ម៉ារី ឃ្យូរី អ្នកវិទ្យាសាស្ត្រស្ត្រីដំបូងបង្អស់ និងវីរនារីរបស់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយក្នុងពេលតែមួយ​



តើ​អ្នក​ជឿ​ទេ​ថា អំណាច​នៃ​ការ​ងប់ងុល​នឹង​អ្វី​ដែល​ខ្លួន​ស្រឡាញ់ និង​ពលី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ទាំងអស់​ដើម្បី​សម្រេច​វា​ឲ្យ​បាន អាច​យក​ឈ្នះ​អ្វីៗ​ទាំងអស់​នៅ​លើ​លោក​នេះ​បាន ? លោកស្រី ម៉ារី ឃ្យូរី ដែល​មិន​ត្រឹមតែ​ជា​អ្នក​វិទ្យាសាស្ត្រ​ស្ត្រី​ដំបូង​បង្អស់​ដែល​ខំ​ប្រឹង​រើ​បម្រាស់​ចេញ​ពី​ការ​រើសអើង​របស់​សង្គម​ដែល​គ្រប​ដណ្ដប់​ដោយ​អំណាច​របស់​បុរស​នេះ​ទេ តែ​ថែមទាំង​ជា​វីរនារី​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ក្រោយ ទាំង​បុរស​និង​ស្ត្រី​ផង​នោះ បាន​ពោល​ថា៖ "បើ​អ្នក​ពិត​ជា​មាន​ឆន្ទៈ​មែន នោះ​ឆន្ទៈ​នឹង​បង្ហាញ​ផ្លូវ​ដល់​អ្នក​មិនខាន"។ តើ​ធាតុ​ផ្សំ​សំខាន់​ទាំង២​យ៉ាង​ក្នុង​ជីវិត ដែល​ជា​ជំនក់​ចិត្ត​និង​ការ​ខិតខំ​ប្រឹងប្រែង​នេះ បាន​នាំ​ជ័យ​ជម្នះ​នៅ​ក្នុង​ជីវិត​របស់​លោកស្រី ម៉ារី ឃ្យូរី យ៉ាង​ដូចម្ដេច ? កើត​នៅ​ក្នុង​ត្រកូល​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​ជា​គ្រូ​បង្រៀន​ជនជាតិ​ប៉ូឡូញ ម៉ារី កើត​នៅ​ក្នុង​ឆ្នាំ​១៨៦៧ ស្រប​ពេល​ដែល​ប៉ូឡូញ​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី ដែល​សង្កត់​ធ្ងន់​ទៅលើ​ការ​រើសអើង​ស្ត្រី ជាពិសេស​បំបិទ​សិទ្ធិ​ស្ត្រី​មិន​ឲ្យ​ទទួល​ការ​អប់រំ​ខ្ពង់ខ្ពស់​នោះ​ឡើយ។ បើទោះជាយ៉ាងនេះ​ក្ដី ឪពុក​ម្ដាយ​របស់​ម៉ារី​ដែល​តែងតែ​ឲ្យ​តម្លៃ​លើ​ចំណេះដឹង បាន​ជំរុញ​ម៉ារី​ទទួល​បាន​ការ​អប់រំ​រហូត​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​ពី​ស្ថាប័ន​អប់រំ​ដែល​មាន​តែ​មួយ​គត់​នៅ​កន្លែង​កំណើត​របស់​ម៉ារី។

