ហេតុអ្វីបានជា ចំណេះដឹងពិតប្រាកដដុះចេញពីការចេះគិតវិភាគ មិនមែនគ្រាន់តែចាំមាត់?
លោកស្រី Margaret Mead បាននិយាយថា៖ "ក្មេងត្រូវតែទទួលបានការបង្រៀនអំពីរបៀបនៃការគិត មិនមែនជាអ្វីដែលត្រូវគិតនោះឡើយ"។ ប៉ុន្តែ នៅក្នុងសង្គមក្មេងៗតែងតែត្រូវបានប្រាប់ថាបែបនេះទើបត្រូវ ឯបែបនោះគឺខុសហើយ។ នេះមានន័យថា ពួកគេត្រូវបានសង្គមតម្រង់ទិសដៅឲ្យគិតបែបនេះបែបនោះទៅតាមអ្វីដែលសង្គមគិតថាត្រឹមត្រូវគួរធ្វើ ប៉ុន្តែពួកគេមិនបានបណ្ដុះក្មេងឲ្យចេះស្វែងរកទិសដៅណាដែលជាការគិតត្រឹមត្រូវឬខុសដោយខ្លួនពួកគេផ្ទាល់នោះទេ។ ការបង្រៀនរបៀបនេះនឹងផលិតបាននូវមនុស្សដែលឆាប់ជឿ ជាជំនឿងប់ងុល ដែលឥតមានការរិះគិតវិភាគថ្លឹងថ្លែងជាមុននោះឡើយ។
នៅក្នុងប្រព័ន្ធអប់រំ យើងត្រូវបានបង្រៀនទៅតាមអ្វីដែលអ្នកប្រាជ្ញពីមុនៗបានរកឃើញនូវទ្រឹស្ដីដែលបកស្រាយអំពីការពិតនៃលោកនេះ។ ប៉ុន្តែ អ្វីដែលអ្នកជឿថាពិតដោយសារមានផ្លាកបិទថារកឃើញដោយអ្នកប្រាជ្ញ នឹងត្រូវបានជំនួសដោយការរកឃើញថ្មីដោយអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយទៀត ព្រោះមនុស្សមិនអាចចេះដឹងអស់ ឬក៏អាចមើលឃើញគ្រប់ជ្រុងនៃបញ្ហាបាននោះទេ។ អ្វីៗតែងតែត្រូវបានកែសម្រួលជានិច្ច។ បើអ្នកនៅតែបន្តបិទជិតការគិតរបស់ខ្លួនឯងជាមួយនឹងជំនឿ នោះអ្នកនឹងក្លាយជាមនុស្សល្ងង់អស់មួយជីវិតមិនខាន។
ការរៀនសូត្រត្រូវតែមានភ្ជាប់ជាមួយនឹងគោលបំណង។ នេះគឺជាមូលហេតុមួយដែលអាចបកស្រាយថាហេតុអ្វីបានជាសិស្សភាគច្រើនរៀនមិនចេះ និងអស់ចំណង់ក្នុងការរៀនសូត្រ។ នេះក៏ព្រោះតែពួកគេទទួលបានការបង្រៀនដែលប្រាប់ឲ្យជឿតាមអ្នកវិទ្យាសាស្ត្រគេថា និងរៀនពីទ្រឹស្ដីរបស់ពួកគេ ដោយមិនបានបង្ហាញថាហេតុអ្វីបានជារូបមន្តមួយនេះវាក្លាយមកជាដូច្នេះ ? ហេតុអ្វីល្បឿនត្រូវស្មើនឹងចម្ងាយគុណនឹងរយៈពេល ? តើគេប្រើប្រាស់ទ្រឹស្ដីនេះនៅក្នុងស្ថានភាពជាក់ស្ដែងយ៉ាងដូចម្ដេច ? នៅក្នុងកាលៈទេសៈបែបណា ? ការពិសោធន៍បែបណាដែលពួកគេអាចធ្វើបានដើម្បីបញ្ជាក់ថាវាជាទ្រឹស្ដីត្រឹមត្រូវប្រាកដមែន ?
ហេតុនេះហើយទើបបានជានៅក្នុងសង្គមសម្បូរតែអ្នកពូកែទ្រឹស្ដី និងជាសិស្សឆ្នើមកំពូលក្នុងសាលា ប៉ុន្តែអសមត្ថភាពក្នុងការបម្លែងទ្រឹស្ដីទាំងនោះមកប្រើប្រាស់នៅក្នុងស្ថានការណ៍ជាក់ស្ដែង ដើម្បីបង្កើតបានជាអ្វីមានប្រយោជន៍ពិតប្រាកដ។ អ្នកមិនអាចជោគជ័យបានដោយដើរតាមគេនោះទេ។ ប៉ុន្តែ នេះមិនមែនមានន័យថាមិនឲ្យអ្នករៀនតាមទ្រឹស្ដីរបស់អ្នកប្រាជ្ញនោះទេ ព្រោះបើមិនបានការស្រាវជ្រាវរបស់ពួកគេជាមូលដ្ឋានទេ នោះអ្នកវិទ្យាសាស្ត្រក្រោយក៏មិនដឹងដើរតាមផ្លូវណាដើម្បីស្វែងរកការពិតបន្តទៀតនោះដែរ។
យ៉ាងណាមិញ អ្នកត្រូវចេះបណ្ដុះខ្លួនឯងឲ្យរិះគិតវិភាគ ចេះសួរជជីករកឫសគល់ដើម្បីរកហេតុដែលនាំឲ្យមានផល ពុំមែនគ្រាន់តែជឿទៅតាមអ្វីដែលបានមើលឃើញនៅលើផ្ទៃទឹកកកផ្នែកខាងលើតូចមួយនោះទេ តែត្រូវជីករកទៅដល់ជម្រៅរបស់វាដើម្បីដឹងពីទំនាក់ទំនងរវាងហេតុនិងផល។ ការគិតរបៀបនេះនឹងបង្រៀនអ្នកឲ្យយល់ស៊ីជម្រៅពីបញ្ហាពិតប្រាកដ ដែលមិនអាចប្រៀបផ្ទឹមគ្នាបានឡើយពីការចេះតាមទន្ទេញឲ្យចាំមាត់ ដោយមិនមានការយល់អ្វីសោះ។
នៅពេលអ្នកចេះគិតវិភាគ វាមិនត្រឹមតែឲ្យអ្នកយល់នោះទេ តែថែមទាំងអាចឲ្យអ្នកបែកគំនិតនឹកឃើញដល់អ្វីផ្សេងទៀតដែលមានទំនាក់ទំនងជាមួយវា ដែលមនុស្សភាគច្រើនមិនធ្លាប់គិតដល់។ ដំណើរការណ៍បណ្ដុះចំណេះដឹងបែបនេះ ក៏មិនខុសពីដើមឈើដែលបែកចេញផ្លែផ្កាពីដើម ដែលមានឫសសម្រាប់ទ្រទ្រង់វាយ៉ាងរឹងមាំនោះដែរ៕
ដោយ៖ ស្រីពៅ