៤ចំណុចបញ្ជាក់ថា តើចិនហែលឆ្លងពីសេដ្ឋកិច្ចត្រដាបត្រដួសទៅជាមហាអំណាចសេដ្ឋកិច្ចដោយរបៀបណា?
នៅថ្ងៃទី ០១ តុលាខាងនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានរៀបចំពិធីអបអរសាទរគំរបខួបលើកទី ៧០ នៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។ ពិធីនេះនឹងធ្វើឡើងនៅស្របពេលដែលពិភពលោកកំពុងមានភាពតានតឹងខ្លាំងទៅនឹងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចមួយនេះ និងអាមេរិកនូវអ្វីដែលគេមើលឃើញថា បានធ្វើឲ្យសេដ្ឋកិច្ចសាកលមានការធ្លាក់ចុះ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន Mckinsey បានរកឃើញថា តម្លៃសេដ្ឋកិច្ចចន្លោះពី ២២ ពាន់ពាន់លានដុល្លារទៅ ៣៧ ពាន់ពាន់លានដុល្លាររបស់មហាយក្សចិន អាចត្រូវបានបន្ថែម ឬដកចេញពីសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០៤០ គឺអាស្រ័យលើការចូលរួមរបស់មហាអំណាចអាស៊ីមួយនេះជាមួយពិភពលោក។
ខាងក្រោមនេះជាលក្ខណៈពិសេសចំនួន ៤ របស់របាយការណ៍ស្រាវជ្រាវវិទ្យាស្ថានខាងលើដែលបញ្ជាក់ថា តើចិនហែលឆ្លងពីប្រទេសមានសេដ្ឋកិច្ចត្រដាបត្រដួសទៅជាមហាអំណាចទី២ក្នុងលោកនៅពេលបច្ចុប្បន្នដោយរបៀបណា?
១) ធ្វើដំណើរពីសេដ្ឋកិច្ចខ្លាក្រដាសទៅជាតោកំណាចមហាអំណាចទី២ក្នុងលោក
កាលពីទសវត្សរ៍ទី ៦០ ចិនប្រៀបដូចជាប្រទេសដែលមានសេដ្ឋកិច្ចដូចខ្លាក្រដាសមួយប៉ុណ្ណោះ ហើយមិនទាន់មានឥទ្ធិពលក្នុងឆាកនយោបាយ សេដ្ឋកិច្ច និងនយោបាយអន្តរជាតិខ្លាំងក្លានៅឡើយ។ ក៏ប៉ុន្តែនៅឆ្នាំ ២០១០ ចិនបានតតាំងប្រជែងជាមួយប្រទេសនានា វ៉ាដាច់ជប៉ុនដោយជោគជ័យ ក្លាយជាមហាអំណាចទី២ក្នុងលោក នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក (World Bank) និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD)។ ចាប់ពីពេលនោះមក ទីក្រុងប៉េកាំងបានឈរតំណែងទី២នេះរហូតមកតាមពីក្រោយអាមេរិក។
អ្នកសេដ្ឋកិច្ចនានាបានលើកឡើងថា នៅក្នុងឆ្នាំ ២០៣០ មហាអំណាចមួយនេះនឹងក្លាយជាមហាអំណាចពិភពលោកផុតលេខតែម្តង។ យ៉ាងណាមិញបើគេពិនិត្យមើលទំហំ GDP ជា PPP (ផលធៀបនៃអំណាចទិញ) គឺចិនបានវ៉ាដាច់អាមេរិកតាំងពីឆ្នាំ ២០១៤ មកម្ល៉េះគឺមានទំហំជាង ២៧,៤ ពាន់ពាន់លានដុល្លារ ខណៈអាមេរិកមានត្រឹមតែ ២២,៩ ពាន់ពាន់លានដុល្លារប៉ុណ្ណោះ។
២) យុគសម័យនៃថ្នាក់ដឹកនាំរបស់មហាយក្សចិន
នៅសម័យក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង ដែលជាមេដឹកនាំដ៏មានឥទ្ធិពល និងលេចធ្លោបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ចិន មហាយក្សសេដ្ឋកិច្ចមួយនេះបានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ហើយនៅឆ្នាំ ១៩៧៨ ការកំណែទម្រង់នេះបានធ្វើឲ្យរដ្ឋកុម្មុយនិស្តមួយនេះបានរលាស់ខ្លួនបន្តិចម្តងៗចេញពីភាពឯកោផ្នែកសេដ្ឋកិច្ច។
កាលនោះ ពោលគឺបន្ទាប់ពីបានធ្វើកំណែទម្រង់ថ្មីៗ សេដ្ឋកិច្ចមហាយក្សចិនមានកំណើនរហូតដល់ទៅ ១០% មុននឹងធ្លាក់ចុះមកវិញត្រឹម ៧,១% នៅពេលបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ស៊ី ជីនពីង។ យ៉ាងណាមិញបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវពីវិទ្យាស្ថាន Brookings របស់អាមេរិកបានចេញផ្សាយកាលពីខែមិនាកន្លងទៅបានឲ្យដឹងថា កំណើន GDPរបស់មហាអំណាចខាងលើនេះបានកើនឡើងខ្លាំងលើការរំពឹងទុកដល់ទៅ ១,៧% ឯណោះនៅចន្លោះពីឆ្នាំ ២០០៨ ដល់ ២០១៦។
៣) មហាយក្សចិនគឺជារោងចក្ររបស់ពិភពលោក
កត្តាជំរុញដ៏សំខាន់មួយនៅពីក្រោយកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន គឺបណ្ដាញរោងចក្រធំៗ របស់ខ្លួនដែលរកស៊ីចាប់តាំងពីការផលិតប្រដាប់ប្រដាក្មេងលេងរហូតដល់ទូរស័ព្ទចល័ត ត្រូវបានចែកចាយ និងប្រើប្រាស់នៅទូទាំងពិភពលោក។
វត្តមានរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០០១ បានជួយឲ្យមហាអំណាចបូព៌ាមួយនេះក្លាយជារោងចក្រ និងពាណិជ្ជករធំបំផុតរបស់ពិភពលោក។ នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ McKinsey របស់អាមេរិកដែលបានវិភាគទៅលើប្រទេសចំនួន ១៨៦ ចិនត្រូវបានគេរកឃើញថា ជាទិសដៅនាំចេញធំបំផុតសម្រាប់ប្រទេសចំនួន ៣៣ និងជាប្រភពនាំចូលធំបំផុតសម្រាប់ ៦៥ ប្រទេសផ្សេងទៀត។
៤) មហាយក្សចិន គឺជាឃ្លាំងវិនិយោគដ៏ច្រើនមហិមារបស់ពិភពលោក
ក្រៅពីភាពលេចធ្លោរបស់ខ្លួននៅក្នុងវិស័យពាណិជ្ជកម្ម មហាយក្សចិនក៏បានពង្រីកខ្លួនកាន់តែសកម្មខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីបោះពួយក្លាយជាស្តេចត្រួតត្រាក្នុងលំហូរវិនិយោគសកលលោក។ គិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ យក្សចិនគឺជាក្បាលម៉ាស៊ីនវិនិយោគធំបំផុតទី២ ទៅកាន់ពិភពលោក និងជាម្ចាស់ផ្ទះទទួលទុនវិនិយោគធំជាងគេបំផុតទី២នៅលើពិភពលោក៕
ប្រភព៖ CNBC