បើអ្នកដឹងច្បាស់ថារៀនសូត្រដើម្បីយកទៅដោះស្រាយបញ្ហាអ្វី ការយល់ដឹងរបស់អ្នកនឹងផ្លាស់ប្ដូរទាំងស្រុង
រាល់ការសិក្សាទាំងអស់ត្រូវតែមានគោលបំណងជាក់លាក់ ជាគោលបំណងក្នុងការដោះស្រាយបញ្ហាអ្វីមួយ។ វាជាការសំខាន់បំផុតក្នុងការស្គាល់ថា បញ្ហាជាអ្វីជាជាងជ្រមុជស្វែងរកដំណោះស្រាយដ៏ល្អឥតខ្ចោះទាំងងងឹតងងល់មិនដឹងថាដំណោះស្រាយនេះយកទៅប្រើប្រាស់សម្រាប់ដោះស្រាយអ្វី។
ឧទាហរណ៍នៅក្នុងថ្នាក់គីមីវិទ្យាល័យ អ្នកនឹងត្រូវបានបង្រៀនឲ្យចងចាំនូវសមីការប្រតិកម្មគូរេដុកដែលជាប្រតិកម្មគីមីរវាងអង្គធាតុមួយនឹងអង្គធាតុដទៃទៀត ប៉ុន្តែតើអ្នកធ្លាប់មានការយល់ដឹងខ្លះដែរទេថា តើគេយកសមីការប្រតិកម្មគូរេដុកនេះមកធ្វើអ្វី ? ពោលគឺតើការប្រឹងប្រែងរបស់អ្នកក្នុងការទន្ទេញវាឲ្យចាំនេះបានប្រយោជន៍អ្វីមកវិញ ?
នេះគឺជាមូលហេតុមួយដែលសិស្សពូកែក្នុងថ្នាក់ភាគច្រើនបែរជាមិនអាចប្រើប្រាស់ចំណេះដឹងពីក្នុងសាលា ដើម្បីមកប្រើជាប្រយោជន៍សម្រាប់ដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់ស្ដែង។ អ្នកណាក៏អាចធ្លាប់ដឹងធ្លាប់ឮពីអ្វីមួយដែរ ប៉ុន្តែមានតិចតួចណាស់ដែលអាចយល់អំពីវាបាន។ ចំណេះដឹងដែលកើតចេញពីការទន្ទេញ គឺជាចំណេះដឹងដែលតូចចង្អៀត ក្រៀមក្រោះ និងគ្មានភាពរស់រវើកនោះឡើយ។ ពួកគេចេះតែអ្វីដែលគេចាំប៉ុណ្ណោះ ប៉ុន្តែនៅពេលចំណេះដឹងរបស់ពួកគេកើតចេញពីការយល់វិញ នោះពួកគេនឹងរកឃើញទំនាក់ទំនងរវាងអ្វីមួយទៅនឹងអ្វីមួយផ្សេងទៀត ដែលតាមពិតទៅគ្រាន់តែជាមែកធាងដែលបែកចេញពីឫសគល់របស់ដើមឈើជាមួយគ្នាប៉ុណ្ណោះឯង។
យ៉ាងណាមិញ នៅពេលពួកគេសិក្សាផ្ដើមចេញពីបញ្ហាមកមុន ដូចជាសិក្សាទៅលើអាគុយជាមុន ថាតើក្នុងអាគុយមានអ្វីខ្លះដែលអាចចម្លងចរន្តអគ្គិសនីបំភ្លឺដល់អំពូលភ្លើងរថយន្តបាន ពួកគេនឹងចាប់ផ្ដើមគិតវិភាគថាតើអង្គធាតុប្រភេទណាដែលអាចចម្លងចរន្តបាន នោះពួកគេនឹងត្រូវសួរខ្លួនឯងបន្តទៀតថាតើអ្វីទៅដែលកំណត់លក្ខណៈទៅលើអង្គធាតុមួយថាចម្លងចរន្តបានឬមិនចម្លងចរន្ត បន្ទាប់មកទៀតចម្ងល់នេះនឹងនាំពួកគេទៅសិក្សាពីទម្រង់អាតូមដែលជាកត្តាកំណត់ទៅលើលក្ខណៈចម្លងចរន្តឬមិនចម្លង។ ចម្ងល់និងការគិតវិភាគនឹងចេះតែបង្កបង្កើតចំណេះដឹងកាន់តែច្រើនឡើង នោះពួកគេក៏ដឹងថាតាមពិតទៅពួកគេត្រូវចេះសមីការគូរេដុកនេះក៏ដោយសារតែធាតុគីមីដែលចម្លងចរន្តមានប្រតិកម្មជាមួយគ្នា ជាមួយនឹងអាស៊ីដនៅក្នុងអាគុយ បើមិនមានប្រតិកម្មនេះទេនោះក៏មិនអាចផ្ដល់ចរន្តដល់អំពូលភ្លើងរថយន្តរបស់ពួកគេដែរ។
នៅពេលពួកគេយល់ច្បាស់ពីបញ្ហាដែលពួកគេនឹងជួបនៅក្នុងស្ថានភាពជាក់ស្ដែងច្បាស់លាស់របៀបនេះហើយ នោះវានឹងផ្ដល់គោលបំណងដ៏រឹងមាំមួយសម្រាប់ឲ្យពួកគេប្រឹងប្រែងរៀននិងយល់ពីដំណើរការណ៍អ្វីមួយដើម្បីយកទៅដោះស្រាយបញ្ហានៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ៕
ដោយ៖ ស្រីពៅ