៧ ជំហានដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកបានរលូន និងមានប្រសិទ្ធភាព
នេះគឺជាជំហានសំខាន់ៗ ក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកដោយមិនខ្ជះខ្ជាយពេលវេលា និងធនធានហិរញ្ញវត្ថុដ៏មានតម្លៃ។
1. ត្រូវប្រាកដថាភាពជាសហគ្រិនគឺជាអ្វីដែលអ្នកពិតជាចង់បាន
ប្រសិនបើអ្នកកំពុងគិតចង់ចាប់ផ្តើមអាជីវកម្មដោយសារតែអ្នកបាត់បង់ការងារ ហើយកំពុងមានបញ្ហាក្នុងការស្វែងរកការងារថ្មី ។ក្នុងការចាប់ផ្តើម អ្នកអាច ជួលគ្រូបង្វឹកអាជីព ឬទទួលការបណ្តុះបណ្តាលខ្លះ។ ការចាប់ផ្តើមអាជីវកម្មគឺពិបាកជាងការស្វែងរកការងារធ្វើ តែអ្នកនឹងអាចសម្រេចបាន ប្រសិនបើ ជាចំណង់ចំណូលចិត្តពិតរបស់អ្នក។
អ្នកត្រូវតែមានកម្លាំងចិត្តដោយខ្លួនឯង មានឆន្ទៈក្នុងការលះបង់ច្រើន និងអាចទ្រាំទ្របានរយៈពេលវែង ខណៈពេលដែលអាជីវកម្មរបស់អ្នករីកចម្រើនពីដំណាក់កាលចាប់ផ្តើមរហូតដល់នឹងនរ។
2. សម្រេចចិត្តថាអ្នកចង់បានអាជីវកម្មប្រភេទណា
តើជា Franchise ឬឯករាជ្យ? សេវាកម្ម ឬផលិតកម្ម? លក់រាយតាមហាង ឬអនឡាញ? លក់ឱ្យអ្នកប្រើប្រាស់ ឬអាជីវកម្មទៅអាជីវកម្ម? មានអាជីវកម្មរាប់សិបប្រភេទផ្សេងៗគ្នា ដែលប្រភេទនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។
3. ស្រាវជ្រាវគំនិតរបស់អ្នក
រឿងដែលសំខាន់បំផុតដែលត្រូវចងចាំ ប្រសិនបើអ្នកកំពុងពិចារណាការចាប់ផ្តើមអាជីវកម្មគឺ៖ វាមិនមែនជាការប្រណាំងទេ។ អ្នកដែលប្រញាប់ប្រញាល់នឹងត្រូវទទួលទណ្ឌកម្មនៅក្នុងទីផ្សារធ្ងន់ធ្ងរជាងអ្នកដែលចំណាយពេលរបស់ពួកគេ។ អ្នកប្រហែលជាធ្លាប់ឮពាក្យថា "គុណសម្បត្តិអ្នកមកមុនគេ" — គំនិតដែលថាអ្នកទទួលបានការចាប់ផ្តើមដ៏ធំមួយដោយការដាក់លក់ផលិតផលមុនអ្នកផ្សេងទៀត។ ប៉ុន្តែគំនិតនោះត្រូវបានគេប៉ាន់ស្មានហួសហេតុពេក ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច។ ការបង្ហាញខ្លួនលឿនពេក អ្នកអាចនឹងខ្ជះខ្ជាយធនធានដ៏មានតម្លៃ។
វាជាការប្រសើរជាងឆ្ងាយណាស់ក្នុងការស្រាវជ្រាវគំនិតរបស់អ្នកដោយវិធីសាស្រ្ត និងដោយឧស្សាហ៍ព្យាយាម។ តើមានអ្នកផ្សេងទៀតកំពុងធ្វើវាដែរឬទេ? តើការប្រកួតប្រជែងបែបណា? តើអ្នកប្រើប្រាស់ និងអាជីវកម្មមានផលិតផលជំនួសដែលអាចប្រើបាន ប្រសិនបើពួកគេមិនជ្រើសរើសផលិតផលរបស់អ្នកទេ? តើផលិតផលរបស់អ្នកពិតជាដោះស្រាយបញ្ហាដែលរំខានដែរឬទេ? តើតម្រូវការនឹងគ្រប់គ្រាន់នៅក្នុងពេលអនាគតដែរឬទេ មិនមែនត្រឹមតែមួយ ឬពីរឆ្នាំប៉ុណ្ណោះទេ? នៅពេលដែលអ្នកជឿជាក់ទាំងស្រុងថាអ្នកមានអន្ទាក់កណ្តុរដ៏ប្រសើរជាងគេនោះ អ្នកអាចបន្តទៅមុខបាន។
4. សរសេរផែនការអាជីវកម្ម
ហេតុអ្វីត្រូវសរសេរផែនការ ទោះបីជាអ្នកជាមនុស្សតែម្នាក់គត់ដែលធ្វើការនៅក្នុងអាជីវកម្មនោះ? ព្រោះវាបង្ខំអ្នកឱ្យឆ្លើយសំណួរសំខាន់ៗ ដែលអ្នកមិនត្រូវមើលរំលង ប្រសិនបើអ្នកចង់មានឱកាសជោគជ័យខ្ពស់។ វាមិនចាំបាច់វែងទេ។
អ្នកអាចធ្វើផែនការត្រឹមតែមួយទំព័របាន ប្រសិនបើអ្នកមិនមានការអត់ធ្មត់ក្នុងការធ្វើច្រើនជាងនេះ។ ប៉ុន្តែវាគួរតែឆ្លើយសំណួរទាំងនេះ៖
● តើគោលបំណងនៃអាជីវកម្មនេះគឺជាអ្វី?
