អាថ៌កំបាំង ១០ យ៉ាងដែលអ្នកអាចមិនបានដឹងពីកូរ៉េខាងជើង
កូរ៉េខាងជើងត្រូវបានគេចាត់ទុកថា ជាប្រទេសក្រីក្រ និងឯកាបំផុតមួយក្នុងលោក។ អស់រយៈពេលជាង ៧០ ឆ្នាំមកនេះ ត្រកូល គីម បានក្តោបក្តាប់ប្រើអំណាចផ្ដាច់ការ គ្រប់គ្រងទៅលើជោគវាសនាប្រជាជនដ៏កំសត់ដែលមានប្រមាណសរុប ២៥ លាននាក់។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិភពលោកមានការចាប់អារម្មណ៍ដោយមានការសង្ស័យថា មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន អាចនឹងស្លាប់បាត់បង់ជីវិតទៅហើយដោយសារជំងឺបេះដូងដ៏ធ្ងន់ធ្ងរ ត្បិតអីលោកបានបាត់មុខពីសាធារណៈជនឈឹងតែម្តង។
ស្របពេលដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងលើប្រទេសដ៏ឯកោខាងលើ នៅខាងក្រោមនេះ Bizkhmer សូមណែណាំប្រិយមិត្តមកដឹងការពិតមួយចំនួនពីប្រទេសនេះ ថាតើមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ?
១. ជាង ៤០% នៃប្រជាជនកូរ៉េខាងជើងជួបភាពអត់ឃ្លាន
ចាប់តាំងពីឆ្នាំ ២០០០ មកអត្រាភាពអត់ឃ្លានរបស់ប្រជាជនកូរ៉េខាងជើងបានកើនឡើងពី ៣៧,៥ % ទៅ ៤៣,៤% គិតត្រឹមឆ្នាំ ២០១៨ កន្លងទៅ នេះបើយោងតាមឯកសារស្រាវជ្រាវសន្ទស្សន៍ភាពអត់ឃ្លាន Global Hunger Index របស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយម្ហូបអាហារ(IFPRI) ។
២. ប្រព័ន្ធអ៊ីនធឺណិតនៅកូរ៉េខាងជើង ស្ទើរតែគ្មានអ្នកប្រើប្រាស់
ការប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅកូរ៉េខាងជើងគឺពិតជាមានការរឹតត្បិតតឹងតែងមែនទែនពីរដ្ឋាភិបាល។ អ្នកដែលប្រើប្រាស់អ៊ីនធឺណិត គឺត្រូវប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតមួយរបស់រដ្ឋដែលមានឈ្មោះថា Kwangmyong។ យ៉ាងណាមិញ ពលរដ្ឋកូរ៉េខាងជើងដែលអាចប្រើប្រាស់អ៊ីនធឺណិតបានគឺមានតែក្រុមមន្ត្រីកំពូលៗកាន់តំណែងនៅក្នុងជួររាជរដ្ឋាភិបាល សិស្សនិស្សិតដែលជាកូនៗរបស់ត្រកូលអ្នកអភិជន និងអ្នកដែលធ្វើការនៅក្នុងអង្គភាពចារកម្មអ៊ីនធឺណិតរបស់រដ្ឋ។
៣. ធនធានរ៉ែនៅក្រោមដីរបស់កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថា មានតម្លៃរាប់ពាន់ពាន់លានដុល្លារឯណោះ
