​អង្គការ​សុខភាពពិភពលោក​ រង​​ការ​រិះគន់​រឿង​កូវីដ១៩! តើ​ប្រធានអង្គការ​នេះ​ជានរណា?​



អង្គការសុខភាពពិភពលោក (​ជា​ភាសាអង់គ្លេស​ World Health Organization ហៅកាត់ថា WHO) គឺជាស្ថាប័នឯកទេសរបស់ អង្គការ​សហប្រជាជាតិ ដែល​មាន​នាទី​ជា​អាជ្ញាធរ​សហ​ប្រតិបត្តិការអន្តរជាតិ​ផ្នែក​សុខភាពសាធារណៈ។​​ ​អង្គការ​នេះត្រូវបាន​បង្កើតឡើងនៅ​ថ្ងៃទី៧ខែមេសាឆ្នាំ១៩៤៨​ និង​មាន​ទីស្នាក់ការ​នៅទីក្រុងហ្សឺណែវ​ ប្រទេស​ស្វីស។ ​

​​បច្ចុប្បន្ន​នេះ​ លោក​ Tedros Adhanom Ghebreyesusជា​ប្រធាន​​អ​ង្គការ​​ (Director-General) ​ជា​មែកធាង​មួយ​របស់​អង្គការសហប្រជាជាតិ​ដែល​ជា​​អង្គការកំពូលរបស់​ពិភពលោក។ ​​វិបត្តិ​ កូវីដ​១៩​ ដែល​កំពុង​រីក​រាតត្បាត​ពេញ​ពិភពលោក​ ​ក៏​មាន​សាធារណជន​មួយ​ចំនួន​រិះ​គន់​ដល់​ចំណាត់ការ​របស់​ WHO ថា​ យឺតយ៉ាវ​ ​និង​ហាក់ទោរទន់ទៅ​រកប្រទេស​ចិនថែមទៀតផង។​ ​ថ្ងៃ​នេះ​ BizKhmer សូម​លើក​យក​ប្រវត្តិ​របស់​ប្រធានអង្គការកំពូល​មួយនេះ។ តើ​លោក​ Tedros Adhanom Ghebreyesus ជា​អ្នកណា?

លោក​ Tedros Adhanom Ghebreyesus ​​ជា​ប្រធាន​អង្គការ​ WHO ​ទី​៨ ​​កាន់​តំណែង​បន្ទាប់​ពី​ លោក​ស្រី​ Margaret Chan ​សញ្ជាតិ​កាណាដា​ដើម​កំណើត​ចិន​។ លោក​បាន​ឡើង​បាន​កាន់​តំណែង​​ជា​ប្រធាន​អង្គការ​​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ​​២០១៧​  ខណៈ​តួនាទី​របស់​លោក​ពីអតីតកាល ភាគ​ច្រើន​បម្រើ​ការងារ​នៅ​ក្រសួង​របស់​ប្រទេស​អាហ្វ្រិក​មួយ​គឺ អេត្យូពី (Ethiopia)

​​កើត​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា​ ឆ្នាំ​១៩៦៥​ ​លោក​ Tedros Adhanom Ghebreyesus ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​​​អ្នក​ជីវ​មីក្រូសាស្ត្រ​ (Microbiologist) ​របស់​អេត្យូពី​ និង​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ជំងឺ​គ្រុនចាញ់។ ​លោក​ ​Tedros ​គឺ​មិន​មែន​ជា​រូបវិទូ​ ដំបូង​ និង​ជា​ជនជាតិ​​មក​ពី​អាហ្វ្រិក​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​កាន់​តួនាទី​កំពូល​អង្គការពិភពលោក​មួយ​នេះ។


 WHO ត្រូវបាន​បង្កើតឡើងនៅ​ថ្ងៃទី៧ខែមេសាឆ្នាំ១៩៤៨​ និង​មាន​ទីស្នាក់ការ​នៅទីក្រុងហ្សឺណែវ​ ប្រទេស​ស្វីស


