ខណៈមានការលើកទឹកចិត្តតិចតួចល្បិច ទាំង ៤នេះ ជួយអង្គភាពរក្សាផលិតភាពការងារខ្ពស់យ៉ាងមានប្រសិទ្ធិភាព
ជាធម្មតានៅក្នុងអង្គភាពមួយ ប្រសិនបើអ្នកចង់បានផលិតភាពការងារខ្ពស់លុះត្រាតែមានការលើកទឹកចិត្តបុគ្គលិកខ្លាំងដែរ។ តែផ្ទុយទៅវិញ ការលើកទឹកចិត្តមួយចំនួនទៅដល់បុគ្គលិកបានក្លាយទៅជាទម្លាប់អាក្រក់មួយធ្វើឲ្យបុគ្គលិកមិនបំពេញការងារតាមតួនាទីត្រឹមត្រូវដើម្បីបានលទ្ធផលល្អ ប្រសិនបើគ្មានការលើកទឹកចិត្ត វាហាក់ជាថ្នូរដោះដូរអ្វីមួយដោយមិនសមហេតុផលទៅវិញ។
មិនថាអង្គភាពណាជាអង្គភាពណាទេ ទោះមានការអភិវឌ្ឍខ្លាំងឬខ្សោយ ក៏ថ្នាក់ដឹកនាំអង្គភាពមិនសូវជាព្រងើយកន្តើយក្នុងការលើកទឹកចិត្តបុគ្គលិកដែរ ដោយការលើកទឹកចិត្តនេះមានជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុ។ គ្រប់អង្គភាពទាំងអស់មិនអាចចៀសផុតឡើយពីការជយបបញ្ហារាំងស្ទះផ្នែកហិរញ្ញវត្ថុ ហើយវាក៏ជាពេលមួយដែលការលើកទឹកចិត្តដល់បុគ្គលិកមិនអាចធ្វើទៅដូចពេលកន្លងមក ហេតុដូច្នេះផលិតភាពការងាររបស់បុគ្គលិកក៏អាចនឹងធ្លាក់ចុះតាមនោះដែរ។ ធ្វើយ៉ាងណាទៅទើបអាចរក្សាផលិតភាពការងាររបស់បុគ្គលិកបានខ្ពស់ ខណៈការលើកទឹកចិត្តដល់ពួកគាត់បានធ្លាក់ចុះ ខាងក្រោមនេះនឹងក្លាយជាគន្លឹះល្អសម្រាប់អ្នកដឹកនាំ ឬម្ចាស់អាជីវកម្មដើម្បីអនុវត្តដោះស្រាយបញ្ហានេះបាន៖
១) បង្កើតតារាងភារកិច្ចការងារប្រចាំ To-do list នៅពេលអ្នកដាក់ការងារដល់ថ្នាក់ក្រោម
ការផ្ទេរអំណាច ឬការប្រគល់ភារកិច្ច ការសម្រេចចិត្តថ្នាក់បឋមទៅអ្នកក្រោមបង្គាប់ជាការលើកទឹកចិត្តមួយដល់ថ្នាក់ក្រោម។ ពួកគេនឹងមានអារម្មណ៍កក់ក្តៅ និងក្លាហាននៅពេលដែលថ្នាក់លើផ្តល់ទំនុកចិត្តលើការងាររបស់ពួកគាត់ ព្រោះពួកគាត់យល់ថាគាត់មានសមត្ថភាពគ្រប់គ្រាន់ទទួលការងារមួយនេះ។
នៅពេលដែលអ្នកសម្រេចចិត្តប្រគល់ភារៈកាន់ការងារដល់បុគ្គលិកណាម្នាក់ អ្នកច្បាស់ជាបានសិក្សាពីពួកគាត់ថាគាត់ជាមនុស្សបែបណា មានសមត្ថភាពគ្រប់គ្រាន់ឬនៅដើម្បីរ៉ាប់រងការងារមួយនេះ។ អ្នកដឹងច្បាស់ថាជាការងារ និងភាពទទួលខុសត្រូវដំបូងរបស់គាត់ ដូច្នេះអ្នកត្រូវរៀបចំតារាងភារកិច្ចការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែដល់គាត់ធ្វើតាមលំដាប់លំដោយ រួចវាយតម្លៃថាការងាររបស់គាត់រីកចម្រើនបានកម្រិត មានអ្វីដែលនៅខ្វះខាតត្រូវបំពេញបន្ថែម ហើយអ្នកក៏នឹងតាមដានការងារគាត់ជាប្រចាំដូចគា្ន។
២) រកកម្លាំងជំនួយ
