ហេតុ​អ្វី​អាមេរិក​ផុង​ខ្លួន​​ខ្លាំង​ជាងគេ​​ ធ្លាក់​ចូល​​ក្នុង​វិបត្តិ​ជំងឺ​កូវីដ១៩?​



អាកប្បកិរិយា​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Rand Paul ​ក្នុង​រយៈពេល ​២សប្ដាហ៍​កន្លង​មក​នេះ​ពិត​ជា​​ទង្វើ​ដ៏​​ខុសឆ្គង​បំផុត​មួយ​​ក្នុង​ការ​ឆ្លើយតប​របស់​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូវីដ ១៩។  មុន​ពេល​ដឹង​ថា លោក​​មាន​ផ្ទុក​ជំងឺ​នេះ សមាជិក​សភា​រូប​នេះ មាន​បញ្ហា​សួត​​​ ហេតុដូច្នេះ​​ហើយ​លោក​បាន​សម្រេចចិត្ត​ទៅ​​ធ្វើតេស្ត​ដើម្បី​ស្វែងរក​ថា តើ​លោក​មាន​ជំងឺ​នេះ​ពិតមែន​ឬ​អត់។ នេះ​បើ​តាម​ការ​សរសេរ​រៀបរាប់​ពី​សារព័ត៌មាន​ The Asean Post។ 

ចាប់​ពី​ពេល​ដែល​​លោក​​ត្រូវ​បាន​ធ្វើតេស្ត​រហូតដល់​​លោក​ត្រូវ​បាន​បញ្ជាក់​ជា​វិជ្ជមាន​​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ថ្ងៃ​ក្រោយ​មក​  លោក Paulមិន​បាន​ធ្វើ​សកម្មភាព​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ដូច​ជា​ដាក់​ខ្លួន​នៅ​ដោយឡែក​​ដើម្បី​ការពារ​​មិន​ឲ្យ​ឆ្លង​ទៅ​អ្នក​ដែល​នៅ​ជុំវិញ​លោក​នោះ​ឡើយ។  ផ្ទុយទៅវិញ​លោក​នៅ​តែ​ផ្គើន​មើលងាយ​ស្ថានភាព​នេះ​ ដោយ​បាន​ទៅ​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ ​ជា​ច្រើន​ទៀត លេង​កូន​ហ្គោលនៅ​ក្លឹប​ឯកជន​មួយ​កន្លែង ហើយ​ថែម​ទាំង​ទៅ​ម៉ាស្សា​​ដូច​ធម្មតា។ ​

យោង​តាមប្រភពដដែល ឱ្យ​ដឹងបន្ថែមទៀតថា នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ការ​រីក​រាលដាល​នៃ​វីរុស​​នេះ ​អាកប្បកិរិយា​​​​គ្មាន​ការ​ទទួលខុសត្រូវ​របស់​សមាជិក​សភា​អាមេរិក​ខាងលើ​បែបនេះ មិន​គួរ​ត្រូវ​បាន​អត់​ឱន​​ឲ្យ​ឡើយ ហើយ​ថែម​ទាំង​អាច​ធ្វើ​សមាជិក​សភា​រូប​នេះ​ត្រូវ​ជាប់​ឃុំឃាំង​ទៀត​ផង។  ដូច​អ្វី​ដែល​គ្រូពេទ្យ​ជំនាញ​លើកឡើង ​លោកPaul គួរ​តែ​ជា​បុគ្គល​ឈានមុខ​គេ​​ផ្តល់​ជា​គំរូ​សម្រាប់​មនុស្ស​គ្រប់គ្នា ប្រសិន​បើ​គាត់​ពិត​​ជា​យកចិត្តទុកដាក់​​លើ​វិធានការណ៍​ការពារ​ទប់ទល់​នឹង​ជំងឺ​នេះ​ពិតប្រាកដ​មែន។ ​ 

