បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនបានផ្អាកការនាំចេញខ្សាច់ទៅសិង្ហបុរីរួមទាំងកម្ពុជា​



សិង្ហបុរីជាប្រទេសដែនដីកោះ និងមានផ្ទៃដីតូចជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសមួយដែលត្រូវបានគេចាត់ទុកថាជាប្រទេសនាំចូលខ្សាច់ច្រើនដែលបានបង្កើនផ្ទៃដីរបស់ខ្លួនជាង ២០ភាគរយ ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ។ សិង្ហបុរីធ្វើការនាំចូលខ្សាច់ដើម្បីធ្វើការអភិវឌ្ឍ ព្រោះតាមការសិក្សាស្រាវជ្រាវទីក្រុងដែលធ្លាប់តែមានផ្ទៃក្រឡា ៥៧៨ គីឡូម៉ែត្រការ៉េ កាលពីឆ្នាំ ១៨១៩ វាបានកើនឡើងដល់ ៧១៩ គីឡូម៉ែត្រការ៉េហើយពេលនេះ។

តាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ បានរៀបរាប់លម្អិតអំពីការកើនឡើងនៃតម្រូវការខ្សាច់និងក្រួសដែលជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច ស្របពេលជាមួយគ្នានេះផងដែរ សិង្ហបុរីជាប់ជាក្នុងប្រទេសដែលផ្ដល់ផលប៉ះពាល់អវិជ្ជមានផងដែរ។ តម្រូវការខ្សាច់ក្នុងពិភពលោកសម្រាបរយៈពេល ២០ឆ្នាំចុងក្រោយមានការកើនឡើងជាង ៣ដង  ដោយបច្ចុប្បន្នមានចំនួន ៥០ ប៊ីលានតោនក្នុងមួយឆ្នាំ ហើយបានព្យាករណ៍ថានឹងកើនឡើង ៥.៥ ភាគរយទៀតក្នុងមួយឆ្នាំ។ របាយការណ៍ដដែលក៏បានរៀបរាប់លម្អិតអំពីការរិចរិលបរិស្ថាន ដែលបណ្តាការបូមខ្សាច់ ការទាញយកជីវធម្មជាតិ និងការខួងនានាពីក្នុងស្រទាប់ដីដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។

យោងតាមទិន្នន័យពី commodities trade (COMTRADE) របស់អង្គការសហប្រជាជាតិ ប្រទេសសិង្ហបូរីបាននាំចូលខ្សាច់មួយភាគធំពីប្រទេសកម្ពុជាដើម្បីពង្រីកផ្ទៃដីរបស់ខ្លួន (ការនាំចូលខ្សាច់ជាង ៨០ លានតោនដែលមានតម្លៃជាង ៧៤០ លានដុល្លារអាមេរិក) តាមពីក្រោយដោយប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ហើយការនាំចូលនេះទៀតសោតមានទាំងស្របច្បាប់ និងខុសច្បាប់។ ខណៈនេះដែរប្រទេសឥណ្ឌូនេស៊ីបានចូលរួមចំណែកតែ ០.០៣ ភាគរយនៃបរិមាណខ្សាច់សរុបប៉ុណ្ណោះ នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍នាំចូលក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយនេះក៏ជាការព្រួយបារម្ភមួយ ដែលត្រូវបានលើកឡើងអំពីការលក់ដីខ្សាច់នៅក្នុងទីផ្សារងងឹត។

