វិធី៤យ៉ាង​ដើម្បី​ជំរុញ​កម្លាំង​ចិត្ត​របស់​ខ្លួនឯង​ឲ្យ​ខិតខំ​ធ្វើការ​ នៅពេលគ្មាន​អារម្មណ៍ចង់ធ្វើ​



មាន​ថ្ងៃ​ខ្លះ​អ្នក​ស្រាប់តែ​មាន​កម្លាំង​ចិត្ត​ខ្លាំងក្លា ដែល​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វីៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​អាច​ដោះស្រាយ​បញ្ហា​អ្វីៗ​បាន។ តែ​មាន​ថ្ងៃ​ខ្លះ​វិញ​អ្នក​ក៏​ស្រាប់តែ​មិន​មាន​អារម្មណ៍​ក្នុង​ខ្លួន មិន​អាច​ផ្ចង់​អារម្មណ៍​បាន​មូល​ទៅលើ​ការងារ ដែល​ជា​ហេតុ​នាំឲ្យ​លទ្ធផល​ការងារ​របស់​អ្នក​ក៏​មិន​បាន​ល្អ។ តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ជំរុញ​កម្លាំង​ចិត្ត​របស់​ខ្លួនឯង​ឲ្យ​ខិតខំ​ធ្វើការ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ?

១) កុំ​មើល​វា​ថា​ជា​ការងារ​លំបាក៖ ជាជាង​សម្លឹង​មើល​ការងារ​របស់​អ្នក​ថា​ជា​ការងារ​លំបាក អ្នក​គួរតែ​ចេះ​សម្លឹង​មើល​វា​ជា​បញ្ហា​ដែល​អាច​អភិវឌ្ឍ​ខ្លួន​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​មាន​សមត្ថភាព​និង​ភាព​ច្នៃប្រឌិត។ ព្យាយាម​សម្លឹង​វា​ថា​ជា​បញ្ហា​ដែល​បំផុស​ឡើង​មក​ដើម្បី​ធ្វើការ​ពិសោធន៍​ទៅលើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អ្នក។

២) បំបែក​គោលដៅ​របស់​អ្នក​ជា​ដំណាក់កាល​តូចៗ៖ របស់​ដែល​បាន​មក​ដោយ​លំបាក នៅ​ពេល​ដែល​ទទួល​បាន​មក​ហើយ នឹង​ធ្វើឲ្យ​អ្នក​មាន​មោទនភាព និង​ចេះ​ឲ្យ​តម្លៃ​ទៅលើ​វា។ នៅ​ពេល​អ្នក​មាន​គោលដៅ​ធំ​មួយ ហើយ​បំបែក​គោលដៅ​នេះ​ជា​ដំណាក់កាល​តូចៗ នោះ​នៅ​ពេល​អ្នក​ឆ្លងកាត់​ដំណាក់កាល​តូចៗ​នីមួយៗ​ហើយ ភាព​ជោគជ័យ​ទៅលើ​ដំណាក់កាល​តូចៗ​ទាំងនេះ​នឹង​បង្ហាញ​ពី​ភាព​រីកចម្រើន​ទៅ​មុខ ហើយ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ខិតខំ​ធ្វើការ​តទៅ​មុខ​ទៀត។

៣) អាន​សៀវភៅ៖ បុគ្គល​ជោគជ័យ​ជាច្រើន​រូប​នៅ​លើ​ពិភពលោក​សុទ្ធតែ​បាន​លើកឡើង​ពី​ភាព​ជោគជ័យ​របស់​ពួកគេ​ដែល​ជា​លទ្ធផល​ទទួល​បាន​ពី​ការ​អាន​សៀវភៅ។ ទម្លាប់​ល្អ​នឹង​ផ្ដល់​ផ្លែផ្កា​ឲ្យ​ជីវិត​របស់​អ្នក​ល្អ​ដែរ តួយ៉ាង​ដូច​ជា​ការ​បណ្ដុះ​ទម្លាប់​អាន​សៀវភៅ​ជាដើម ជាពិសេស​គឺ​សៀវភៅ​ល្អ​ថែម​ទាំង​អាច​កែប្រែ​ផ្លាស់ប្ដូរ​ជីវិត​អ្នក​ទៀត​ផង។ ការ​អាន​សៀវភៅ​ក៏​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ ដែល​ជួយ​ដល់​ផ្នែក​កម្លាំង​ចិត្ត​របស់​អ្នក​ឲ្យ​មាន​ភាព​ក្លៀវក្លា​ដែរ។

៤) ឈប់​ខ្វាយខ្វល់​ពី​រឿងរ៉ាវ​ដែល​ឥត​បាន​ការ៖ មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធតែ​ជា​អ្នក​ពូកែ​គិត រហូត​ទាល់តែ​មិន​អាច​ចេះ​ឈប់​គិត​សោះ។ រឿង​នេះ​អ្នក​នឹង​ពិសោធន៍​ឃើញ​ដោយ​ខ្លួនឯង​ច្បាស់​នៅ​ពេល​អ្នក​អង្គុយ​សមាធិ។ រឿងរ៉ាវ​ណា​ដែល​គិត​ទៅ​នាំ​តែ​ឲ្យ​ចិត្ត​របស់​អ្នក​សៅម៉ង មិន​ស្រណុក​កាយ​ចិត្ត អន្ទះអន្ទែង ខឹង​ក្ដៅ​ក្រហាយ​ជាដើម រឿង​ទាំងនោះ​មិន​គួរ​អ្នក​យក​មក​គិត​នោះ​ឡើយ គួរតែ​រៀន​ចេះ​គ្រប់គ្រង​ចិត្ត​របស់​ខ្លួន​និង​ប្រលែង​អ្វីៗ​ទៅ​តាម​ធម្មជាតិ​របស់​វា៕

ដោយ៖ ស្រីពៅ សូមអាន៖ សកម្មភាព​ចំនួន​៥​ដែល​អ្នក​អាច​​អនុវត្ត ដើម្បី​បង្កើន​ថាមពល​របស់​អ្នក នៅ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់

X
5s