​នេះ​​ជាមូលហេតុ​​ធ្វើ​ឱ្យ​ឥណ្ឌា​មាន​ប្រជាជន​ដ៏​ច្រើន​លើស​លប់ និងភាពក្រីក្ររបស់ពួកគេ!​



ប្រទេស​ដែល​មាន​អរិយធម៌​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ពិភពលោក និង​ជា​ប្រទេស​ដែល​ប្រជាជន​មាន​ផ្នត់​គំនិត​ដែល​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​នឹង​ការ​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​សាសនា គឺជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​សរុប​ក្នុង​ពេល​បច្ចុប្បន្ន​រហូត​ដល់១.៣​ពាន់​លាន​នាក់ ជា​តួលេខ​ដែល​ខ្ពស់​បំផុត​បន្ទាប់​ពី​មហាអំណាច​ចិន ដែល​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា​ជា ប្រទេស​ឥណ្ឌា។

ស្ថានភាព​របស់​ប្រទេស​នេះ​ខុស​ស្រឡះ​ដូច​មេឃ​និង​ដី​ជាមួយ​ស្ថានភាព​ប្រទេស​ចិន ដែល​ទោះ​ជា​ចិន​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ក្ដី តែ​សេដ្ឋកិច្ច​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ​យ៉ាង​ឆ្ងាយ​ដាច់​សង្វែង​ពី​ឥណ្ឌា។ ផ្ទុយទៅវិញ ចំនួន​ប្រជាជន​ដ៏​ច្រើន​លើសលប់​របស់​ឥណ្ឌា​បាន​ក្លាយ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ភាព​ក្រីក្រ​របស់​ប្រទេស​នេះ​ទៅវិញ។ តើ​អ្វី​ខ្លះ​ជា​មូលហេតុ​បង្ក​ឲ្យ​ឥណ្ឌា​មាន​ចំនួន​ប្រជាជន​ដ៏​ច្រើន​លើសលប់​បែប​នេះ ?

តាម​ពិត​បញ្ហា​នៃ​ការ​កើន​ឡើង​ចំនួន​ប្រជាជន​មិន​ឈប់ឈរ​បែប​នេះ គឺជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​រាជរដ្ឋាភិបាល​របស់​ប្រទេស​នេះ​ជា​យូរ​មក​ហើយ។ ហេតុនេះ ក្រោយ​ពី​ប្រទេស​ក្រីក្រ​មួយ​នេះ ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩៤៧ សមាគម​ផែនការ​គ្រួសារ​របស់​ឥណ្ឌា​ក៏​បាន​បង្កើត​ឡើង​នា​ពេល​បន្ទាប់​ក្នុង​ឆ្នាំ១៩៤៩ និង​ចាប់​អនុវត្ត​ជា​ផ្លូវការ​ក្នុង​ឆ្នាំ១៩៥២។ គោលបំណង​ជា​ស្នូល​របស់​គោលនយោបាយ​នេះ ផ្ដោត​សំខាន់​ទៅលើ​ការ​គ្រប់គ្រង​កំណើត​ដែល​ផ្ដោត​ជា​ពិសេស​ទៅលើ​ប្រជាជន​តាម​ជនបទ ការ​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​កង​ដាក់​ក្នុង​ស្បូន និង​ថ្នាំ​ពន្យារ​កំណើត ការ​ជំរុញ​ឲ្យ​មាន​ការ​កំណត់​យក​កូន ​២នាក់ និង​ទុក​នូវ​ចន្លោះ​រយៈពេល​វែង​រវាង​ការ​ផ្ដល់​កំណើត​ដល់​កូន​ទាំងពីរ ការ​ផ្ដល់​សេវាកម្ម​ថែទាំ​សុខភាព និង​ថវិកា ព្រម​ទាំង​ការ​កំណត់​អាយុ​រៀបការ​នៅ​អាយុ ​១៨​ឆ្នាំ ​ឡើង​សម្រាប់​ក្មេង​ស្រី និង​ក្មេង​ប្រុស​ចាប់ពី​អាយុ ​២១ឆ្នាំ ​ឡើង​ផង​ដែរ។

