អ្វីដែលអ្នកមិនបានដឹងពីច្រកសមុទ្រដឹកប្រេង Hormuz ដែលអាមេរិក និងអឺរ៉ង់កំពុងប្រឈមមុខដាក់គ្នា
ភាពតានតឹងរវាងលោកខាងលិចគឺអាមេរិក និងអ៊ីរ៉ង់បានឡើងកំដៅដល់កម្រិតកំពូលជាប្រវត្តិសាស្រ្តក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីលោក Donald Trump បានបញ្ជាឲ្យសម្លាប់ឧតម្តសេនីយកំពូលអ៊ីរ៉ង់ម្នាក់គឺលោក Qassem Soleimani។ សកម្មភាពនេះបានជំរុញឲ្យរដ្ឋាភិបាលទីក្រុង តេហេរ៉ាន ថ្កល់ទោស យ៉ាងខ្លាំងក្លា និងបើកការវាយប្រហារសងសឹកតបទៅវិញទៅលើមូលដ្ឋានកងទ័ពអាមេរិកចំនួនពីរកន្លែងនៅអ៊ីរ៉ាក់។
ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរនេះបានបង្កឲ្យមានភាពភ័យខ្លាចថា នឹងអាចបង្កើតឲ្យមាន សង្គ្រាមធំនៅក្នុងតំបន់ និងអាចជំរុញឲ្យអ៊ីរ៉ង់បិទច្រកសមុទ្រ អូមួស (Strait of Hormuz) ដែលជាផ្លូវទឹកដ៏មានសារសំខាន់បំផុតមួយនៅឈូងសមុទ្រអូម៉ង់។ សំខាន់ត្បិតអីច្រកសមុទ្រនេះជាច្រកផ្លូវនាវាដឹកប្រេងដ៏សកម្មរាប់លានធុងក្នុងមួយថ្ងៃៗ សម្រាប់ផ្គត់ផ្គង់ប្រេងទៅកាន់តំបន់នានានៅជុំវិញពិភពលោក។
នៅថ្ងៃនេះ Bizkhmer សាកល្បងលើកយកប្រធានបទដែលថា ហេតុអ្វីបានជាច្រកសមុទ្រ អូមួស សំខាន់យ៉ាងនេះ?
១.ហេតុអ្វីបានជាច្រកសមុទ្រ អូមួស មានសារសំខាន់ខ្លាំងម្ល៉េះ?
ថ្វីត្បិតតែមាត់ច្រកតូចចង្អៀតដែលកន្លែងមានមុខកាត់តូចបំផុតមានត្រឹម ៣៣ គីឡូម៉ែត្រ ច្រកសមុទ្រ អូមួស ជាទីតាំងសំខាន់នៃភូមិសាស្រ្តនយោបាយ និងហិរញ្ញវត្ថុអន្តរជាតិ។ វាជាផ្លូវនាវាចរណ៍ដឹកទំនិញដ៏មមាញឹកបំផុតនៅលើពិភពលោក ហើយបើយោងតាមមន្ទីរព័ត៌មានថាមពលអាមេរិក (EIA) បានឲ្យថា ភាគច្រើននៃប្រេងដែលឆ្លងកាត់ច្រកសមុទ្រនេះគឺមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ទិន្នន័យឆ្នាំ ២០១៨ របស់ស្ថាប័ននេះដដែលបានអះអាងថា ប្រេងប្រមាណ ២១លានបារ៉ែលដែលមានតម្លៃ ១,២ ពាន់លានដុល្លារត្រូវបានដឹកជញ្ជូនឆ្លងកាត់ទីនេះក្នុងមួយថ្ងៃៗ ឬមានចំនួនស្មើនឹង១ភាគ៣នៃពាណិជ្ជកម្មប្រេងសរុបដែលធ្វើឡើងនៅលើពិភពលោក។
ផែនទីច្រកសមុទ្រ អូមួស (Strait of Hormuz) ប្រភពរូបភាព៖ Marketwatch
២.តើច្រកសមុទ្រនេះមានសារសំខាន់សម្រាប់អាមេរិក និងសម្ព័ន្ធមិត្តយ៉ាងដូចម្តេច?
