ក្បួន ៧យ៉ាង​ ដែល​សហគ្រិន​​ត្រូវ​​ដឹង​ មុន​ប្រគល់​ភារកិច្ច​ទៅ​​ឲ្យ​ក្រុម​ការងារ​​ធ្វើ​ការ​​​ជំនួស​​



នៅ​ពេល​អ្នក​ប្រឡូក​ក្នុង​អាជីវកម្ម អ្នក​​​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​​ និង​មាន​ការងារ​ធ្វើ​រាប់រាយ​ជំពូក។ អ្នក​តែម្នាក់ឯង​អាច​ដើរតួ​​យ៉ាង​ច្រើន​ដូច​ជា ជា​អ្នក​លក់ ជា​អ្នក​គ្រប់គ្រង​ដឹកនាំ ជា​បុគ្គលិក ជា​​អ្នក​ទំនាក់ទំនង ឬ​ជា​គណនេយ្យករ​ជា​ដើម។ មុន​ដំបូង​អ្នក​ពិត​ជា​រីករាយ​ក្នុង​តំណែង​ទាំង​​នេះ ប៉ុន្តែ​យូរៗ​ទៅ​អ្នក​មាន​អារម្មណ៍​កាន់តែ​ធុញថប់ ហត់​នឿយ​ច្រើន ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក​​សូម្បី​តែ​ថ្ងៃ​ចុង​សប្តាហ៍​ក៏​គ្មាន​ពេល​ផង។

នៅ​ពេល​ឈាន​ដល់​ដំណាក់កាល​នេះ វា​ជា​ពេលវេលា​ដ៏​សមគួរ​ដែល​អ្នក​ត្រូវ​ជ្រើសរើស​អ្នកណា​ម្នាក់ ឬ​ត្រូវ​ការ​ក្រុម​ការងារ​មួយ​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​អ្នក។ អ្នក​ត្រូវ​ដឹង​ថា​ ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​​ដោយ​ក្ដោបក្ដាប់​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ​តែ​ម្នាក់​ឯង មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ហើយ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ​ប្រគល់​ទៅ​មនុស្ស​ក្រោម​បង្គាប់​ផ្សេង​ទៀត​ និង​ត្រូវ​អនុវត្ត​តាម​​ក្បួន​ចំនួន ៧ នេះ៖

១. បង្ខំ​ខ្លួន​ឯង​ឲ្យ​ចេះ​ចែករំលែក​ការងារ
សហគ្រិន​ភាគច្រើន​​តែង​មាន​អាកប្បកិរិយា​​ជា​ធម្មជាតិ​​មួយ​នៅ​ក្នុង​ការងារ​របស់​ខ្លួន​​នោះ​គឺ ពួកគេ​ចង់​ធ្វើអ្វីៗ​គ្រប់យ៉ាង ​តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន និង​​ឲ្យ​បាន​ច្រើន​បំផុត​។ នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​កោតសរសើរ​មួយ​ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​​ដឹកនាំ​អាជីវកម្ម។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​នៅ​ទីបំផុត​អ្នក​ត្រូវ​បង្ខំ​ខ្លួនឯង​ឲ្យ​ធ្វើ​ការងារ​មួយចំនួន​ទោះបី​ជា​អ្នក​មិន​ចង់​​ធ្វើ​វា​ក៏ដោយ​ដែល​នោះ គឺ​ត្រូវ​ចេះ​​​​​ប្រគល់​ភារកិច្ច​ការងារ​ (Delegation) ទៅ​ឲ្យ​បុគ្គលិក​ក្រោមបង្គាប់​ធ្វើ​ជំនួស​អ្នក។

២. ត្រូវ​មាន​ភាព​សកម្ម​
ក្បួន​ទីពីរ​គឺ​​អ្នក​ត្រូវ​មាន​ភាព​សកម្ម​ជានិច្ច​​ទៅ​​លើ​​កិច្ចការ​ដែល​អ្នក​បាន​ប្រគល់​ទៅ​ឲ្យ​បុគ្គលិក​របស់​អ្នក។ ប្រសិន​បើ​អ្នក​រង់ចាំ​រហូត​ដល់​អ្នក​ក្រឡាប់​ចាក់​ និង​​ភ្លើង​ជិត​រលត់​ហើយ​​នោះ ការ​ចាត់ចែង​​ភារកិច្ច​ការងារ​មួយ​​ចំនួន​អាច​បញ្ចប់​ទៅ​ដោយ​ភាព​តានតឹង​ ហើយ​យឺត​ពេល​ទៀត​ផង។ ផ្ទុយទៅវិញ​អ្នក​ត្រូវ​​រៀបចំ​ចាត់ចែង​ការងារ​​នៅពេល​ដែល​ការងារ​របស់​អ្នក​កំពុង​​​រុល​ទៅ​មុខ​ខ្លាំង​ឲ្យ​បាន​ឆាប់​បំផុត។​ ​នេះ​អាច​រួមបញ្ចូល​ដូចជា​ ការ​ជួល​មនុស្ស​ថ្មី រៀបចំ​កត់ត្រា​ទុក​​ភារកិច្ច​របស់​អ្នក​ចូល​​ទៅ​ក្នុង​បញ្ជី​ ឬ​ជួយ​នរណា​ម្នាក់​​ឲ្យ​មក​អភិវឌ្ឍ​ជំនាញ​ថ្មី​ដើម្បី​រៀន​ធ្វើ​ការងារ​​ណា​មួយ​ជំនួស​អ្នក។

