៣ចំណុច សម្រាប់ជួយអ្នកពន្យល់បុគ្គលិកឲ្យទទួលបានផ្លែផ្កាដែលអ្នកចង់បាន​



ការ​ពន្យល់​ឲ្យ​បុគ្គលិក​ឬ​សមាជិក​រួម​ការងារ​យល់​ពី​គោលបំណង​ដែល​អ្នក​ចង់​បាន គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ​ដែល​អាច​ធ្វើឲ្យ​អ្នក​ត្រូវ​ជួប​ប្រទះ​នឹង​បញ្ហា​ច្រើន​ក្នុង​ការ​ប្រជុំ។ ហេតុនេះ ៣ចំណុច​ខាងក្រោម​ អាច​នឹង​​ក្លែយ​ ​ជា​គន្លឹះ​សម្រាប់​ជួយ​អ្នក​ក្នុង​ការ​សម្រេច​កិច្ចការ​នេះ​ឲ្យ​ទទួល​បាន​ផ្លែផ្កា​បាន៖

១) កុំ​ចេះ​តែ​ស្មាន​ថា​ពួកគេ​នឹង​យល់​អ្វីៗ​អស់​ហើយ៖ ពេលវេលា​សម្រាប់​អ្នក​អាច​នឹង​មាន​តិចតួច​សម្រាប់​ការ​ប្រជុំ​ជាមួយ​ពួកគេ ប៉ុន្តែ​បើ​អ្នក​ដាក់​ចិត្ត​ថា​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ពួកគេ​យល់​ពី​អ្វី​ដែល​អ្នក​ចង់​បាន និង​សហការ​គ្នា​យ៉ាងណា​ដើម្បី​សម្រេច​ទៅ​ដល់​គោលដៅ​នោះ នោះ​អ្នក​នឹង​ដឹង​ថា​ត្រូវ​ប្រើ​ពេលវេលា​របស់​អ្នក​យ៉ាង​ដូចម្ដេច​ជាមួយ​ពួកគេ។ លក្ខណៈ​ប្រាកដប្រជា​ច្បាស់លាស់​នៅ​ក្នុង​ការ​ពន្យល់​ត្រូវតែ​ជា​គោលដៅ​អាទិភាព​មួយ​ដែល​អ្នក​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ការ​ប្រជុំ​ទាំងឡាយ​ជាមួយ​បុគ្គលិក​របស់​អ្នក។ អ្នក​គួរតែ​ព្យាយាម​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់ សួរ​បញ្ជាក់​ក្នុង​ករណី​ដែល​ពួកគេ​អាច​មាន​ចម្ងល់​សង្ស័យ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ដែល​អាច​អូស​បន្លាយ​ដំណើរ​របស់​អ្នក​បាន។

២) លើក​ឧទាហរណ៍​បញ្ជាក់៖ ការ​លើក​ឧទាហរណ៍​បញ្ជាក់​បន្ថែម​នឹង​ធ្វើឲ្យ​អ្វី​ដែល​អ្នក​កំពុងតែ​ពន្យល់ កាន់តែ​មាន​ភាព​ក្បោះក្បាយ​ច្បាស់លាស់​បន្ថែម​មួយ​កម្រិត​ទៀត។ ម្យ៉ាងទៀត ឧទាហរណ៍​ជាក់ស្ដែង​ក៏​ធ្វើឲ្យ​មនុស្ស​ងាយស្រួល​យល់​និង​ឆាប់​ចាប់​បាន​ពី​អត្ថន័យ​នៃ​គោលបំណង​ដែល​អ្នក​ចង់​បាន​ដែរ។ ហេតុនេះ អ្នក​គួរតែ​ព្យាយាម​បញ្ចូល​នូវ​ឧទាហរណ៍​ជាក់ស្ដែង​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ប្រជុំ​ជាមួយ​បុគ្គលិក។

៣) ផ្ដល់​នូវ​ជម្រើស​សម្រាប់​ពួកគេ៖ ឧទាហរណ៍​ថា​អ្នក​ចង់​ដាក់​កំណត់​កាលបរិច្ឆេទ​សម្រាប់​ពួកគេ​ក្នុង​ការ​បំពេញ​ការងារ​ណាមួយ​នោះ​ឲ្យ​រួចរាល់​នៅ​ថ្ងៃ​ទី​១០ ប៉ុន្តែ​បើ​អ្នក​ឈ្វេង​យល់​ថា​បុគ្គលិក​មួយ​ចំនួន​អាច​នឹង​មិន​បញ្ចប់​ការងារ​នោះ​ទៅ​តាម​កាលកំណត់​របស់​អ្នក​ទេ ហើយ​កិច្ចការ​នោះ​ក៏​អាច​ពន្យារ​ពេល​ទៅ​៣​ថ្ងៃ​ក្រោយ​ទៀត នោះ​អ្នក​គួរតែ​ផ្ដល់​នូវ​ជម្រើស​នេះ​សម្រាប់​ពួកគេ​ក្នុង​ការ​សម្រេច​កិច្ចការ​នោះ​ទៅ។ ឬ​ក៏​ជា​វិធីសាស្ត្រ​ក្នុង​ការ​បំពេញ​កិច្ចការ បើ​សិន​ជា​មាន​បុគ្គលិក​ណាមួយ​មាន​វិធីសាស្ត្រ​ផ្សេង​ខុស​ពី​អ្វី​ដែល​អ្នក​បាន​លើកឡើង ហើយ​វិធីសាស្ត្រ​នោះ​ក៏​ជា​វិធីសាស្ត្រ​ល្អ​មួយ នោះ​អ្នក​ក៏​គួរតែ​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ធ្វើ​បែប​នោះ​ទៅ៕

ដោយ៖ ស្រីពៅ

X
5s