ហេតុផល ៧ យ៉ាងដែលធ្វើឲ្យបុគ្គលិកលាឈប់ពីការងារ​



ហេតុអ្វីត្រូវលាឈប់ពីការងារ? ជាការពិតមានហេតុផលច្រើនណាស់ដែលធ្វើឲ្យបុគ្គលិកម្នាក់លាឈប់ពីការងារ ហើយស្វែងរកទ្រនំថ្មី។ ភាពអសកម្មមួយចំនួនរបស់ក្រុមហ៊ុនដែលមិនអាចបំពេញបានតាមតម្រូវការរបស់បុគ្គលិក ទីបំផុតនឹងអាចធ្វើឲ្យក្រុមហ៊ុននោះបាត់បង់បុគ្គលិកល្អ ។ ជៀសវាងបញ្ហានេះកើតឡើង ម្ចាស់អាជីវកម្ម សហគ្រាស ឬស្ថាប័នដែលជួលបុគ្គលិកមកធ្វើការ គួរពិនិត្យមើលចំណុចខ្វះខាតខាងក្រោមនេះ៖

១) បុគ្គលិកត្រូវការលុយ ស្តាប់ទៅដូចជាអាត្មានិយមបន្តិច ប៉ុន្តែនេះជារឿងពិតដែលបុគ្គលិកម្នាក់ៗធ្វើការដើម្បីលុយ និងចំណេះ។ លុយអាចជួយលើកទឹកចិត្តឲ្យបុគ្គលិកខំធ្វើការជាងមុន។ យោងតាមការស្រាវជ្រាវរបស់សមាគមអន្តរជាតិសម្រាប់ការស្រាវជ្រាវការអភិវឌ្ឍន៍ (ICEDR) បានឲ្យដឹងថា ក្រុមហ៊ុនមួយដែលមិនបានផ្តល់ប្រាក់ខែឲ្យបានត្រឹមត្រូវ និងមិនសមរម្យដល់បុគ្គលិក គឺជាមូលហេតុសំខាន់បំផុតមួយធ្វើឲ្យបុគ្គលិកលាឈប់ ពីការងារ។

២) កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ ការស្រាវជ្រាវរបស់ ICEDR ដដែលបានរកឃើញថា មូលហេតុចម្បងមួយទៀតធ្វើឲ្យបុគ្គលិកលាឈប់ពីការងារគឺក្រុមហ៊ុន ឬស្ថាប័ននោះមិនបានឱកាសគ្រប់គ្រាន់ដល់បុគ្គលិកសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍខ្លួន។ បុគ្គលិកជាបុរស ៦៥% បានលើកឡើងថា បញ្ហានេះជាកត្តាមួយធ្វើឲ្យពួកគេសម្រេចដើរចេញ។

៣) ការងារទាបជាងសមត្ថភាពបុគ្គលិក ការស្រាវជ្រាវរបស់ ICEDR បាននិយាយថា មានគុណវិបត្តិមួយនៅពេលការងារដែលបុគ្គលិកម្នាក់ធ្លាប់ធ្វើបានក្លាយជាការងារមួយស្ថិតនៅក្រោមសមត្ថភាពរបស់ពួកគេឆ្ងាយពេក។ បញ្ហាត្រង់ថា បើបុគ្គលិកម្នាក់ៗយល់ថា សមត្ថភាពរបស់ខ្លួនមានការអភិវឌ្ឍកាន់តែច្រើន មិនស័ក្តិសមនឹងតំណែងពីមុនមក ការទាមទាររបស់ពួកគេទៅថ្នាក់លើ ចង់បាននេះចង់បាននោះមានកាន់តែច្រើនឡើង។ ដូចនេះបើសំណើពួកគេបរាជ័យ ពួកគេនឹងចាកចេញដោយគិតថា មានកន្លែងថ្មីនៅរង់ចាំទៀត។