៣. ស្គាល់​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ក្រុម​ការងារ
នៅ​មុន​ពេល​អ្នក​ដាក់​ការងារ​ឲ្យ​ក្រុម​​ការងារ​របស់​អ្នក​ធ្វើ អ្នក​ត្រូវ​ដឹង​ថា តើ​ក្រុម​ការងារ​របស់​អ្នក​​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​អ្វី​ខ្លះ? ជា​ទូទៅ សមាជិក​ម្នាក់ៗ​នៅ​ក្នុង​ក្រុម​តែង​មាន​​គំនិត មធ្យោបាយ សកម្មភាព ឬ​​ការ​អនុវត្ត​មិន​ដូច​គ្នា​ទេ។ ហេតុដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​​ពួកគេ​ទទួល​ខុសត្រូវ​ការងារ​ជំនួស​អ្នក អ្នក​ត្រូវ​តែ​​ស្វែង​រក​ឲ្យ​ឃើញ​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្វះខាត​របស់​ពួកគេ។ ឧទាហរណ៍​ថា បុគ្គលិក​ A ត្រូវ​កែតម្រូវ​ចំណុច​អ្វី? បុគ្គលិក B ត្រូវ​រៀន​ចំណុច​ណា​ខ្លះ? ​បុគ្គលិក Cត្រូវ​ទទួល​ការងារ​​​ក្នុង​កម្រិត​ណា? ជា​ដើម។

៤. វិនិយោគ​ពេលវេលា​​ដើម្បី​បង្រៀន​ពួកគេ
នៅ​ពេល​អ្នក​ចង់​ផ្ទេរ​ភារកិច្ច​ការងារ​ណា​មួយ​ វា​ជា​រឿង​ងាយស្រួល​សម្រាប់​អ្នក ព្រោះ​អ្នក​មាន​​មធ្យោបាយ ឬ​យុទ្ធសាស្ត្រ​ខ្លួន​ឯង។ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា អ្នក​ទទួល​ភារកិច្ច​បន្ទាប់​ដែល​ជា​បុគ្គលិក​របស់​អ្នក​អាច​យល់ ធ្វើ​បាន ឬ​ដឹង​ពី​​របៀប​ធ្វើ​វា​ទាំង​ស្រុង​តាម​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ទេ។ នេះ​ទាមទារ​ឲ្យ​អ្នក​ត្រូវ​​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​បង្ហាញ​ផ្លូវ និង​​បង្ហាត់​បង្រៀន​បណ្តុះបណ្តាល​​ពួកគេ ព្រោះ​មានតែ​មធ្យោបាយ​នេះ​តែប៉ុណ្ណោះ​ដែល​​​អាច​ផ្តល់​លទ្ធផល​ល្អ​មក​អ្នក​វិញ។

៥. ដាក់​ការ​រំពឹង​ទុក​​របស់អ្នក​​ឲ្យ​បាន​ច្បាស់លាស់
នៅពេល​ប្រគល់​ភារកិច្ច​​ការងារ ​អ្នក​ត្រូវ​មាន​ភាព​ជាក់លាក់​​អំពី​ការ​រំពឹង​ទុក​របស់​អ្នក​ថា តើ​អ្នក​ចង់​បាន​អ្វី? អ្នក​ត្រូវ​​ឲ្យ​​ក្រុម​ការងារ​​​របស់​អ្នក​ដឹង​​​ឲ្យ​ច្បាស់​​​​ថា តើ​​​ភារកិច្ច​​របស់​អ្នក​ត្រូវ​បញ្ចប់​​ដោយ​របៀបណា? ត្រូវ​បញ្ចប់​នៅ​ពេល​ណា? ប្រសិន​បើ​​មាន​សមាជិក​ក្រុម​ការងារ​ជា​ច្រើន​នឹង​​​ទទួល​គម្រោង​របស់​អ្នក អ្នក​ត្រូវ​បែងចែក​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​ម្នាក់ៗ​ឲ្យ​បាន​ច្បាស់​ ឬ​យ៉ាងហោចណាស់​ចាត់តាំង​អ្នកណា​ម្នាក់​ដែល​មាន​សមត្ថភាព​លេចធ្លោ​ជាងគេ​ឲ្យ​ទទួល​ខុសត្រូវ​។ នៅ​ពេល​អ្នក​បាន​បែងចែក​ការងារ​ត្រឹមត្រូវ ពួកគេ​នឹង​អាច​ជៀសវាង​កំហុស​ឆ្គង​នៅ​ពេល​ទទួល​ភារកិច្ច​ការងារ​ពី​អ្នក។

