៣ជំហាន ដែលអ្នកដឹកនាំអាចអនុវត្តដើម្បីបង្កើនការលក់របស់សមាជិកក្រុម
ក្នុងនាមជាអ្នកដឹកនាំនៃសមាជិកក្រុមផ្នែកលក់ ជាជាងសួរទៅកាន់ពួកគេថា ហេតុអ្វីពួកគេមិនអាចសម្រេចការលក់បានច្រើន ? អ្នកគួរតែផ្លាស់ប្ដូរសំណួររបស់អ្នកទៅជា តើខ្ញុំអាចជួយអ្វីបានខ្លះដើម្បីឲ្យពួកគេអាចសម្រេចការលក់បានច្រើន ? ដូច្នេះហើយជាមួយនឹងជំហានទាំង៣ដែលមានរៀបរាប់នៅខាងក្រោម អ្នកអាចយកទៅអនុវត្តជាមួយសមាជិកក្រុមរបស់អ្នកដើម្បីបង្កើនការលក់ឲ្យមានប្រសិទ្ធភាពបាន។
១) ត្រូវប្រាកដថាសមាជិកក្រុមរបស់អ្នកជឿជាក់ទៅលើផលិតផលដែលពួកគេកំពុងលក់៖ អ្នកដឹកនាំមានតួនាទីសំខាន់ណាស់ក្នុងការពន្យល់សមាជិកក្រុមយ៉ាងណា ដើម្បីឲ្យពួកគេយល់ពីមូលហេតុដែលពួកគេគឺជាចំណែកមួយនៃក្រុម ហេតុអ្វីតួនាទីរបស់គេសំខាន់ និងថាតើផលិតផលដែលពួកគេលក់នោះនឹងអាចកែប្រែការរស់នៅរបស់អតិថិជនឲ្យប្រសើរឡើងយ៉ាងដូចម្ដេច។ នៅពេលពួកគេបានយល់ពីចំណុចទាំងនេះហើយ នោះពួកគេនឹងផ្ដល់សារសំខាន់ចំពោះឥរិយាបថរបស់ខ្លួនឯងចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។
២) ហ្វឹកហាត់សមាជិកក្រុមរបស់អ្នកពីយុទ្ធសាស្ត្រនៃការលក់៖ ពួកគេចាំបាច់ត្រូវយល់ដឹងឲ្យបានល្អិតល្អន់ពីព័ត៌មានទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងផលិតផលរបស់ក្រុមហ៊ុន ពោលគឺស្គាល់ពីអ្វីដែលខ្លួនកំពុងតែលក់ ពុំនោះទេពួកគេនឹងមិនអាចឆ្លើយសំណួរដែលអតិថិជនសួរនាំពួកគេនោះឡើយ។ ម្យ៉ាងទៀត តើអ្នកលក់ផលិតផលតាមរយៈអ្វី ? បណ្ដាញសង្គម ឬក៏តាមរយៈការដើរលក់ផ្ទាល់ ? ក្រុមហ៊ុននីមួយៗសុទ្ធតែមានយុទ្ធសាស្ត្រលក់ខុសៗប្លែកពីគ្នា។ ហេតុនេះ អ្នកដឹកនាំត្រូវហ្វឹកហាត់សមាជិកខ្លួនទៅតាមយុទ្ធសាស្ត្រនោះឲ្យបានម៉ត់ចត់ផងដែរ។
៣) ឆក់យកឱកាសពីបច្ចេកវិទ្យាដើម្បីបង្កើនការលក់៖ សព្វថ្ងៃនេះមានបច្ចេកវិទ្យាជាច្រើនមិនថាជាកម្មវិធីផ្សេងៗឬគេហទំព័រជាដើម ដែលអាចបម្រើការជាប្រយោជន៍ដ៏ច្រើនសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ វាគឺជាឱកាសល្អមួយដែលអ្នកអាចឆក់យកបាន ដើម្បីប្រើប្រាស់វាសម្រាប់បង្កើនការលក់របស់សមាជិកក្រុមអ្នកឲ្យមានប្រសិទ្ធភាព៕
ដោយ៖ ស្រីពៅ សូមអាន៖ រឿងទាំង ៤យ៉ាងគ្មាននរណាម្នាក់និយាយប្រាប់អ្នក មុនពេលចាប់ផ្ដើមអាជីវកម្មនោះទេ