www.reddit.com[/caption] ឆាក​ជីវិត​របស់​ម៉ារី ត្រូវ​ទទួលរង​សោកនាដកម្ម​យ៉ាង​ធំធេង ក្រោយ​ពី​ការ​ស្លាប់​របស់​ម្ដាយ​ក្នុង​វ័យ​ត្រឹមតែ​១០​ឆ្នាំ​របស់​ម៉ារី។ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ ឪពុក​របស់​ម៉ារី​មិន​មាន​លទ្ធផល​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ម៉ារី​និង​បង​ប្អូន​របស់​គាត់​ផង​នោះ ម៉ារី​និង​បងស្រី​ក៏​សម្រេច​ចិត្ត​ដាក់​វេន​គ្នា​ដោយ​បងស្រី​របស់​ម៉ារី​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​មុន ហើយ​ម៉ារី​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ប៉ូឡូញ​ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា​របស់​បងស្រី នៅ​ពេល​បងស្រី​របស់​គាត់​រក​ការងារ​ធ្វើ​បាន​ហើយ សឹម​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ម៉ារី​នៅ​ទីក្រុង​ប៉ារីស​ម្ដង។

គឺជា​អំឡុង​ពេល​ដែល​មាន​ការងារ​ធ្វើ​ជា​គ្រូបង្រៀន​នៅ​តាម​ផ្ទះ​នេះ​ហើយ ដែល​ការ​ស្រឡាញ់​ជក់ចិត្ត​នឹង​ការ​ចង់​ចេះ​ចង់​ដឹង​បាន​នាំ​ម៉ារី​ឲ្យ​ស្វែងរក​អ្វី​ទៅ​ដែល​ខ្លួនឯង​ជក់ចិត្ត​ពិត​ប្រាកដ។ ម៉ារី​រៀន​សូត្រ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​អំពី​រូបវិទ្យា​និង​គណិតវិទ្យា ព្រម​ទាំង​មាន​ការ​ជួយ​ណែនាំ​ពី​ឪពុក​ផង​ដែរ។ ការ​ខិតខំ​របស់​ម៉ារី បាន​ធ្វើឲ្យ​គាត់​ក្លាយ​ជា​ស្ត្រី​ដ៏​កម្រ​បំផុត​មួយ ដែល​អាច​ប្រឡង​ជាប់​ចូល​រៀន​នៅ​ក្នុង The Sorbonne ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ទីក្រុង​ប៉ារីស នៅ​ក្នុង​ផ្នែក​រូបវិទ្យា​និង​គណិតវិទ្យា។

បារាំង​នៅ​ក្នុង​អំឡុង​ពេល​នេះ ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ពី​ប្រទេស​កំណើត​របស់​គាត់ ចំពោះ​បញ្ហា​រើសអើង​ស្ត្រី​ភេទ​នៅ​ក្នុង​ការ​អប់រំ ហើយ​វា​រឹតតែ​ចម្លែក​ទៅ​ទៀត​នៅ​ពេល​និយាយ​អំពី​អ្នក​វិទ្យាសាស្ត្រ​ដែល​ជា​ស្ត្រី​ភេទ ក៏​ព្រោះ​តែ​សង្គម​មួយ​នេះ​ធ្លាប់តែ​មាន​តែ​បុរស​ជា​អ្នក​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ។ មិនមែន​ស្ត្រី​ពុំ​មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​ស្មុគស្មាញ​ដូច​ជា​ការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដូច​បុរស​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​មក​ពី​ពួកគេ​ត្រូវ​បាន​បង្រៀន​ឲ្យ​ក្លាយ​ជា​បែប​នោះ។ នៅ​ក្រោម​មជ្ឈដ្ឋាន​សង្គម​ដែល​គ្រប​ដណ្ដប់​ដោយ​អំណាច​របស់​បុរស ពួកគេ​ត្រូវ​បាន​បង្រៀន​ឲ្យ​ទន់ខ្សោយ តូច​ទាប និង​មិន​អាច​ក្លាយ​ជា​អ្នក​ប្រាជ្ញ​ឈ្លាសវៃ​ដូច​បុរស​នោះ​ឡើយ បើទោះជា​ពួកគេ​ខិតខំ​តស៊ូ​ប៉ុណ្ណា​ក៏​ដោយ។

