កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​គោលបំណង​នៃ​អនុ​ក្រិត​លេខ៣៩អនក្រ.បក ដូចនេះ​តើ​វាស់វែង​ប្រសិទ្ធភាព​ដូច​ម្តេច?​



ចាប់ពីឆ្នាំ២០១០មក  ស្ថានភាពផ្លូវនៅកម្ពុជាមានសភាពល្អប្រសើរជាងមុន ដំណាលគ្នានេះចំនួនយានយន្តក៏កើនឡើងដែរ។ ប៉ុន្តែគួរឱ្យសោកស្តាយ  សោកនាដកម្មក៏កើនតាមនោះដែរដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់ជាមធ្យម៦.៥នាក់ក្នុងមួយថ្ងៃ ហើយប្រជាជាតិខាតជាង៣៣៧លានដុល្លារក្នុងឆ្នាំ២០១៣។

ក្នុងឆ្នាំ២០១៩កន្លងទៅនេះ សម្តេចទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សខេង មានប្រសាសន៍ថាគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យពលរដ្ឋយើងស្លាប់ជិត ២០០០ នាក់ របួសជិត ៦០០០នាក់ ខូចខាតម៉ូតូជិត ៤០០០គ្រឿង ហើយរថយន្តធុនធ្ងន់និងស្រាលខូចខាត ជិត ៣០០០គ្រឿង។ បើតាមឧត្តមឧត្តមសេនីយ ចេវហាក់ ស្នងការរងនៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថាតែក្នុងត្រីមានទី១ (៩០ថ្ងៃ) ឆ្នាំ២០២០ នេះ មានមនុស្សស្លាប់ទៅដល់ទៅ ៤៩៣នាក់។

ពេលវេលាអនុវត្តអនុក្រិតលេខ៣៩អនក្រ.បក

យោងតាមពត៌មានរបស់វិទ្យុបារាំងអន្តរជាតិផ្សាយនៅព្រឹកថ្ងៃទី២ ឧសភា ឆ្នាំ២០២០នេះ លោកនាយឧត្តមសេនីយ៍ហ៊ឹមយ៉ានបញ្ជាក់ថា អនុក្រិតត្រូវបានគ្រោងតាំងពីខែតុលាឆ្នាំ២០១៩ មកម្ល៉េះ។ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃយល់ថា មិនមែនជាការបន្ថែមបន្ទុកនៅពេលដែលជំងឺ កូវីដ១៩ កំពុងតែយាយីមកហើយនោះទេ តែជាការឆ្លើយតបទៅនឹងសន្ទុះ នៃកំណើនគ្រោះថ្នាក់ចរាចរណ៍ដូចបញ្ជាក់ខាងលើ។ ភាគីខាងអង្គការក្រៅរដ្ឋាភិបាលវិញយល់ថា គួរពន្យារទៅមុខបន្តិច។

លោក យ៉ង់ គឹមអេង​ នាយកមជ្ឈមណ្ឌលអភិវឌ្ឍប្រជាពលរដ្ឋដើម្បីសន្តិភាព​ បាន​មានប្រសាសន៍ថា កន្លងមកមានការអនុវត្តជាច្រើនលើករួចមកហើយ គួរតែពង្រឹងប្រសិទ្ធភាពដោយផាកពិន័យជាប់ជាប្រចាំ។ ប្រជាជនយើងប្រមាណជិត ៥លាននាក់មានចំណូលតែបន្តិចស្ថិតខាងលើខ្សែបន្ទាត់នៃភាពក្រីក្រ នឹងធ្លាក់ចុះមកវិញដោយសារតែជំងឺកូវីដ បើអនុវត្តពេលនេះ វាប៉ះពាល់ជីវភាពចំពេលលំបាកស្រាប់។

