៤សំណួរអ្នកដឹកនាំឆ្លាតវៃតែងសួរបុគ្គលិកខ្លួន ដើម្បីបង្កើនសមត្ថភាពការងារពួកគេកាន់តែប្រសើរ​



ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវបង្កើតនូវបរិយាកាសបើកចំហ យកចិត្តទុកដាក់លើស្ថានភាពការងាររបស់បុគ្គលិកម្នាក់ៗនិងខ្វល់ខ្វាយពីអារម្មណ៍ពួកគេទៅលើរឿងចាំបាច់។ នៅពេលអ្នកធ្វើបែបនោះបាន ភាពស្មោះត្រង់រវាងគ្នានិងការខិតខំប្រឹងប្រែងដែលចេញពីចិត្តនឹងកកើតឡើងក្នុងក្រុមហ៊ុនអ្នក ហើយការជជែកគ្នារវាងមួយទល់មួយនឹងក្លាយជាកត្តាជំរុញដ៏សំខាន់ដើម្បីសម្រេចរឿងនេះបាន។ ទាំង៤សំណួរនេះគឺជាអ្វីដែលអ្នកដឹកនាំគ្រប់រូបមិនគួរមើលរំលងដើម្បីបង្កើនសមត្ថភាពក្នុងការសម្រេចការងាររបស់បុគ្គលិក។ ១) "បើអ្នកតម្រូវឲ្យប្រើពាក្យមួយម៉ាត់រៀបរាប់ពីបទពិសោធន៍ការងាររបស់អ្នក តើវាគឺជាអ្វីហើយហេតុអ្វី ?" ៖ ដំបូងបង្អស់អ្នកត្រូវបញ្ជាក់ប្រាប់ពួកគេឲ្យបានច្បាស់ជាមុនសិនអំពីការសម្ដែងភាពស្មោះត្រង់ទៅលើបទពិសោធន៍ការងារដែលពួកគេទទួលបាន មិនថាជារឿងល្អឬអាក្រក់ក៏ដោយ។ នៅពេលពួកគេនិយាយពាក្យក្នុងចិត្តចេញមកដោយបើកចំហហើយ អ្នកនឹងបានដឹងនូវបញ្ហាមួយចំនួនដែលអ្នកអាចស្មានមិនដល់ព្រមទាំងរកដំណោះស្រាយសម្រាប់បញ្ហានោះបានផងដែរ។ ២) "រៀបរាប់ពី៣ចំណុចដែលផ្ដល់កម្លាំងចិត្តដល់អ្នកក្នុងការបំពេញកិច្ចការជារៀងរាល់ថ្ងៃ" ៖ ដោយការសាកសួរបុគ្គលិកអ្នកបែបនេះ អ្នកនឹងបានដឹងពីជម្រៅចិត្តពួកគេពីអ្វីដែលគេពេញចិត្តចំពោះការងារនិងក្រុមហ៊ុន ហើយអ្នកក៏គួរសួរគេបន្ដនូវសំណួរពាក់ព័ន្ធដែលសីុជម្រៅជាងនេះថែមទៀត។ ៣) "តើរឿងអ្វីមួយដែលខ្ញុំគួរធ្វើដើម្បីធ្វើឲ្យអ្នកមានប្រសិទ្ធភាពលើការងារជាងមុន ?" ៖ អ្នកត្រូវប្រាកដថាបានផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់គេក្នុងការគិតផ្ដល់ចម្លើយដល់អ្នក។ បើគេគ្មានចម្លើយទេ អ្នកគួរសួរគេពីពេលចុងក្រោយដែលពួកគេមិនរីករាយនឹងការងាររបស់ខ្លួនថាតើគួរកែប្រែបែបណាដើម្បីឲ្យវាប្រសើរជាងមុន។ ម្យ៉ាងទៀតបើពួកគេទើបនឹងចូលថ្មី អ្នកគួរសួរគេពីការងារចាស់ថាបែបណាទើបការងារមានភាពរលូនទៅមុខនិងបែបណាដែលរាំងស្ទះ។ ៤) "តើចំណុចណាមួយដែលក្រុមហ៊ុនពួកយើងមិនបានធ្វើដែលអ្នកគិតថាពួកយើងគួរធ្វើដើម្បីឲ្យអាជីវកម្មលូតលាស់ទៅមុខ ?" ៖ អ្នកអាចកំពុងមានអ្នកពូកែរិះគិតដ៏អស្ចារ្យជាច្រើនក្នុងក្រុមហ៊ុនរបស់អ្នកទាំងមិនដឹងខ្លួន។ សុំពួកគេឲ្យជួយផ្ដល់ជាមតិស្ថាបនាទៅលើផ្លូវដែលគួរដើរ យុទ្ធសាស្ត្រនានា ការរក្សាទុកអតិថិជន និងការជួលបុគ្គលិកជាដើម៕ ប្រភព៖ Inc.com ប្រែសម្រួល៖ ស្រីពៅ
X
5s