ឡៅ ជឺ៖ ភាពក្លាហានខាងក្នុង និងការទទួលស្គាល់ខ្លួនឯង!មនុស្សដែលមានសេចក្ដីក្លាហានក្រៅខ្លួន ហ៊ានសម្លាប់ខ្លួន ប៉ុន្តែមនុស្សដែលមានសេចក្ដីក្លាហានក្នុងខ្លួន ហ៊ានរស់នៅដើម្បីបន្តជីវិត
ឡៅ ជឺ (Lao Tzu) ជាទស្សនវិទូដ៏ល្បីល្បាញ ដែលបានបន្សល់ទុកនូវទស្សនៈវិជ្ជាដ៏ជ្រាលជ្រៅជាច្រើនអំពីជីវិត។ គំនិតដ៏សំខាន់មួយរបស់លោកបានចែងថា ភាពក្លាហានពិតប្រាកដមិនមែនស្ថិតនៅលើការប្រយុទ្ធខាងក្រៅនោះទេ ប៉ុន្តែនៅលើការប្រយុទ្ធជាមួយខ្លួនឯង។
នៅក្នុងអត្ថបទនេះ Bizkhmer នឹងបកស្រាយពីអត្ថន័យជ្រាលជ្រៅនៃភាពក្លាហានខាងក្នុង និងរបៀបដែលការទទួលស្គាល់ខ្លួនឯងអាចនាំមកនូវអំណាចពិតប្រាកដ។
១. ភាពក្លាហានខាងក្នុង៖ គន្លឹះនៃជីវិត
ភាពក្លាហានក្រៅខ្លួន ដែលបង្ហាញដោយការប្រើកម្លាំងបាយ គឺអាចនាំទៅរកការបាត់បង់ជីវិត។ ផ្ទុយទៅវិញ ភាពក្លាហានខាងក្នុង គឺជាការប្រឈមមុខនឹងបញ្ហាដោយស្មារតីវិជ្ជមាន និងការតស៊ូដើម្បីបន្តរស់នៅ។ មនុស្សដែលមានភាពក្លាហានខាងក្នុង ហ៊ានទទួលយកការពិត ហ៊ានធ្វើកិច្ចការដែលត្រឹមត្រូវ និងហ៊ានអភ័យទោស។ ភាពក្លាហាននេះហើយ ដែលជាកម្លាំងចលករដ៏សំខាន់ដែលធ្វើឱ្យពួកគេអាចរស់នៅបានដោយភាពសុខដុមរមនា។
២. ការស្រឡាញ់ខ្លួនឯង និងការគោរពអ្នកដទៃ
លោក ឡៅ ជឺ បានមានប្រសាសន៍ថា៖ "ពេលដែលអ្នកស្រលាញ់ពេញចិត្តនឹងខ្លួនអ្នក ហើយមិនប្រៀបធៀបឬយកឈ្នះយកចាញ់អ្នកដទៃ មនុស្សគ្រប់គ្នានឹងគោរពអ្នក។" ឃ្លានេះបានបង្ហាញថា ការទទួលស្គាល់ និងការស្រឡាញ់ខ្លួនឯង គឺជាឫសគល់នៃការទទួលបានការគោរពពីអ្នកដទៃ។ នៅពេលអ្នកមានទំនុកចិត្តលើខ្លួនឯង អ្នកលែងត្រូវការការទទួលស្គាល់ពីអ្នកដទៃ ហើយភាពស្មោះត្រង់នេះហើយដែលធ្វើឱ្យអ្នកក្លាយជាមនុស្សដ៏គួរឱ្យគោរព។
៣. អំណាចនៃការទទួលយកខ្លួនឯង
"ដោយសារតែអ្នកមានជំនឿជាក់លើខ្លួនអ្នក អ្នកនឹងមិនព្យាយាមបញ្ចុះបញ្ចូលអ្នកដទៃ។ ដោយសារតែអ្នកពេញចិត្តនឹងខ្លួនអ្នក អ្នកមិនត្រូវការការយល់ព្រមពីអ្នកដទៃ។ ដោយសារតែអ្នកហ៊ានទទួលស្គាល់ខ្លួនអ្នក ពិភពលោកទាំងមូលនឹងទទួលយកអ្នក។"
ឃ្លានេះបានបង្ហាញពីអំណាចដ៏ពិតប្រាកដដែលកើតចេញពីការទទួលស្គាល់ខ្លួនឯង។ នៅពេលអ្នកស្គាល់ និងទទួលយកខ្លួនឯងបានល្អ អ្នកនឹងលែងរស់នៅដើម្បីបំពេញចិត្តអ្នកដទៃ ហើយភាពស្មោះត្រង់នេះហើយដែលនឹងទាក់ទាញភាពវិជ្ជមានពីពិភពលោក។
ទស្សនៈវិជ្ជារបស់លោក ឡៅ ជឺ បានបង្រៀនយើងថាមាគ៌ាទៅកាន់ភាពអស្ចារ្យ ចាប់ផ្តើមពីការស្វែងយល់ និងការទទួលយកខ្លួនឯង។ ភាពក្លាហានពិតប្រាកដគឺស្ថិតនៅលើការហ៊ានរស់នៅ និងតស៊ូ ខណៈដែលអំណាចពិតប្រាកដគឺស្ថិតនៅលើការគ្រប់គ្រងខ្លួនឯង។ ចូរស្រឡាញ់ខ្លួនឯង និងជឿជាក់លើខ្លួនឯង នោះអ្នកនឹងទទួលបានការគោរព និងការទទួលស្គាល់ពីអ្នកដទៃ។
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
រៀបរៀងដោយ : Anjelica