មានហេតុផលច្រើនណាស់ដែលច្រកសមុទ្រ អូមួសមានសារសំខាន់សម្រាប់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ភាគច្រើននៃការនាំចេញប្រេងឆៅដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ដង្ហើមសេដ្ឋកិច្ចរបស់អារ៉ាប់ប៊ីសាអូឌីតគឺត្រូវពឹងផ្អែកលើច្រកសមុទ្រនេះ។ ដោយសារតែអ៊ីរ៉ង់គ្រប់គ្រងមួយផ្នែកលើច្រកសមុទ្រនេះទើបមហាអំណាចរដ្ឋអ៊ីស្លាមខាងលើ តែងតែបង្កព្យុះភ្លៀងជារឿយៗដោយការបាញ់មីស៊ីលពន្លិច ឬចាប់ឃាត់ទុកនាវាដឹកប្រេងរបស់បណ្តាប្រទេសមួយចំនួននៃសម្ព័ន្ធមិត្តអាមេរិកដែលឆ្លងកាត់តំបន់នេះ។
អង់គ្លេសវិញ ក៏បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅក្បែរៗតំបន់នេះនៅប៉ុន្មានថ្ងៃមុននេះដែរដើម្បីការពារនាវាដឹកប្រេងរបស់ខ្លួនពីការវាយប្រហារទាំងនេះក្រោយឆ្មាំបដិវត្តអ៊ីរ៉ង់បានចាប់នាវាដឹកប្រេងរបស់ខ្លួនចំនួនពីរគ្រឿងកាលពីខែកក្កដា និងបានព្យាយាមរំខានដល់នាវាដឹកប្រេងអង់គ្លេសមួយគ្រឿងទៀត។
ត្រឡប់ទៅកាលពីខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក (Drone) មួយគ្រឿងដែលហោះនៅក្បែរច្រកសមុទ្រនេះ ហើយមួយខែក្រោយមក នាវាចម្បាំងអាមេរិកមួយគ្រឿងឈ្មោះ USS Boxer ក៏បានវាយបកទៅវិញដោយបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីរ៉ង់នៅក្នុងតំបន់តែមួយ។
លោក Donald Trump ក៏ធ្លាប់អំពាវនាវឲ្យជប៉ុន និងចិនចូលមកការពារនាវាដឹកប្រេងរបស់ខ្លួនដែរត្បិតអីក្នុង ប្រេងឆៅ ៧៦% ដែលដឹកជញ្ជូនចេញតាមច្រកសមុទ្រនេះបាននាំចេញទៅកាន់តំបន់អាស៊ីដែលភាគច្រើនចូលទៅកាន់ទីផ្សារចិន និងជប៉ុន។ យ៉ាងណាក៏ដោយអាមេរិក ក៏ទទួលប្រេងប្រមាណ ៣០លានបារ៉ែលដែរពីបណ្តាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ានេះដែលមានតម្លៃ ១,៧ ពាន់លានបារ៉ែល ឬស្មើនឹង ១០% នៃការនាំចូលប្រេងសរុបរបស់អាមេរិកក្នុងមួយខែៗ។
នាវាចល័តកងទ័ពអាមេរិក USS Lewis B. Puller នៅច្រកសមុទ្រ អូមួស ប្រភពរូបភាព៖ usni
៣.តើការប្រឈមមុខដាក់គ្នារវាងអាមេរិក និងអឺរ៉ុង់ នឹងបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះ?
សូមបញ្ជាក់ថា គ្រាន់តែអឺរ៉ុង់វាយបកសងសឹកអាមេរិកវិញភ្លាមៗ តម្លៃប្រេងឆៅបានហក់ឡើងថ្លៃយ៉ាងគំហុកដោយសារតែមានការព្រួយបារម្ភថា អាចបង្កឲ្យមានការអន្តរាគមន៍យោធាពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលើទឹកដីអឺរ៉ុង់។
កន្លងមកអឺរ៉ុង់តែងព្រមានថា ខ្លួននឹងបិទច្រកសមុទ្រមួយនេះ ហើយប្រសិនបើរដ្ឋបាលក្រុងតេហេរ៉ានពិតជាក្លាហានធ្វើបែបនេះមែន វានឹងធ្វើឲ្យមានផល់ប៉ះពាល់យ៉ាងធំធេងដល់ផ្គត់ផ្គង់ប្រេងនៅលើពិភពលោក។ នៅពេលនោះហើយដែលតម្លៃប្រេងនឹងហក់ឡើងថ្លៃខ្លាំងមួយរំពេច ត្បិតអីកន្លងមកតម្លៃប្រេងតែងតែឡើងថ្លៃជារឿយៗនៅពេលភាពតានតឹងរវាងអាមេរិក និងអឺរ៉ុង់កើនឡើង។