លោក គង់ រតនៈ ​នាយកវិជ្ជាស្ថានសុវត្ថិភាពចរចណ៍ផ្លូវគោក​ យល់ថា  គួរពន្យារពេលសិន ដើម្បីចៀសវាងការបន្ថែមបន្ទុកដល់ប្រជាពលរដ្ឋ។ សម្ដេច ស ខេងបានកំណត់ថា ឆ្នាំ២០២០ជាឆ្នាំគោលនៃការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

បើតាមពត៌មានពី Khmer Times នៅថ្ងៃទៅ ៣០ ខែមិនា ថា រដ្ឋាភិបាលពន្យារការអនុវត្តអនុក្រិតលេខ ៣៩អនក្រ.បក រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ ហើយបង្ហាញថា ការផាកពិន័យមានពីរវាង ១៥ ដល់ ១០០០ដុល្លារ លើអ្នកបំពានតាំងពីអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាព មិនគោរពភ្លើងសញ្ញា ការប្រើទូរសព្ទពេលបើកបរ ឬមានជាតិស្រវឹង។ល។

ការអនុវត្តប៉ុន្មានថ្ងៃដំបូង

នៅថ្ងៃទី១និងទី២ ដោយសារការគោរពព្រមគ្នាទូទាំងខេត្តក្រុង ចំនួនម្ចាស់យានយន្តដែលមិនបំពេញលក្ខខណ្ឌរបស់អនុក្រិតខាងលើមានចំនួនច្រើន។ ថ្វីបើអគ្គស្នងការនគរបាលបានប្រកាស  តែយើងមិនទាន់មានទិន្នន័យជាក់លាក់នៅឡើយ។ តាមរយៈគណនីហ្វេសប៊ុកឯកជនជាច្រើនហាក់បង្វែរអារម្មណ៍មកលើការអនុវត្តអនុក្រិតនេះដោយបង្ហោះរូបថតពីប៉ូលីសចុះអនុវត្ត  ការឃាត់យានយន្ត  បង្កាន់ដៃផាកពិន័យ និងពាក្យពេចន៍ខ្លះបង្ហាញអារម្មណ៍មិនរីករាយ។

គណនីមួយបង្ហាញថា គ្រួសារគាត់មានម៉ូតូតែមួយ ជិះឌុបគ្នាប្តីប្រពន្ធទៅធ្វើការសព្វដងដោយឌុបកូនតូចៗទាំងពីរទៅជាមួយ នឹងទម្លាក់ពួកគេនៅសាលា ឥឡូវត្រូវយកកូនទៅដូចម្តេចទៅ?  គណនីមួយផ្សេងបង្ហាញពីអ្នកលក់ចេកចៀនម្នាក់លក់មិនដាច់ហើយថែមទាំងរងការពិនិ័យ១២ម៉ឺនរៀលទៀត។ មានរូបភាពវីដេអូពីការប្រឈមមុខគ្នាជាពាក្យសម្តីរវាងប្រជាពលរដ្ឋនិងខាងប៉ូលិសដែរ។ មានមតិខ្លះលើកឡើងថា គ្រាន់តែអនុវត្តច្បាប់ចរាចរណ៍ ហេតុម្តេចចាំមានកាន់អាវុធជ្រោងច្រាង? ឯគណនីហ្វេសប៊ុកមួយទៀតលើកសំណួរជាមួយរូបរថយន្ត Pick up​ ជាមួយសំណួរថា តើរថយន្តជិះបានប៉ុន្មាននាក់ ហើយឃើញចម្លើយពីស្ថាប័នសាធារណការវិញថាមានខ្សែក្រវ៉ាត់ប៉ុន្មាន ជិះបានប៉ុណ្ណឹង។ នៅរវាងថ្ងៃទី៣ ការចែកចាយពត៌មានពីការបែងចែកថវិកាដែល ៩៥%បានទៅក្រសួងមហាផ្ទៃ ចំណែក ៥% បានចូលជាប្រយោជន៍ថវិកាជាតិនោះ មានមតិនៅក្នុងគណនីហ្វសប៊ុកខ្លះយល់ថាពុំសមស្របឡើយ។ 