ថ្វីត្បិតតែជាប្រទេសក្រីក្របំផុតមួយក្នុងលោក កូរ៉េខាងជើងប្រៀបដូចជាដែនដីដ៏ពិសិដ្ឋមួយតាំងនៅលើកំណប់រ៉ែមានតម្លៃច្រើនមហាសាលដែលមិនទាន់ត្រូវបានគេចម្រាញ់យកនៅឡើយទេ។ យោងតាមអង្គការ Quartz បានឲ្យដឹងថា ធនធានរ៉ែក្រោមដីរបស់ប្រទេសនេះអាចមានតម្លៃពី ៦ទៅ ១០ពាន់ពាន់លានដុល្លារ។
៤. កាលនៅរស់ឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីលចំណាយប្រាក់ ៨សែនដុល្លារសម្រាប់ទិញស្រា Hennessy ក្នុងមួយឆ្នាំៗ
យោងតាមរបាយការណ៍របស់សារព័ត៌មាន usnews បានឲ្យដឹងថា នៅក្នុងមួយឆ្នាំៗ លោក Kim Jong IL បានចំណាយប្រាក់ ៨ សែនដុល្លារសម្រាប់យកទៅពិសារក្នុងកម្មវិធីធំៗរបស់រដ្ឋ។ ជាទូទៅស្រាប្រភេទនេះលក់ក្នុងតម្លៃ ៦៣០ ដុល្លារក្នុងមួយដបសម្រាប់ទីផ្សារកូរ៉េខាងជើង ឬស្មើនឹងពាក់កណ្តាលនៃ GDP របស់ម្នាក់ដែលប្រជាជនរបស់ខ្លួនរកបានក្នុងមួយឆ្នាំ។
៥. នៅកូរ៉េខាងជើងមានស្តង់ដារសេដ្ឋកិច្ច២ ហើយតម្លៃអ្វីៗទាំងអស់ក៏បែងចែកជាពីរដែរ
លោក Bill Brown ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Georgetown បានប្រាប់សារព័ត៌មាន Marketplace កាលពីឆ្នាំទៅមិញថា ការកំណត់តម្លៃអ្វីៗនៅរដ្ឋឯកាមួយនេះគឺបែងចែកជាពីរ។ កម្មករម្នាក់ដែលធ្វើការក្នុងមុខតំណែងដូចគ្នាឲ្យក្រុមហ៊ុនរដ្ឋ អាចទទួលបានប្រាក់ខែតិចជាងកម្មករផ្សេងទៀតដែលធ្វើការឲ្យរោងចក្រចិនដែលអាចរកប្រាក់ចំណូលបានលើសដល់ទៅ ១០០ ដង។
៦. ផ្លូវលំមួយដែលមានតម្លៃ ៣,៩ លានដុល្លារ គឺជាចំណុចស្នូលនៃគម្រោងបង្រួបបង្រួមឧបទ្វីបកូរ៉េ
គណៈកម្មាធិការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េបានអនុម័តកញ្ចប់ថវិកា ៣,៩ លានដុល្លារដើម្បីសាងសង់ផ្លូវលំមួយខ្សែនៅតំបន់គ្មានវត្តមានយោធា ឬ DMZ ដែលបែងចែកព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ គម្រោងនេះគឺជាជំហានមួយដែលកើតចេញពីកិច្ចព្រមព្រៀងកាលពីខែមុនដើម្បីចាប់ផ្តើមចាត់វិធានការប្រែក្លាយតំបន់ DMZ ទៅជាតំបន់សន្តិភាព។
៧. ក្រុម Hackers ឬក្រុមវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងធ្លាប់លួចលុយពីធនាគារផ្សេងៗបាន ៦៧០ លានដុល្លារ