៤) ខ្វះការសហការនៅក្នុងក្រុមហ៊ុន នៅពេលក្រុមហ៊ុនមួយត្រូវបានគេមើលឃើញថា ខ្វះភាពសហប្រតិបត្តិការរវាងបុគ្គលិកម្នាក់ទៅកាន់បុគ្គលិកម្នាក់ទៀត ឬ រវាងបុគ្គលិកម្នាក់ទៅកាន់ថ្នាក់លើហើយនោះ ការថ្នាំងថ្នាក់របស់បុគ្គលិកនឹងចោទជាបញ្ហាឡើង។ ICEDR បានបញ្ជាក់ថា បុគ្គលិក ៧១% នៅជុំវិញពិភពលោកបានលើកយកបញ្ហានេះជាកត្តាចម្បងមួយក្នុងការចាកចេញ។

៥) បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ បុគ្គលិកគ្រប់រូបនឹងសប្បាយចិត្តនៅពេលដែលថ្នាក់លើបានលើកសរសើរពីសមិទ្ធផលការងារ ឬ បានយកចិត្តទុកដាក់ពីតម្រូវការនានារបស់បុគ្គលិកម្នាក់ៗ។ យ៉ាងណាមិញ ការអនុវត្តជាក់ស្តែងបញ្ហាមិនឲ្យតម្លៃលើបុគ្គលិកតែងកើតមានរឿយៗ។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CareeBuilder បានឲ្យដឹងថា បុគ្គលិកមានភាពកក់ក្តៅនៅក្នុងក្រុមហ៊ុនប្រសិនបើពួកគេត្រូវបានផ្តល់តម្លៃដូចជា ដំឡើងប្រាក់ខែ ផ្តល់រង្វាន់លើកទឹកចិត្ត ឬរៀបចំដំណើរកម្សាន្តឲ្យបុគ្គលិកជាដើម។ បើចំណុចទាំងនេះអវត្តមានហើយនោះ ការដើរចេញនឹងក្លាយជាជម្រើសរបស់បុគ្គលិក។

៦) ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក នៅអាមេរិក បុគ្គលិកជិត ៦ នាក់នៅក្នុងចំណោម ១០ នាក់បានធ្វើការលើស ៤០ ម៉ោងក្នុងមួយសប្តាហ៍។ ប៉ុន្តែមិនមែនមានន័យថា ពួកគេពេញចិត្តនឹងការងាររបស់ខ្លួនខ្លាំងនោះឡើយ។ ក្រុមហ៊ុនស្រាវជ្រាវ EY ដ៏ល្បីល្បាញបានបង្ហាញថា ក្រុមហ៊ុនមួយដែលបង្ខំឲ្យបុគ្គលិកធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តលាឈប់របស់ពួកគេបើមិនរយៈពេលខ្លី ក៏រយៈពេលយូរទៅមុខដែរ។

៧) បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន យោងតាម ICEDR បានបង្ហាញថា ភាពឯកោរបស់បុគ្គលិកដែលឃ្លាតឆ្ងាយពីបេសកកម្ម និងគោលដៅរបស់ក្រុមហ៊ុននឹងធ្វើឲ្យបុគ្គលិកបាត់បង់ទំនុកចិត្ត។ បញ្ហានេះដោយសារតែអ្នកគ្រប់គ្រងអាចមានចេតនាមិនចង់ឲ្យបុគ្គលិកតូចតាចដឹង ឬមិនសូវបានលើកយកមកបង្ហាញដល់បុគ្គលិក។ នេះបានជំរុញឲ្យបុគ្គលិកខ្វះមហិច្ឆតា និងមានអារម្មណ៍ថា ពួកគេមិនបានរួមចំណែកច្រើនសម្រាប់ជួយឲ្យក្រុមហ៊ុនជោគជ័យនៅថ្ងៃខាងមុខដែលទីបំផុតធ្វើឲ្យពួកគេសម្រេចចិត្តដើរចេញ៕

ប្រភព៖ businessinsider

X
5s