គេហទំព័រសារពត៌មានក្នុងស្រុកខ្លះរំលេចពីមនុស្សទៅប្រជ្រៀតគ្នាធ្វើ/ឬធ្វើឡើងវិញប័ណ្ណបើកបរឬលិខិតសំគាល់យានយន្ត។ 

គួរបញ្ជាក់ដែរថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានជួយសម្រួលមួយផ្នែកដែរដូចជានៅក្នុងការធ្វើសន្និសិទសារពត៌មានចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជានៅរាត្រីថ្ងៃទី៣០ ខែមេសា នាយឧត្តមសេនីយ៍ហ៊ឹមយ៉ានបានកែសម្រួលថា ចំពោះលិខិតសម្គាល់រថយន្តអាចប្រើបណ្ណថតចម្លងដែលមានប្រថាប់ត្រាទទួលស្គាល់ពីអាជ្ញាធរបាន។ នៅថ្ងៃទី៣ មានសារសម្លេងពីការមិនត្រូវឃាត់រថយន្តដែលហួសសុពលភាពនៃការត្រួតផ្នែកបច្ចេកទេសទេ ទុកពេលឱ្យគេធ្វើឡើងវិញ។ 

រូបខ្ញុំផ្ទាល់បានសង្កេតឃើញថា នៅពេលថ្ងៃទី១ និង២ ឧសភា នាពេលថ្ងៃ យានយន្ត ទាំងឡាយហាក់ត្រូវបានបើកបរដោយប្រុងប្រយ័ត្នមានវិន័យជាងសព្វមួយដង  ប៉ុន្តែពេលល្ងាចក្រោយដែលមុខព្រួញឆែកឆេរទាំងឡាយបានដកចេញ  ម្ចាស់យានយន្តខ្លះបើកហួសល្បឿន ខ្ជីខ្ជា គ្មានវិន័យឬវិលទៅកាន់ចរិតដើម។  

តើយើងអាចវាស់វែងប្រសិទ្ធភាពនៃការអនុវត្តអនុក្រិតនេះដូចម្តេច?

តើកំណើននៃទឹកប្រាក់ពិន័យបង្ហាញពីជោគជ័យនៃការអនុវត្តអនុក្រិតនេះឬ? ពុំមែនទេ   ដោយសារមូលហេតុនៃគ្រោះថ្នាក់ចរចរណ៍មាន ៩៤% បង្កដោយកត្តាមនុស្ស  ជោគជ័យគឺផ្តោតលើការកែប្រែឥរិយាបថអ្នកបើកបរឱ្យគោរពច្បាប់ដោយសុឆន្ទៈនិងក្នុងរយៈពេលយូរ។ ផ្ទុយទៅវិញ ការផ្តោតលើការពិន័យមានបច្ច័យល្អក្នុងកម្រិតមួយ តែហួសកម្រិតសមធម៌មួយធៀបទៅកំហុស  វាធ្វើឱ្យផ្នត់គំនិតមនុស្សមួយចំនួនយល់ក្នុងលក្ខណៈអវិជ្ជមានទៅវិញ ដែលអាចសម្តែងឬមិនសម្តែងចេញឱ្យគេដឹង។ 

យើងគួរវាយតម្លៃប្រសិទ្ធភាពការអនុវត្តក្រោមទិដ្ឋភាពពីរ៖ 

ក /លក្ខណៈបច្ចេកទេស៖ ក្នុងនោះ ការវាយតម្លៃផ្តោតលើ៖

     ក១/  ភាពច្បាស់លាស់និងងាយស្រួលក្នុងការអនុវត្ត។  

    ក២/  លទ្ធផលជាឥរិយាបថវិជ្ជមានក្នុងការបើកបរដែលជាគោលបំណងសំខាន់របស់ច្បាប់ ក៏ដូចជាអនុក្រិត​នេះ​ដែល​ឆ្លុះបញ្ចាំងតាមរយៈ​