ការ​ខ្ទប់​មិន​ឲ្យ​ជំងឺ​ឆ្លង​ណាមួយ​រាតត្បាត​កាន់តែ​ខ្លាំង ជា​ពិសេស​ដូច​​ជា​ជំងឺ​កូវីដ ១៩ នេះ​ គឺ​ទាមទារ​ឲ្យ​មាន​ការ​ចាត់​វិធានការណ៍​តាំង​រឹង​ខ្លាំង​មែនទែន។  វិធាន​ការ​ការពារ​ដូចជា​ការ​បិទ​អាជីវកម្ម ការ​បិទ​ទីក្រុង ឬ​ចំណាត់​ការ​បែប​គម្លាត​សង្គម (Social Distancing) ​គឺ​មាន​ប្រសិទ្ធភាព​លុះ​ត្រា​តែ​មាន​ការ​​ចូលរួម​ផង​ដែរ​ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ជា​ប្រព័ន្ធ​ដើម្បី​ឈាន​ទៅ​រក​ការ​​ទប់ស្កាត់​ជាមុន នៅ​មុន​ពេល​​ជំងឺ​នេះ​ផ្ទុះ​ឡើង។

នៅ​ប្រទេស​សិង្ហបុរី​ កូរ៉េខាងត្បូង​និង​ប្រទេស​ដទៃ​ទៀត​ដែល​​​បាន​រីក​រាលដាល​​ដោយសារ​ជំងឺ​នេះ ​អាជ្ញាធរ​សុខភាព​សាធារណៈ​បាន​អនុវត្ត​តាម​វិធីសាស្ត្រ​សាមញ្ញ​មួយ​។ ទី១ គឺ​ការ​​ធ្វើតេស្ត​រក​មើល​ជំងឺ​នេះ​​​​ទៅលើ​អ្នក​ដែល​បង្ហាញ​​រោគសញ្ញា​នេះ​។ ទី២ គឺ​ការ​​កំណត់​អត្តសញ្ញាណ​នរណា​ដែល​បាន​ទាក់ទង ឬ​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​អ្នក​ជំងឺ​​ទាំង​នោះ​។ ចំណែក​ចុងក្រោយ គឺ​ដាក់​អ្នក​ដែល​​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​​​ទាំង​នោះ​ឲ្យ​នៅ​ដោយឡែក​ពី​គេ​ក្នុង​រយៈពេល ១៤​ថ្ងៃ។ 


បុគ្គលិកសុខាភិបាល​អ៊ីតាលី​កំពុង​មើលអ្នកជំងឺ​នៅ​ក្នុង​ទីក្រុង​រ៉ូម​  ប្រភពរូបភាព៖ nydailynews

​វិធី​នេះ​មិន​ត្រឹមតែ​​អាច​រាំង​ខ្ទប់​ជំងឺ​នេះ​មិន​ឲ្យ​ផ្ទុះ​ឡើង​ប៉ុណ្ណោះ​ទេ វា​ថែម​​ទាំង​ជួយ​​ឲ្យ​​រដ្ឋាភិបាល​របស់​រដ្ឋ​ណាមួយ​នោះ​អាច​ជៀសវាង​​​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ឬ​បិទ​ទីក្រុង និង​បិទ​​ប្រទេស​ទាំងមូល​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​នៅ​ពេល​កន្លង​មក។   ភាព​ជោគជ័យ​គឺ​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​នេះ ដែល​មិន​ចាំបាច់​ឲ្យ​មានការ​ធ្វើ​តេស្ត​​ក្នុង​ចំណោម​ប្រជាជន​ទាំងអស់ ហើយ​នេះ​ជា​អ្វី​ដែល​មហាអំណាច​​​អាមេរិក​មើល​រំលង រហូត​ដល់​លង់​ខ្លួន​ខ្លាំង​នៅ​​ពេល​នេះ។

នៅ​ប្រទេស​ចិន​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក (Quarantine) ត្រូវ​បាន​ត្រួត​ពិនិត្យ​តាម​រយៈ​កម្មវិធី​​មួយ​នៅ​លើ​ទូរស័ព្ទ​ដៃ​។ ពលរដ្ឋ​ម្នាក់​ៗ​ទទួល​បាន​លេខ​កូដ​ QR ពិសេស​មួយ​ដែល​បង្ហាញ​ពី​អាការៈ​របស់​ពួកគេ។ QRកូដ​នេះ​បង្ហាញ​សញ្ញា​​ផ្សេងៗ​គ្នា​ដូច​ជា​ពណ៌បៃតង​នៅ​ពេល​ដែល​អ្នក​គ្មាន​រោគសញ្ញា​ឆ្លង ពណ៌លឿង​នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ និង​ពណ៌ក្រហម​ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ដាក់​ឲ្យ​នៅ​ដោយឡែក។ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ហើយ​ QR កូដ​របស់​​​អ្នក​លោត​សញ្ញា​ក្រហម អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​អ្នក​ជា​ប្រញាប់ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ប្រឈមមុខ​ការ​ផាក​ពិន័យ ឬ​ជាប់​ពន្ធនាគារ។ 