បើអ្នកដឹងថាកម្លាំងខាងក្នុងអ្នកមិនអាចទ្រាំទ្រជាមួយការងារទាំងអស់បានទេ អ្នកចាំបាច់ត្រូវរកជំនួយពីខាងក្រៅក្នុងការបង្កើនផលិតភាពការងារ ពិសេសពេលអង្គភាពអ្នកកំពុងទទួលការងារថ្មីច្រើនពីអតិថិជន។ វាអាចថាជាការចំណាយបន្តិចមែន តែក្នុងករណីអតិថិជនកំពុងត្រូវការសេវាកម្ម ឬផលិតផលពីអ្នក ឯអ្នកបែរជាបោះបង់វាដោយលេសថាគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបំពេញការងារមួយនេះទេ ព្រោះអ្នកនឹងខាតបង់ធំទាំងចំណូល និងកេរ្តិ៍ឈ្មោះ (ខូចក្រេឌីត)។ ដូច្នេះការស្វែងរកកម្លាំងជំនួយដើម្បីបង្កើនផលិតភាពការងារនៅ ជារឿងចាំបាច់សម្រាប់អង្គភាពនៅពេលតម្រូវការអតិថិជនកើនឡើង។
៣) លុបបំបាត់ការរំខានផលិតភាពការងារ
ពិចារណាលើការកាត់បន្ថយរាល់ការរំខាននៅកន្លែងការងារជាអ្វីដែលអ្នកគ្រប់គ្រងត្រូវធ្វើ បើអ្នកពិតជាចង់បង្កើនផលិតភាពការងាររបស់បុគ្គលិក។ ដើម្បីធ្វើវាបានអ្នវត្រូវស្វែងរកពីបុព្វហេតុ ឬដើមទងដែលនៅពីក្រោយបញ្ហាទាំងនោះ ឧទាហរណ៍ដូចជា នៅក្នុងរោងចក្រមួយការអ្នកសង្កេតឃើញថាការផលិតមិនសូវមានកំណើនតាមការចង់បាន អ្នកបានស្វែងរកកម្មករបន្ថែម ៤ ទៅ ៥ នាក់ហើយក៏នៅតែមិនអាចគ្រប់តាមការចង់បាន។ អ្នកក៏ធ្វើការស្រាវជ្រាវរកមូលហេតុដែលនាំឲ្យមានបញ្ហាទាំងនេះ បន្ទាប់មកក្រុមស្រាវជ្រាវអាចរកឃើញថា បញ្ហានេះវាកើតឡើងដោយសារភ្លើងបំភ្លឺមិនគ្រប់គ្រាន់ កម្មករផ្នែកផលិតមើលមិនសូវឃើញច្បាស់ ទើបពួកគាត់ផលិតបានតិច។ ក្រោយមកការបំពាក់ភ្លើងបន្ថែម បង្កើនពន្លឺ ធ្វើឲ្យការផលិតមានការកើនឡើងពិតមែន។
៤) ប្តូរកន្លែង (ទីតាំង) ដើម្បីធ្វើការ
ពេលខ្លះផលិតភាពការងារអាចនឹងធ្លាក់ចុះ នៅពេលដែលអ្នកអង្គុយធ្វើការងារនៅកន្លែងដដែលៗជារៀងរាល់ថ្ងៃ ព្រោះអារម្មណ៍អ្នកត្រូវការផ្លាស់ប្តូររកបរិយាកាសថ្មីៗដើម្បីឲ្យមានភាពស្រស់ស្រាយ មានគំនិតថ្មីៗច្រើនដើម្បីបំពេញការងារ។ ក្នុងករណីដែលផលិតភាពការងាររបស់បុគ្គលិកអ្នកធ្លាក់ចុះ ត្រូវត្រួតពិនិត្យតាមដានហើយព្យាយាមបង្កើតបរិយាកាសថ្មីខ្លះសម្រាប់ពួកគាត់ដោយការប្តូរកន្លែងអង្គុយ ប្តូរអ្នកអង្គុយជុំវិញ។ ករណីមួយចំនួនដែលអ្នកដឹងថាការងាររបស់បុគ្គលិកផ្នែកណាមួយប្រឈមនឹងភាពតានតឹងខ្លាំង ហើយពួកគេអាចធ្វើការងារមួយចំនួននៅខាងក្រៅការិយាល័យបាន អ្នកគួរឲ្យពួកគេចេញក្រៅផ្លាស់ប្តូរបរិយាកាសខ្លះ ស្រូបយកខ្យល់អាកាសធម្មជាតិខ្លះ ជួបមនុស្សថ្មីៗខ្លះដើម្បីអាចផ្លាស់ប្តូរយោបល់គំនិតការងារ ជាហេតុនាំឲ្យផលិតភាពការងារកើនឡើង ហើយបុគ្គលិកមិនមានអារម្មណ៍ធុញថប់នឹងការងារទៀត។
នៅពេលដែលថ្នាក់ដឹកនាំអាចធ្វើរឿងរ៉ាវទាំងនេះបាន ទោះបីជាការលើកទឹកចិត្តដល់បុគ្គលិកមានតិចតួច ក៏អាចធ្វើឲ្យបុគ្គលិកមានចិត្តបំពេញការងារ ហើយពួកគាត់យល់ថាអ្នកគ្រប់គ្រងយកចិត្តទុកដាក់លើសុខទុក្ខលើការងារពួកគាត់ជាប្រចាំ៕
ដោយ៖ យ៉ាយ៉ា