ការគិតរបស់មនុស្សមិនមែនមានវិចារណញ្ញាណគ្រប់ពេលនោះទេ !
ឆ្លងកាត់ការស្រាវជ្រាវនិងការអង្កេតអស់រយៈពេលជាច្រើនឆ្នាំ អ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទ លោក Sigmund Freud (១៨៥៦ដល់១៩៣៩) បានសរុបសេចក្ដីការរកឃើញរបស់ខ្លួនដែលមានន័យថា សតិសម្បជញ្ញៈ (ចិត្តដឹងខ្លួន) របស់មនុស្សមានចំណែកត្រឹមតែ១០ភាគរយប៉ុណ្ណោះ ក្រៅពីនោះគឺជាផ្នែកនៃចិត្តឥតដឹងខ្លួន ដែលបង្កប់ជ្រៅនៅពីក្រោមស្រទាប់ខាងលើនៃសតិសម្បជញ្ញៈ។
នេះក៏មានន័យថា សតិសម្បជញ្ញៈមិនបានទទួលដឹងរឿងរ៉ាវជាច្រើនដែលជាមូលហេតុបង្កនូវការប្រព្រឹត្តរបស់យើង ឬដូចគ្នាដូច្នេះថាមនុស្សយើងប្រព្រឹត្តទង្វើជាច្រើនទាំងមិនដឹងខ្លួន រួមមានទាំងការសម្រេចចិត្តជាប្រចាំថ្ងៃផងដែរ។ មានទង្វើជាច្រើនដែលអ្នកមិនដឹងខ្លួនថាហេតុអ្វីអ្នកធ្វើវា ហើយដើម្បីអ្វីនោះទេ ទាល់តែមាននរណាម្នាក់មកសួរអ្នកដូច្នេះ ទើបអ្នកចាប់ផ្ដើមចាប់អារម្មណ៍ទៅលើអ្វីដែលជាមូលហេតុនៃទង្វើរបស់ខ្លួន ឬសតិសម្បជញ្ញៈចាប់ផ្ដើមទទួលដឹង។
ពិតណាស់ថាមនុស្សលោកគឺជាសត្វកម្រិតខ្ពស់ ក៏ព្រោះតែមានវិចារណញ្ញាណដែលសត្វដទៃមិនមាន ដែលបំពេញតួនាទីដូចជាប៉ូលិសដែលត្រៀមចាំត្រួតពិនិត្យទង្វើទាំងឡាយណាដែលដឹកនាំដោយអារម្មណ៍និងសភាវគតិ ដែលនាំទៅរកកំហុស។ លក្ខណៈពិសេសបែបនេះ មិនមែនចង្អុលបង្ហាញថាមនុស្សជាសត្វដ៏ឆ្លាតវៃគ្រប់ពេលវេលានោះទេ ព្រោះមានកត្តាជាច្រើនដែលមានឥទ្ធិពលទៅលើការសម្រេចចិត្តជាប្រចាំថ្ងៃរបស់មនុស្សរាល់គ្នា ដែលប្រព្រឹត្តទៅដោយឥតមានវិចារណ ញ្ញាណ និងឥតមានការទទួលដឹងពីសម្បជញ្ញៈរបស់អ្នកឡើយ។
ស្របពេលដែលវាជាភាពលម្អៀងក្នុងការទទួលយកជឿអ្វីមួយពិត តែមនុស្សយើងយល់ច្រឡំថាខ្លួនឯងកំពុងគិតបែបមានហេតុផល គឺនៅពេលមនុស្សយើងទទួលយកតែគំនិតណាដែលគាំទ្រជាមួយនឹងជំនឿដើមរបស់ខ្លួន ចូលចិត្តជជែកជាមួយតែបុគ្គលណាដែលមានគំនិតប្រហាក់ប្រហែលគ្នាជាមួយខ្លួនឯង ដែលជាហេតុនាំឲ្យមានឥទ្ធិពលទៅលើការសម្រេចចិត្តខុស ក្នុងផ្លូវមួយដែលមិនបានថ្លឹងថ្លែងសព្វគ្រប់ជ្រុងជ្រោយ។ ម្យ៉ាងទៀត ខួរក្បាលរបស់មនុស្សតែងមានទំនោរគិតខ្វាយខ្វល់ពីអ្វីដែលនាំការខាតបង់មកដល់ខ្លួន ជាជាងគិតពីអ្វីដែលអាចនាំផលចំណេញមកខ្លួនវិញ។
ឧទាហរណ៍ថា អ្នកបានចំណាយលុយ៥០ដុល្លារទិញសំបុត្រកុន នៅពេលអ្នកកំពុងមើលទើបដឹងថារឿងកុននោះមិនមានអ្វីល្អមើលឡើយ ប៉ុន្តែអ្នកមិនបានគិតថាដើរចេញពីរោងកុនហើយទៅធ្វើអ្វីដែលមានតម្លៃសម្រាប់ពេលវេលារបស់អ្នកវិញនោះទេ អ្នកសុខចិត្តទ្រាំអង្គុយមើលបន្តក៏ព្រោះតែកុំឲ្យខាតលុយ៥០ដុល្លារនោះ។ ការសម្រេចចិត្តនេះមិនមែនមានតែក្នុងឧទាហរណ៍នេះទេ ព្រោះវាតែងតែកើតឡើងមកលើអ្នកដោយមិនដឹងខ្លួន។ ទោះជាយ៉ាងណាក៏អ្វីដែលអ្នកបានចំណាយរួចហើយ មិនអាចទទួលបានមកវិញដែរ មិនថាជាលុយឬពេលវេលានោះទេ ចុះម្ដេចមិនប្ដូរទៅធ្វើអ្វីដែលមានតម្លៃសម្រាប់អ្នកទៅ ? ការសម្រេចចិត្តរបៀបនេះក៏បញ្ជាក់ពីការគិតផ្អែកទៅលើអារម្មណ៍ ដែលពុំមែនជាវិចារណញ្ញាណរបស់មនុស្សនោះឡើយ ដែលនាំអ្នកទៅរកការមើលឃើញប្រយោជន៍ក្នុងរយៈពេលខ្លីសំខាន់ជាងអនាគត។