  •       ចំនួនគ្រោះថ្នាក់មានការថយចុះ យ៉ាងហោចក្នុងលក្ខណៈធៀបទៅចំនួនយានយន្ត   
  •       លក្ខណៈនៃគ្រោះថ្នាក់ពីប្តូរពីលក្ខណៈធ្ងន់មកស្រាលភាគច្រើន 
  •       ចំនួនអ្នករងគ្រោះ ជាចំនួនដាច់ខាត ឬយ៉ាងហោចជាភាគរយថយចុះ។
  •       បរិមាណសម្ភារៈខូចខាតក៏មានលក្ខណៈថយចុះដែរ។  

ដើម្បីឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះតាមបំណងរដ្ឋាភិបាលក៏ដូចជាពួកយើង ជាពលរដ្ឋប្រកបដោយវិចារណញ្ញាណ  ការអនុវត្តអនុក្រិត/ច្បាប់គួរតែផ្តោតលើមូលហេតុសំខាន់ៗនិងសកម្មដែលនាំឱ្យមានគ្រោះថ្នាក់ដូចជាការបើកបរលើសល្បឿនទាំងម៉ូតូ ទាំងរថយន្ត (កន្លងមកមាន ៣៨%) ការប្រើគ្រឿងស្រវឹង  ការវ៉ាជែងគ្មានទំនួលខុសត្រូវ មិនគោរពស្លាកសញ្ញា ភ្លើងស្តុប  ការមិនប្រកាន់ស្តាំ មិនគោរពសិទ្ធិអាទិភាព ការឈប់រថយន្តជិតកាច់

ជ្រុងផ្លូវដែលសរុបប្រមាណជាង ៣០%  បើផ្តោតបានល្អលើមូលហេតុចម្បងទាំងនេះ ទិន្នន័យនៃគ្រោះថ្នាក់និងចុះថយយ៉ាងជាក់ស្តែងក្នុងពេលត្រីមាសក្រោយ។ ក្រៅពីនេះផ្នែកសមត្ថកិច្ចត្រូវមានមធ្យោបាយកំណត់ល្បឿន និងប្រដេញតាមបង្ក្រាបជាក់ស្តែងទាន់ពេលលើអ្នកបំពានទាំងនោះ។ ជាប្រតិបត្តិការភ្លៀងរលឹម ភ្នាក់ងារប៉ូលិសចរាចរណ៍គួរបង្កើនការត្រួតពិនិត្យនិងរវាំងមើលទាំងពេលយប់ដែរ។ គួរកុំផ្តោតខ្លាំងលើមូលហេតុអកម្មបន្តិចបន្តួចដូចជាបើកបរភ្លេចដាក់ខ្សែក្រវ៉ាត់.. ។ និយាយនេះមិនហាមការផាកពិន័យទេនិងមិនលើកទឹកចិត្តការបំពានទេ។

     ក៣/ ប្រសិទ្ធភាពរយៈពេលយូរ។ ក្រោយយុទ្ធនាការអនុវត្តនេះ អ្នកបើកបរទាំងឡាយបន្តអនុវត្តតទៅទៀត​យ៉ាង​​ហោចភាគ​ច្រើន​​ដែរ​ឬ​យ៉ាង​ណា?។ បើក្លាយជាទម្លាប់ល្អ មានវិន័យនិងទំនួលខុសត្រូវជាការប្រសើរ។

ខ/ផ្នែកចិត្តសាស្ត្រ៖

ការអនុវត្តអនុក្រិតនេះជាភាពជាក់ស្តែងនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Management of Change) មួយ។ យើងទទួលស្គាល់ថា រាល់ការដាក់អនុវត្តច្បាប់ បទដ្ឋានឬវិធានតែងមានការថ្នាំងថ្នាក់ក្នុងចិត្ត។ ប៉ុន្តែបើបន្ទាបបាន វារឹតតែជាការប្រសើរមែនទែន វានាំមកនូវស្មារតីសហការគ្នារវាងសមត្ថកិច្ចនិងអ្នកដែលដែលប្រើផ្លូវសាធារណៈ ក៏ដូចជាទឹកចិត្តដល់ការអនុវត្តច្បាប់ បទដ្ឋានដទៃក្រោយទៀតដែរ!