យ៉ាងណាមិញ ម៉ារី មិន​ដែល​ចាប់​អារម្មណ៍​នឹង​រឿង​អស់​ទាំងនោះ​ឡើយ ព្រោះ​កិច្ចការ​ស្រាវជ្រាវ​ជា​អ្នក​វិទ្យាសាស្ត្រ​របស់​ម៉ារី ត្រូវ​បាន​ជំរុញ​ដោយ​ការ​ងប់ងុល​ជក់ចិត្ត​នឹង​ការ​ចង់​ចេះ​ចង់​ដឹង​និង​ភាព​ងឿងឆ្ងល់។ ក្នុង​ឆ្នាំ​១៨៩៥ ម៉ារី​ក៏​បាន​រៀបការ​ជាមួយ​ស្វាមី​នាង ពែរី ឃ្យូរី ដែល​ជា​សាស្ត្រាចារ្យ​ក្នុង​ផ្នែក​រូប​វិទ្យា​របស់ The Sorbonne

ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ គឺជា​ការ​ចាប់ដៃ​គ្នា​នៅ​លើ​វិថី​ជីវិត​ជា​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ដែល​ពោរពេញ​ដោយ​ចិត្ត​ពុះ​កញ្ជ្រោល​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ការងារ​របស់​ខ្លួន។ ម៉ារី បាន​ចាប់ផ្ដើម​ការ​ស្រាវជ្រាវ​របស់​ខ្លួន នៅ​ពេល​ដែល​ការ​សិក្សា​របស់​អ្នក​រូបវិទ្យា Becquerel បាន​រក​ឃើញ​មាន​កាំរស្មី​ដែល​មើល​មិន​ឃើញ​រំភាយ​ចេញ​ពី​អ៊ុយរ៉ាញ៉ូម ហើយ​កាំរស្មី​នេះ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​អង្គធាតុ​រឹង និង​ធ្វើឲ្យ​ខ្យល់​អាច​ចម្លង​ចរន្ត​អគ្គិសនី​ថែម​ទៀត​ផង។ ម៉ារី ចង់​ដឹង​ថា​កាំរស្មី​នេះ​ជា​អ្វី គាត់​ក៏​ដឹង​ដែរ​ថា​រ៉ែ​ខនិជ​ម្យ៉ាង ដែល​មាន​ឈ្មោះ​ថា pitchblende មាន​ផ្ទុក​នូវ​អ៊ុយរ៉ាញ៉ូម ប៉ុន្តែ​រ៉ែ​នេះ​មាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់​ជាង​អ៊ុយរ៉ាញ៉ូម​សុទ្ធ​ចំនួន​៤ដង​ឯណោះ នេះ​មានន័យ​ថា​នៅ​ក្នុង​រ៉ែpitchblendeប្រាកដ​ជា​មាន​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​វា​មាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់​បែប​នេះ​ហើយ។

ហេតុនេះ​គាត់​ជាមួយ​នឹង​ស្វាមី​ក៏​ចាប់ផ្ដើម​ពិសោធន៍​ដោយ​យក​ប្រភេទ​រ៉ែpitchblendeនេះ​ទៅ​រំលាយ​នៅ​ក្នុង​សូលុយស្យុង​អាស៊ីត ដើម្បី​ញែក​ចេញ​ធាតុ​នីមួយៗ។ នៅ​ពេល​ញែក​ចេញ​រួច គាត់​ក៏​ដក​ចេញ​បាន​ម្សៅ​ពណ៌​ខ្មៅ ដែល​មាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់​ជាង​អ៊ុយរ៉ាញ៉ូម​ចំនួន​៣៣០​ដង​ឯណោះ ទើប​ការ​សិក្សា​នេះ​នាំ​ទៅ​រក​ការ​រក​ឃើញ​ធាតុគីមី​ថ្មី​មួយ​ក្នុង​តារាង​ខួប​នៃ​ធាតុគីមី ដែល​មាន​ឈ្មោះ​ថា ប៉ូឡូញ៉ូម (Po)

