គន្លឹះ ៧យ៉ាង ដើម្បីរក្សាភាពវិជ្ជមាន ពេលនៅជិតមនុស្សអវិជ្ជមាន
នៅពេលដែលនរណាម្នាក់ហាក់ដូចជាមានគំនិតអវិជ្ជមានគ្រប់ពេល វាអាចជាការលំបាកក្នុងការការពារភាពវិជ្ជមាន និងសុខុមាលភាពផ្ទាល់ខ្លួនរបស់យើង។
វិធីសាស្រ្តដែល អាចជួយអ្នកអោយមានតុល្យភាព រក្សាទំនាក់ទំនងល្អដោយមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកជាមួយមនុស្សអវីជ្ជមាន ៖
1. កំណត់ព្រំដែនការប្រាស្រ័យទាក់ទង
កំនត់ដែនកំណត់របស់អ្នក ដោយចិត្តល្អ តែរឹងមាំ ដូចជាចំនួនពេលវេលាដែលអ្នកចំណាយជាមួយគ្នា ឬប្រធានបទដែលអ្នកពិភាក្សា។
ឧទាហរណ៍ ប្រសិនបើមិត្តរួមការងារតែងតែត្អូញត្អែរអំឡុងពេលញាំអាហារថ្ងៃត្រង់ជំុគ្នា សូមពិចារណាសម្រាកនៅពេលផ្សេងគ្នា ឬអញ្ជើញមិត្តរួមការងារដែលមានគំនិតវិជ្ជមានម្នាក់ឱ្យចូលរួមជាមួយអ្នក។ នេះអាចជួយការពារសុខុមាលភាពផ្លូវចិត្តរបស់អ្នក និងការពារអ្នកពីការគ្របដណ្ដប់ដោយភាពអវិជ្ជមាន។
2. អនុវត្តការយល់ចិត្ត
ការយល់ដឹងពីមូលហេតុដែលនរណាម្នាក់មានគំនិតអវិជ្ជមាន អាចធ្វើឱ្យអ្នកងាយស្រួលក្នុងការទប់ទល់។ សូមពិចារណាអំពីបញ្ហាប្រឈមដែលពួកគេកំពុងប្រឈមមុខ ដើម្បីជួយអ្នកឱ្យមានចិត្តអាណិតអាសូរ និងមិនសូវរងផលប៉ះពាល់ផ្ទាល់ខ្លួនដោយសារភាពអវិជ្ជមានរបស់ពួកគេ។
3. កំនត់ពេលវេលាការជួបគ្នា
អ្នកមិនចាំបាច់កាត់ផ្តាច់នរណាម្នាក់ចេញពីជីវិតរបស់អ្នកទាំងស្រុងនោះទេ ប៉ុន្តែអ្នកអាចកាត់បន្ថយភាពញឹកញាប់ដែលអ្នកជួបពួកគេបាន។ ចូរយកចិត្តទុកដាក់លើរយៈពេលដែលអ្នកចំណាយជាមួយមនុស្សអវិជ្ជមាន ហើយចាប់ផ្តើមចំណាយពេលជាមួយគ្នាតាមរបៀបផ្សេងៗគ្នា។ រៀបចំគម្រោងការសួរសុខទុក្ខដែលមានរយៈពេលខ្លីជាងមុន ឬកំណត់ពេលសកម្មភាពដែលកម្រិតការសន្ទនា ។
Powered by: Bizkhmer Digital Media
4. រក្សាភាពនឹងធឹង
មុនពេលអ្នកចំណាយពេលជាមួយនរណាម្នាក់ដែលមានគំនិតអវិជ្ជមាន សូមប្រើបច្ចេកទេសនៃការតាំងចិត្តដូចជា ការយកចិត្តទុកដាក់ និងការដកដង្ហើមវែងៗ ដើម្បីជួយអ្នកឱ្យរក្សាភាពនឹងធឹង និងស្ងប់ស្ងាត់។ នៅពេលអ្នកនៅជាមួយគ្នា ចូរផ្តោតលើដង្ហើមរបស់អ្នក និងរក្សាខ្លួនអ្នកនៅក្នុងពេលបច្ចុប្បន្ន។ បន្ទាប់មក ចូរចំណាយពេលសម្រាក និងបញ្ចេញភាពតានតឹងតាមរយៈសកម្មភាពដូចជា យូហ្គា ការសរសេរកំណត់ហេតុ ឬការដើរកំសាន្តជាដើម។
5. ផ្តោតលើដំណោះស្រាយ
នៅពេលដែលការសន្ទនាជាមួយមនុស្សអវិជ្ជមានចាប់ផ្តើមវិលទៅរកការត្អូញត្អែរ និងបញ្ហា ចូរបង្ហាញដំណោះស្រាយដែលអាចធ្វើទៅបាន ឬលទ្ធផលវិជ្ជមានជំនួសឱ្យការរស់នៅក្នុងភាពអវិជ្ជមាន។ ឧទាហរណ៍ ប្រសិនបើមិត្តម្នាក់កំពុងត្អូញត្អែរអំពីការងារ សូមសួរពួកគេថាតើពួកគេអាចធ្វើអ្វីខ្លះដើម្បីកែលម្អស្ថានភាពនោះ?
6. ប្រើការស្តាប់ដោយយកចិត្តទុកដាក់
ផ្តោតអារម្មណ៍ទាំងស្រុងលើអ្វីដែលអ្នកម្ខាងទៀតកំពុងនិយាយដោយមិនរំខាន ឬរៀបចំការឆ្លើយតបរបស់អ្នក។ នេះបង្ហាញពីការយល់ចិត្តដោយមិនជាប់ជំពាក់នឹងភាពអវិជ្ជមានរបស់ពួកគេ។ ចូរងក់ក្បាល រក្សាការមើលភ្នែក និងទទួលស្គាល់អារម្មណ៍របស់ពួកគេដោយអព្យាក្រឹត ប៉ុន្តែគាំទ្រដូចជា "ខ្ញុំយល់" ឬ "ស្តាប់ទៅពិបាកណាស់" ជាដើម។
7. ព្យាយាមកុំវិនិច្ឆ័យអ្នកដទៃ
ជារឿងងាយស្រួលណាស់ក្នុងការដាក់ស្លាកនរណាម្នាក់ថា "អវិជ្ជមាន" និងបដិសេធអារម្មណ៍របស់ពួកគេ ប៉ុន្តែទង្វើបែបនេះអាចបង្កើតភាពតានតឹង និងការយល់ច្រឡំ។ ផ្ទុយទៅវិញ ចូរមានចិត្តអាណិតអាសូរ និងព្យាយាមមើលឃើញភាពអវិជ្ជមានរបស់ពួកគេថាជាការឆ្លុះបញ្ចាំងពីបទពិសោធន៍ និងការតស៊ូផ្ទាល់ខ្លួនរបស់ពួកគេ។ ជៀសវាងការធ្វើការវិនិច្ឆ័យ ហើយផ្តោតលើការរក្សាអាកប្បកិរិយាវិជ្ជមានរបស់អ្នកវិញ។
Powered by BizKhmer Digital Media!
រក្សាសិទ្ធដោយ Bizkhmer
ប្រែសម្រួល៖ Angelica