អត្ថបទទាក់ទង៖

​​​​​​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​តួនាទី​​​ចំនួន​ ២ ​កម្រិត​ខ្ពស់​ ដែល​ជា​បទ​ពិសោធន៍​​​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​ប្រទេស​អេត្យូពី​​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​ រហូត​ដល់​ ២០១៦។ ​​លោក​បំពេញ​តួនាទី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អេត្យូពី​ ពី​​ឆ្នាំ​២០០៥ ដល់​ ២០១២​ និង​បាន​​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៦។

ងាក​ទៅ​មើល​ប្រវត្តិ​កំណើត​របស់​លោក​បន្តិច​សិន៖

​​​​លោក​ ​Tedros ​កើត​នៅ​ Asmara ​ដែល​ពេល​នោះ​ដែនដី​របស់​អេត្យូពី​ ​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​ប្រទេស អេរីទ្រី​ (Eritrea)។ ​​ពី​ក្មេង​ លោក​បាន​ជួប​រឿង​ជូរចត់​ជាច្រើន​ ​ធ្វើឲ្យលោក​បាន​ចងចាំ​ និង​ឈឺចាប់​ ​អំពី​ជំងឺ​គ្រុនចាញ់​ដែ​​ល​កើត​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​អាហ្វ្រិក។ ​ប្អូន​ប្រុស​របស់​លោក​ក៏​ស្លាប់​នៅ​អាយុ​ ៣ ឬ​ ៤​ឆ្នាំ​ដោយ​សារ​ជំងឺ ​​កញ្ជ្រិល​ ​ដែល​ស្ថិត​នៅ​ក្នុង​ចង្កោម​នៃ​ជំងឺ​ ​គ្រុនចាញ់ នេះដែរ។ ​លោក​បាន​ធំ​ធាត់​ និង​បន្ត​ការ​សិក្សា​នៅ​​លើ​ទឹកដី​​នៅ​ក្នុង​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​នេះ​តែម្ដង។ 

នៅ​ឆ្នាំ​​១៩៨៦​ លោក​បាន​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​​វិទ្យាសាស្ត្រ​​ ផ្នែក​ជីវសាស្ត្រ​​ពី​សាកលវិទ្យាល័យ​រដ្ឋ​​ Asmara ​​​ដែល​បច្ចុប្បន្ន​​ស្ថិត​នៅ​ក្នុង​ប្រទេស​ អេរីទ្រី​នៅ​ឆ្នាំ​១៩៩២​ លោក​បាន​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​​វិទ្យាសាស្ត្រ​ ជំនាញ​ ​ប្រព័ន្ធភាពស៊ាំ​​សាស្ត្រ​ នៃ​ជំងឺ​ឆ្លង​ (Immunology of Infectious Diseases) ពី​សាកលវិទ្យាល័យ​អង់គ្លេស​ London School of Hygiene & Tropical Medicine ​ដែល​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​សកលវិទ្យាល័យ​ទីក្រុង​ឡុងដ៍។

មក​ដល់​ឆ្នាំ​២០០០​ លោក​បាន​​ថ្នាក់​បណ្ឌិត​ ជំនាញ​ សុខភាព​សហគមន៍​​ ពី​សាកលវិទ្យាល័យ​ Nottingham ដោយ​លោក​បាន​ធ្វើ​ការ​សិក្សា​បញ្ចប់​ថ្នាក់​បណ្ឌិត​ទៅ​លើ​ការ​​ស៊ើបអង្កេត​​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​​​ដែល​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​ការ​ចម្លង​​រោគ​គ្រុន​ចាញ់​ នៅ​តំបន់​ Tigray របស់​ប្រទេស​ អេត្យូពី។ ​

ងាក​មក​មើល​ប្រវត្តិ​ការងារ​របស់​លោក​វិញ

​​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​ភ្លាម​​លោក​បាន​ចូល​បំពេញ​ការងារ​នៅ​ក្រសួង​សុខាភិបាល​អេត្យូពី​ ភ្លាម ដោយ​បាន​បំពេញ​ការងារ​ជា​​មន្ត្រី​​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ។ ប៉ុន្តែ​ក្រោយ​ពី​របប​លោក​ Mengistu Haile Mariam ដួល​រលំ​ លោក​ ​Tedros ​បាន​​ទៅ​រៀន​បន្ត​​ថ្នាក់​អនុបណ្ឌិតនៅ​ទីក្រុង​ឡុងដ៍។

