ប្រវត្តិនៃការរកឃើញសារធាតុគីមីអ៊ីដ្រូកាបួបង់សែន (C6H6)​



បង់សែន (C6H6) គឺជា​សារធាតុ​គីមី​ម្យ៉ាង​ដែល​មាន​ភាព​រូប​ជា​អង្គធាតុ​រាវ​និង​គ្មាន​ពណ៌ ជាមួយ​នឹង​ក្លិន​ផ្អែម និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រចនាសម្ព័ន្ធ​មូលដ្ឋាន​មួយ​នៅ​ក្នុង​គីមី​សរីរាង្គ។ ជា​ច្រើន​សតវត្ស​កន្លង​មក​តាំង​ពី​ការ​រក​ឃើញ​សារធាតុ​គីមី​មួយ​នេះ​របស់​គីមីវិទូ លោក Michael Faraday កាល​ពី​ឆ្នាំ​១៨២៥ នៅ​ឯ​បន្ទប់​ពិសោធន៍​របស់ The Royal Institution ក្នុង​ចក្រភពអង់គ្លេស​នេះ​មក អ៊ីដ្រូកាបួ​បង់សែន​ប្រៀប​បាន​ទៅ​នឹង​មេដែក​ដែល​ឆក់​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន​នាក់ ក្នុង​ការ​បន្ត​សិក្សា​ពី​លក្ខណៈ​របស់​ធាតុ​គីមី​ដ៏​សំខាន់​នៅ​ក្នុង​ធម្មជាតិ​មួយ​នេះ។

បង់សែន​គឺជា​អ៊ីដ្រូកាបួ​ធម្មជាតិ និង​ជា​សមាសធាតុ​មួយ​ដែល​មាន​នៅ​ក្នុង​ប្រេង​ឆៅ និង​សាំង។ មុន​នឹង​ភាព​ជោគជ័យ​របស់​លោក Faraday​ក្នុង​ការ​ញែក​សមាសធាតុ​ថ្មី​ដែល​ផ្សំ​ឡើង​ដោយ​កាបូន និង​អ៊ីដ្រូហ្សែន​នេះ លោក​បាន​ចាប់​អារម្មណ៍​ទៅលើ​វត្ថុ​ធាតុ​រាវ​ដែល​កកើត​ឡើង​ក្រោយ​ពី​ឧស្ម័ន​ត្រូវ​បាន​ដាក់​ឲ្យ​រង​សម្ពាធ ក្នុង​នោះ​លោក​ក៏​បាន​ជោគជ័យ​ទៅលើ​ការ​បម្លែង​ភាព​រូប​ឧស្ម័ន​ទៅ​ជា​ទឹក​របស់​ហ្គាស​ក្លរ​នៅ​ឆ្នាំ​១៨២៣ និង​ហ្គាស​មួយ​ចំនួន​ទៀត​ក្នុង​ទសវត្ស​ឆ្នាំ​១៨៤០។ នៅ​ពេល​ការ​ញែក​សមាសធាតុ​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ ដំបូង​ឡើយ​អ្នក​វិទ្យាសាស្ត្រ Faraday បាន​ដាក់​ឈ្មោះ​ថា "bi-carburet of hydrogen" ប៉ុន្តែ​ក៏​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ Eilhard Mitscherlich ប្ដូរ​ទៅ​ជា "បង់សែន" ក្នុង​ឆ្នាំ​១៨៣៣។

