ឆ្លើយ​ត្រូវ​សង្ឃឹម​ជាប់​៩០​%៖ ​​ចំណុច​សំខាន់​​​ត្រូវ​គិត​​ ​មុន​នឹង​​ឆ្លើយ​សំណួរ​​​ ​«​ហេតុ​អ្វី​​​ខ្ញុំ​​ត្រូវ​ជ្រើសរើស​​អ្នក​​ឲ្យ​​ធ្វើ​ការ​​»​



នៅ​ពេល​អ្នក​សម្ភាស​ការងារ​សួរ​មក​កាន់​អ្នក​ថា ហេតុអ្វី​ពួក​យើង​គួរ​ជ្រើសរើស​អ្នក ? សំណួរ​នេះ​ចង់​ឆ្លុះ​បញ្ចាំង​ពី​គំនិត​បង្កប់​ខាង​ក្នុង​របស់​ពួកគេ​ថា តើ​អ្នក​មាន​លក្ខណៈ​ពិសេស​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ស័ក្ដិសម​សម្រាប់​មុខ​តំណែង​មួយ​នេះ ? ត្រូវចាំថា សំណួរនេះភាគច្រើនត្រូវបានគេសួរនៅចុងបញ្ចប់នៃដំណាក់កាលសម្ភាសន៍ ជាពិសេសនៅពេលគេចាប់អារម្មណ៍លើសមត្ថភាពអ្នក។ អ៊ីចឹងហើយ សំណួរមួយនេះ អាចជាចំណុចសំខាន់មួយដែលអ្នកត្រូវធ្វើឲ្យបាន ព្រោះអាចនិយាយបានថា ជាប់ ឬ មិនជាប់ គឺស្ថិតលើការឆ្លើយសំណួរមួយនេះហើយ។

ងាក​មក​សួរ​ខ្លួនឯង​វិញ តើ​អ្នក​ត្រូវ​ឆ្លើយ​បែប​ណា ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ពី​ជំនាញ ក៏​ដូចជា​សមត្ថភាព​ពិសេស​របស់​អ្នក ដែល​អ្នក​អាច​ប្រើប្រាស់​វា​ពោរពេញ​ដោយ​ឆន្ទៈ​ក្នុង​ការ​រួម​ចំណែក​ជួយ​ដល់​ការ​សម្រេច​ភាព​ជោគជ័យ​នូវ​ទស្សនវិស័យ​របស់​ពួក​គេ ? បើ​ទោះ​ជា​មាន​សិល្បៈ ឬ​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ផ្ដល់​ចម្លើយ​ដ៏​ល្អ​ទៅ​កាន់​អ្នក​សម្ភាស​ការងារ​បែប​ណា​ក៏​ដោយ អ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួនឯង ក៏​ដូចជា​អ្នក​សម្ភាស​ការងារ​ផង​ដែរ។ ក្នុង​ន័យ​នេះ​ចង់​បង្ហាញ​ថា អ្នក​មិន​ត្រូវ​ភូតភរ​កុហក​ពួក​គេ​នូវ​ភាព​អស្ចារ្យ​អ្វី​ដែល​ខ្លួន​មិន​មាន​តាម​ជាក់ស្ដែង ដោយ​គ្រាន់​តែ​ចង់​បាន​ការងារ​នោះ​ឡើយ ព្រោះ​អសមត្ថភាព​របស់​អ្នក​នឹង​លេច​មុខ​ឡើង​បង្ក​ជា​បញ្ហា​ក្នុង​រយៈពេល​វែង​សម្រាប់​ខ្លួន​អ្នក​នោះ​ទេ។ ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ពី​ភាព​ស័ក្ដិសម​របស់​អ្នក​សម្រាប់​មុខ​តំណែង​ណាមួយ អ្នក​ត្រូវ​យល់​ឲ្យ​ច្បាស់​ថា​តើ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ពិត​ប្រាកដ​ពី​បុគ្គល​ដែល​មាន​ការ​ទទួល​ខុសត្រូវ​លើ​តួនាទី​នោះ។

មិន​ថា​ជា​ជំនាញ បុគ្គលិកលក្ខណៈ ឬ​ឥរិយាបថ​អ្វី​នោះ​ទេ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា​តើ​អ្នក​មាន​អ្វី​ខ្លះ​ដែល​ជា​សេចក្ដី​ត្រូវការ​របស់​ពួក​គេ។ នៅ​ពេល​អ្នក​ស្វែងរក​ឃើញ​ពី​គុណ​តម្លៃ​ដែល​អ្នក​មាន និង​ផ្គូផ្គង​ជាមួយ​សេចក្ដី​ត្រូវការ​របស់​ពួក​គេ​ហើយ អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ពី​ចំណុច​ពិសេស​ទាំងនោះ ដោយ​បង្ហាញ​ជា​ភស្តុតាង​បញ្ជាក់​តាមរយៈ​សមិទ្ធផល ឬ​ភាព​ជោគជ័យ​ដែល​ជា​លទ្ធផល​ទទួល​បាន​ពី​ការ​ប្រើប្រាស់​នូវ​ចំណុច​ខ្លាំង​ទាំងនោះ​របស់​អ្នក​នៅ​ក្នុង​មុខ​តំណែង​ចាស់។ មិនតែប៉ុណ្ណោះ អ្នក​ក៏​ត្រូវ​បង្ហាញ​ពួក​គេ​ផង​ដែរ​ថា តើ​តាមរយៈ​ចំណុច​ខ្លាំង​ដែល​អ្នក​មាន អ្នក​អាច​ប្រើប្រាស់​វា​ដើម្បី​ជួយ​សម្រេច​ទស្សនវិស័យ​ពួក​គេ​បាន​ដោយ​របៀប​ណា នៅ​ពេល​អ្នក​ទទួល​បាន​ការងារ​ក្នុង​មុខ​តំណែង​នោះ។ ម្យ៉ាង​វិញ​ទៀត អ្នក​មិន​ត្រូវ​មើល​រំលង​ពី​សមត្ថភាព​ពិសេស​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ពិសេស​ខុស​ពី​អ្នក​ដទៃ​នោះ​ឡើយ ព្រោះ​ថា​អ្វី​ដែល​អ្នក​សម្ភាស​ការងារ​ចង់​បាន​គឺ​មិន​ត្រឹម​តែ​ជា​គុណ​តម្លៃ​ដែល​អ្នក​មាន​ផ្គូផ្គង​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​សមត្ថភាព​ពិសេស​របស់​អ្នក ដែល​ធ្វើឲ្យ​អ្នក​លេចធ្លោ​លើស​ពី​អ្នក​មក​សម្ភាស​ការងារ​ដទៃ​ទៀត និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពួកគេ​ឲ្យ​ចង់​ជ្រើសរើស​អ្នក​មក​រួម​ជា​សមាជិក​ក្រុម៕

ប្រែសម្រួល៖​ ស្រីពៅ ប្រភព៖ thebalance

X
5s