ទម្លាប់គិតមួយបែបទៀតដែលបង្ហាញពីភាពឥតមានហេតុផលនៅក្នុងការគិតរបស់មនុស្សដែរនោះគឺជាការទស្សន៍ទាយអ្វីដែលនឹងកើតឡើង។ ស្រមៃថាអ្នកលេងបង្វិលកាក់ ដែលមុខម្ខាងមានអក្សរA និងម្ខាងទៀតមានអក្សរB។ ៥ដងមកហើយដែលអ្នកបង្វិលកាក់ទទួលបានតែមុខដែលមានអក្សរA ដូច្នេះលើកទី៦អ្នកក៏ទស្សន៍ទាយយ៉ាងមានទំនុកចិត្តថាលើកនេះវានឹងចេញមុខអក្សរBមិនខាន ក៏ព្រោះតែវាចេញអក្សរAមក៥ដងហើយ។ តាមពិតទៅបើទោះជាអ្នកទាយត្រូវចេញអក្សរBលើកទី៦ក៏ដោយ ក៏វាគ្រាន់តែជាភាពចៃដន្យប៉ុណ្ណោះ ព្រោះរវាងអក្សរAនិងអក្សរB មុខនីមួយៗសុទ្ធតែមានភាពដែលអាចទៅរួចក្នុងការចេញមុខចំនួន៥០ភាគរយដូចគ្នា។ នេះក៏ដោយសារតែអ្នកបានយកការចងចាំឬបទពិសោធន៍ពីមុន គ្របដណ្ដប់ឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នក ជាជាងគិតក្នុងផ្លូវហេតុនិងផលនៃធម្មជាតិអ្វីមួយ។
កំហុសដ៏ធំមួយទៀតគឺជាការទុកចិត្តលើការចងចាំរបស់ខ្លួនឯងជាជាងអង្កេតរកការពិត។ ឧទាហរណ៍ថាអ្នកបានបញ្ចប់អត្ថបទមួយ ហើយត្រូវបានសួរថានៅក្នុងអត្ថបទមួយនោះ តើមានពាក្យដែលចុងក្រោយបញ្ចប់ដោយingច្រើនជាង ឬបញ្ចប់ដោយអក្សរnបន្ទាប់ពីអក្សរចុងក្រោយច្រើនជាង ? អ្នកឆ្លើយសំណួរភាគច្រើននឹងជ្រើសថាពាក្យបញ្ចប់ដោយingមានច្រើនជាងមិនខាន។ ហេតុអ្វី ? ពាក្យដែលបញ្ចប់ចុងក្រោយដោយing ដូចជាwalking ងាយស្រួលក្នុងការសង្កេតឃើញជាងពាក្យដែលបញ្ចប់ដោយnបន្ទាប់ពីអក្សរចុងក្រោយបង្អស់ដូចជាwant។
បើប្រៀបធៀបទៅលើពាក្យជាឧទាហរណ៍walkingនិងwant តើនៅក្នុងwantក៏មិនមានnដូចក្នុងwalkingដែរទេឬ ? ឬមានន័យថាបើnមិនមានច្រើនជាងingទេ តើម្ដេចនឹងអាចមានពាក្យបញ្ចប់ដោយingបាននោះ។ ចម្លែកទេ ? ហេតុអ្វីអ្នកខ្លួនឯងមិនដែលចាប់អារម្មណ៍ពីភាពឥតមានហេតុផលនេះរបស់ខ្លួនឯងពីមុនមកដូច្នេះ ? នេះក៏ដោយសារតែវាប្រព្រឹត្តទៅក្នុងជម្រៅចិត្តឥតដឹងខ្លួនរបស់អ្នកនេះឯង។ ដូច្នេះហើយបានជាមុននឹងឈានទៅដល់ការសម្រេចចិត្តចុងក្រោយអ្វីក៏ដោយ អ្នកត្រូវមានទម្លាប់ជាអ្នកគិតបែបវិភាគជានិច្ច។
លក្ខណៈនៃការគិតបែបវិភាគមានដូចជា ជាអ្នកស្វែងរកការពិត ឬជជីករកមូលហេតុនៅពីក្រោយការកើតឡើងអ្វីមួយ ដោយមិនមែនចេះតែជឿតាមអ្វីដែលឃើញនឹងភ្នែក ឬឮតៗពីគេមកនោះទេ ជាអ្នកបើកចិត្តទូលាយក្នុងការទទួលយកគំនិតចេញពីជ្រុងផ្សេងៗគ្នា ជាអ្នកចេះថ្លឹងថ្លែងរកគុណសម្បត្តិនិងគុណវិបត្តិដោយចៀសវាងអារម្មណ៍ឬសភាវគតិដឹកមុខក្នុងការសម្រេចចិត្តសំខាន់ៗ ហើយក៏ត្រូវចេះមានភាពងឿងឆ្ងល់ ព្រោះវាជាប្រភពនាំមកនូវចំណេះដឹងនិងទិន្នន័យច្រើនដែលមានប្រយោជន៍សម្រាប់ប្រើប្រាស់ទៅលើការសម្រេចចិត្តផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ blog.bufferapp & lifehack