តើ​អ្វី​ទៅ​គឺជា​អនុមាន​ញែក ? អ្វី​ជា​អនុមាន​រួម ? តើ​វា​ខុស​គ្នា​ដូចម្ដេច ?​



តើ​អ្វី​ទៅ​គឺជា​អនុមាន​ញែក ? អ្វី​ជា​អនុមាន​រួម ? តើ​វា​ខុស​គ្នា​ដូចម្ដេច ? ដើម្បី​បង្ហាញ​ថា​អំណះអំណាង​របស់​អ្នក​ត្រឹមត្រូវ អ្នក​ត្រូវ​មាន​ទឡ្ហីករណ៍ ឬ​សម្មតិកម្ម​ត្រឹមត្រូវ (premises) ដើម្បី​ទាញ​ទៅ​រក​សេចក្ដី​សន្និដ្ឋាន (conclusion) មួយ​ដែល​ត្រឹមត្រូវ។ នៅ​ក្នុង​ការ​បង្កើត​អំណះអំណាង​មួយ​ឡើង អ្នក​អាច​ជ្រើសរើស​មួយ​នៅ​ក្នុង​ចំណោម​វិធីសាស្ត្រ​២​យ៉ាង​នោះ​គឺ អនុមាន​ញែក (deductive argument) ឬ​អនុមាន​រួម (inductive argument)។

ដើម្បី​ដឹង​ថា​តើ​អំណះអំណាង​មួយ​ជា​អនុមាន​ញែក ឬ​អនុមាន​រួម យើង​ជា​អ្នក​វិភាគ​ត្រូវ​ដឹង​ជាមុន​អំពី​គោលដៅ​របស់​អ្នក​ដែល​អះអាង​អំណះអំណាង​របស់​ខ្លួន​ឡើង។ ជា​ដំបូង​អ្នក​ត្រូវ​យល់​ឲ្យ​បាន​សិន​ថា​តើ​អ្វី​ជា​អនុមាន​ញែក ? អំណះអំណាង​ដែល​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​អនុមាន​ញែក គឺជា​អំណះអំណាង​ទាំងឡាយ​ណា​ដែល​គោលដៅ​របស់​អ្នក​អះអាង​ចង់​បង្ហាញ​ថា​រាល់​ការ​ពិត​របស់​ទឡ្ហីករណ៍​ទាំងអស់​ដែល​មាន ក៏​អាច​ធានា​បាន​ពី​ការ​ពិត​របស់​សេចក្ដី​សន្និដ្ឋាន​ដែល​ទាញ​ចេញ​មក​ពី​ទឡ្ហីករណ៍​ពិត​ទាំងនោះ​ដែរ។ បើ​កាលណា​អំណះអំណាង​មួយ​បំពេញ​នូវ​លក្ខណៈ​ដូច​នេះ​ហើយ មានន័យ​ថា​វា​ជា​អំណះអំណាង​ដែល​មាន​សុពលភាព (validity) ដែល​ធានា​ថា​សេចក្ដី​សន្និដ្ឋាន​គឺ​ពិត​ទាញ​ចេញ​ពី​សម្មតិកម្ម​ពិត។

បើ​អំណះអំណាង​មួយ​មាន​សុពលភាព​ហើយ នេះ​ក៏​មានន័យ​ថា​អំណះអំណាង​នោះ​មាន​ការ​ថ្លឹងថ្លែង​បាន​ល្អ​ដែរ។ អំណះអំណាង​មួយ​ដែល​មាន​តែ​ទឡ្ហីករណ៍​តែ​ឯង​ពិត ហើយ​សេចក្ដី​សន្និដ្ឋាន​មិន​ពិត ភាព​មិន​ស៊ីចង្វាក់​គ្នា​នេះ​ពុំ​មែន​ជា​លក្ខណៈ​របស់​អនុមាន​ញែក​ឡើយ។ ម្យ៉ាងវិញទៀត លក្ខណៈ​មួយ​ដ៏​សំខាន់​របស់​អនុមាន​ញែក​ស្ថិត​នៅ​ត្រង់​ថា បើ​ទោះ​ជា​មាន​ការ​កែប្រែ​ពាក្យពេចន៍​នៅ​ក្នុង​ទឡ្ហីករណ៍​ក៏​ដោយ ក៏​វា​មិន​មាន​ឥទ្ធិពល​អ្វី​អាច​មក​កែប្រែ​ការ​ពិត​ទៅលើ​សុពលភាព​របស់​អំណះអំណាង​មួយ​នោះ​ដែរ នេះ​ប្រសិន​ជា​សេចក្ដី​សន្និដ្ឋាន​ពិត​ទាញ​ចេញ​ពី​ទឡ្ហីករណ៍​ពិត។

