វិធីសាស្រ្ត ៣ យ៉ាងក្នុងការចងចិត្តអតិថិជនរបស់អ្នកឲ្យក្លាយជាអតិថិជនស្មោះត្រង់
គ្រប់អាជីវកម្មមិនថាសម្រាប់ប្រទេសណា ជនជាតិណាទេសុទ្ធតែមានបំណងចង់ឲ្យអតិថិជនទាំងអស់ក្លាយជាអតិថិជនស្មោះត្រង់។ តើអ្នកជាម្ចាស់ក្រុមហ៊ុន ជាអ្នកផលិត ជាអ្នកលក់បានបង្ហាញអ្វីខ្លះដែលជាភាពស្មោះត្រង់ទៅដល់អតិថិជនវិញ?
មិនមែនប្រើពេលមួយថ្ងៃ ពីរថ្ងៃហើយចង់ឲ្យបានសម្រេចការងារធំបែបនេះទេ ក៏មិនមែនអតិថិជនទាំងអស់មិនទិញផលិតផលយើងម្តង អាចក្លាយជាអតិថិជនស្មោះត្រង់របស់យើងបានដោយងាយៗដែរ។ ហេតុដូចនេះហើយគេឃើញអាជីវកម្មជាច្រើនព្យាយាមធ្វើប្រូម៉ូសិន បន្ទាប់ពីទិញមានថែមជូនសេវាកម្មនេះ សេវាកម្មនោះ ដើម្បីបំពេញចិត្តអតិថិជនរបស់ពួកគេ។ ខាងក្រោមនេះគឺជាគន្លឹះ ៣យ៉ាងចងចិត្តអតិថិជនឲ្យនៅតែជាអតិថិជនស្មោះត្រង់នឹងអាជីវកម្មរបស់អ្នក៖
១) ឲ្យអតិថិជនចូលជាសមាជិកដើម្បីងាយស្រួលក្នុងការបញ្ជាទិញពេលក្រោយ
គិតចាប់ពីការទិញរបស់ញ៉ាំ ទំនិញប្រើប្រាស់ រហូតដល់ការធ្វើបដិសណ្ឋារកិច្ច អ្នកប្រើប្រាស់ទាំងអស់តែងចង់បានភាពងាយស្រួលរហ័ស និងមិនស្មុគស្មាញ។ ពេលអ្នកឲ្យអតិថិជនចូលជាសមាជិកនោះអាចជាការផ្តល់ជូននូវការទិញក្នុងតម្លៃពិសេសណាមួយ ឬរាល់ពេលទិញរបស់គាត់មិនចាំបាច់តម្រង់ជួរ ឬផ្តល់ជូនជាលក្ខណៈពិសេសអ្វីបន្ថែមទៀតជូនពួកគេទាំងនោះ។ ពេលណាដែលអតិថិជនរបស់អ្នកទទួលបានភាពងាយស្រួលពីការលក់របស់អ្នក ជាក់ណាស់ថាពួកគេនឹងដក់ចិត្តមិនចង់ផ្លាស់ប្តូរទៅទិញផលិតផលពីអ្នកផ្សេងដែលមិនទាន់ដឹងថានឹងផ្តល់ជូនភាពងាយស្រួលដល់ពួកគេដូចកន្លែងធ្លាប់ទិញឬទេ។
២) ធ្វើឲ្យដក់អារម្មណ៍ល្អជាមួយអ្នក
មិនខុសទេអ្នកប្រើប្រាស់អាចចំណាំបានល្អណាស់ថា អ្នកលក់នៅហាងមួយនេះធ្លាប់និយាយបែបណាមកកាន់អតិថិជន ណែនាំពីផលិតផលបានច្បាស់លាស់ល្អឬទេ សម្តីអាក្រក់គំរោះគំរើយដាក់អតិថិជនឬទេ រាក់ទាក់ភ្ញៀវ ឬមុខមិនឲ្យក្រោយមិនបែរ? បើអ្នកប្រើប្រាស់ជាមនុស្សស្រីវិញទៀតកាន់តែត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំង។ បើអ្នកទទួលរាក់ទាក់គាត់បានល្អ ណែនាំពីផលិតផលដល់គាត់បានច្បាស់ នោះសឹងថាអ្នកមិនចាំបាច់ខំលក់បញ្ចុះតម្លៃក៏អតិថិជនរបស់អ្នកទិញដែរ បើធៀបនឹងហាងដែលមានការបញ្ចុះតម្លៃតែអ្នកលក់មិនរាក់ទាក់។ មួយវិញទៀតអាចឲ្យគាត់ផ្តល់ជាមតិរិះគន់ដើម្បីកែលម្អផលិតផល និងបំពេញតាមអ្វីដែលអតិថិជនចង់បាន (ស្របតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនដូចគ្នា) នោះអតិថិជនរបស់អ្នករឹតតែពេញចិត្តព្រោះពួកគេគិតថាអ្នកជាអ្នកលក់យល់ពីចិត្ត ថ្លើមរបស់អតិថិជន។
៣) ការចងចាំរាល់ទិន្នន័យអតិថិជន ជាគន្លឹះនៃចំនេះដឹងនិងភាពជោគជ័យ
វាមិនខុសពីការស្ទង់មតិទេដើម្បីទទួលបានទិន្នន័យព័ត៌មានរបស់អតិថិជន។ ការស្ទង់មតិនេះអាចឲ្យយើងដឹងអតិថិជនត្រូវការផលិតផលណាជាង។ ចំនុចនេះយើងផ្តោតសំខាន់លើផលិតផលដែលអ្នកប្រើប្រាស់មានតម្រូវការច្រើន ចង់បានច្រើន ខុសពីចំនុចទី២ ខាងលើដែលអនុញ្ញាតអតិថិជនបង្ហាញអារម្មណ៍របស់គាត់លើផលិតផល លើការផ្តល់សេវារបស់ក្រុមហ៊ុន។ ទិន្នន័យដែលយើងបានពីអតិថិជនពេលនេះជាគន្លឹះដែលនាំឲ្យអ្នកទទួលបានអតិថិជនស្មោះត្រង់កាន់តែច្រើន ក៏ជាគន្លឹះដឹកដៃអ្នកទៅកាន់ភាពជោគជ័យអាជីវកម្មដូចគ្នា។៕
ដោយ៖ យ៉ាយ៉ា