ការតាក់តែងក៏ដូចការអនុវត្តច្បាប់បទដ្ឋានគួរពិចារណាលើការគាំទ្រផ្លូវចិត្តពីភាគីពាក់ព័ន្ធជាពិសេសពីសំណាក់ភ្នាក់ងារអនុវត្តក៏ដូចជាមនុស្សជាគោលដៅនៃការអនុវត្តដែរ។

សំណួរសួរថា តើភ្នាក់ងារប៉ូលិសរងការប្រឈមផ្លូវចិត្តដែរ?  ផ្លូវចិត្តរបស់គេយ៉ាងណា?

តើសាធារណជនមើលមកពួកគេដូចម្តេច? 

ចំណែកភាគីគោលដៅនៃការអនុវត្តវិញមានអារម្មណ៍ដូចម្តេច? ក្នុងសង្គមមនុស្សអាស្រ័យទៅនឹងការអប់រំ អាចមានមនុស្សពីរសណ្ឋានធំៗ។ មនុស្សមួយចំនួនលំឱនតាមច្បាប់ មិនមានចរិតតបតទេ ច្រើនជាមនុស្សស្លូតបូត។ ប៉ុន្តែ  ក្នុងនេះមានមួយចំនួន ដោយសារយល់ឃើញថាច្បាប់នោះបង្កបញ្ហាឬអយុត្តិធម៌មកលើខ្លួន ឧ.រថយន្តទើបទិញហើយក្រសួងសាធារណការកិបស្លាកមិនទាន់ហើយមានសំបុត្រស្នាមបញ្ជាក់គ្រប់គ្រាន់ តាមពិតគេមានឆន្ទៈអនុវត្តច្បាប់ដូចក្រុមទីមួយដែរ។  ការយឺតយ៉ាវជាការខ្វះខាតរបស់ស្ថាប័នរដ្ឋដែរមិនមែនកំហុសបុគ្គលម្ចាស់យានយន្តទេ។ ចំណែកមនុស្សមួយចំនួនទៀតគ្មានលទ្ធភាពបំពេញតាមលក្ខខណ្ឌច្បាប់ បទដ្ឋានតែម្តង ដូចជាទិញម៉ូតូចាស់១០០ទៅ១៥០ដុល្លារធ្វើដើមទុនរកស៊ីដូចជារត់ឌុបឬធ្វើឆ្នៃបន្ថែមភ្ជាប់ក្លាយជាយានលក់ចេកអាំង ចេកចៀន។ លើទិដ្ឋភាពនេះ ច្បាប់គួរអនុគ្រោះដោយសីលធម៌។ នេះជាករណីគ្មានជម្រើសតែម្តង។ 

ប៉ុន្តែអ្វីដែលលំបាក គឺមនុស្សមួយសណ្ឋានទៀតដែលមានចរិតឱកាសនិយម រឹងរូសមិនស្តាប់បង្គាប់តែម្តង គិតតែអារម្មណ៍ខ្លួនឯង គ្មានខ្វល់ឱ្យតែកំបាំងមុខស្ថាប័នមានសមត្ថកិច្ច

មិនគោរពច្បាប់បញ្ញត្តិ និងមួយក្រុមទៀត គ្មានការទទួលខុសត្រូវ យកការបើកបរជាការលេងសើច(យើងបានឃើញ អ្នកបើកបរខ្លះឱ្យកូនអាយុ៩-១២ឆ្នាំបើក  ខ្លះយកជើងដាក់លើចង្កូត

