នេះគឺជាមូលហេតុដែលធាតុគីមីមួយចំនួនសាយភាយជាតិវិទ្យុសកម្មកម្រិតខ្ពស់
ហេតុអ្វីក៏ជាតិវិទ្យុសកម្មមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពរបស់មនុស្ស ? តើអ្វីទៅដែលធ្វើឲ្យមានជាតិវិទ្យុសកម្មលេចឡើងមកបាន ? ដូចនេះតើអ្វីទៅជាវិទ្យុសកម្ម ?
អ៊ុយរ៉ាញ៉ូមគឺជាធាតុគីមីដែលមានកម្រិតជាតិវិទ្យុសកម្មខ្ពស់បំផុតមួយ ប៉ុន្តែហេតុអ្វីក៏អ៊ុយរ៉ាញ៉ូមត្រូវបានគេយកមកប្រើប្រាស់ដើម្បីបង្កើតថាមពលអគ្គិសនីនៅក្នុងរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ? នេះក៏ដោយសារតែលក្ខណៈដែលវាមានជាតិវិទ្យុសកម្មដ៏ខ្លាំងក្លានេះឯង។ អាតូមរបស់ធាតុគីមីមួយនឹងរំភាយវិទ្យុសកម្មរបស់វា នៅពេលដែលអាតូមរបស់វាលែងមានលំនឹង។
ក្នុងទម្រង់អាតូមរបស់ធាតុគីមីគ្រប់ប្រភេទក្នុងតារាងខួបនៃធាតុគីមីទាំងអស់ សុទ្ធតែមានណ្វៃយ៉ូស្ថិតនៅចំកណ្ដាលដែលបង្កឡើងពីប្រូតុងដែលមានបន្ទុកវិជ្ជមាននិងណឺត្រុងគ្មានបន្ទុក និងមានអេឡិចត្រុងដែលមានបន្ទុកអវិជ្ជមានវិលជុំវិញណ្វៃយ៉ូរបស់អាតូម។ បើកាលណាប៉ូលរបស់មេដែកពីរដូចគ្នាដាក់នៅជិតគ្នា កម្លាំងនឹងទាញមេដែកដូចគ្នាទាំងពីរនេះចេញពីគ្នា រីឯបន្ទុកដូចគ្នានៅក្នុងអាតូមក៏ដូចគ្នាដែរ បន្ទុកវិជ្ជមាននឹងបន្ទុកវិជ្ជមានតែងតែមិនចង់នៅជិតគ្នា។ បើកាន់តែជិតគ្នាប៉ុណ្ណា វាក៏នឹងកាន់តែចង់ឃ្លាតឆ្ងាយពីគ្នាប៉ុននោះ។
ប៉ុន្តែហេតុអ្វីក៏ប្រូតុងនឹងប្រូតុងដទៃផ្សេងទៀតអាចនៅជាមួយគ្នានៅក្នុងណ្វៃយ៉ូអាតូមបាន ? នេះក៏ព្រោះតែមានកម្លាំងដ៏ខ្លាំងក្លាដែលទាញប្រូតុងនឹងប្រូតុងឲ្យមកនៅជាមួយគ្នានៅក្នុងណ្វៃយ៉ូអាតូម និងមានណឺត្រុងដែលមានបន្ទុកណឺតជាអ្នកព្យាយាមស្វែងរកលំនឹងសម្រាប់អាតូម។ នៅពេលអាតូមរបស់ធាតុគីមីមួយបង្កឡើងដោយប្រូតុងនិងណឺត្រុងច្រើន នោះមានន័យថាវាក៏ត្រូវការកម្លាំងកាន់តែខ្លាំងដើម្បីទប់ទល់ជាមួយនឹងកម្លាំងដែលព្យាយាមទាញប្រូតុងនឹងប្រូតុងនៅក្នុងអាតូមជាមួយគ្នានេះឲ្យចេញពីគ្នាដែរ។
ប៉ុន្តែនៅពេលដែលកម្លាំងដែលព្យាយាមបង្រួបបង្រួមប្រូតុងឲ្យមកនៅជិតគ្នាលែងមានសមត្ថភាពទប់ទល់ជាមួយនឹងកម្លាំងដែលព្យាយាមទាញពួកវាចេញពីគ្នាហើយ ពេលនោះឯងដែលអាតូមរបស់ធាតុគីមីនេះត្រូវលះបង់ចោលនូវថាមពលរបស់ប្រូតុងឬណឺត្រុងនៅក្នុងអាតូមរបស់វា ដើម្បីស្វែងរកលំនឹងឲ្យខ្លួនឯង។ ថាមពលដែលអាតូមបានលះបង់នេះឯង ត្រូវបានបញ្ចេញមកក្នុងកម្រិតដ៏ខ្លាំងក្លា ដែលគេហៅថាវិទ្យុសកម្មនេះឯង។ ក៏ព្រោះតែកម្លាំងដែលព្យាយាមបង្រួបបង្រួមប្រូតុងឲ្យនៅជាមួយគ្នាបាននេះមានកម្រិតខ្លាំង ហេតុនេះហើយនៅពេលលះបង់ថាមពលដែលលើសចេញមកក៏ខ្លាំងក្លាដែរ ជាហេតុនាំឲ្យជាតិវិទ្យុសកម្មនេះតែងតែមានផលអាក្រក់ចំពោះកោសិការបស់មនុស្ស។