របក​គំហើញ​នេះ​ធ្វើឲ្យ​គាត់​យក​ឈ្នះ​ពានរង្វាន់​ណូបែល​រូបវិទ្យា​ក្នុង​ឆ្នាំ​១៩០៣។ ក្រោយ​មក​ទៀត​គាត់​រក​ឃើញ​ថា សារធាតុ​រាវ​ដែល​នៅ​សល់​នៅ​តែ​មាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់​ដដែល បើ​ទោះ​ជា​បរិមាណ​របស់​វា​មាន​តិចតួច​ក្ដី។ គាត់​ក៏​បាន​រក​ឃើញ​ថា កម្រិត​វិទ្យុសកម្ម​នេះ​មាន​ខ្ពស់​ជាង​អ៊ុយរ៉ាញ៉ូម​តែ​ឯង​ចំនួន​ជាង​១​លាន​ដង ហើយ​ធាតុ​គីមី​ថ្មី​មួយ​ទៀត​ក៏​ត្រូវ​បាន​រក​ឃើញ និង​ដាក់​ឈ្មោះ​ថា​ រ៉ាដ្យូម (Ra)

ការ​សិក្សា​ទៅលើ​ធាតុគីមី​រ៉ាដ្យូម បាន​ធ្វើឲ្យ​ម៉ារី​ក្លាយ​ជា​ស្ត្រី​ដំបូង​បង្អស់​ដែល​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​២ដង​ក្នុង​ជីវិត ដែល​លើក​ចុងក្រោយ​នេះ​គឺជា​ពានរង្វាន់​ណូបែល​គីមី ក្នុង​ឆ្នាំ​១៩១១។ ក្រោយ​ពី​ការ​ស្លាប់​របស់​ស្វាមី​មុន​ពេល​រក​ឃើញ​ធាតុគីមី​រ៉ាដ្យូម​នេះ ដំណែង​របស់​ស្វាមី​ដែល​ជា​សាស្ត្រាចារ្យ​ត្រូវ​បាន​ប្រគល់​ឲ្យ​ម៉ារី​ជា​អ្នក​ស្នង​បន្ត ហើយ​នា​ពេល​នោះ​ដែរ​នាង​ក៏​បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​ម្នាក់​គត់​ដែល​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​របស់ The Sorbonne របស់​ប៉ារីស។

អំឡុង​សង្គ្រាម​លោក​លើក​ទី១ ម៉ារី​បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​បំផុត​មួយ​ដែល​បាន​បង្កើត​ឧបករណ៍​ឆ្លុះ​កាំរស្មីX​ដោយ​ចល័ត សម្រាប់​ព្យាបាល​របួស​របស់​ទាហាន​ដែល​នៅ​តំបន់​ដាច់​ស្រយាល។ ប៉ុន្តែ ការ​ខិតខំ​តស៊ូ​របស់​គាត់​ក្នុង​ការ​ស្រាវជ្រាវ​ធាតុ​វិទ្យុសកម្ម​ទាំងនេះ ត្រូវ​ឲ្យ​គាត់​លះបង់​នូវ​អាយុ​ជីវិត​ដោយសារ​ការ​ស្រូប​យក​ជាតិ​បំពុល​ដ៏​សាហាវ​ទាំងនោះ​ក្នុង​កម្រិត​ច្រើន​ហួស​ប្រមាណ​ពេក ហើយ​ក៏​បាន​អស់​អាយុ​ជីវិត​ក្នុង​ឆ្នាំ​១៩៣៤។

ចំណែក​ឯ​បន្ទប់​ពិសោធន៍​របស់​គាត់ The Curie Lab បាន​បន្សល់​ទុក​ជា​កេរ្តិ៍មរតក​សម្រាប់​ជំរុញ​អ្នក​វិទ្យាសាស្ត្រ​ស្ត្រី​ក្មេងៗ​ជំនាន់​ក្រោយ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ប្រវត្តិនៃពានរង្វាន់ណូបែលរូបវិទ្យារបស់The Curiesចំពោះការរកឃើញធាតុគីមីរ៉ាដ្យូម (Ra)

X
5s