ងាក​ទៅ​មើល​ប្រទេស​សិង្ហបុរី​វិញ ប្រទេស​​ដ៏​ជឿនលឿន​មួយ​នេះ​បាន​ចាប់​យក​បច្ចេកវិទ្យា​​ដើរ​ហួស​ឆ្ងាយ​ពី​នេះ​ទៅ​ទៀត​។ រដ្ឋាភិបាល​បាន​ដាក់​កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ថា​ TraceTogether ដែល​មនុស្ស​គ្រប់គ្នា​​អាច​ទាញ​យក​បាន​​ដើម្បី​ជួយ​ការពារ​ខ្លួន  និង​អ្នក​ដែល​នៅ​ជុំ​វិញ​ពួកគេ​។ ប្រសិនបើ​​​អ្នក​ដើរ​កាត់​នរណា​ម្នាក់​ដែល​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​ចម្ងាយ​ពីរ​ម៉ែត្រ កម្មវិធី​នេះ​នឹង​ផ្ដល់​សញ្ញា​ជូនដំណឹង​ឲ្យ​អ្នក​ភ្លាមៗ​តែម្ដង។

​ចាប់តាំង​ពី​ចុងខែ​មករា​មក ពោល​គឺ​នៅ​ពេល​ដែល​ប្រទេស​សិង្ហបុរី​រាយការណ៍​ពី​ករណី​ទី១​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​​នេះ  មនុស្ស​ជាង​ ៦០០០ នាក់​ត្រូវ​បាន​​កំណត់​អត្តសញ្ញាណ​តាម​រយៈ​​កម្មវិធី​នេះ និង​​បាន​ដាក់​ឲ្យ​នៅ​​ដាច់​ពី​គេ និង​ដាក់​ឲ្យ​នៅ​ដោយឡែក​​​។ ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ត្រូវ​បាន​គ្រប់គ្រង​បាន​​ ​មិន​មាន​ការ​កើន​ឡើង​​អ្នក​ជំងឺ​ថ្មី​ចូល​មក​កាន់​​មន្ទីរពេទ្យ​យ៉ាង​គំហុក​នោះ​ទេ ​​ហើយ​មាន​​អ្នក​ជំងឺ​ត្រឹមតែ ៦​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប  ១ ៩១០ នាក់ ខណៈ​អ្នក​ជាសះស្បើយ​មាន​រហូត​ដល់ ៤៦០​នាក់។

ផ្ទុយ​ទៅវិញ​ទោះបី​ជា​សហរដ្ឋអាមេរិក​ជា​មហាអំណាច​មួយ​ដែល​គេ​ចាត់​ទុក​ថា ឈាន​មុខ​គេ​​ខាង​វិស័យ​វេជ្ជសាស្ត្រ ក៏​​​ប្រទេស​នេះ​បាន​បរាជ័យ​ក្នុង​ការ​​ចាត់វិធានការ​​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ដែរ​។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ  និង​បង្ការ​ជំងឺ​របស់​ខ្លួន​បាន​បណ្ដុះបណ្ដាល​​អ្នក​ជំនាញ​តាមដាន​ត្រួតពិនិត្យ​ជំងឺ​នេះ​​ចំនួន​ ៣ ៦០០ នាក់។ ​  ប៉ុន្តែ​ពួកគេ​មិន​អាច​​បំពេញ​ការងារ​នេះ​បាន​ទេ​ដោយសារ​តែ​ពួកគេ​បាន​បរាជ័យ និង​យឺត​ពេល​ទៅ​ហើយ​​​ក្នុង​ការ​ធ្វើតេស្ត​រក​មើល​ជំងឺ​នេះ​តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ។


អង្គភាពប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក CDC ស្នើឲ្យពលរដ្ឋអាមេរិក​ពាក់​ម៉ាស់ ប្រភព៖ rawstory

