មូលហេតុ ៥យ៉ាង ដែលធ្វើឲ្យក្រុមហ៊ុនដួលរលំ
មានការលើកឡើងជាច្រើនដែលថា កង្វះខាតបទពិសោធន៍របស់អ្នកដឹកនាំក្រុមហ៊ុនគឺជាកត្តាមួយដែលធ្វើឲ្យក្រុមហ៊ុនដួលរលំ។ ប៉ុន្តែនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ តើអ្នកអាចដឹងពីចម្លើយទាំងនោះដែរឬទេ?
អស់រយៈពេល៤ឆ្នាំមជ្ឈមណ្ឌលអូស្ត្រាលីដើម្បីការលូតលាស់ក្នុងអាជីវកម្ម (Australian Centre for Business Growth) បានសម្ភាសន៍នាយកប្រតិបត្តិក្រុមហ៊ុន (CEO) ជាច្រើននាក់ដែលធ្លាប់មានបទពិសោធន៍បរាជ័យក្នុងអាជីវកម្ម។ ជាលទ្ធផលអ្នកទាងនោះបានលើកឡើងពីហេតុផលជំនូន ២៥៣ ហើយមានហេតុផលស្រដៀងៗគ្នាធំៗចំនួន៥ ខាងក្រោមនេះដែលធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេដួលរលំ។
១) ខ្វះការស្រាវជ្រាវទីផ្សារ និងខ្វះយុទ្ធសាស្ត្រក្នុងការលក់ (Poor Market Research, Marketing and Sales)
មាននាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនច្រើនណាស់ដែលបានលើកឡើងថា ខ្លួនមិនបានធ្វើការស្រាវជ្រាវទីផ្សារគ្រប់គ្រាន់ដូចជាទំហំទីផ្សារមានប៉ុន្មាន ឬមិនបានយល់ច្បាស់ពីទីផ្សារដែលខ្លួនកំពុងធ្វើនោះទេ។ CEO ទាំងនោះមិនបានធ្វើឲ្យផលិត ឬសេវាកម្មរបស់ខ្លួនមានសុពលភាពគ្រប់គ្រាន់ឡើយ ហើយមិនទទួលបានសមិទ្ធផលច្រើននោះដែរនៅមុនពេលចំណាយលុយច្រើនលើការធ្វើទីផ្សារ។ បន្ថែមលើនេះ នាយកប្រតិបត្តិខ្លះទៀតថែមទាំងមិនបានដឹងទេថា ផលិតផល ឬសេវាកម្មរបស់ខ្លួនឈរនៅទីតាំងណា? ខុសប្លែកពីគូប្រជែងត្រង់ណា? ហើយក៏បានដឹងដែរថា តើតម្រូវការ និងការផ្គត់ផ្គង់មានប៉ុន្មានដែរ? នេះមិនទាន់រាប់បញ្ចូលទាំងជំនាញលក់របស់អ្នកគ្រប់គ្រងទាំងនេះដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលក់ យល់ដឹងមិនច្បាស់ពីមូលដ្ឋានគ្រឹះក្នុងការបង្កើតលុយ មិនស្គាល់អតិថិជនស្នួល ខ្វះការប្ដេជ្ញាចិត្តក្នុងការលក់ ហើយជាពិសេសនោះគឺខ្វះយន្តការតាមដានសកម្មភាពអាជីវកម្មរបស់ខ្លួន និងខ្វះមតិកែលំអមកវិញ។
២) មានបញ្ហាគ្រប់គ្រងហិរញ្ញវត្ថុ (Inadequate Financial Management)