ឡាន  អ្នកបង្ហោះ ប្រណាំងម៉ូតូ ឡាន)។ ពួកទាំងនេះជាគោលដៅដែលគួរបន្តឹងវិធានការខ្ពស់បំផុត !។ ដូចនេះ វត្តមានសមត្ថកិច្ចឱ្យបានច្រើននិងការបង្ក្រាបទាន់ពេលទើបអាចកែប្រែផ្នត់គំនិតនិងទម្លាប់ពួកគេ (នៅប្រទេសអភិវឌ្ឍជាច្រើន គេអាចចោះប្រហោងលើប័ណ្ណបើកបរហើយដល់កម្រិតណាមួយបញ្ឈប់សិទ្ធិបើកបរជាស្ថាពរ)។             

ប្រសិនបើការដាក់ចេញនិងអនុវត្តច្បាប់បទដ្ឋានណាមួយ មានលក្ខណៈថ្លឹងថ្លែងមិនបានបង្កើតសម្ពាធផ្លូវចិត្តដល់អ្នកចូលចិត្តគោរពច្បាប់  គេយល់ថាចូលរួមជាការប្រសើរ ដើម្បីប្រយោជន៍ឬសុវត្ថិភាពរួមរបស់សង្គម កិច្ចសហការនឹងកើតមានដោយសុឆន្ទៈ នោះការជឿទុកចិត្តគ្នារវាងប្រជាជន និងអ្នកអនុវត្តច្បាប់ក៏ប្រសើរឡើង កិច្ចសហការនឹងស្អិតរមួត សង្គមយើងនឹងមានសុខុដុមនីយកម្មដែលជាប្រការសំខាន់នៃស្ថេរភាពសង្គម។

 សំណើបន្ថែមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៖ 

១.  អ្នករំលោភដោយចេតនាជាក់ស្តែង គ្មានឆន្ទៈគោរពច្បាប់ មិនរាងចាល គួរពិចារណាពី លទ្ធភាពនៃការដកហូតសិទ្ធិបើកបរជាស្ថាពរនៅក្នុងច្បាប់ បទដ្ឋាន។     

២. គ្រោះថ្នាក់ចរាចរណ៍អាចនឹងមិនថមថយឡើយក្នុងករណីដែលចំនួនយានយន្តបន្តចេះតែកើន។ កន្លងមកចំនួនយានយន្តកើនប្រមាណជាង ១០%ក្នុងមួយឆ្នាំ។ ដូចនេះ អាចទប់ល្បឿននេះបានខ្លះ ដោយងាកមកបង្កើនប្រសិទ្ធភាពនៃការប្រើមធ្យោបាយដឹកជញ្ជូនដូចជារថយន្តក្រុងឱ្យបានប្រសើរនិងទូលំទូលាយជាងសព្វថ្ងៃ។

៣. គប្បីពង្រឹងគុណភាពអ្នកទទួលការប្រឡងយកបណ្ណបើកបរដោយមានសវនកម្មត្រឹម ត្រូវ តម្លាភាពដើម្បីប្រាកដថា អ្នកមានបណ្ណនេះមានសមត្ថភាពបញ្ជាយានយន្តក៏ដូចជា  ចេះច្បាប់ចរាចរណ៍ក្នុងកម្រិតអប្បបរមាចាំបាច់មួយដែរ។ ឧទា. អ្នកបើកយានយន្តខ្លះ ចេញពីផ្លូវតូចមិនបានបង្អង់និងពិនិត្យតើនៅលើផ្លូវធំដែលអាទិភាពមានយានបើកមកឬទេ?