ដូច្នេះហើយដោយសារតែអាមេរិកនឹងរងផលប៉ះពាល់ប្រសិនបើការគំរាមកំហែងរបស់អឺរ៉ុង់ធ្វើឡើងមែននោះ ដោយមិនគិតពីប្រភពប្រេងមកពីបណ្តាប្រទេសផ្សេងៗទៀត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅតែមានចំណាប់អារម្មណ៍ក្នុងការចូលមកអន្តរាគមន៍ការពារច្រកសមុទ្រនេះដដែល។
លោក Kenneth Vincent សេដ្ឋកិច្ចវិទូមកពីមន្ទីរថាមពលអាមេរិកបានលើកឡើងថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងនៅទីតាំងណាមួយនៅក្នុងតំបន់មជ្ឈឹមបូព៌ាមែននោះ វានឹងធ្វើឲ្យមហាអំណាចលោកខាងលិចមួយនេះចំណាយកាន់តែច្រើន ហើយបង្កគ្រោះមហន្តរាយដល់សេដ្ឋកិច្ចជាតិ។
នាវាដឹកប្រេងមួយគ្រឿងត្រូវបានបាញ់ពន្លិចនៅច្រកសមុទ្រអូមួសកាលពីខែមិថុនាឆ្នាំ ២០១៩
ប្រភពរូបភាព៖ apnews
៤.តើអឺរ៉ុង់នឹងប្រើយុទ្ធសាស្រ្តដូចម្តេចដើម្បីបិទច្រកសមុទ្រ អូមួសនេះ?
អ៊ីរ៉ង់ទំនងជាប្រើយុទ្ធសាស្រ្តដោយការរំខានដល់ការចរាចរណ៍នាវាដឹកប្រេងនានានៅតាមច្រកសមុទ្រនេះ ជាជាងធ្វើសង្គ្រាមដោយផ្ទាល់ជាមួយអាមេរិកដែលមានសមត្ថភាពយោធាខ្លាំងជាងខ្លួន។ ប៉ុន្តែការធ្វើដូច្នេះ នៅតែធ្វើឲ្យអ៊ីរ៉ង់ចំណាយខ្ពស់ ប្រើពេលច្រើន និងខាតបង់ច្រើនដដែល។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខលោក Caitlin Talmadge បានបង្ហាញនៅក្នុងការសិក្សាមួយកាលពីឆ្នាំ ២០០៩ ថា អ៊ីរ៉ង់អាចដាក់ពង្រាយមីនក្រោមទឹកយ៉ាងហោចណាស់ ១ ០០០ គ្រាប់អមជាមួយនាវាមុជទឹក និងប្រើយន្តហោះចម្បាំង របស់ខ្លួនជាច្រើនគ្រឿងវាយប្រហារនៅតាមបណ្តោយចំណុចប្រសព្វសំខាន់ៗនៅច្រកសមុទ្រនេះ។
ការរំខាននានាដល់ការចរាចរណ៍ដឹកប្រេងនៅក្នុងច្រកសមុទ្រនេះ ក៏នឹងនាំឲ្យបណ្តាប្រទេសដែលជាអ្នកនាំចូលប្រេងច្រើនជាងគេនៅជុំវិញពិភពលោក សម្លឹងមើលទៅកាន់តំបន់ផ្សេងទៀតក្រៅពីតំបន់មជ្ឈឹមបូព៌ាសម្រាប់ការផ្គត់ផ្គង់ប្រេងរបស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើតំបន់នេះ។
ឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ក៏កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងររួចទៅហើយដែរបន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់បិទការនាំប្រេងចេញរបស់ប្រទេសនេះ និងបានបញ្ឈប់បណ្តាប្រទេសផ្សេងៗទៀតដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន មិនឲ្យរកស៊ីជាមួយផងដែរ។
លោក Michael Knights អ្នកជំនាញសិក្សាក្នុងតំបន់មជ្ឈិមបូព៌ាមកពីវិទ្យាស្ថានវ៉ាស៊ីនតោន (Washington Institute) បានលើកឡើងកាលពីខែឧសភាឆ្នាំ ២០១៩កន្លងទៅថា “ការបិទច្រកសមុទ្រអូមួស មានន័យស្មើនឹងអឺរ៉ុង់បិទបំពង់កខ្លួនឯង”៕
មីស៊ីលចម្ងាយខ្លីរបស់អឺរ៉ុង់ត្រូវបានបាញ់នៅក្នុងសមយុទ្ធមួយនៅវាលខ្សាច់ Kavir
ប្រភព៖ Businessinsider