​លោក​មិន​បោះបង់​ការងារ​​ក្នុង​ក្រសួង​សុខាភិបាល​​អេត្យូពីនោះទេ បើ​ទោះបីជា​លោករៀនចប់​ថ្នាក់ក្រោយឧត្តម និង​ថ្នាក់បណ្ឌិតក៏ដោយ​ ដោយ​លោក​បន្ត​ចូលរួម​ជា​មួយ​ក្រសួង​ ​និង​បាន​ចូលរួម​​ធ្វើ​កំណែ​ទម្រង់​​ជា​ច្រើន​ ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អេត្យូពី​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​គួរ​ជា​ទី​កត់​សម្គាល់​នា​ពេលនោះ។ ​លទ្ធផល​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នា​ពេល​នោះ​មាន​ ​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​សុខាភិបាល​ជា​ស្ត្រី​ បាន​ ៤០ ០០០​នាក់​ កាត់​បន្ថយ​អត្រា​មរណ​កុមារ​​ ពី​ ១២៣​នាក់​ក្នុង​ចំណោម​ ១០០០​នាក់​​នៅ​ឆ្នាំ​២០០៦​ មក​នៅ​ត្រឹម​តែ​ ៨៨​នាក់​ ក្នុង​ចំណោម​ ១០០០​នាក់​នៅ​ឆ្នាំ​២០១១​ ​និង​ការ​បង្កើន​​ចំនួន​​វេជ្ជបណ្ឌិត​ និង​ឆ្មប​​នៅ​ អេត្យូពី។

ដោយ​សារ​តែ​សមិទ្ធផល​ការងារ​​ទទួល​បាន​ផ្លែផ្កា​ច្រើន​ នៅ​ឆ្នាំ​២០០៥​ លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ​ដោយ​នាយករដ្ឋមន្ត្រី​ Meles Zenawi។ ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាហ្វ្រិក​​​ ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​​ដែល​លោក​ត្រូវ​ដោះស្រាយ។ ​តាម​សេចក្ដី​រាយការណ៍​ពី ប្រភព​អន្តរជាតិ​មួយ​ចំនួន​ ​ក្នុង​មុខ​តំណែង​របស់​លោក​ លោក​បាន​​កសាង​មណ្ឌល​សុខភាព​​ចំនួន​ ៤០០០​កន្លែង​ បណ្ដុះបណ្ដាល​បុគ្គលិក​សុខាភិបាល​បាន​ជាង​ ៣០​ ០០០​នាក់​ ​និង​បាន​បង្កើត​នូវ​ក្រុម​អ្នក​ជំនាញ​អាជីព​ផ្នែក​សុខាភិបាល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ Health Extension Program (HEP) របស់​ប្រទេស​ អេត្យូពី។

ដោយ​សារ​តែ​សមិទ្ធផល​​នៅ​ក្នុង​វិស័យ​សុខាភិបាល​​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ នៅ​ឆ្នាំ​២០១០​ ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ជ្រើស​រើស​ប្រទេស​ អេត្យូពី​ ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ទៀត​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​ខ្លួន​ឈ្មោះ US Global Health Initiative Plus ​ដែល​សហរដ្ឋ​អាមេរិក​ជួយ​គាំទ្រ​ជា​ច្រើន​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការ​ធ្វើ​នវានុវត្តន៍​ទៅ​លើ​វិស័យ​សុខាភិបាល​សកល។