● តើអតិថិជនរបស់ខ្ញុំជានរណា?
● តើផលិតផល/សេវាកម្មរបស់ខ្ញុំដោះស្រាយបញ្ហាអ្វី?
● តើដៃគូប្រកួតប្រជែងរបស់ខ្ញុំជានរណា ហើយហេតុអ្វីបានជាផលិតផល/សេវាកម្មរបស់ខ្ញុំមានគុណសម្បត្តិ?
● តើខ្ញុំនឹងកំណត់តម្លៃ ទីតាំង ទីផ្សារ និងគាំទ្រផលិតផលរបស់ខ្ញុំដោយរបៀបណា?
● តើការព្យាករណ៍ហិរញ្ញវត្ថុរបស់ខ្ញុំសម្រាប់អាជីវកម្មសម្រាប់រយៈពេល ៣-៥ ឆ្នាំខាងមុខគឺជាអ្វី?
5. ជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្ម
យោងតាមលោក Michael Hanley ដែលជា CPA សម្រាប់អាជីវកម្មខ្នាតតូចបានឱ្យដឹងថា "គ្រឹះសម្រាប់ការរៀបចំផែនការពន្ធចាប់ផ្តើមសូម្បីតែមុនថ្ងៃដំបូងនៃប្រតិបត្តិការអាជីវកម្មរបស់អ្នកក៏ដោយ។ ក្នុងចំណោមការសម្រេចចិត្តទាំងអស់ដែលម្ចាស់អាជីវកម្មនឹងធ្វើ មានតែពីរបីប៉ុណ្ណោះដែលមានផលប៉ះពាល់ខ្លាំងដូចជាការជ្រើសរើសអង្គភាពអាជីវកម្ម។"
ការសម្រេចចិត្តថាតើត្រូវក្លាយជាអាជីវកម្មឯកបុគ្គល ភាពជាដៃគូ ក្រុមហ៊ុនសាជីវកម្មបែបបុរាណ ឬក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (LLC) នឹងមានឥទ្ធិពលយូរអង្វែងលើផលប៉ះពាល់ពន្ធ នាពេលអនាគតនៃអាជីវកម្មរបស់អ្នក។
6. ប្រមូលផ្តុំក្រុមរបស់អ្នក
ខណៈពេលដែលក្រុមរបស់អ្នកភាគច្រើនមានបុគ្គលិក សូមគិតឱ្យបានទូលំទូលាយជាងនេះ។ អ្នកនឹងត្រូវការទីប្រឹក្សាដែលទុកចិត្ត រួមទាំងមេធាវី គណនេយ្យករពន្ធដារ ទីប្រឹក្សា/ភ្នាក់ងារធានារ៉ាប់រង។ អ្នកប្រហែលជាចង់ពិចារណាជួល ជំនួយការ ដែលមានបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្ម ដើម្បីគ្រប់គ្រងកិច្ចការរដ្ឋបាលដែលកើតឡើងជាមួយនឹងការចាប់ផ្តើមអាជីវកម្ម។
7. ដោះស្រាយឯកសារ
- ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ និងការចុះឈ្មោះ ទម្រង់ដែលអ្នកត្រូវបំពេញ។
- ការការពារកម្មសិទ្ធិបញ្ញា ការទទួលបានឈ្មោះ ដែនអ៊ីនធឺណិត និងការទិញធានារ៉ាប់រងអាជីវកម្ម
- ប្រសិនបើអ្នកបង្កើតអាជីវកម្ម ជា ស្ត្រី អ្នកអាចមានសិទ្ធិទទួលបានកម្មវិធីពិសេសរបស់រដ្ឋាភិបាលដែលអាចផ្តល់ដើមទុនចាប់ផ្តើមអាជីវកម្ម រឺ ករណីពិសេសផ្សេងៗ។
- ទិញធានារ៉ាប់រងអាជីវកម្មដែលសមស្រប មុនពេលអ្នកចាប់ផ្តើមប្រតិបត្តិការ។
ប្រែសម្រួលដោយ៖ ផាន់ណា