ចំណុច ៣យ៉ាងដែលអ្នកដឹកនាំគួរប្រើប្រាស់ ដើម្បីលើកទឹកចិត្តបុគ្គលិកឲ្យខិតខំធ្វើការ
ការចេះលើកទឹកចិត្តបុគ្គលិកគឺជាកត្តាដ៏ចម្បងមួយ ដែលនាំឲ្យក្រុមហ៊ុនរបស់អ្នកឆ្ពោះទៅរកការរីកចម្រើនបាន។ ពួកគេគ្រប់ៗគ្នាគឺសុទ្ធតែជាតួអង្គសំខាន់សម្រាប់ក្រុមហ៊ុនអ្នក។ ដូច្នេះ តើធ្វើដូចម្ដេចទើបអាចផ្ដល់កម្លាំងចិត្តដល់ពួកគេឲ្យខិតខំធ្វើការបាន ?
១) ទុកពួកគេឲ្យដូចជាសមាជិកគ្រួសាររបស់អ្នក៖ ក្រុមហ៊ុននីមួយៗមិនមែនត្រូវការបុគ្គលតែម្នាក់ទើបអាចដំណើរការអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើនទៅមុខបាននោះទេ។ វាកើតចេញមកពីការខិតខំរបស់មនុស្សទាំងអស់គ្នានៅក្នុងក្រុមហ៊ុន មិនថាពួកគេទាំងនោះស្ថិតនៅក្នុងតំណែងតូចទាបប៉ុណ្ណាក៏ដោយ។ ដូច្នេះហើយពួកគេក៏មិនខុសអ្វីពីសមាជិកគ្រួសាររបស់អ្នកដែរ។ អ្នកត្រូវប្រាកដថាអ្នកតែងប្រាស្រ័យទាក់ទងជាមួយពួកគេដោយបើកចំហចិត្ត ធ្វើការជួបជុំជជែកពិភាក្សាគ្នា និងផ្ដល់ព័ត៌មានទាំងឡាយអំពីដំណើរការរបស់ក្រុមហ៊ុន និងបញ្ហាដែលកំពុងប្រឈម ព្រមទាំងមានពេលវេលាជួបជុំគ្នាដោយសប្បាយរីករាយដើម្បីបង្កើនទំនាក់ទំនងផងដែរ។
សូមអាន៖ តើគុណសម្បត្តិរបស់អ្នកដឹកនាំល្អមានអ្វីខ្លះ ?
២) ការយកចិត្តទុកដាក់ទៅលើបុគ្គលម្នាក់ៗ៖ ការយកចិត្តទុកដាក់ទៅលើក្រុមការងារទាំងមូលគឺជារឿងសំខាន់មួយ តែការយកចិត្តទុកដាក់ទៅលើបុគ្គលម្នាក់ៗនៅក្នុងក្រុមហ៊ុនរបស់អ្នកក៏កាន់តែជារឿងសំខាន់មួយទៀតដែរ។ ចំណុចនេះច្រើនតែកើតឡើងចំពោះក្រុមហ៊ុនធំៗដែលមានបុគ្គលិកច្រើនមកធ្វើការ ដែលធ្វើឲ្យអ្នកដឹកនាំមិនសូវជាបានយកចិត្តទុកដាក់ដិតដល់ទៅលើបុគ្គលិកម្នាក់ៗ។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកដឹកនាំ បើអ្នកអាចធ្វើបែបនេះចំពោះកូនចៅគ្រប់គ្នាបាន មិនថាជាការយកចិត្តទុកដាក់នោះមានតិចក្ដីច្រើនក្ដី វានឹងនៅតែជាការបង្ហាញថាអ្នកបានឲ្យតម្លៃទៅលើពួកគេ ហើយវានឹងជំរុញពួកគេឲ្យមានកម្លាំងចិត្តធ្វើការមិនខាន។
៣) ផ្ដល់ឱកាសសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ៖ ការធ្វើការដដែលៗទៅតាមទម្លាប់របស់បុគ្គលិកនៅក្នុងតំណែងរបស់ខ្លួនយូរៗ អាចធ្វើឲ្យពួកគេមានការធុញទ្រាន់ និងថមថយនូវកម្លាំងចិត្តនៅក្នុងការធ្វើការនៅក្នុងរយៈពេលវែង។ ហេតុនេះ បើសិនជាអាច អ្នកគួរតែផ្ដល់ឱកាសជាការបណ្ដុះបណ្ដាលបន្ថែមខាងក្រៅ ឬការទទួលខុសត្រូវបន្ថែមថ្មីទៀត សម្រាប់កិច្ចការណាដែលអ្នកចង់ជួលអ្នកជំនាញពីខាងក្រៅមកទៀត តែបុគ្គលិកចាស់ៗរបស់អ្នកអាចធ្វើជំនួសបាន៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ៤សំណួរអ្នកដឹកនាំឆ្លាតវៃតែងសួរបុគ្គលិកខ្លួន ដើម្បីបង្កើនសមត្ថភាពការងារពួកគេកាន់តែប្រសើរ