ហេតុផល៣ដែលធ្វើឲ្យសាំងហ្គាពួរជាប់ឈ្មោះជាទីក្រុងឆ្លាតវៃជាងគេបំផុតក្នុងលោក​



នៅពេលនិយាយពីទីក្រុងឆ្លាតវៃ (Smart City) គឺផ្តោតជាសំខាន់ទៅលើរបៀបដែលទីក្រុងនោះត្រូវបានសាងសង់ ឬ អភិវឌ្ឍឡើងដោយការផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាឌីជីថល (Digital Technology) ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងទីក្រុងនោះ។  នៅជុំវិញពិភពលោក មានទីក្រុងជាច្រើនកំពុងគិតគួរលើចំណុចនេះ ប៉ុន្តែមានតែទីក្រុងសាំងហ្គាពួរមួយប៉ុណ្ណោះដែលជោគជ័យជាងគេ។

តើមានចំណុចពិសេសអ្វីដែលធ្វើឲ្យសាំងហ្គាពួរជាប់ឈ្មោះជាទីក្រុងឆ្លាតវៃជាងគេបំផុតនៅពេលបច្ចុប្បន្ននេះ? 

 ១.ប្រជាជនមានសុខភាពល្អផ្តើមចេញពីទីក្រុងស្អាត
សិង្ហបុរីគឺជាគំរូដ៏ល្អបំផុតមួយដែលបញ្ជាក់ថា ប្រទេសនេះបានគិតគួរខ្លាំងដល់សុខមាលភាពរបស់ប្រជាជន។ ហេតុដូច្នេះហើយដើម្បីសម្រេចគោលដៅធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពល្អ គ្រប់តំបន់នៅទូទាំងប្រទេសជាពិសេសនៅទីក្រុងត្រូវរៀបចំ និងអភិវឌ្ឍឡើងប្រកបដោយបរិស្ថានល្អ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានសោភ័ណ្ឌភាពល្អ។ 

ផែនការមេដែលខ្លួនឲ្យឈ្មោះថា Healthcity Novena បានផ្តោតចម្បងលើយន្តការចាំបាច់ដើម្បីធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយផាសុខភាពជាមួយនឹងបរិស្ថានជុំវិញរបស់ពួកគេ។ នេះជាមូលហេតុសំខាន់ដែលអាជ្ញាធរក្រុងបានរៀបចំឲ្យមានសួរច្បារស្អាតៗ ផ្លូវសម្រាប់អ្នកថ្មើរជើង ចំណតរថយន្តក្រោមដី និងទីធ្លាបៃតងនៅពាសពេញប្រទេសជាដើមដើម្បីបំពេញតម្រូវការ និងធ្វើឲ្យសុខភាពប្រជាជនជៀសផុតពីជំងឺឈឺថ្កាត់។ 

២.ប្រជាជនរស់នៅក្នុងលំនៅឋានមានផាសុខភាព និងជាសហគមន៍ល្អ
នៅសិង្ហបុរី ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍លំនៅឋាន (HDB) បានផ្តល់ជូនប្រជាពលរដ្ឋទាំងអស់ឲ្យទទួលបានលំនៅដ្ឋានសាធារណៈដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ លំនៅឋានដែលផ្តល់ជូននោះមិនមែនត្រឹមតែជាអាផាតមែនធម្មតាៗដ៏តូចចង្អៀតមួយសម្រាប់រស់នៅឲ្យតែបានៗប៉ុណ្ណោះទេ ក៏ប៉ុន្តែវាត្រូវបានសាងសង់ឡើងធំទូលាយនៅក្នុងសហគមន៍មួយដែលមានរួមបញ្ចូលទៅនឹងភាពអាចរស់នៅបានប្រកបដោយផាសុខភាព និរន្តរភាព និងមានការអភិវឌ្ឍ។