យ៉ាងណាមិញ ចាប់តាំង​ពី​គោលនយោបាយ​នេះ​ត្រូវ​បាន​អនុវត្ត​មក គេ​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​តម្រង់​រក​លទ្ធផល​វិជ្ជមាន​តិចតួច​នៅ​ឡើយ។ នោះ​ក៏​ដោយសារ​តែ​ផ្នត់គំនិត​របស់​ប្រជាជន​ឥណ្ឌា​នៅ​មាន​ក្រាស់ក្រែល​នៅ​ឡើយ​ចំពោះ​ការ​យល់ឃើញ​ដែល​ផ្ដល់​ភាព​សំខាន់​ទៅលើ​កូន​ប្រុស​ថា​ពួកគេ​ជា​បុគ្គល​តែ​ម្នាក់​ក្នុង​គ្រួសារ​ដែល​មាន​កាតព្វកិច្ច​រក​លុយ និង​មើល​ថែទាំ​ឪពុក​ម្ដាយ​ពេល​ចាស់ជរា ជាហេតុ​ជំរុញ​ឲ្យ​គ្រួសារ​ទាំងនេះ​បន្ត​យក​កូន​រហូត​ដល់​ពួកគេ​ទទួល​បាន​កូន​ប្រុស។ នៅ​ពេល​បង្កើត​កូន​មក​ហើយ វប្បធម៌​ដ៏​ចំណាស់​របស់​ប្រជាជន​នេះ កំណត់​ថា​ការ​រៀបការ​គឺជា​កាតព្វកិច្ច​របស់​បុគ្គល​គ្រប់​រូប​ទាំង​ប្រុស​ទាំង​ស្រី​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ការ​រៀបការ​ក៏​ធ្វើ​ឡើង​ពេល​ពួកគេ​នៅ​មាន​អាយុ​តិច​ម្ល៉េះ ដែល​តម្រូវ​ឲ្យ​ពួកគេ​បញ្ឈប់​ការ​សិក្សា ដូច្នេះ​ភាព​មិន​ចេះ​អក្សរ​របស់​ប្រជាជន​ឥណ្ឌា​ក៏​មាន​កម្រិត​ខ្ពស់ ធ្វើឲ្យ​ភាព​អត់​ការងារ​ធ្វើ​ក៏​មាន​ច្រើន ឯ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ក៏​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដែរ ស្រប​ពេល​ដែល​សមាជិក​ក្នុង​គ្រួសារ​ក៏​មាន​ចំនួន​ច្រើន​ទៀត​នោះ។

បើ​ចូល​ទៅ​ពិនិត្យ​មើល​ឲ្យ​កាន់តែ​ជ្រៅ​ទៅ​ទៀត​អំពី​ផល​ប៉ះពាល់​ពី​ចំនួន​ប្រជាជន​ច្រើន​លើសលប់​នេះ នៅ​មាន​ទៅលើ​ការ​កើន​ឡើង​អតិផរណា​ដែល​បណ្ដាល​មក​ពី​ផលិតផល​មិន​មាន​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​របស់​ប្រជាជន​ដ៏​ច្រើន ធ្វើឲ្យ​ចំនួន​ផលិតផល​មាន​តិច ឯ​តម្លៃ​ផលិតផល​វិញ​មាន​តម្លៃ​ថ្លៃ​ខ្លាំង។ មិនតែប៉ុណ្ណោះ ផល​ប៉ះពាល់​ក៏​មាន​ទៅលើ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​អគារ​ផ្ដល់​សេវាកម្ម​ថែទាំ​សុខភាព មធ្យោបាយ​ធ្វើ​ដំណើរ ផ្ទះសម្បែង សាលារៀន​ផង​ដែរ។ ភាព​ជាក់ស្ដែង​ទាំងនេះ​បាន​ស​បញ្ជាក់​ថា វា​មិន​គួរ​ឲ្យ​ចម្លែក​ចិត្ត​នោះ​ឡើយ ដែល​ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដ៏​ក្រីក្រ​បំផុត​នោះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.mapsofindia.com & www.worldometers.info

X
5s