បើសង្កេតឃើញបុគ្គលិករបស់អ្នកមានសញ្ញាណ ៤ នេះ ឆាប់តំឡើងតំណែងមុនឲ្យហើយទៅ
ការតំឡើងដំណែងបុគ្គលិកគឺជាការងារជៀសមិនផុតរបស់ក្រុមហ៊ុននីមួយៗ។ មិនយូរមិនឆាប់ អ្នកត្រូវតែធ្វើបែបនេះដើម្បីផ្តល់រង្វាន់លើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ ប៉ុន្តែមុនពេលអ្នកសម្រេចចិត្តប្រម៉ូត ឬដំឡើងតំណែងបុគ្គលិកណាមួយ អ្នកច្បាស់ជាត្រូវពិនិត្យឲ្យបានល្អិតល្អន់ហើយរាប់ទាំងលទ្ធផលការងារ អត្តចរិត និងលក្ខខណ្ឌផ្សេងៗទៀតដែលអ្នកចង់បាន។
បើទោះបីជាលក្ខខណ្ឌក្រុមហ៊ុនរបស់អ្នកធ្វើឡើងយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្កេតឃើញថា បុគ្គលិកណាមួយនៅក្នុងក្រុមហ៊ុនមានលក្ខណសម្បត្តិ៤ខាងក្រោមនេះហើយ អ្នកគួរតែប្រញាប់ដំឡើងដំណែងឲ្យហើយទៅមុនពេលយឺតពេលធ្វើឲ្យពួកគេដើរចេញពីក្រុមហ៊ុន។
១. ពួកគេយល់ច្បាស់ពីវប្បធម៌ការងារនៅក្នុងក្រុមហ៊ុនទាំងមូល
ការស្វែងរកបុគ្គលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ត្រូវនឹងវប្បធម៌ការងារនៅក្នុងក្រុមហ៊ុនរបស់អ្នក អាចជារឿងមួយពិបាក។ ប៉ុន្តែប្រសិនបើអ្នកបានជ្រើសរើសបុគ្គលិកដែលត្រឹមត្រូវ និងមានលក្ខណៈគ្រប់គ្រាន់ដើរស្របនឹងគុណតម្លៃរបស់ក្រុមហ៊ុនហើយនោះ អ្នកគួរតែប្រញាប់លើកទឹកចិត្តពួកគេ ហើយដំឡើងប្រាក់ខែ តំណែង ឬតួនាទីតែម្តងទៅ។ មូលហេតុសំខាន់មួយដែលអ្នកត្រូវធ្វើដូច្នេះ ពីព្រោះបុគ្គលិកបែបនេះនឹងជំរុញឲ្យមានផលិតភាពការងារខ្ពស់នៅក្នុងក្រុមហ៊ុន បង្កើនកិច្ចសហការ ធ្វើការងារជាក្រុម និងចូលរួមចំណែកក្រុមហ៊ុនឲ្យដើរទៅកាន់ទីតាំងដ៏ប្រសើរមួយជាលំដាប់។
២. ពួកគេដឹងច្បាស់ពីក្រុមហ៊ុន និងអាចរ៉ាប់រងការងារជំនួសអ្នកបាន
នេះអាចចាត់ទុកថា ជារឿងមួយមានសំណាងបំផុតសម្រាប់អ្នកដែលអ្នក អាចជ្រើសរើសបុគ្គលមួយដែលអាចដឹងយ៉ាងច្បាស់ពីក្រុមហ៊ុនរបស់អ្នក និងអាចរ៉ាប់រងការងារជំនួសអ្នកបាន។ បុគ្គលិកនេះអាចដឹងថា ពីមូលហេតុដែលត្រូវបង្កើតក្រុមហ៊ុនឡើង ដឹងទីតាំងអ្នកកំពុងតែឈរ ឬអាចដឹងពីអ្វីដែលអ្នកចង់ ធ្វើនៅថ្ងៃខាងមុខ។ ចំណុចនេះបានដើរស្របទៅនឹងវប្បធម៌ក្រុមហ៊ុន ប៉ុន្តែវាមានតម្លៃជាងនេះទៅទៀត។ នៅពេលបុគ្គលនោះអាចរ៉ាប់រងជំនួសអ្នកបាន ពួកគេនឹងលះបង់ និងខិតខំប្រឹងប្រែងធ្វើដើម្បីសម្រេចបានគោលដៅ។ មូលហេតុគ្រឹះសំខាន់របស់ពួកគេ គឺធ្វើការដើម្បីថ្ងៃខាងមុខ។
៣. ពួកគេស្វាគមន៍ឱកាសថ្មីៗ
នៅក្នុងក្រុមហ៊ុនបើអ្នកសង្កេតឃើញថា បុគ្គលិកណាមួយមិនបដិសេធន៍នូវរាល់សំណើរបស់អ្នក ហើយស្វាគមន៍នៅពេលមានឱកាសថ្មីៗ វាជាចំណុចវិជ្ជមានមួយនៅក្នុងក្រុមហ៊ុនរបស់អ្នកដែលមានធនធានបុគ្គលិកល្អបែបនេះ។ អ្នកត្រូវដឹងថា បុគ្គលិកល្អ កម្របោះបង់សំណើរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនណាស់បើទោះបីជាសំណើនោះតូចឬធំក៏ដោយ ព្រោះវាជាឱកាសធ្វើឲ្យពួកគេទទួលបានភាពជឿជាក់ ការពឹងពាក់ និងមានកេរ្តិ៍ឈ្មោះនៅក្នុងក្រុមហ៊ុន។ បុគ្គលិកនេះនឹងមានការប្តេជ្ញាខ្ពស់ដើម្បីសម្រេចបានតាមអ្វីដែលខ្លួនបានសន្យាដោយអាចនាំមកនូវដំណោះស្រាយ លទ្ធផលប្រកបដោយគុណភាព មិនមែនបញ្ហាមកឲ្យក្រុមហ៊ុននោះទេ។
៤. ពួកគេមានមហិច្ឆតាធំសម្រាប់ក្រុមហ៊ុន
បុគ្គលិកដែលមិនត្រឹមតែបង្កើតមហិច្ឆតាខ្លួនឯង ប៉ុន្តែមានមហិច្ឆតាធំសម្រាប់ធ្វើឲ្យក្រុមហ៊ុនជោគជ័យនៅពេលអនាគត គឺជាគុណសម្បត្តិដ៏សំខាន់ណាស់សម្រាប់អ្នក។ នៅពេលពួកគេមានមហិច្ឆតាដើម្បី ក្រុមហ៊ុន ពួកគេនឹងមានការប្ដេជ្ញាខ្ពស់ក្នុងការបំពេញតួនាទីការងារប្រកបដោយការយកចិត្តទុកដាក់ ឧស្សាហ៍ព្យាយាម ខិតខំបង្កើតប្រសិទ្ធភាពការងារ និងមានសុទិដ្ឋិនិយមជានិច្ច។
បើមានបុគ្គលិកបែបនេះទៅហើយ តើអ្នកនៅរង់ចាំអីទៀត? វាដល់ពេលដែលអ្នកគួរតែធ្វើរឿងភ្ញាក់ផ្អើលមួយដើម្បីតបស្នងដល់ការលះបង់របស់ពួកគេដើម្បីក្រុមហ៊ុនហើយ៕
ប្រភព៖ Entrepreneur