កំហុស៤យ៉ាងដែលតែងកើតឡើងជាញឹកញាប់ទៅលើការជ្រើសរើសបុគ្គលិក
តើអ្នកមិនយល់ថាកំឡុងពេលសម្ភាសរបស់បុគ្គលិកម្នាក់ដែលអ្នកយល់ថាជាមនុស្សឆ្នើមម្នាក់ដែលស័ក្ដិសមសម្រាប់មុខតំណែងការងារមួយនេះ ប៉ុន្ដែរយៈពេលយូរកន្លងផុតទៅ អ្នកសង្កេតឃើញថាគេមិនអាចសម្រេចតាមគោលដៅការងារបាន និងបង្កភាពរញ៉េរញៃនៅក្នុងក្រុមកើតឡើងមកពីបញ្ហានៃការជ្រើសរើសបុគ្គលិករបស់អ្នកទេឬ ? វាមិនត្រឹមតែធ្វើឲ្យក្រុមហ៊ុនអ្នកខាតបង់ពេលវេលាប៉ុណ្ណោះទេ តែថែមទាំងត្រូវខ្ជះខ្ជាយប្រាក់យ៉ាងច្រើនទៀតផង។
ខាងក្រោមនេះគឺជាកំហុស៤យ៉ាងអំពីការជ្រើសរើសបុគ្គលិកដែលអ្នកត្រូវចៀសវាងៈ
១. ពឹងផ្អែកទៅលើការសម្ភាសនិងឯកសារយោងខ្លាំងពេក៖ ការសម្ភាសពេលខ្លះគឺជារឿងដែលខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍មួយ។ អ្នកមកសម្ភាសនឹងព្យាយាមនិយាយឬសរសេរយ៉ាងណាដើម្បីទទួលបានការងារធ្វើ។ ដូច្នេះការពឹងផ្អែកលើការសម្ភាសនិងឯកសារយោងរបស់បុគ្គលម្នាក់ៗហួសហេតុពេក មិនមែនជាជម្រើសដ៏ល្អនោះទេ។ ដូចគ្នានេះដែរ បទពិសោធន៍វិជ្ជមានពីការងារចាស់របស់ពួកគេក៏មិនប្រាកដថាគេនឹងធ្វើបានល្អក្នុងក្រុមហ៊ុនអ្នកដែរ។ ឯបទពិសោធន៍អវិជ្ជមានពីការងារចាស់ពួកគេក៏មិនទៀងថាគេនឹងបរាជ័យក្នុងក្រុមហ៊ុនអ្នកដែរ។ អ្នកគួរផ្ដល់ឲ្យពួកគេនូវតេស្តសាកល្បងណាមួយដើម្បីបញ្ជាក់ថាពួកគេពិតជាមានសមត្ថភាពបំពេញក្នុងតួនាទីនោះមែនឬយ៉ាងណា។
២. ជួលបុគ្គលិកណាដែលមានសមត្ថភាពទាបជាងអ្នក៖ អ្នកគ្រប់គ្រងមួយចំនួនបដិសេធមិនផ្ដល់ឱកាសការងារដល់បុគ្គលិកដែលមានសមត្ថភាពខ្ពស់ជាងខ្លួន ដែលជួនកាលអាចបណ្ដាលមកពីខ្លាចមានការប៉ះទង្គិចនឹងមុខតំណែងរបស់ខ្លួន ឬអាចមកពីយល់ថាអ្នកពូកែទាំងនោះនឹងឆាប់ចាកចេញពីតួនាទីខ្លួនហើយទៅស្វែងរកឱកាសណាផ្សេងដែលល្អជាងនេះ។ ប៉ុន្ដែអ្នកត្រូវចាំថាអ្នកមានសមត្ថភាពខ្ពស់ទាំងនោះ នឹងប្រើប្រាស់នូវចំណុចខ្លាំងរបស់ពួកគេដែលមានទាំងប៉ុន្មានដើម្បីជាកម្លាំងរុញទស្សនវិស័យក្រុមហ៊ុនរបស់អ្នកឲ្យឈានទៅដល់សក្ដានុពលក្នុងការសម្រេចជោគជ័យបានយ៉ាងគួរឲ្យស្ញប់ស្ញែងឲ្យតែអ្នកផ្ដល់នូវឱកាសសម្រាប់ការអភិវឌ្ឍរបស់ពួកគេនិងរង្វាន់សម្រាប់លើកទឹកចិត្ត។
៣. រង់ចាំបេក្ខជនដែលល្អឥតខ្ចោះឬប្រញាប់ប្រញាល់ក្នុងការប្រគល់តួនាទីពេក៖ ការណ៍ដែលអ្នករង់ចាំទាល់តែមានបេក្ខជនដែលល្អឥតខ្ចោះមកបំពេញតួនាទីណាមួយ វានឹងធ្វើឲ្យបុគ្គលិកក្នុងក្រុមហ៊ុនអ្នកត្រូវធ្វើការហួសកំណត់ជាញឹកញាប់ ដែលប្រការនេះអាចប៉ះពាល់ដល់ប្រសិទ្ធភាពការងារពួកគេបាន។ ប៉ុន្ដែនេះក៏មិនបានន័យថាអ្នកត្រូវប្រញាប់ប្រញាល់ចេះតែរើសនរណាម្នាក់នោះទេ។ អ្នកគ្រាន់តែជ្រើសរើសនរណាម្នាក់ដែលបំពេញទៅតាមលក្ខខណ្ឌរបស់អ្នកបានច្រើន ស័ក្ដិសមនឹងវប្បធម៌ក្រុមហ៊ុនអ្នក និងមានជំនាញទន់ដ៏ល្អប្រសើរគឺជាការគួរហើយ។
៤. រំពឹងទុកខ្លាំងពេកទៅលើអ្នកទើបនឹងបានជ្រើសរើសថ្មី៖ បើអ្នករំពឹងទុកពីអ្នកមកថ្មីទាំងនោះឆាប់រហ័សពេក វាប្រៀបដូចជាអ្នកមិនបានផ្ដល់ពេលវេលាឲ្យគេសមល្មមដើម្បីរៀនសូត្រពីដំណើរការណ៍ការងារនិងក្រុមហ៊ុនរបស់អ្នកនោះទេ។ ជាការចាំបាច់ណាស់ដែលអ្នកត្រូវស្វាគមន៍គេយ៉ាងដិតដល់និងផ្ដល់ភាពកក់ក្ដៅរយៈពេលដំបូងដោយផ្ដល់ឱកាសឲ្យគេមានចម្ងល់និងសុំការណែនាំពីអ្នក ណែនាំពួកគេទៅក្រុមការងារ និងរៀបចំការប្រជុំមួយដើម្បីឲ្យពួកគេបានយល់ដឹងពីដំណើរការណ៍នៃការធ្វើការរបស់ខ្លួន៕
ប្រភព៖ mindtools ប្រែសម្រួល៖ ស្រីពៅ