តែ​ទោះ​ជា​យ៉ាង​ណា​ គេ​បាន​កត់​សម្គាល់​ឃើញ​ថា​ អេត្យូពី​ មាន​បញ្ហា​ជា​ច្រើន​ដែល​មិន​អាច​សម្រេច​បាន​ ជា​ពិសេស​គឺ​ផ្នែក​សេដ្ឋកិច្ច​តែម្ដង។ ​នៅ​អេត្យូពី​ មាន​​ក្រុម​គ្រូពេទ្យ​ដែល​​ត្រូវ​ផ្ដោត​ជា​លក្ខណៈ​សហគមន៍​ច្រើន​ផ្នែក​ ទៅលើ​ជំងឺ​ អេដស៍​ របេង​ និង​គ្រុនចាញ់​ ខណៈ​មុខងារ​របស់​លោក​​ Tedros ​​ក្នុង​តួនាទី​ដំបូង​ផ្ដោត​សំខាន់​ទៅ​លើ​កំណែ​ទម្រង់​ជា​លក្ខណៈ​ប្រព័ន្ធ។ ​​ការ​ធ្វើ​កំណែ​ទម្រង់​ហាក់​មិនបាន​​ទៅ​ដល់​គោលដៅ​នោះ​ទេ​ ធ្វើ​ឱ្យ​បុគ្គលិក​ជំនាញ​​ផ្នែក​សុខាភិបាល​ អេត្យូពី​ នា​ពេល​នោះ​​ បាន​រត់ចេញ​ពី​ប្រទេស​ជា​ច្រើន​ រហូត​​ដល់​មាន​ការ​រិះគន់​​បែប​ឡក​ឡើយ​ថា​ នៅ​តំបន់​ Chicago Metropolitan មាន​ពេទ្យ​ជនជាតិ​ អេត្យូពី​ ច្រើន​ជាង​នៅ​ប្រទេស​ អេត្យូពី ទៅ​ទៀត។ ​​​​

តួនាទី​មួយ​ដែល​ធ្វើ​ឱ្យ​លោក​លេច​ធ្លោ​ជា​អន្តរជាតិ​ គឺ​​ ការ​ចូលរួម​កម្មវិធី​ Global Health Initiatives ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ លោក​បាន​ចូលរួម​យ៉ាង​សកម្ម ហើយ​ធ្វើ​ឱ្យ​ អេត្យូពី​ ជា​ប្រទេស​ដំបូង​​ដែល​បាន​ចុះ​ហត្ថលេខា​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​ក្រប​ខណ្ឌ​សុខាភិបាលអន្តរជាតិ។ ​តាមរយៈកម្មវិធីនេះ​ហើយ ​ធ្វើ​ឱ្យ​លោក​ត្រូវ​ បាន​ស្ថាប័ន​អន្តរជាតិ ​ជា​ច្រើន​តែងតាំង​​​ឱ្យ​​​ធ្វើ​ជា​ ​ ប្រធាន​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ សមាជិក​ និង​មុខងារ​ជា​ច្រើន​ទៀត ​ជា​ពិសេស​​ក្រប​ខណ្ឌ​អង្គការ​អន្តរជាតិ​​ផ្សេងៗ​ ដូច​ជា​កម្មវិធី ​Roll Back Malaria Partnership, UNAIDS, មូលនិធិ​សកល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​របេង​ អេដស៍​ និង​គ្រុនចាញ់ Partnership for Maternal, Newborn & Child Health និង​អង្គការ​ធំៗ​ជា​ច្រើន​ទៀត។ ក្រៅ​ពី​នេះ​ លោក​ក៏​ជា​សមាជិក​សកម្ម​នៃ​​​កិច្ច​ការ​សិក្សាធិការ (academic) និង​ចូលរួមជា​មួយ​ក្រុម​​អ្នក​យុទ្ធសាស្ត្រ​សុខាភិបាល​សកល​​ដូច​ជា​វិទ្យាស្ថាន​ Aspen និង​ Harvard School of Public Health ជា​ដើម។

ចាប់​ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៦​ លោក​ត្រូវ​បាន​ប្ដូរ​មក​កាន់​ការងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វិញ​ បន្ទាប់​ពី​លោក​ Hailemariam Desalegn ​​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​​ទី​៩ ​បន្ត​ពី​លោក​ Meles Zenawi ​​ដែល​ទទួល​មរណភាព​នៅ​ខែ​សីហា​ ឆ្នាំ​២០១២។ ​ក្នុង​មុខ​តំណែង​ជា​ក្រសួង​ការ​បរទេស​ Tedros Adhanom​ លោក​បាន​បំពេញ​ការងារ​ផ្នែក​សេដ្ឋកិច្ច​ និង​ដោះស្រាយ​បញ្ហា​ជំងឺ​​រាតត្បាត​នៅ​អាហ្វ្រិក​ដូច​ជា​​ អេបូឡា​ ជា​ដើម។

