ហេតុអ្វីវិចារណញ្ញាណ ដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់អ្នក?
អារម្មណ៍គឺជាចំណុចចាប់ផ្ដើមនៃការរីកដុះដាលនូវសេចក្ដីស្រឡាញ់ទាំងអស់ដោយឥតមានលក្ខខណ្ឌ។ ប៉ុន្តែ អារម្មណ៍គ្មានហេតុផលនោះឡើយ ដូច្នេះបើអ្នកអនុញ្ញាតឲ្យអារម្មណ៍មានសិទ្ធិអំណាចច្រើនហួសហេតុពេក នោះភាពច្របូកច្របល់ឥតសណ្ដាប់ធ្នាប់ដែលអាចដឹកនាំជីវិតអ្នកទៅរកភាពអវិជ្ជមាននឹងចូលមកត្រួតត្រាទៅលើជីវិតអ្នក។ ដូច្នេះហើយទើបការត្រិះរិះពិចារណាហេតុផលត្រូវតែស្ថិតនៅលើគេ ដើម្បីត្រួតត្រានៅពីលើអារម្មណ៍របស់អ្នក។
អារម្មណ៍របស់អ្នកធ្វើដំណើរគ្មានទិសដៅច្បាស់លាស់នោះទេ។ នៅពេលជីវិតរបស់អ្នកត្រូវបានដឹកនាំដោយភាពមិនច្បាស់លាស់ដូចជាខ្លែងដាច់ខ្សែបែបនេះ នោះអ្នកនឹងបាត់បង់ភាពជាម្ចាស់ការលើជោគវាសនាជីវិតរបស់ខ្លួន ហើយអ្វីៗនៅខាងក្រៅនឹងចូលមកជំនួសដំណែងរបស់អ្នកវិញ។ ជាជាងគ្រប់គ្រងទៅលើខ្លួនឯង អ្វីៗនៅខាងក្រៅនឹងគ្រប់គ្រងទៅលើអ្នកវិញ។ នៅពេលមានរឿងរ៉ាវអ្វីកើតឡើង អារម្មណ៍របស់អ្នកនឹងបញ្ជាឲ្យអ្នកប្រតិកម្មឆ្លើយតបភ្លាមៗ ដោយមិនបានត្រិះរិះពិចារណាវិភាគរកហេតុផលជាមុនសិននោះឡើយ។ អ្នកអាចសាកស្រមៃពីទិដ្ឋភាពបែបនេះទៅនឹងទិដ្ឋភាពដែលសង្គមជាតិមួយប្រែជាចលាចលឥតសណ្ដាប់ធ្នាប់ នៅពេលពុំមានអ្នកមានសមត្ថភាពបង្កើតច្បាប់គ្រប់គ្រងប្រទេសច្បាស់លាស់។
ខុសប្រែជាត្រូវ ត្រូវប្រែជាខុស បណ្ដាលឲ្យមានភាពច្របូកច្របល់នៅក្នុងសង្គម ចុងក្រោយក៏ត្រូវវិនាសទាំងអស់។ បើជីវិតមានអារម្មណ៍ជាអ្នកដឹកនាំ នោះជីវិតនេះនឹងគ្មានវិន័យអ្វីសម្រាប់ដាក់កម្រិតទៅលើអារម្មណ៍ដែលនាំទៅរកភាពមហន្តរាយក្នុងជីវិតនោះទេ។ យ៉ាងណាមិញ មនុស្សដែលមានវិន័យទៅលើខ្លួនឯង នោះពួកគេនឹងអាចគ្រប់គ្រងស្ថានការណ៍ទាំងឡាយនៅក្នុងដែនកំណត់របស់គេ ព្រោះពួកគេមានភាពច្បាស់លាស់ជាអ្វីដែលដឹកនាំជីវិតពួកគេ។ ពួកគេមានសតិដឹងនិងប្រុងប្រយ័ត្នជានិច្ចទៅលើអារម្មណ៍របស់ខ្លួន ការគិតរបស់ខ្លួន ព្រោះពួកគេដឹងច្បាស់ថាបើមិនប្រុងប្រយ័ត្ននិងបណ្ដោយឲ្យអារម្មណ៍ទាំងនោះចេះតែលេចឡើងមក នោះវានឹងទទួលបានសិទ្ធិអំណាចគ្រប់គ្រងទៅលើជីវិតពួកគេមិនខាន៕
ដោយ៖ ស្រីពៅ