៦. ​ផ្តល់​ទំនុកចិត្ត ប៉ុន្តែ​ត្រូវ​តាមដាន​ការងារ​របស់​ពួកគេ​ជា​ប្រចាំ​
ដរាបណា​អ្នក​មិន​មាន​ភាព​ជឿជាក់​លើ​ក្រុម​ការងារ​របស់​អ្នក​​ទេ​នោះ អ្នក​ក៏​គ្មាន​ឱកាស​​អាច​ជ្រើសរើស​បាន​មនុស្ស​ល្អ​មក​ធ្វើ​ការងារ​ឲ្យ​អ្នក​នោះ​ដែរ។ នៅ​ពេល​អ្នក​បាន​ប្រគល់​ភារកិច្ច​​មួយ​ និង​​បាន​កំណត់​ថ្ងៃ​បរិច្ឆេទ​​ច្បាស់លាស់​ពី​ការងារ​​ដែល​ត្រូវ​បញ្ចប់ វា​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ផ្តល់​ទំនុកចិត្ត​ដល់​ពួកគេ​​ថា ពួកគេ​ពិត​ជា​អាច​ធ្វើ​បាន។ យ៉ាងណាក៏ដោយ អ្នក​មិន​អាច​ទុក​ពួកគេ​ចោល​នោះ​ទេ។ អ្នក​ចាំបាច់​ត្រូវ​បង្កើត​ប្រព័ន្ធ ទំនាក់ទំនង​មួយ ជាប្រចាំ​ដើម្បី​តាមដាន​សកម្មភាព​ការងារ​របស់​ពួកគេ​ថា តើ​ពួកគេ​ធ្វើ​ដល់​ណា​ហើយ? បាន​លទ្ធផល​អ្វី ខ្លះ​ហើយ? មាន​បញ្ហា​អ្វី​ខ្លះ? នៅ​ពេល​អ្នក​បាន​តាមដាន​សកម្មភាព​ទាំង​នេះ​បាន​ល្អិតល្អន់ អ្នក​នឹង​មាន​ពេល​ច្រើន​សម្រាប់​​កែតម្រូវ​ ឬ​បំពេញ​នូវ​ចំណុច​ខ្វះខាត​មុន​ពេល​ថ្ងៃ​បរិច្ឆេទ​ចូល​មកដល់។

៧. ផ្តល់​អនុសាសន៍ ឬ​ទទួល​យក​មតិ​កែលំអ
ចំណុច​សំខាន់​ចុងក្រោយ​មួយ​ទៀត គឺ​អ្នក​ត្រូវ​ទទួល​យក​នូវ​អនុសាសន៍ ឬ​មតិ​រិះគន់​កែលំអ​នានា​ពី​បុគ្គលិក​របស់​អ្នក​នៅ​ពេល​ការងារ​នោះ​ត្រូវ​បាន​បញ្ចប់។ ជា​ទូទៅ​អ្នក​ពិត​ជា​ចង់​បាន​លទ្ធផល​ដូច​ចិត្ត​នៅ​ពេល​ប្រគល់​ភារកិច្ច​ដល់​ក្រុម​ការងារ ក៏ប៉ុន្តែ​​ការ​អនុវត្ត​ការងារ​នោះ អាច​​នឹង​ជួប​បញ្ហា​នានា​ ហើយ​មិន​ងាយស្រួល​ដូច​អ្នក​និយាយ។ ម្ល៉ោះហើយ​អ្នក​ត្រូវ​បើក​ឱកាស​ឲ្យ​បុគ្គលិក​ម្នាក់ៗ​លើក​សំណើ ផ្តល់​មតិយោបល់ និង​បង្ហាញ​ពី​គំនិត​នានា​​ដែល​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​គម្រោង​ការងារ​របស់​អ្នក​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​លើក​ក្រោយ​ទៀត៕

ប្រភព៖ Entrepreneur ​​

X
5s