ឧទាហរណ៍ សុភី​ឈឺ។ បើ​សុភី​ឈឺ នោះ​សុភី​មិន​អាច​មក​ចូលរួម​ការ​ប្រជុំ​នៅ​ថ្ងៃនេះ​បាន​ទេ។ ដូច្នេះ​សុភី​មិន​អាច​មក​ចូលរួម​ការ​ប្រជុំ​នៅ​ថ្ងៃនេះ​បាន​ទេ។ ត្រង់​នេះ​បើ​ទោះ​ជា​ពាក្យ​ថា "ឈឺ" ត្រូវ​បាន​ប្ដូរ​ជា "រីករាយ" ក៏​មិន​អាច​កែប្រែ​សុពលភាព​នៃ​អំណះអំណាង​នេះ​ដែល​ថា សុភី​មិន​អាច​ចូលរួម​ការ​ប្រជុំ​នៅ​ថ្ងៃនេះ​បាន​ដែរ។ ឬ​ម្យ៉ាងទៀត​ថា ក។ បើ ក នោះ ខ។ ដូច្នេះ ខ។ បើ ក ប្ដូរ ក៏​មិន​អាច​កែប្រែ​ការ​ពិត​អំពី ខ ដូច​គ្នា។

ដោយឡែក ចុះ​អ្វី​ជា​អនុមាន​រួម​វិញ ? អនុមាន​រួម​ខុស​ពី​អនុមាន​ញែក​នៅ​ត្រង់​ថា នៅ​ពេល​គេ​និយាយ​ពី​អនុមាន​ញែក គេ​និយាយ​ពី "សុពលភាព​របស់​អំណះអំណាង" ប៉ុន្តែ​នៅ​ពេល​គេ​និយាយ​ពី​អនុមាន​រួម គេ​និយាយ​ពី "ទម្ងន់​របស់​អំណះអំណាង" វិញ ថា​តើ​ទឡ្ហីករណ៍​របស់​អំណះអំណាង​មួយ​នោះ​មាន​ទម្ងន់​ខ្លាំង​កម្រិត​ណា​ក្នុង​ការ​អះអាង​ថា​សេចក្ដី​សន្និដ្ឋាន​របស់​វា​ជា​ការ​ពិត។ គោលដៅ​របស់​អ្នក​អះអាង​ដែល​ប្រើប្រាស់​វិធីសាស្ត្រ​អនុមាន​រួម​គឺ​ចង់​បង្ហាញ​ថា​ទឡ្ហីករណ៍​ដែល​មាន មាន​ហេតុផល​ល្អ​មួយ​ចំនួន ដែល​មាន​ទម្ងន់​នឹង​អាច​ជឿ​ទុកចិត្ត​បាន​ថា សេចក្ដី​សន្និដ្ឋាន​ដែល​ទាញ​ចេញ​ពី​វា​ក៏​អាច​ពិត​ដូច​គ្នា​ដែរ។

យ៉ាងណាមិញ ខុស​ពី​អនុមាន​ញែក រាល់​ការ​ផ្លាស់ប្ដូរ​កែប្រែ​ពាក្យពេចន៍​ទាំងឡាយ​នឹង​មាន​ឥទ្ធិពល​ទៅលើ​កម្រិត​នៃ​ទម្ងន់​របស់​អំណះអំណាង​មួយ​នោះ​ដែរ។ ឧទាហរណ៍ សុភី​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ តែ​ក៏​ស្រាប់តែ​បាត់​លុយ​នៅ​ពេល​ចេញ​ក្រៅ​ពេល​ល្ងាច។ ធីតា​ក៏​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​តែ​ពីរ​នាក់​ជាមួយ​សុភី ប៉ុន្តែ​ធីតា​មិន​បាន​ចេញ​ទៅ​ណា​នៅ​ពេល​ល្ងាច​នេះ​ទេ។ ដូច្នេះ​ធីតា​ជា​អ្នក​ធ្វើ​ឲ្យ​បាត់​លុយ​របស់​សុភី។ បើ​វិភាគ​ទៅលើ​អំណះអំណាង​មួយ​នេះ ទឡ្ហីករណ៍​នេះ​មាន​ទម្ងន់​ធ្ងន់​ក្នុង​ការ​ចោទ​ថា​ធីតា​ជា​អ្នក​ធ្វើឲ្យ​បាត់​លុយ​សុភី ក៏​ព្រោះ​តែ​មាន​ពាក្យ​ថា "ប៉ុន្តែ​ធីតា​មិន​បាន​ចេញ​ទៅ​ណា​នៅ​ពេល​ល្ងាច​នេះ​ទេ" នេះ​ឯង។ បើ​ដក​ពាក្យ​នេះ​ចេញ ទម្ងន់​របស់​ទឡ្ហីករណ៍​នេះ​នឹង​មាន​ភាព​ទន់​ខ្សោយ​ក្នុង​ការ​ទាញ​ទៅ​រក​ការ​ពិត​នៃ​សេចក្ដី​សន្និដ្ឋាន​របស់​វា៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.iep.utm.edu

X
5s