ធ្វើម៉េចទើបហៅថា ជាអ្នកស្តាប់ដ៏ពូកែម្នាក់?
ដើម្បីក្លាយជាអ្នកស្តាប់ដ៏ពូកែម្នាក់ខុសពីអ្នកស្តាប់ផ្សេងទៀត តើត្រូវធ្វើដូចម្តេចខ្លះ? តាមរយៈអត្ថបទនេះនៅថ្ងៃនេះប្រិយមិត្តដែលមានបំណងចង់ពង្រឹងជំនាញស្តាប់ឲ្យកាន់តែមានប្រសិទ្ធភាព សូមអនុវត្តតាមវិធីចំនួន ៧ ខាងក្រោមនេះ៖
- គ្រប់គ្រងអារម្មណ៍ខ្លួនឯង
នៅពេលសន្ទនា មនុស្សមួយចំនួនដែលខ្សោយខាងស្តាប់អាចបង្ហាញអារម្មណ៍តក់ក្រហល់ ឆាប់ប្រតិកម្មភ្លាមៗមិនយកចិត្តទុកដាក់ស្តាប់ បង្ហាញអាកប្បកិរិយាបែបការពារ និយាយកាត់ ឬបង្ហាញជំហរគាំទ្រតែទស្សនរបស់ខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែធ្វើជាអ្នកស្តាប់ដ៏ពូកែម្នាក់ ប្រសិនបើចង់ប្រតិកម្មតបទៅវិញ អ្នកគួរគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ធ្វើចិត្តឲ្យត្រជាក់ ហើយប្រតិកម្មក្នុងកម្រិតសមល្មមមួយទៅបានហើយ ដើម្បីលើកទឹកចិត្តឲ្យដៃគូម្នាក់ទៀតនិយាយដោយបើកចំហ និងស្មោះត្រង់។ - ចាត់ទុកទស្សនៈយល់ឃើញទាំងអស់របស់ដៃគូម្ខាងទៀតថា មានសុពលភាព
តើគិតថា ទស្សនៈដៃគូរបស់អ្នកត្រូវឬក៏ខុស? ចម្លើយគឺថា អាចត្រូវ ឬខុស។ នៅពេលនរណាម្នាក់បង្ហាញការយល់ឃើញរបស់ពួកគេលើបញ្ហាដែលបានលើកឡើងនោះ វាគឺជាបទពិសោធន៍របស់ពួកគេ ហើយបទពិសោធន៍ទាំងអស់នោះហើយដែលអ្នកត្រូវទទួលស្គាល់ថា វាមានសុពលភាព។ តើផ្នត់គំនិតយល់ឃើញរបស់ពួកគេនៅមានកម្រិតមែនទេ? តើអ្នកនឹងមិនយល់ស្របទៅនឹងការសន្និដ្ឋានរបស់ពួកគេដែរឬទេ? នៅទីនេះអ្នកអាចមិនយល់ស្របទាំងស្រុង។ ប៉ុន្តែក្នុងនាមជាអ្នកស្តាប់ដ៏ពូកែម្នាក់ អ្នកត្រូវចាត់ទុកទស្សនៈទាំងអស់របស់ពួកគេថា គឺជាទិន្នន័យដ៏សមរម្យមួយសម្រាប់ការពិចារណា។ - ស្វែងរកការច្បាស់លាស់នូវអ្វីដែលដៃគូបាននិយាយ
ការទំនាកទំនងមួយអាចមានប្រសិទ្ធភាពទៅកើតលុះត្រាតែគ្រប់ភាគីទាំងអស់យល់ពីអ្វីដែលភាគីនីមួយៗបាននិយាយ។ ក្នុងនាមជាអ្នកស្តាប់ដ៏ពូកែម្នាក់ ត្រូវចំណាយពេលដើម្បីនិយាយឡើងវិញនូវអំណះអំណាងដែលបានលើកឡើងដោយភាគីម្ខាងទៀតដើម្បីបញ្ជាក់ថា អ្វីដែលភាគីម្ខាងលើកឡើងនោះមានអត្ថន័យដូចទៅ នឹងអ្វីដែលពួកគេចង់និយាយឬអត់។ ឃ្លាទាំងនេះអាចមានដូចជា ខ្ញុំឮអ្នកឯងនិយាយថា…! តើពិតជាអញ្ចឹងមែនអត់? ឬក៏និយាយថា តើខ្ញុំអាចសង្ខេបពីអ្វីដែលអ្នកបាននិយាយបានទេដើម្បីឲ្យប្រាកដថា ពួកយើងមិនភ័ណ្ឌច្រឡំនឹងអ្វីដែលពួកយើងបាននិយាយគ្ន? - សួរសំនួរបញ្ជាក់ឡើងវិញ
