​តើ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​នរណា​ម្នាក់​​​ ​ស្រែក​គំហក​​ទាំង​កំហឹង​ដាក់​អ្នក​?​



នៅ​ពេល​មនុស្ស​ម្នាក់​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​កំហឹង​ហើយ វិចារណញ្ញាណ​របស់​ពួកគេ​លែង​បំពេញ​មុខងារ​របស់​វា​កើត​ហើយ។ វា​ពុំ​មែន​ជា​វិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ឈ្លាសវៃ​នោះ​ឡើយ ប្រសិន​ជា​អ្នក​ប្រតិកម្ម​ឆ្លើយតប​ដោយ​កំហឹង​ត្រឡប់​ទៅវិញ​ដែរ​នោះ ព្រោះ​វា​មិន​ខុស​អ្វី​ពី​ការណ៍​ដែល​យក​សាំង​ទៅ​ចាក់​នៅ​លើ​ភ្លើង​នោះ​ឡើយ។ ដូច្នេះ ជាជាង​ចូលរួម​ជា​ផ្នែក​មួយ​នៃ​បញ្ហា អ្នក​ត្រូវតែ​ធ្វើ​ជា​អ្នក​ដោះស្រាយ​បញ្ហា​វិញ។

នៅ​ពេល​ការ​សន្ទនា​ចាប់ផ្ដើម​ប្រែ​ជា​អាប់អួ​ហើយ​ក៏​ចូល​ទៅ​ដល់​ភាព​ល្អក់​កករ​មិន​ត្រូវរ៉ូវ​គ្នា នៅ​ក្នុង​នោះ​បើ​មាន​ភាគី​ម្ខាង​ដែល​ដំឡើង​សំឡេង​ដាក់​អ្នក​ហើយ មូលហេតុ​គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ចង់​ឈ្នះ​នោះ​ទេ។ អ្នក​មិន​អាច​ឆ្លើយតប​ទៅវិញ​ដោយ​ការ​ជះ​កំហឹង​ត្រឡប់​ទៅវិញ​ដោយ​រំពឹង​ថា​អ្នក​នឹង​ឈ្នះ​នោះ​ទេ បើ​អ្នក​ធ្វើ​បែបនេះ នោះ​វា​មាន​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន។

អ្នក​ចង់​ឲ្យ​គេ​ស្ដាប់​ហេតុផល​របស់​អ្នក ប៉ុន្តែ​វិធី​បែប​នេះ​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ ការណ៍​មិន​ប្រតិកម្ម​ឆ្លើយតប​ដោយ​កំហឹង​ទៅវិញ និង​ជ្រើសរើស​យក​ភាព​ស្ងប់ស្ងៀម​បែប​សន្តិវិធី មិនមែន​បញ្ជាក់​ថា​អ្នក​ជា​អ្នក​ចាញ់​នោះ​ទេ។ មាន​តែ​បុគ្គល​ដែល​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ប៉ុណ្ណោះ​ទើប​ជា​អ្នក​ចាញ់។ ថ្វីត្បិតតែ​គេ​បាន​ឈ្នះ​អ្នក​ដោយ​ដំឡើង​សំឡេង​បង្ហាញ​ពី​ឥទ្ធិពល​និង​អំណាច​របស់​ពួកគេ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​បុគ្គល​បែប​នេះ​គឺ​បាន​ចាញ់​ខ្លួនឯង​យ៉ាង​ប្រាកដ។ ហេតុនេះ​ហើយ​ទើប​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា ចាញ់​ជា​ព្រះ​ឈ្នះ​ជា​មារ។ អ្នក​អាច​នឹង​យល់​ច្រឡំ​ថា​ពាក្យ​សម្ដី​មួយ​នេះ​បង្រៀន​មនុស្ស​ឲ្យ​ទន់ខ្សោយ។

វា​នឹង​បង្រៀន​ឲ្យ​មនុស្ស​ទន់ខ្សោយ​មែន ប៉ុន្តែ​សម្រាប់​តែ​បុគ្គល​ណា​ដែល​មិន​យល់​ច្បាស់​ពី​វា​ប៉ុណ្ណោះ។ មនុស្ស​បើ​ទោះ​ជា​ឆ្លាត​ប៉ុណ្ណា​ក៏​ដោយ បើ​ភាព​ក្រេវក្រោធ​នៃ​កំហឹង​គ្រប់គ្រង​ពួកគេ​ហើយ ពួកគេ​បាន​ក្លាយ​ជា​មនុស្ស​ល្ងង់​មួយ​រំពេច​នោះ​ហើយ និយាយ​ហេតុផល​មិន​ស្ដាប់​គ្នា​បាន​នោះ​ទេ។ ដូច្នេះ​បើ​ម្នាក់​ខឹង ម្នាក់​ទៀត​ត្រូវ​តែ​ស្ងប់​សិន។ អំឡុង​ពេល​ដែល​អ្នក​ជ្រើសរើស​មិន​ឆ្លើយតប​អ្វី​ទៅវិញ អ្នក​ហាក់​បាន​ទុក​ពេលវេលា​ឲ្យ​គេ​គិត​ទៅលើ​អ្វី​ដែល​ខ្លួនឯង​កំពុង​តែ​ធ្វើ​មក​លើ​អ្នក ព្រោះ​ពេល​កំពុង​ស្រែក​គំហក​ដាក់​អ្នក អ្នក​ខ្លះ​មិន​ដឹង​ទាល់តែ​សោះ​ថា​ខ្លួន​គេ​កំពុង​ធ្វើ​អ្វី។ បន្ទាប់​មក​អ្នក​អាច​ចាប់ផ្ដើម​ពន្យល់​គេ​មួយៗ​ពី​ហេតុផល​របស់​អ្នក។

ប៉ុន្តែ​មិន​គួរ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ធ្វើ​វា​បន្ត​ទៀត​នោះ​ទេ ប្រសិន​ជា​អ្នក​ទាំងពីរ​នៅ​តែ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​ត្រូវ​រ៉ូវ​គ្នា​បាន។ ដូច្នេះ​អ្នក​គួរ​ទុក​ពេលវេលា​មួយ​រយៈ​សិន​សម្រាប់​ទាំង​ខ្លួនឯង​និង​គេ ដើម្បី​ថយក្រោយ​គិតគូរ​ពី​ដំណោះស្រាយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​ជាថ្មី​ឡើង​វិញ។

ដោយ៖ ស្រីពៅ

X
5s