល ៣ឆ្នាំ បន្តទៀតដើម្បីបន្តគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

 

កម្មវិធីនេះឧបត្ថម្ភដោយ៖

Co-funded by:

·         សហគ្រិនខ្មែរ (KE)

Diamond Sponsor:

·         ធនាគារវឌ្ឍនៈអាស៊ីសចំកាត់ (អេប៊ីអេ)

Silver Sponsor:

·         ធនាគារ កាណាឌីយ៉ា

·         ធនាគារ Jtrust Royal Bank

·         ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា

·         ធនាគារ វឌ្ឍនៈ

Event Sponsor:

      ធនាគារ ខេប៊ីប្រាសាក់ ម.ក

      សហភាពអឺរ៉ុបតាមរយៈអង្គការអេដេអាក់សុង

Venue Sponsor:

      មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច

ដៃគូអនុវត្តកម្មវិធី

·         ក្រុមហ៊ុន បញ្ជី

 

សម្រាប់ព័ត៌មានបន្ថែម៖                                                                    

លោក សុខ ចាន់ សមាគមធនាគារនៅកម្ពុជា ០៩២ ៦៨​៣ ៣៣០

លោក កាំង តុងងី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០៩៥ ២៦២ ១១១

កញ្ញា នាង សុវ៉ាតថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ០៩៦ ៣៣៤ ៨៩៣៥

X
5s