ហេតុផលមួយទៀតដែលធ្វើឲ្យក្រុមហ៊ុនបរាជ័យ គឺទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុរបស់នាយកប្រតិបត្តិ ឬអ្នកគ្រប់គ្រង និងកង្វះខាតទុនដើម្បីទ្រទ្រង់ដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។ មាន CEO ច្រើនណាស់ដែលបានសារភាពថា ខ្លួនមិនមានចំណេះដឹង ឬបានដឹងតិចតួចពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ និង គ្រប់គ្រងហិរញ្ញវត្ថុមិនបានគ្រប់ជ្រុងជ្រោយហើយមួយចំនួនតូចបានកត់សម្គាល់ឃើញថា ហិរញ្ញវត្ថុមួយចំនួនត្រូវបានគេកេងប្រវ័ញ្ច។ ក្រៅពីនេះ CEO ខ្លះទៀតនិយាយថា ខ្លួនមានសុទិដ្ឋិនិយមរឿងលុយកាក់ច្រើនហួសហេតុពេក មានគំរូចំណាយចំណូលមិនត្រឹមត្រូវ មិនបានបង្កើនចំណាយឆ្លើយតបទៅនឹងតម្រូវការសម្រាប់ផ្គត់ផ្គង់ ព្រមទាំងបានបរាជ័យក្នុងការព្យាករណ៍ពីផលប៉ះពាល់នៃកំណើនយ៉ាងឆាប់រហ័សលើលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន។ បញ្ហាមួយទៀតគឺស្វែងរកដើមទុនដើម្បីពង្រីកក្រុមហ៊ុន។ អសមត្ថភាពក្នុងការរកទុនសម្រាប់បន្តជំនួញ ខ្វះដៃគូមកវិនិយោគ ឬបោះទុនរួមគ្នាដោយពឹងផ្អែកលើអតិថិជនច្រើនពេក មិនអាចរកប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីគាំទ្រដល់កំណើន និងគ្រប់គ្រងគម្រោងមិនបានបានត្រឹមត្រូវគឺជាបញ្ហាដ៏ធំមួយប៉ះពាល់ដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។
៣) ខ្វះសមត្ថភាពជាអ្នកដឹកនាំ និង ជំនាញគ្រប់គ្រង (Poor Leadership and Management Skills)
ភាពជាអ្នកដឹកនាំគឺដើម្បីធ្វើឲ្យប្រាកដថា ក្រុមហ៊ុនបានផ្ដោតលើអ្វីដែលត្រឹមត្រូវដូចជាគោលដៅ ទីផ្សារ អតិថិជន ផលិតផល និងផែនការ។ ការគ្រប់គ្រងគឺដើម្បីធានាថា អ្វីៗទាំងនេះពិតជាបានធ្វើឡើងដោយត្រឹមត្រូវតាមផែនការកំណត់ដែលក្រុមហ៊ុនចង់បាន។ ប៉ុន្តែជារឿងមួយគួរឲ្យសោកស្តាយពីព្រោះថា មាន CEO ក្រុមហ៊ុនជាច្រើនបានខ្វះសមត្ថភាពជាអ្នកដឹកនាំ ខ្វះការផ្ដោតយកចិត្តទុកដាក់ ខ្វះចក្ខុវិស័យ និងខ្វះជំនាញទំនាក់ទំនង។ ពួកគេបានព្យាយាមដឹកនាំក្រុមហ៊ុនដោយខ្លួនឯង មិនបានស្វែងយល់ថា មានអ្វីកើតឡើង ឬមិនបានដឹងថា ត្រូវត្រៀមខ្លួនដោយរបៀបណាសម្រាប់ជំហានបន្ទាប់ ព្រមទាំងខ្វះចំណេះដឹងវិជ្ជាជីវៈពីរបៀបដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុនដែលធ្វើឲ្យការសម្រេចចិត្តមិនទទួលបានប្រសិទ្ធភាព។ ដោយសារតែបញ្ហាទាំងនេះហើយទើបប្រធានក្រុមហ៊ុនជាច្រើនដឹកនាំក្រុមហ៊ុនតាមវិធីដដែលៗ និងទទួលបានសមិទ្ធផលដដែលៗមិនសមអ្វីដែលខ្លួនចង់បាន។
៤) ខ្វះផែនការអាជីវកម្ម និងអនុវត្តមិនគ្រប់ជ្រុងជ្រោយ (Lack of Planning and Execution)
