សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជាសហការគ្នាផ្តល់បរិក្ខារលាងដៃដល់សាលារៀននៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាឱ្យការត្រលប់ទៅថ្នាក់រៀនវិញប្រកបដោយសុវត្ថិភាព
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង មូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួងក្រសួងអប់រំ យុវជន និងកីឡា
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២៖ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍនិងមនុស្សធម៌មួយដែលចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ តាមរយៈការសហការមួយនេះ ក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជានឹងតម្លើងបរិក្ខារសម្រាប់លាងសម្អាតដៃដល់សាលារៀនគ្រប់កម្រិតសិក្សានៅក្នុងខេត្តព្រះសីហនុ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងអប់រំ យុវជននិងកីឡា ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវ ជន និងកីឡា។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជូនពរដល់តំណាងប្រតិភូរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏ដូចជាតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជានាឱកាសឆ្នាំថ្មី២០២២នេះ សូមជួបប្រទះនូវសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យក្នុងការងារថ្មីៗថែមទៀត។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការវិនិយោគលើវិស័យអប់រំ ទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតរៀនតាមសាកលវិទ្យាល័យនៅកម្ពុជាព្រមទាំងការផ្តល់បរិក្ខារទឹកស្អាតនិងអនាម័យដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩។ ឯកឧត្តមបានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អប្រសើរតាមរយៈការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានជាង៩០ភាគរយ ការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំរបស់ប្រជាជន ការគ្រប់គ្រងបានល្អអ្នកជំងឺប្រភេទថ្មីអូមីក្រុងនាំចូលពីបរទេស ដែលធ្វើឱ្យអត្រាឆ្លងថ្មីក្នុងសហគមន៍ធ្លាក់ចុះស្ទើរតែគ្មាន និងអនុញ្ញាតឱ្យបើកឡើងវិញនូវសេដ្ឋកិច្ចជាតិយ៉ាងពេញលេញចាប់ពីចុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននិងទៅអនាគត។ តែទោះយ៉ាងនេះក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តវិធានអនាម័យ ពិសេសការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ត្រូវតែអនុវត្តជាប់ជាប្រចាំទាំងនៅសាលារៀន និងនៅតាមសហគមន៍ ទើបអាចយកឈ្នះជំងឺកូវីដ-១៩បាន។
ស្ថិតនៅក្រោមយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប នឹងធ្វើការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាដើម្បីអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យចាប់ពីខែមីនាដល់ ខែ មេសា ឆ្នាំ២០២២។ មូលនិធិព្រីនស៍ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការទៅលើសកម្មភាពជាច្រើន ដែលនឹងជួយគាំទ្រទៅដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។
លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា៖ «មូលនិធិព្រីនស៍ ធ្លាប់បានធ្វើការសហការនៅថ្នាក់ជាតិ តាមរយៈការផ្តួចផ្តើមលើអាហារូបករណ៍ ចេនហ្ស៊ីហើយពេលនេះ ពួកយើងនឹងបន្តការសហការយ៉ាងសកម្មជាមួយនឹងថ្នាក់ខេត្តបន្ថែមទៀត។ ពួកយើងចង់ធានាឱ្យបាននូវការស្តារនូវសកម្មភាពនានារបស់ខេត្តព្រះសីហនុត្រលប់មកវិញ ហើយយើងក៏មានសេចក្តីរីករាយផងដែរដែលបានធ្វើការសហការជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា។ ពួកយើងក៏ត្រៀមនឹងធ្វើការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡានៅក្នុងឆ្នាំថ្មីនេះ ដើម្បីធានាថាកុមារកម្ពុជាអាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព។»
មូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជានឹងប្រារព្ធពិធីប្រគល់បរិក្ខារលាងដៃទាំងអស់ទៅដល់មន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា សាលាខេត្ត និងក្រុងព្រះសីហនុ នៅចន្លោះពីខែមីនាដល់ខែមេសា។ កម្មវិធីបែបនេះបានសបង្ហាញឱ្យឃើញពីលទ្ធផលដ៏គួរឱ្យសរសើរនៅក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងជាការពង្រឹងភាពធន់របស់កម្ពុជាក្នុងកាលៈទេសៈនៃជំងឺរាតត្បាតនេះ។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «កិច្ចសហការរវាងមូលនិធិព្រីនស៍និងអង្គការភ្លែនអន្តរជាតិកម្ពុជានឹងជួយធានាឱ្យបាននូវការត្រលប់ចូលរៀនវិញរបស់សិស្សានុសិស្ស ជាពិសេសកុមារីប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការផ្អាកមួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ការផ្តល់ជូននូវបរិក្ខារលាងសម្អាតដៃទាំងនេះ នឹងជួយការពារពួកគេពីជំងឺ កូវីដ-១៩ និងអាចឱ្យពួកគេបានទទួលការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនាពេលអនាគត»។