របាយការណ៍មួយពី  The Guardian បានឲ្យដឹងថាការបន្តអភិវឌ្ឍរបស់សិង្ហបុរីនេះបានក្លាយជាការគំរាមកំហែងដល់ដែនដីកោះតូចៗជាង ៨០ របស់ប្រទេសឥណ្ឌូនេស៊ីដែលជាប់នឹងដែនទឹកប្រទេសសិង្ហបុរី ដោយសារតែការបូមយកខ្សាច់ខុសច្បាប់នេះឯង។ រឿងរ៉ាវនៃបញ្ហាប៉ះពាល់នេះមិនមែនទើបតែកើតឡើងទេ តែវាបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ មកម្ល៉េះដោយមានភស្តុតាងថា ការបូមខ្សាច់នៅជិតព្រំដែនសិង្ហបុរី-ឥណ្ឌូនេស៊ីបានបណ្តាលឱ្យកោះ Nipah បាត់ខ្លួននៅក្រោមផ្ទៃដីទាំងស្រុងដោយបន្សល់ទុកដើមត្នោតពីរបីដើមប៉ុណ្ណោះនេះបើយោងតាមអង្គការ Wahana Lingkungan Hidup ដែលជាអង្គការក្នុងស្រុកមួយរបស់ឥណ្ឌូនេស៊ី។

តែទោះជាយ៉ាងណាបណ្ដាប្រទេសទាំងនោះដែលបាននាំចេញខ្សាច់ទៅសិង្ហបុរីមិនព្រងើយកន្តើយលើការគ្រប់គ្រងឡើយ ហើយពួកគេក៏មិនអាចបន្តឲ្យប្រទេសរបស់ខ្លួនត្រូវហិនហោចដោយសារប្រាក់ចំណូលតិចតួចពីការលក់ខ្សាច់នេះឡើយ។ ជាមួយគ្នានេះប្រទេសកម្ពុជាបានហាមឃាត់រាល់ការនាំចេញខ្សាច់ដោយផ្អែកលើមូលដ្ឋានបរិស្ថាន និងបានបញ្ចប់ការលក់ខ្សាច់ទៅប្រទេសសិង្ហបុរីជាផ្លូវការបន្ទាប់ពីមានការបញ្ឈប់ជាបណ្តោះអាសន្ន (វាចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ)។

ងាកទៅប្រទេសម៉ាឡេស៊ីវិញវិញបាននិយាយថា ការហាមឃាត់ការនាំចេញនេះមិនមានគោលបំណងប្រឆាំង ឬចេតនាអាក្រក់ណាមួយទៅលើការអភិវឌ្ឍប្រទេសសិង្ហបូរីទេ ផ្ទុយទៅវិញវាជាការព្រួយបារម្ភពីកត្តាបរិស្ថានក៏ដូចជាដើម្បីទប់ស្កាត់ការរត់ពន្ធខ្សាច់ខុសច្បាប់។ លើសពីនេះប្រភពពីរដ្ឋាភិបាលម៉ាឡេស៊ីបានប្រាប់សារព័ត៌មាន Reuters ថាលោកនាយករដ្ឋាមន្ត្រី Mahathir Mohamad មិនសប្បាយចិត្តទេនៅពេលដែលប្រទេសខ្លួនបានរួមចំណែកជួយប្រទេសជិតខាង តែបែរជាត្រូវបំផ្លាញធនធានរបស់ខ្លួន វាស្មើនឹងគេកំពុងបំផ្លាញប្រទេសខ្លួនឯងដូច្នោះដែរ។ ការដាក់បំរាម និងហាមឃាត់នាំចេញ-លក់ខ្សាច់ទៅកាន់ប្រទេសសឹង្ហបុរីនេះ ប្រទេសម៉ាឡេស៊ីបានធ្វើការហាមឃាត់ក្រោយប្រទេសកម្ពុជា ក្រោមហេតុផលមួយរួមគ្នារវាងបីប្រទេស (កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី)គឺដើម្បីការពារបរិស្ថាន។

គួរបញ្ជាក់ថា ខ្សាច់គឺជាធនធានសំខាន់ទីពីរសម្រាប់ពិភពលោកដែលមនុស្សប្រើប្រាស់ និងត្រូវការបន្ទាប់ពីទឹក។ លោក Marc Goichot អ្នកគ្រប់គ្រង World Wide Fund for Nature បញ្ជាក់ថាគ្រប់ប្រទេសក្នុងពិភពលោកកំពុងកសាងសេដ្ឋកិច្ចរបស់ខ្លួនលើខ្សាច់ ខណៈដែលតម្រូវការកំពុងមានការកើនឡើងឥតឈប់ឈរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s