បើតាម​ការ​កត់ត្រា​នៅលើ​ Wikipedia លោក​បាន​ចូលជាសមាជិក​​ស្ថាប័ន​អន្តរជាតិ​ធំៗ​​សង្ខេប​បានដូចខាងក្រោម

  • 2005-2009: Partnership for Maternal, Newborn & Child Health, Co-Chair[92]

  • 2005-2006: Stop TB Partnership, Coordinating Board Member[93]

  • 2007: 60th World Health Assembly, Vice President[94]

  • 2007: 56th Session of WHO Regional Committee for Africa, Chairman[95]

  • 2007-2009: Roll Back Malaria (RBM) Partnership, Chair[96]

  • 2008–2009: Gavi, the Vaccine Alliance, Board Member[97]

  • 2008-2009: High-Level Task Force for Innovative Financing for Health Systems, Member

  • 2009-2011: Global Fund, Chair[10][98]

  • 2009-2010: Joint UN Programme on HIV/AIDS (UNAIDS), Chair, Programme Coordinating Board

  • 2009: The Aspen Institute, Ministerial Leadership Initiative, Aspen Global Health and Development at the Aspen Institute, Ministry Team[99]

  • 2011-2017: The Aspen Institute, Global Leaders Council for Reproductive Health, Member[100]

  • 2012-2014: Harvard University, Ministerial Leadership in Health Program, Advisory Board[101][102]

  • 2012-2013: Child Survival Conference, Co-Chair and Co-Host

  • 2012-2017: Intergovernmental Authority on Development (IGAD), Executive Council Chair

  • 2012-2017: High-Level Task Force for the International Conference on Population and Development (ICPD), Member[103]

  • 2013: African Union, Executive Council of Foreign Ministers of the African Union, Chair

  • 2013: AIDS Watch Africa, Chair

  • 2015-: Tana High Level Forum on Security in Africa, Board Member

  • Every Woman Every Child, Steering Group Member[104]

​​​​​​​​​​​​​​​​​​ការ​ឡើង​ទៅ​កាន់​តំណែង​ជា​ប្រធាន​ WHO!

នៅ​ខែ​ឧសភា ឆ្នាំ​២០១៦​ លោក​ Tedros បាន​ប្រកាស​ពី​បេក្ខភាព​របស់​ខ្លួន​ជា​ផ្លូវ​ការ​​នៅ​ក្នុង​ សន្និបាត​សុខភាព​ពិភពលោក​លើក​ទី ៦៩។ លោក​គឺ​ជា​បេក្ខជន​មក​ពី​អាហ្វ្រិក​តែ​ម្នាក់​គត់​ ​ដោយ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​​ពី​សហភាព​អាហ្វ្រិក​ និង​ពី​បណ្ដា​រដ្ឋមន្ត្រី​សុខាភិបាល​មក​ពី​ទ្វីប​អាហ្វ្រិក​ទាំង​អស់។ ​​ការ​ប្រកាស​​បេក្ខភាព​របស់​លោក​ Tedros​ ​ ជា​ផ្លូវការ​​គឺ​ធ្វើ​ឡើង​នៅ​ទីក្រុង​ ហ្សឺណែវ​ ​ដោយ​មាន​ការ​ចូលរួម​ពី​​ប្រធាន​គណៈកម្មាធិការ​សហភាព​អាហ្វ្រិក​ បណ្ដា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​របស់​ រ្វ៉ាន់ដា​ និង​កេនយ៉ា​ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​អាល់ហ្សេរី។

ក្នុង​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ ​លោកបាន​បង្កើត​ពាក្យ​ស្លោក​មួយ​ «រួមគ្នា​ដើម្បី​​ធ្វើ​ឱ្យ​ពិភពលោក​មាន​សុខភាព​​ប្រសើរ​ជាង​មុន (Together for a Healthier World)»។ ​មាន​ឥសរជន​ធំៗ​ និង​លេច​ធ្លោ​របស់អាហ្វ្រិក​ជា​ច្រើន​ជួយ​គាំទ្រ​លោក​ ហើយ​​ក៏​មាន​ព័ត៌មាន​លេចឮ​ពី​ការ​ជួល​​ក្រុមហ៊ុន​​អាមេរិក​​ជំនាញ​ខាង​បញ្ចុះបញ្ចូល​ Mercury Public Affairs ​ឱ្យ​ជួយ​លោក​ថែម​ទៀត​ផង។