ការ​តាមដាន និង​ត្រួតពិនិត្យ​អ្នក​ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​​ជាមួយ​អ្នក​ជំងឺ​គឺ​មាន​ភាព​ស្មុគស្មាញ ត្រូវ​ចំណាយ​ពេល​យូរ​​ និង​​ថវិកា​ច្រើន​បើ​ទោះបី​ជា​ការ​ផ្ទុះ​ឡើង​នៅ​មាន​ទំហំ​តូច​ក្តី។ ប៉ុន្តែ​នៅ​ពេល​ជំងឺ​នេះ​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង អ្វីៗ​ចាប់​ផ្តើម​លែង​​​​គ្រប់គ្រង​បាន​ដោយសារតែ​​ការ​ធ្វើតេស្ត​រក​មើល​ជំងឺ​​នេះ​ធ្វើ​ឡើង​មិន​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ការ​តាមដាន​អ្នក​ផ្ទុក​មេរោគ​នេះ​ក៏​​មិន​​​បាន​ដិតដល់​ទៀត ម្ល៉ោះហើយ​វា​ស្ទើរ​ក្លាយ​ទៅ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច ​ដែល​បាន​បណ្តាល​​ឲ្យ​មាន​ការ​​​ឆ្លង​រីក​រាលដាល​​យ៉ាង​ឆាប់រហ័ស។ 

ងាក​មក​មើល​​ប្រមុខ​រដ្ឋ​វិញ បើយោង​តាម​ការចុះ​ផ្សាយ​ដោយ​ CNN លោក​Trump ត្រូវ​ទទួលខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការ​មិន​ត្រៀមខ្លួន​របស់​អាមេរិក និង​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។​ ចាប់តាំង​ពី​លោក Trump ចូល​កាន់​តំណែង​មក​  លោក​បាន​បំបែក​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ ហើយ​អង្គភាព​ការពារ​ជំងឺ​រាតត្បាត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ត្រូវ​បាន​រុះរើ​នៅ​ឆ្នាំ​ ២០១៨ ក្រោម​ការ​ឃ្លាំមើល​របស់​លោក។ 

តាមប្រភពដដែលក៏​បានឱ្យ​បន្តថា មិនតែប៉ុណ្ណោះ​លោក Trump បាន​កាត់បន្ថយ​ក្រុម​អង្គភាព​ត្រួតពិនិត្យ​​​គ្រប់គ្រង​​ជំងឺ​រាតត្បាត​ CDC នៅ​ក្នុង​បណ្ដា​​ប្រទេស​ចំនួន​ ៣៩ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ ហើយ​នៅ​ពេល​ដែល​ជំងឺ​កូវីដ​រាតត្បាត​កាន់តែ​ខ្លាំង ប្រធានាធិបតី​រូប​នេះ​បាន​ព្រងើយកន្តើយ ហើយ​ព្យាយាម​អះអាង​ពី​នេះ​ពី នោះ​​មិន​ពិត​ម្តង​ហើយ​ម្ដង​ទៀត។ ជំហរ​មិន​ច្បាស់លាស់​របស់​លោក​បែប​នេះ ធ្វើ​ឲ្យ​សាធារណមតិ​រិះគន់ ខណៈ​អ្នក​ជំនាញ​សុខភាព​សាធារណៈ​និយាយ​ថា  សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​នេះ​នឹង​បន្ត​យូរអង្វែង​ទៅ​មុខ​ទៀត។ 

សូម​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី ១០ ខែ​មេសា​នេះ មាន​ពលរដ្ឋ​អាមេរិក​​ជិត​កន្លះ​លាន​នាក់​​មាន​ផ្ទុក​ជំងឺ​​កូវីដ១៩​ និង​ជាង ១៦ ០០០ នាក់​បាន​ស្លាប់។ មន្ត្រី​សេតវិមាន​​ធ្លាប់​បាន​ព្យាករណ៍​នៅ​ពេល​កន្លង​ទៅ​ថ្មីៗ​ថា ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​ពលរដ្ឋ​អាមេរិក​ចន្លោះ​ពី ១០០ ០០០ ទៅ ២៤០ ០០០ នាក់​​ស្លាប់​​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ៕

ដោយ៖ ណារិន
ប្រភព៖ Theaseanpost ​​& CNN 

X
5s