ប្រជាពលរដ្ឋរបស់សិង្ហបុរីប្រមាណ ៨០% កំពុងរស់នៅក្នុងលំនៅដ្ឋានសាធារណៈ ដូចនេះការគ្រប់គ្រងយ៉ាងតឹងតែងដើម្បីរក្សាឲ្យបាននូវសោភ័ណ្ឌភាព បរិស្ថានល្អ និងធ្វើឲ្យក្លាយជាទីក្រុងសំបូរបែបផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យា គឺជាកាតព្វកិច្ចរបស់អាជ្ញាធរសាធារណៈ។  ភាពជាដឹកនាំរបស់អាជ្ញាធរ មិនត្រឹមតែរួមបញ្ចូលគោលការណ៍សំខាន់ៗ ពោលគឺសហគមន៍ល្អប្រកបដោយសប្បុរសធម៌  ការមានទំនាក់ទំនងល្អរវាងអ្នកភូមិផង និងភាពសុខដុមរមនានៃពូជសាសន៍ចម្រុះដែលរស់នៅទីនេះប៉ុណ្ណោះទេ ពួកគេក៏ត្រូវគិតគូរផងដែរពីកត្តាជាក់ស្តែងចាំបាច់ដទៃទៀតដូចជាផែនការហិរញ្ញវត្ថុ ការបែងចែកធនធាន និងការធានារ៉ាប់រងជាដើមដល់ប្រជាពលរដ្ឋ។ 

ដោយយកចិត្តទុកដាក់លើផែនការសម្រាប់ពេលអនាគត ថ្នាក់ដឹកនាំនៅក្នុងដែនរដ្ឋបាលនីមួយៗ បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយសុភមង្គល មានទីធ្លាធំទូលាយ មានភាពរស់រវើក  ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងមានប្រព័ន្ធតំណភ្ជាប់គ្រប់ជ្រុងជ្រោយ។

៣.ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាន់សម័យផ្តោតលើការប្រើប្រាស់ប្រព័ន្ធចល័តថ្មីៗ
គុណភាពនៃការដឹកជញ្ជូន ឬការធ្វើដំណើរចល័តចុះចល័តឡើងរបស់ពលរដ្ឋក្នុងទីក្រុងមួយអាចកំណត់បានថា ទីក្រុងនោះជាទីក្រុងឆ្លាតវៃ ឬអត់ ។ កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ អាជ្ញាធរដែនដីគមនាគមន៍ (LTA) របស់សិង្ហបុរី បានពង្រីកតំបន់សាកល្បងសម្រាប់យានយន្តស្វ័យប្រវត្តិ (AVs) ដែលគ្របដណ្តប់នៅតំបន់ទាំងមូលនៅភាគខាងលិចក្រុងសាំងហ្គាពួរ។  ថ្នាក់ដឹកនាំរបស់ដែនកោះមួយនេះបានដឹងរួចទៅហើយថា ដើម្បីកសាងកម្លាំងពលកម្ម  និងពលរដ្ឋដ៏ខ្លាំងក្លាមួយ ប្រព័ន្ធចល័តថ្មីៗទំនើបៗ ត្រូវតែធ្វើឡើងដើម្បីឲ្យពលរដ្ឋម្នាក់ៗមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ពេញប្រទេស ។

អាជ្ញាធរដែនដីគមនាគមន៍កំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមួយដែលរាល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋត្រូវបានបំពាក់នូវប្រព័ន្ធចល័តដ៏សកម្មដូចជា ការដើរ និងការជិះកង់ដោយប្រើប្រាស់មធ្យោបាយសេវាកម្មដឹកជញ្ជូនសាធារណៈដូចជាការធ្វើដំណើរផ្លូវលឿន (MRT) និងរថយន្តក្រុង។

ក្រៅពីនេះគំនិតផ្តួចផ្តើមដែលហៅថា  "Walk Cycle Ride" បានត្រូវបង្កើតឡើងដើម្បីផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសជាតិដូចជា  វាជួយលើកទឹកចិត្តបង្កើតកន្លែងកំសាន្តកាន់តែច្រើនដែលមានភាពរស់រវើក ជំរុញការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំពុលបរិស្ថាន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនក្នុងប្រព័ន្ធចល័តថ្មីនេះ ទីក្រុងទំនើបរបស់ខ្លួនអាចធ្វើពលរដ្ឋមានជីវភាពរស់នៅកាន់តែសកម្មជាងមុនជាមួយនឹងប្រព័ន្ធដឹកជញ្ជូនប្រកបដោយភាពងាយស្រួល រហ័ស និងចំណាយតិច៕

ប្រភព៖ Weforum 

 

X
5s