តើធ្វើការច្រើនម៉ោង គឺជារឿងត្រឹមត្រូវដែរទេ? នេះជាចម្លើយ!
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX របស់អាមេរិកមិនមានអ្វីជាអាថ៌កំបាំងនោះឡើយដែលថា លោកអាចធ្វើការទៀងទាត់រហូតដល់ទៅ ១០០ ម៉ោងក្នុងមួយសប្តាហ៍។ ប៉ុន្តែទម្លាប់ការងារច្រើនម៉ោងរបស់មហាសេដ្ឋីរូបនេះមិនអាចអនុវត្តបានសម្រាប់មនុស្សគ្រប់គ្នាឡើយ។
នៅខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើនផ្សេងទៀតក្រៅ ពីលោក Elon Musk ដែលបានអះអាងថា ធ្វើការច្រើនម៉ោងក្នុងមួយសប្តាហ៍នោះ ការស្រាវជ្រាវថ្មីៗបានបង្ហាញ ថាការធ្វើការច្រើនម៉ោងពេកមិនមែនជារឿងល្អសម្រាប់មនុស្សគ្រប់គ្នាឡើយ។ ក្រៅពីប៉ះពាល់ដល់សុខភាព ការធ្វើការច្រើនម៉ោងបានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូល អវត្តមាន និងផលិតភាពការងាររបស់បុគ្គលិក។
តើការធ្វើការច្រើនម៉ោងប៉ះពាល់សុខភាពដូចម្តេច?
ការសិក្សាស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត The Lancet បានឲ្យដឹងថា ការធ្វើការរយៈពេល ៥៥ ម៉ោងក្នុងមួយសប្តាហ៍នាំមកនូវហានិភ័យនាំឲ្យប្រឈមមុខទៅនឹងជម្ងឺសរសៃឈាមបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាល។ មិនតែប៉ុណ្ណោះ វាធ្វើឲ្យអ្នកឆាប់ធាត់ បង្កើនហានិភ័យកើតជម្ងឺទឹកនោមផ្អែម និងធ្វើឲ្យអ្នកបាក់ទឹកចិត្ត (Depression) ទៀតផង។
ក្រៅពីជម្ងឺជាច្រើនខាងលើនេះ ការធ្វើការច្រើនម៉ោងពេក ក៏បណ្តាលឲ្យអ្នកឆាប់ចាស់ផងដែរ។ មន្ទីរពេទ្យ Laskowski Edward R MD របស់អាមេរិកបានរកឃើញថា អ្នកដែលអង្គុយច្រើនម៉ោងនៅកន្លែងការងារ មានឱកាសឆាប់ស្លាប់កើនឡើងពីករណីផ្សេងៗដល់ទៅ ៥០%។
ការស្រាវជ្រាវខាងលើនេះមានភាពស៊ីចង្វាក់គ្នាទៅនឹងការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Cambridge ដែលថា ការចំណាយពេលអង្គុយធ្វើការច្រើនម៉ោង មិនត្រឹមតែប៉ះពាល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងមិនធ្វើឲ្យការងាររបស់បុគ្គលិកមានផលិតភាពទៀតផង។ ផលិតភាពការងារធ្លាក់ចុះដោយសារតែអ្នកនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីទទួលទានដំណេក។
សាកលវិទ្យាល័យ Cambridgeបានបញ្ជាក់ទៀតថ អ្នកនឹងមានអារម្មណ៍ខ្សោះខ្លួន ល្ហិតល្ហៃ ឬអស់កម្លាំងប្រសិនបើអ្នកចំណាយពេលធ្វើការដល់ទៅ ១៤ ម៉ោងក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ អ្នកក៏នឹងមិនអាចធ្វើអ្វីបានជាដុំកំភួនសម្រាប់ពេលវេលាដែលនៅសេសសល់នោះដែរ ក្រៅពីសន្សំជម្ងឺបន្តិចម្តងៗសម្រាប់ខ្លួនឯងនៅពេលអនាគតខាងមុខ៕
ចុះអ្នកវិញ តើមានគំនិតយោបល់អ្វីទាក់ទងទៅនឹងប្រធានបទនេះដែរឬទេ?
ប្រភព៖ Weforum