៤.  បង្កើនភាពអាជីពនៃភ្នាក់ងារប៉ូលិសចរាចរណ៍ តម្លាភាពនិងសមត្ថភាពបង្ក្រាបភ្លាមៗ ទាំងថ្ងៃនិងយប់ជាពិសេសមុនគេបង្អស់ក្នុងទីក្រុង។ គួរបន្តជាលក្ខណៈ«ភ្លៀងរលឹម» សំដៅលើបទល្មើសសំខាន់ៗធំៗដូចបរិយាយពីខាងលើ។ ធ្វើបែបនេះអាចបញ្ឈប់ភាព ឱកាសនិយម និងការបំពានព្រោះសព្វថ្ងៃ  អ្នកមួយចំនួននឹងគោរពតែចំពោះមុខវត្តមានសមត្ថកិច្ច។  

៥.   កែសម្រួលទំហំទទឹងនៃរ៉ឺម៉កកែឆ្នៃកុំឱ្យធំហួសហេតុពេក។

៦.   ត្រួតពិនិត្យ និងផាកពិន័យដល់ការចតឬឈប់តាមដងផ្លូវដែលមិនត្រឹមត្រូវ 

៧.  បន្ថែមស្លាកសញ្ញា និងកាម៉េរ៉ាតាមចំណុចសំខាន់ៗ 

៨. សហគ្រាសទាំងឡាយក៏ត្រូវមានស្មារតីទំនួលខុសត្រូវសង្គមនិងសីលធម៌ក្នុងការជ្រើសនិងថែរក្សាយានយន្តដឹកជញ្ជូនមានសុវត្ថិភាព ប្រើអ្នកបើកបរដែលមានការទទួលខុស ត្រូវនិងប្រុងប្រយ័ត្នដែរ បើទោះបីជាខ្លួនបានទិញបណ្ណធានារ៉ាប់រងក៏ដោយ។ ម្យ៉ាងទៀត សហគ្រាសទាំងនេះមិនត្រូវរឹតកំហិតរយៈពេលនៃការបើកបរតឹងហួសហេតុនោះទេ។ ចំណុចនេះ ក៏សំដៅលើសហគ្រាសផ្នែកប្រគល់ទំនិញឬសេវាខ្លះដែរដែលសន្យាប្រគល់ ទំនិញឬអាហារ(Delivery services) តាមរថយន្តឬម៉ូតូដល់ភ្ញៀវក្នុងរយៈខ្លីដែលជំរុញ ឱ្យបុគ្គលិកខ្លួនក្លាយជាអ្នកបើកបរលើសល្បឿនដែរ។   

៩.  ការរំលោភបំពានគ្រប់បែបយ៉ាងនឹងថយចុះប្រសិនបើប្រព័ន្ធផ្សព្វផ្សាយ សាលាមត្តេយ្យ  សាលាខ្ពស់ជាងនេះ ក៏ដូចជាគ្រួសារនាំគ្នាអប់រំកូន អ្នកដឹកនាំដាស់តឿនពលរដ្ឋពីតម្លៃនៃផលប្រយោជន៍រួម សណ្តាប់ធ្នាប់សង្គម គុណធម៌  ការយល់ពីអារម្មណ៍ក៏ដូចជាចេះ ចែករំលែកសេចក្តីសុខរបស់ខ្លួនជាមួយអ្នកដទៃនិងមានទំនួលខុសត្រូវពីសកម្មភាពខ្លួន ។ល។ ផ្តល់តម្លៃនិងការសរសើរពលរដ្ឋណាដែលបង្ហាញភាពជាពលរដ្ឋល្អ មានគុណធម៌។ ថ្វីបើចំណាយពេលយូរតែគួរចាប់ផ្តើមការអប់រំពីឥឡូវនេះ។ នេះជាដំណោះស្រាយរយៈពេលយូរ មានប្រសិទ្ធភាព និងអស់សោហ៊ុយតិចបំផុត។

សូមមេត្តាពិចារណាទាំងអស់គ្នាពីសំណើនេះ។ 

ចំពោះការស្រង់មុខងារ ថានន្តរស័ក្តិនិងប្រសាសន៍ឥស្សរជនទាំងឡាយ ពីសម្លេងវិទ្យុបារំាងក្រែងពុំបានត្រឹមត្រូវដូចសេចក្តីដើម សូមមេត្តាអធ្យាស្រ័យដោយអនុគ្រោះផង។

 

ដោយ៖ លោក បណ្ឌិត យិន ឆេងស៊ន

 

X
5s