មិនខុសពីចណុចទី៣ខាងលើ នៅពេលដែលអ្នកស្តាប់ដ៏ពូកែម្នាក់យល់មិនច្បាស់ ឬនៅមានភាពស្រពិចស្រពិលទៅនឹងសំនួរដែលបានចោទសួរឡើង ពួកគេនឹងស្នើឲ្យមានការសួរសំនួរឡើងវិញមុនបន្តទៅមុខទៀតជាជាងព្យាយាមឆ្លើយទាំងទទឹងទិស។ ការស្នើឲ្យអ្នកដែលបានដាក់សំនួរបញ្ជាក់សំនួរឡើងវិញ អាចជួយឲ្យវាលគ្មិត ឬអ្នកឆ្លើយផ្តល់ចម្លើយរបស់ខ្លួនបានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវដែលអាចឆ្លើតបតទៅនឹងសំនួរ និងមានតម្លៃទៅកាន់អ្នកសួរ។ - ប្រើភ្នែក និងត្រច្រៀកនៅពេលស្តាប់
អ្នកស្តាប់ដ៏ពូកែម្នាក់មិនត្រឹមតែយកចិត្តទុកដាក់ចំពោះពាក្យសម្តីដែលភាគីម្ខាងទៀតកំពុងនិយាយនោះទេ ពោលគឺពួកគេក៏ត្រូវសង្កេតមើលយ៉ាងល្អិតល្អន់ទៅសម្លេងដែលបញ្ចេញមក ទឹកមុខ និងកាយវិការបស់ពួកគេផងដែរ ហើយពួកគេប្រើការសង្កេតរបៀបនេះដើម្បីបញ្ជាក់ និងប្រតិកម្មទៅភាគីម្ខាងទៀតពីការយល់ឃើញរបស់ខ្លួន។ - ធានាឲ្យមានសម្លេងចេញពីគ្រប់ភាគី
នៅក្នុងកិច្ចសន្ទនាដែលមានចាប់ពី២នាក់ឡើងទៅ អ្នកស្តាប់ដ៏ពូកែម្នាក់ ត្រូវដើរតួជាអ្នកសម្របសម្រួល និងកំណត់ពេលសមរម្យសម្រាប់ភាគីម្នាក់ៗដើម្បីធ្វើឲ្យប្រាកដថា ភាគីនីមួយៗទទួលបានឱកាសស្មើៗគ្នាក្នុងការជជែកវែកញែកពិភាក្សា។ ប្រសិនបើសង្កេតឃើញថា នៅក្នុងក្រុមមាននរណាម្នាក់មិនសូវមានឱកាសនិយាយ ពួកគេនឹងផ្តល់ឱកាសឲ្យភាគីនោះភ្លាមៗ។ នេះជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីតម្លាភាពនៅក្នុងការសន្ទនាប្រកបដោយភាពរស់រវើក ហើយវាជាវិធីមួយដើម្បីជីកកកាយគំនិតល្អៗចេញពីគ្រប់ភាគីផងដែរ។ - កត់ត្រាអ្វីដែលមិនបាននិយាយ
អ្នកស្តាប់ដ៏ពូកែម្នាក់មិនមែនកត់ត្រាតែចំណុចសំខាន់ៗដែលភាគីម្ខាងទៀតបាននិយាយប៉ុណ្ណោះទេ។ ពួកគេក៏ត្រូវចេះវិភាគ និងកត់ត្រាពីអ្វីដែលជាចំណុចខ្វះខាត ឬចំណុចមើលរំលងរបស់ភាគីម្ខាងទៀតដែលមិនបានលើកយកមកនិយាយផងដែរ។ ធ្វើបែបនេះគឺដើម្បីជួយបំពេញបន្ថែមនូវចំណុចខ្វះខាតនៃកិច្ចពិភាក្សានោះឲ្យកាន់តែល្អ និងធ្វើឲ្យភាគីនីមួយៗអស់ចម្ងល់យល់បានកាន់តែស៊ីជម្រៅ៕
ប្រភព៖ Businessinsider