ម៉ាសអាតូមនៃធាតុគីមីដែលកាន់តែធ្ងន់ មានន័យថាប្រូតុងនិងណឺត្រុងដែលបង្កអាតូមវាឡើងក៏មានចំនួនច្រើនដែរ នោះកម្លាំងរបស់វាក្នុងការបង្រួបបង្រួមប្រូតុងដែលច្រើនឲ្យមកនៅជិតគ្នាក៏ត្រូវការច្រើន។ ម៉ាសអាតូមនៃធាតុគីមីដែលធ្ងន់បែបនេះ តែងតែមានកម្រិតជាតិវិទ្យុសកម្មខ្ពស់នៅពេលអាតូមរបស់វាត្រូវលះបង់ចោលនូវប្រូតុងឬណឺត្រុងដែលលើសដើម្បីស្វែងរកលំនឹងឲ្យអាតូមខ្លួនវា ដែលនេះហើយគឺជាលក្ខណៈរបស់អាតូមអ៊ុយរ៉ាញ៉ូមដែលគេតែងតែប្រើប្រាស់ដើម្បីផលិតថាមពលនុយក្លេអ៊ែរ។
ប៉ុន្តែអាតូមអ៊ុយរ៉ាញ៉ូមទាំងអស់មិនមែនដូចគ្នាទាំងអស់នោះទេ ព្រោះវាមានអ៊ីសូតូបរបស់វា។ គ្រប់អាតូមរបស់ធាតុគីមីទាំងអស់សុទ្ធតែមានចំនួនប្រូតុងនិងចំនួនអេឡិចត្រុងស្មើគ្នា ហើយអាតូមរបស់ធាតុគីមីប្រភេទដូចគ្នាតែងតែមានចំនួនប្រូតុងដូចគ្នា តែភាពមិនស្មើគ្នានៅក្នុងចំនួនណឺត្រុងដែលអាតូមប្រភេទដូចគ្នាមាននេះហើយគឺជាអ៊ីសូតូបរបស់ប្រភេទធាតុគីមីដែលដូចគ្នានោះ។ តួយ៉ាងអាតូមអ៊ុយរ៉ាញ៉ូមមានអ៊ីសូតូបចំនួន៣ទម្រង់ខុសៗគ្នា ប៉ុន្តែចំនួនប្រូតុងរបស់ពួកវាតែងតែដូចគ្នាជានិច្ច និងមិនស្មើគ្នាត្រង់ចំនួនណឺត្រុងរបស់អ៊ីសូតូបនីមួយៗ។ នៅក្នុងចំណោមអ៊ីសូតូបរបស់អ៊ុយរ៉ាញ៉ូមទាំង៣ដែលមានអ៊ុយរ៉ាញ៉ូម២៣៤ អ៊ុយរ៉ាញ៉ូម ២៣៥ និងអ៊ុយរ៉ាញ៉ូម២៣៨ មានតែទម្រង់ដ៏កម្រជាងគេបំផុតដែលជាអ៊ីសូតូបរបស់អ៊ុយរ៉ាញ៉ូម២៣៥ប៉ុណ្ណោះដែលមានប្រយោជន៍សម្រាប់ផលិតថាមពលនុយក្លេអ៊ែរ។
គ្រប់អាតូមរបស់ធាតុគីមីទាំងអស់សុទ្ធតែឆ្លងកាត់ដំណាក់កាលដែលអាតូមរបស់វាត្រូវលះបង់ប្រូតុងឬណឺត្រុងរបស់វាដើម្បីស្វែងរកលំនឹង គ្រាន់តែអាតូមរបស់ធាតុគីមីប្រភេទមួយចំនួនមានលំនឹងស្រាប់ហើយដែលធ្វើឲ្យវាចំណាយពេលវេលារាប់លានឆ្នាំដោយឯកឯងនៅក្នុងធម្មជាតិ ទើបលះបង់ថាមពលដែលលើសរបស់វានិងរំភាយជាតិវិទ្យុសកម្មពីថាមពលនេះ និងប្រែប្រួលជាអាតូមធាតុគីមីប្រភេទផ្សេងទៀតក៏ព្រោះតែប្រូតុងឬណឺត្រុងដែលបង្កអាតូមវាឡើងត្រូវថយចុះ ជាហេតុនាំឲ្យវាផ្លាស់ប្ដូរជាលក្ខណៈរបស់ធាតុគីមីថ្មីផ្សេងទៀត៕
ដោយ៖ ស្រីពៅ