ដើម​​ឆ្នាំ​ ២០១៧​ ​គឺ​នៅ​ខែ​មករា​ ​​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ WHO ​បាន​ធ្វើ​ការ​​ជម្រុះ​​បេក្ខជន​​ដែល​ក្នុង​នោះ​មាន​លោក​ ​ Tedros​ ​ស្ថិត​នៅ​ក្នុង​បញ្ជី​នាំ​មុខ​គេ​​ក្នុង​ចំណោម​បេក្ខជន​សរុប​ ៦​រូប​ដោយ​ឆ្លង​កាត់​ការ​បោះឆ្នោត​សម្ងាត់​ពីរ​លើក។ មក​ដល់​ថ្ងៃទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ លោក​ត្រូវ​បាន​ប្រកាស​ជ្រើស​រើស​ជា​​ប្រធាន​អង្គការ​នេះ​ជា​ផ្លូវ​ការ​តែម្ដង​​ បន្ទាប់​ពី ទទួល​បាន​សំឡេង​លើស​លប់​ ១៣៣​ ទល់​​នឹង​ ១៨៥។

លោក​​ Tedros ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ ជា​ជន​ក្នុង​ប្រវត្តិសាស្ត្រ​អាហ្វ្រិក​​ដំបូង​ក្នុង​មុខ​តំណែង​កំពូល​មួយ​នេះ​ ហើយ​​ជា​ ប្រធាន​អង្គការ​ដំបូង ​ដែល​ឆ្លង​ការ​បោះឆ្នោត​បើក​ចំហ​​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​ទាំង​អស់​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ស្ថាប័ន​កំពូល​របស់​ UN មួយ​នេះ។

នៅ​លើ​គេហទំព័រ​ WHO បានឱ្យ​ដឹង​ថា​ លោក​វេជ្ជបណ្ឌិត​ Tedros បាន​កំណត់​ទិសដៅអាទិភាព ៥​ចំណុចពាក់ព័ន្ធ​នឹង​ការគ្របដណ្ដប់​ប្រព័ន្ធ​សុខាភិបាលសកល ការ​សង្គ្រោះបន្ទាន់ចំពោះស្ត្រី កុមារ និងជំទង់ ផលប៉ះពាល់សុខភាពពី​បញ្ហា​ប្រែប្រួលអាកាសធាតុនិងបរិស្ថាន និង​បរិស្ថាន និង​ការ​កែសម្រួល WHO (universal health coverage; health emergencies; women’s, children’s and adolescents’ health; health impacts of climate and environmental change; and a transformed WHO)។ 

មាន​ការ​​រិះគន់​ ប្រធាន WHO ពាក់ព័ន្ធ​នឹង​កូវីដ១៩?

ក្នុង​ចំណាត់​ការ​ទប់​ទល់​នឹង​ការ​រីក​រាតត្បាត​វីរុស​កូវីដ​១៩ ​​លោក​ត្រូវ​បាន​បណ្ដា​ប្រទេស​​បស្ចិម​លោក​មួយ​ចំនួន​រិះគន់​ពី​ចំណាត់​ការ​ដ៏​យឺតយ៉ាវ​ជុំវិញ​ការ​ទប់ស្កាត់​ និង​វិធានការ​ផ្សេងៗ។ ​គេ​ចាំ​មិន​ភ្លេច​ទេ​ថា​ នៅ​សប្ដាហ៍​ទី​១ នៃ​ខែ​កុម្ភៈ ​​ឆ្នាំ​២០២០​ លោក​បាន​ទៅ​ជួប​លោក​ Xi Jinping ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​ លោក​បាន​ប្រកាស​ថា​ ពិភពលោក​​មិន​ចាំ​បាច់​ចាត់​វិធានការណ៍ «លូកដៃ​ដោយ​មិន​ចាំបាច់​​ក្នុង​វិស័យ​​ទេសចរ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ-unnecessarily interfere with international travel and trade» ដូច​ជា​ការ​ដាក់​កំហិត​ ឬ​បិទ​ទេសចរ​​ទូទាំង​ពិភពលោក​ជា​ដើម។ ​ការ​ប្រកាស​នេះ​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ មាន​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​រីក​រាតត្បាត​វីរុស​កូវីដ​១៩​ ទៅ​កាន់​ពិភពលោក​ យ៉ាង​អាក្រក់​បំផុត។