យោងតាមរបាយការណ៍ចេញពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាក្រុម Hacker របស់កូរ៉េខាងជើងធ្លាប់បានលួចលុយសរុប ៦៧០ លានដុល្លារពីធនាគារជាច្រើនដូចជា ៨១ លានដុល្លារពីធនាគារកណ្តាលរបស់បង់ក្លាដេស ១៣,៥ លានដុល្លារពីធនាគារ Cosmos របស់ឥណ្ឌា ១០ លានដុល្លារពីបណ្ដាញតួ ATM របស់ប្រទេសឈីលី និងបណ្តាស្ថាប័នហិរញ្ញវត្ថុ ជាច្រើនទៀត។
៨. កូរ៉េខាងជើងអាចរកលុយពីអំពើខុសច្បាប់ផ្សេងយ៉ាងហោចណាស់ក៏ ៥០ លានដុល្លារដែរក្នុងមួយឆ្នាំៗ
ក្រៅពីការពីការវាយប្រហារតាមអ៊ីនធឺណិត រដ្ឋាភិបាលប្រទេសនេះអាចរកលុយបានយ៉ាងហោចណាស់ក៏ ៥០ លានដុល្លារផងដែរក្នុងមួយឆ្នាំៗ ពីអំពើខុសច្បាប់ជាច្រើនទៀតដូចជា ការជួញដូរគ្រឿងញៀន និងការចរាចរណ៍លុយក្លែងក្លាយ។ ខ្លួនធ្លាប់បានបដិសេធន៍នឹងរបាយការណ៍នេះ ប៉ុន្តែមិនបានបង្ហាញភស្តុតាងច្បាស់លាស់ណាមួយតទល់នឹងរបាយការណ៍របស់អង្គការសហប្រជាជាតិនោះឡើយ ហើយលុយកង្វក់ទាំងនេះ គឺត្រូវបានគេរាយការណ៍ថា បានយកទៅផ្គត់ផ្គង់ឲ្យជីវិតស៊ីវិល័យរបស់មេដឹកនាំកូរ៉េខាងជើង។
៩. ចង់រត់ចេញពីកូរ៉េខាងជើងត្រូវបង់ប្រាក់ឲ្យអ្នករត់ការ ១២ ០០០ ដុល្លារ
ប្រសិនបើអ្នកជាប្រជាជនកូរ៉េខាងជើង ហើយចង់រត់ចេញពីប្រទេសនេះ អ្នកត្រូវចំណាយប្រាក់យ៉ាងច្រើនទៅឲ្យអ្នករត់ការ ហើយវិធីនេះកាន់តែតឹងតែងខ្លាំងចាប់តាំងពីលោក Kim Jong Un ចូលកាន់តំណែងក្នុងឆ្នាំ ២០១១ មក។ តម្លៃនេះមានការកើនឡើងឥតឈប់ឈរពីតម្លៃ ៤៥ ដុល្លារក្នុងឆ្នាំ ២ ០០០ ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារក្នុងឆ្នាំ ២០១២។ ប្រសិនបើពួកគេចង់រត់ឆ្លងដែនទៅកូរ៉េខាងត្បូងនៅពេលនេះ ត្រូវចំណាយប្រាក់យ៉ាងហោចណាស់ក៏ ១២ ០០០ ដុល្លារឡើងទៅ ទៅឲ្យអ្នករត់ការផងដែរ។
១០.នៅកូរ៉េខាងជើង វណ្ណៈសង្គមបែងចែកខ្ពស់ឬទាបអាស្រ័យលើភាពស្មោះត្រង់របស់អ្នក
មិនដូចនៅក្នុងប្រទេសឥណ្ឌា ឬនៅក្នុងប្រទេសដទៃទៀតដែលមានវណ្ណៈពលរដ្ឋខុសេគ្នាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុឬកម្រិតអប់រំ នៅកូរ៉េខាងជើងវណ្ណៈអភិជនគឺសុទ្ធតែជាអ្នកដែលស្មោះស្ម័គ្របំផុតចំពោះរដ្ឋាភិបាល។ ដូចនេះមានន័យថា បើពលរដ្ឋរូបណាកាន់តែស្មោះត្រង់នឹងរដ្ឋកុម្មុយនិស្ត និងមេដឹកនាំរបស់ពួកគេ អ្នកនោះទទួលបានឱកាសឡើងតំណែងកាន់តែខ្ពស់តាមនោះដែរ។ ដើម្បីទទួលបានតំណែងកាន់តែខ្ពស់ អ្នកត្រូវគោរពតាមច្បាប់ទាំងអស់ដែលកំណត់ដោយមជ្ឈិមបក្ស៕
ដោយ៖ ណារិន
ប្រភព៖ Businessinsider &urbansurf