MoU រវាង YEAC និងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​



 

ភ្នំពេញ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) រយៈពេល ៣ ឆ្នាំបន្តទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងការធ្វើការរួមគ្នាលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ជំរុញការទទួលបានហិរញ្ញប្បទានអាជីវកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបង្កើតបណ្ដាញទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល ជាពិសេសការស្វែងយល់ពីតម្រូវការចាំបាច់របស់ម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងតម្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។

 

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា «ការគាំទ្រ SMEs ជាពិសេសសមាជិកសមាគមឱ្យទទួលបានហិរញ្ញប្បទាន គឺជាទិសដៅយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមទិសដៅយុទ្ធសាស្រ្តទាំង៦របស់សមាគម។ សមាគមបានបង្កើត និងដាក់ឱ្យដំណើរការកម្មវិធីទទួលបាននូវហិរញ្ញប្បទាន "Access to Finance Program" នេះរយៈជាង ៣ឆ្នាំមកហើយ»។

 

ឧកញ៉ាបានធ្វើការកត់សម្គាល់ពីសមិទ្ធផលកន្លងមកថា «មាន SMEs ជាច្រើនប្រមាណជាជាង ២០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីតាមរយៈវេទិកា ការផ្គូផ្គងជាមួយធានាគារ និង​​វគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំឡើងដោយសមាគម​ និងមាន SMEs ជាច្រើនបានទទួលហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណជាជាង ៥ លានដុល្លារសហរដ្ឋអាមេរិក។​ ដោយមើលឃើញពីភាពជោគជ័យនៃការសហការជាដៃគូយុទ្ធសាស្រ្តរវាងសមាគមទាំង ៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេល ៣ ឆ្នាំបន្តទៀតដើម្បីលើកកម្ពស់ការទទួលបាននូវហិរញ្ញប្បទាន និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ​ ជាពិសេសការលើកកម្ពស់ប្រាក់រៀលក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។

 

អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមឈានមុខគេនៅកម្ពុជាទាំងបីស្ថាប័នខាងលើនេះ មានគោលដៅចម្បងៗចំនួនបី ក្នុងនោះរួមមាន ទី១​ ពង្រីកវិសាលភាពនៃការផ្ដល់ហិរញ្ញប្បទានប្រកបដោយបរិយាប័ន្នទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ពោលគឺដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ធុរកិច្ចជននៅគ្រប់វិស័យដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា តាមរយៈការទទួលបាននូវសេវាឥណទានអាជីវកម្មដែលមានលក្ខខណ្ឌអំណោយផល។ ទី២ ការរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃប្រាក់រៀល និងជំរុញលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ងាកទៅប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។

 

ទី៣ សមាគមដ៏លេចធ្លោទាំងបីនៅកម្ពុជា នឹងបង្កើ​នកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់វិស័យធុរកិច្ចនៅកម្ពុជា ដែលម្ចាស់អាជីវកម្មភាគច្រើនកំពុងជួបប្រទះ តាមរយៈការសហការរៀបចំផ្ដល់ជាវគ្គបណ្ដុះបណ្ដាលចាំបាច់សំខាន់ៗសម្រាប់កសាងសមត្ថភាព សិក្ខាសាលា កម្មវិធីជំនួបម្ចាស់អាជីវកម្មដើម្បីកសាងបណ្ដាញនិងបង្កើតឱកាសសហការវិនិយោគ ព្រមទាំងកម្មវិធីចែករំលែកផ្លាស់ប្ដូរមតិ និងពិគ្រោះយោបល់ជាច្រើនទម្រង់ទៀតពីសំណាក់អ្នកជំនាញក្នុងវិស័យជាក់លាក់ ក៏ដូចជាវាគ្មិនដែលមានចំណេះដឹង និងបទពិសោធច្បាស់លាស់ក្នុងវិស័យណាមួយ។

 

លោក ហាង ផេង ក្វាង (Han Peng Kwang)​ ហេរញ្ញិកនៃសមាគមធនាគានៅកម្ពុជា បានថ្លែងថា «ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុគឺជារបៀបវារៈអាទិភាពមួយរបស់សមាគមធនាគារនៅកម្ពុជា ហើយក៏មានចែងនៅក្នុងយុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ផងដែរ។ ពិធីចុះហត្ថលេខា និងជំនួបសហគ្រាសធុនមីក្រូ តូច និងមធ្យម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើកទី៣នេះ នឹងចូលរួមត្រួសត្រាយផ្លូវសម្រាប់សមាគមទាំងបី ដើម្បីធ្វើការរួមគ្នាបន្តលើបញ្ហាសមភាពយេនឌ័រ គំនិតផ្តួចផ្តើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវផ្នែកសង្គម ការផ្សព្វផ្សាយ និងការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងព្រឹត្តិការណ៍ និងកិច្ចសហការផ្តោតលើសហគ្រិនភាព»។

 

លោកមានប្រសាសន៍បន្ថែមថា៖«មានបញ្ហាជាច្រើនដែលយើងបានជួបប្រទះ និងប្រឈមអស់រយៈពេលជាង ៣ឆ្នាំមកនេះ ដែលមានដូចជា ការរីករាលដាលនៃជំងឺកូវីដ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការដំឡើងអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិក និងអតិផរណាជាដើម។ យ៉ាងណាក៏ដោយ វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នៅតែផ្តល់នូវទំនុកចិត្តលើភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារនៅកម្ពុជា ក្រោមការការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់យើង នៅតែបន្តគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាការចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលផងដែរ»។

 

គួរកត់សម្គាល់ថា ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបីខាងលើនេះ បានរួមចំណែកយ៉ាងខ្លាំងដល់ការជួយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។ យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រាស​ធុន​តូច និង​មធ្យមបានរួមចំណែករហូតដល់ទៅជាង ៩៨ ភាគរយ​នៃ​អាជីវកម្មសរុបទាំងអស់នៅ​កម្ពុជា ស្មើនឹង ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ តួលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

 

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «យ៉ាងណាមិញ MSMEs ក៏កំពុងប្រឈមនឹងឧបសគ្គមួយចំនួនក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ ដែលក្នុងនោះ កង្វះលទ្ធភាពទទួលបានកម្ចីហិរញ្ញវត្ថុ ជាបញ្ហាចម្បងមួយដែលពួកគាត់កំពុងជួបប្រទះ។ កន្លងមក សមាគមទាំងបីតែងតែយកចិត្តទុកដាក់ និងប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ ហើយកម្មវិធីនៅថ្ងៃនេះគឺជាកម្មវិធីលើកទីបីហើយដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំឡើង ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់កម្ចី ជាមួយនឹង MSMEs និង សហគ្រិនស្រ្តីដែលមានតម្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម ហើយព្រឹត្តិការណ៍នេះក៏នឹងក្លាយជាវេទិកាសម្រាប់ម្ចាស់ សហគ្រាសទាំងឡាយ ទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងការជជែកពិភាក្សាគ្នាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់សម្រាប់ MSMEs និងសហគ្រិនស្រ្តី ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

X
5s