ជា​មួយ​គ្នា​នេះ​ដែរ​ ​​មេ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ រួម​ទាំង​ប្រពន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផង​ បាន​រិះគន់​ឥត​សំចៃ​មាត់​ថា​​ អង្គការ​សុខភាព​ពិភពលោក (WHO) ​​មាន​​ភាព​យឺតយ៉ាវ​ និង​ពន្យារពេល​ក្នុង​ការ​ប្រកាស​ថា​ កូវីដ​ជា​ក្ដី​បារម្ភ​​បន្ទាន់​ដល់​សុខភាព​សាធារណៈ​ និង​ជា​ជំងឺ​រាតត្បាត​អន្តរជាតិ (Public health emergency of international concern and pandemic)

សាស្ត្រាចារ្យ​មួយ​រូប​​នៅ​សាកលវិទ្យាល័យ​ Georgetown លោក​ Lawrence Gostin បាន​​ថ្លែង​ដោយ​ឥត​សំចៃ​មាត់​ថា​ ​យុទ្ធសាស្ត្រ​របស់​ លោក​ Tedros​ ​​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ច្រើន​ជាង​​ជា​អភិក្រម​ដែល​គិតគូរ​ដល់​សុខភាព​សាធារណ​ជ្រៅជ្រះ ដោយ​សារ​តែ លោក​ Tedros​ បាន​សរសើរ​ដល់​ចំណាត់​ការ​របស់​ចិន​ ​និង​ថែម​ទាំង​កោតសរសើរ​ចិន​ថា​ «ស្តង់ដារ​ថ្មី​នៃ​ការ​គ្រប់គ្រង​ការ​ផ្ទុះ​ជំងឺ​ new standard for outbreak control»។​ ​ថ្មីៗ​នេះ​​មាន​ការ​ដាក់ញ្ញាត្តិ​ឱ្យ​​ លោក​ Tedros ចុះ​ចេញ​ពី​តំណែង ដោយ​​ធ្វើ​ឡើង​នៅ​លើ​គេហទំព័រ​ Change.Org មាន​អ្នក​យល់​ព្រម​ និង​ចុះ​ហត្ថលេខា​​​គាំទ្រញ្ញាតិ​នេះ​សរុប​ រហូត​ដល់​ ៧២៦ ០០០​​នាក់។

ថ្មីៗ ​នេះ​ក៏​មាន​ព័ត៌មាន​រិះគន់​ពីអនុ​នាយករដ្ឋមន្ត្រីជប៉ុនថា​ អង្គការ​សុខភាពពិភពលោក គួរប្ដូរឈ្មោះទៅ​ជា​ អង្គការ​សុខភាពចិន​ (China Health Organization)។ កាលពីថ្ងៃ​ម្សិលមិញ​នេះ​ដែរ​ ប្រធានាធិតបតី​សហរដ្ឋ​អាមេរិក​ លោក  Trump ក៏ចោទ​ប្រកាន់ថា​ WHO លម្អៀង​ទៅ​ចិន ហើយ​ថែម​ទាំង​ព្រមាន​កាត់បន្ថយ​​ ឬ​ផ្ដាច់​ជំនួយ​របស់​រដ្ឋាភិបាលអាមេរិកដល់​ WHO ថែម​ទៀត​ផង៕​​​​​​

ដោយ៖ យ៉ន សុភារិទ្ធិ
ឯកសារយោង៖ គេហទំព័រ WHO, Wikipedia,
Curriculum Vitae: Dr Tedros Adhanom Ghebreyesus" (PDF). World Health Organization. Archived (PDF) from the original on 14 February 2017. Retrieved 10 October 2018,​ Washintonexaminer 

X
5s