លោកបន្តថា៖ «ជំនួសមុខឱ្យសិស្សានុសិស្សនៅក្នុងសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ខ្ញុំសូមថ្លែងអំណរគុណ មូលនិធិព្រីនស៍ចំពោះគម្រោងការងារដំបូងដ៏គួរឱ្យរំភើបមួយនេះ។ គម្រោងនេះស្ថិតនៅក្រោមកម្មវិធីយុទ្ធសាស្ត្រការចាប់ផ្តើមជាមួយសុខភាពល្អ និងការសិក្សាពេញមួយជីវិតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដែលជាផ្នែកមួយនៃបេសកកម្មរបស់ពួកយើងក្នុងការសហការជាដៃគូផ្តល់ភាពអង់អាចដល់ក្មេងស្រីចំនួន ២,៥ លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់និងស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៦។»
ក្រោមការឧបត្ថម្ភជាថវិកានិងភាពជាដៃគូសាជីវកម្មដែលផ្តល់ដោយមូលនិធិព្រីនស៍ កម្មវិធីទឹកស្អាត និងអនាម័យរៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការដំណើរការនៅក្នុងប្រទេសកម្ពុចាតាំងពីឆ្នាំ២០០២បានក្លាយជាដំណោះស្រាយក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការធានាឱ្យទទួលបានប្រភពទឹកស្អាត និងសម្ភារៈអនាម័យនានាត្រូវបានរក្សាបានយ៉ាងល្អព្រមទាំងផ្តល់ភាពអង់អាចដល់ប្រជាជនក្នុងការគ្រប់គ្រងសុខភាពសាធារណៈរបស់ពួកគេ។ នៅអាស៊ីខាងត្បូងប្រជាជនជាង ៦,៦ លាននាក់ទទួលបានគ្រឿងបរិក្ខារ ទឹកស្អាតនិងអនាម័យដែលប្រសើរឡើង។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានយកចិត្តទុកដាក់ខ្ពស់លើការរួមចំណែកដល់ការអភិវឌ្ឍន៍យុវជនហើយថ្មីៗនេះ ព្រីនស៍ គ្រុបបានសម្ពោធកម្មវិធីអាហារូបករណ៍ចេន ហ្ស៊ី ដែលជាកម្មវិធីជំនួយផ្នែកហិរញ្ញវត្ថុទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០ នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ តាមរយៈការផ្តល់ការសិក្សាដោយឥតគិតថ្លៃក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ២ លានដុល្លារអាមេរិក។
ក្រុមហ៊ុនខានូពីសែនឌីវេឡុបម៉ិនឯ.ក ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ដែលកំពុងធ្វើការលើគម្រោងអភិវឌ្ឍន៍ឆ្នេររាមក្នុងខេត្តព្រះសីហនុនាពេលថ្មីៗនេះក៏បានចែកចាយកញ្ចប់ថែទាំដល់អង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងក្រុងព្រះសីហនុ គឺអង្គការម្លប់តាប៉ាងផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួនក្នុងការជួយដល់សហគមន៍មូលដ្ឋាន ខណៈពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើងវិញសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត៕
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន។
អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ៕
អំពី អង្គការភ្លែនអន្តរជាតិ
អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍ និងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាពចំពោះក្មេងស្រី។ យើងនៅតែបន្តប្រឹងប្រែងទាំងអស់គ្នាដើម្បីទិសដៅថ្មីដែលផ្តោតសំខាន់លើសិទ្ធិកុមារនិងសមភាពសម្រាប់ក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ ក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំនៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសឱ្យបានចូលរៀន ចូលរួមក្នុងការដឹកនាំ ការសម្រេចចិត្ត និងតស៊ូប្រឹងប្រែង ហើយបានចាប់ផ្តើមដំណើរការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2002។ នៅខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជាបានបើកដំណើរការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំទៅមុខទៀតនោះមានចំនួន៤រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើOCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោលរួមទាំងកម្មវិធីឆ្លងដែនដើម្បីរក្សាកុមារជាពិសេសក្មេងស្រីនិងយុវជនឱ្យមានសុវត្ថិភាព។ (៣) ការរៀនមួយជីវិតដោយផ្តោតលើIQE ការអភិវឌ្ឍជំនាញ និងជំនាញជីវិតរួមទាំងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនិងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេងទទួលបានចំណេះដឹងជំនាញនិងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេនិងឈានដល់សក្តានុពលពេញលេញ។ និង(៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្មនិងការចូលរួមរបស់ប្រជាពលរដ្ឋធានាថាក្មេងស្រីនិងស្រ្តីវ័យក្មេងមានចំណេះដឹងជំនាញនិងទំនុកចិត្តដើម្បីជោគជ័យ៕
សម្រាប់ព័ត៌មានបន្ថែមអំពីព្រីនស៍គ្រុប សូមទំនាក់ទំនងទៅកាន់៖
លោកស្រីលឹមស៊ាងហេង
Two Way Public Relations
ទូរសព្ទលេខ៖ +៨៥៥៦៩៧៧៣៩៦១
អ៊ីម៉ែល៖[email protected]