សារធាតុ​គីមី​មួយ​នេះ​នៅ​តែ​បន្ត​ចោទ​ជា​ចម្ងល់​សម្រាប់​ជំរុញ​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​បន្ត​ស្រាវជ្រាវ​ទៅលើ​រចនាសម្ព័ន្ធ​របស់​បង់សែន។ អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​គ្រាន់តែ​អាច​ដឹង​បាន​នោះ​គឺ បង់សែន​ផ្សំ​ឡើង​ពី​អាតូម​កាបូន​ចំនួន​៦ និង​អ៊ីដ្រូហ្សែន​ចំនួន​៦​ដូច​គ្នា​ដែរ។ ប៉ុន្តែ​ផ្អែក​តាម​ការ​រក​ឃើញ​របស់​លោក Friedrich August Kekule ដោយសារ​កាបូន​មាន​វ៉ាឡង់​៤ ដូច្នេះ​គ្រប់​អាតូម​កាបូន​ទាំងអស់​អាច​ចង​សម្ព័ន្ធ​គីមី​ជាមួយ​អាតូម​ដទៃ​ទៀត​បាន​ចំនួន​៤​ប៉ុណ្ណោះ ដែល​នេះ​បាន​ប្រាសចាក​ពី​ការ​រក​ឃើញ​មួយ​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​លើកឡើង​របស់​អ្នក​វិទ្យាសាស្ត្រ​ពីរ​រូប​ផ្សេង​ទៀត​គឺ Archibald Scott Couper និង Joseph Loschmidt បាន​ជួយ​បំពេញ​អ្វី​ដែល​កំពុង​តែ​ចោទ​ជា​ការ​សង្ស័យ​ទៅលើ​ការ​អះអាង​របស់ Friedrich ដោយ​លើកឡើង​ថា អាតូម​កាបូន​ដែល​ចង​សម្ព័ន្ធ​គីមី​ជាមួយ​អាតូម​ដទៃ​ទៀត​ទាំង​៤​ម៉ូលេគុល​អាតូម​របស់​វា នោះ​វា​គឺជា​អ៊ីដ្រូកាបួ​ឆ្អែត បើ​មិន​ដូច្នេះ​ទេ​វា​គឺជា​អ៊ីដ្រូកាបួ​មិន​ឆ្អែត។ ការ​ស្រាវជ្រាវ​រក​នូវ​រចនាសម្ព័ន្ធ​របស់​បង់សែន​គឺជា​ភាព​ស្មុគស្មាញ​មួយ ប៉ុន្តែ​លោក Friedrich បាន​ដោះស្រាយ​លំហាត់​គីមី​មួយ​នេះ​ជាមួយ​នឹង​អារម្មណ៍​រវើរវាយ នៅ​ពេល​ដែល​លោក​បាន​ឃើញ​សត្វ​ពស់​កំពុង​វា រុំ​ព័ទ្ធ​ខ្លួន​វា​ជា​រង្វង់​ហើយ​ខាំ​កន្ទុយ​ខ្លួនឯង ហើយ​គំនិត​លោក​ក៏​ផុស​ឡើង​មក​គិត​ថា បង់សែន​មាន​រចនាសម្ព័ន្ធ​គីមី​ជា​វង់ បន្ទាប់​មក​ក៏​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​បកស្រាយ​អំពី​រចនាសម្ព័ន្ធ​គីមី​របស់​បង់សែន​នៅ​ឆ្នាំ​១៨៦៥ ហើយ​ការ​ចាប់​អារម្មណ៍​ទៅលើ​ធាតុ​គីមី​បង់សែន​ក៏​បាន​ដុត​ចិត្ត​ពុះ​កញ្ជ្រោល​របស់​សមាគមន៍​អ្នក​វិទ្យាសាស្ត្រ​កាន់តែ​ខ្លាំង​ទៅ​ជា​បន្ត​បន្ទាប់។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ បង់សែន​ត្រូវ​បាន​ប្រើប្រាស់​ជា​សមាសធាតុ​ផ្សំ​ដ៏​ចម្បង​មួយ សម្រាប់​យក​ទៅ​បម្លែង​សមាសធាតុ​ប្រហើរ​ដទៃ​ទៀត ដើម្បី​បង្កើត​ជា​ថ្នាំ​ជក់ ថ្នាំ​សម្លាប់​សត្វ​ល្អិត ប្លាស្ទិក គ្រឿង​បំផ្ទុះ សារធាតុ​គីមី​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រូបថត ថ្នាំ​លាប ជ័រកៅស៊ូ និង​សារធាតុ​គីមី​ជម្រះ​ជាតិ​កខ្វក់​ផង​ដែរ។ ផ្ទុយ​ពី​គុណប្រយោជន៍​ដ៏​ច្រើន​អនេក​ដែល​ពិភពលោក​មិន​អាច​រស់​ដោយ​គ្មាន​សារធាតុ​គីមី​នេះ​បាន ស្រប​ជាមួយ​គ្នា​នេះ​ផល​ប៉ះពាល់​របស់​បង់សែន​មក​លើ​សុខភាព​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​គួរ​មើល​រំលង​ផង​ដែរ។

ការ​ប៉ះ​នឹង​ជាតិ​បង់សែន​ក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ខ្លី តាមរយៈ​ការ​ដក​ដង្ហើម​ឬ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​គីមី​នេះ នឹង​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​មជ្ឈមណ្ឌល​ប្រព័ន្ធ​ប្រសាទ ដែល​អាច​ក្លាយ​ជា​ពិការ សន្លប់ ប្រកាច់ វិលមុខ ចង្វាក់​បេះដូង​លោត​ញាប់ ថប់​ដើម​ទ្រូង ញ័រ និង​ដក​ដង្ហើម​ញាប់ៗ និង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​គឺ​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែរ។

សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ណា​ដែល​មាន​ប្រើប្រាស់​សារធាតុ​គីមី​បង់សែន​នេះ​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​ខ្លាំង​ណាស់ ក្នុង​នោះ​រួម​មាន​ការដ្ឋាន​ចម្រាញ់​ប្រេងកាត រោងចក្រ​ឧស្សាហកម្ម​ផលិត​ប្រេងកាត​គីមី និង​ជ័រកៅស៊ូ​កង់ និង​ស្ថានីយ​សាំង៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ actforlibraries & rigb & toxtown

អត្ថបទទាក់ទង៖ តើ​នរណា​គឺជា​អ្នក​នៅ​ពី​ក្រោយ​គំនិត​នៃ​ការ​បង្កើត​ម៉ូទ័រ​អគ្គិសនី ?

X
5s