មាននាយកប្រតិបត្តិក្រុមហ៊ុនច្រើនណាស់ដែលមិនបានយល់ថា ទិសដៅរបស់ក្រុមហ៊ុនគឺជាការងារចម្បងដែលពួកគេត្រូវធ្វើ ប៉ុន្តែបានដឹងថា ចំណុចខ្វះខាតក្នុងការរៀបចំផែនការអាជីវកម្ម និងអនុវត្តគម្រោងមិនបានគ្រប់ជ្រុងជ្រោយនាំឲ្យក្រុមហ៊ុនបរាជ័យ។ មានCEO តិចតួចណាស់ដែលបានបង្កើតបេសកកម្មយ៉ាងច្បាស់លាស់មួយដែលកំណត់នូវគុណតម្លៃ ចក្ខុវិស័យរយៈពេលវែងទៅមុខសម្រាប់ក្រុមហ៊ុន យុទ្ធសាស្ត្រការពារហានិភ័យ និងអភិវឌ្ឍផែនការអាជីវកម្ម សម្រាប់ឱកាសរីកចម្រើនទៅមុខ។ យ៉ាងណាមិញ បើទោះបីជា CEO ទាំងនោះមានផែនការអាជីវកម្មល្អឥតខ្ចោះយ៉ាងណាក្តី ក៏មានពេលខ្លះខ្លួនមិនអាចដើរតាមផែនការអាជីវកម្មនោះបានទាំងស្រុងនោះដែរ។ ក្នុងនាមជាប្រធានក្រុមហ៊ុន ឬ CEO ក្រុមហ៊ុនដ៏ជោគជ័យម្នាក់ ខ្លួនត្រូវយល់ពីតម្រូវការដែលចាំបាច់សម្រាប់កំណត់គោលដៅមួយដ៏ច្បាស់លាស់ អាចវាយតម្លៃបាន ផ្តល់មធ្យោបាយ ឬធនធានសម្រាប់អនុវត្ត និងត្រូវផ្ទេរការងារទៅតាមឋានានុក្រមក្រោមរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឲ្យទទួលខុសត្រូវការងាររៀងៗខ្លួនដើម្បីសម្រេចគោលដៅនោះ។
៥) កត្តាផ្សេងៗខាងក្រៅក្រុមហ៊ុន (Blindsided by Externalities )
បញ្ហាមួយចំនួនដែលបង្កឡើងដោយកត្តាខាងក្រៅក្រុមហ៊ុន ដូចជាព្រឹត្តិការណ៍ ឬហេតុការណ៍ផ្សេងៗ គឺអាចជះឥទ្ធិពលខ្លាំងក្លាដល់ដង្ហើមក្រុមហ៊ុនទាំងមូល។ គ្រោះរាំងស្ងួត ព្យុះ អគ្គីភ័យ គ្រោះទឹកជំនន់ បញ្ហាសេដ្ឋកិច្ច នយោបាយ កំណែទម្រង់ពន្ធដារ កំហុសក្នុងការទូទាត់សាច់ប្រាក់ដោយឥតព្រាងទុក ការផ្លាស់ប្ដូរគោលនយោបាយលទ្ធកម្មរបស់អតិថិជន ការប្រែប្រួលក្នុងអត្រាប្ដូរប្រាក់ ទាំងអស់នេះបានផ្តល់លទ្ធភាពឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនមានសមត្ថភាពគ្រប់គ្រងបន្តិចបន្តួច ឬសឹងតែគ្មានផង។ យ៉ាងណាក៏ដោយ បើទោះបីជាពេលខ្លះវាមិនទាន់កើតឡើងក៏ដោយ អ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ចាំបាច់ត្រូវតែទទួលស្គាល់ពីហានិភ័យទាំងនេះដែលអាចក្លាយជាសុបិន្ដអាក្រក់នៅពេលនាខ្លួនកំពុងព្យាយាមដឹកនាំក្រុមហ៊ុនឲ្យរីកចម្រើនទៅមុខ។ ដូច្នេះក្រៅពីការបង្កើតផែនការអាជីវកម្មល្អមួយហើយនោះ ម្ចាស់ក្រុមហ៊ុននីមួយៗចាំបាច់ត្រូវបង្កើតយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យដើម្បីផ្តល់លទ្ធភាពឲ្យខ្លួនអាចអនុវត្តផែនការអាជីវកម្មប្រកបដោយភាពជោគជ័យបាន៕
ប្រភព៖ entrepreneur