​គន្លឹះ​​ ​៥​យ៉ាង​​ដើម្បី​ក្លាយ​ជា​អ្នក​លក់​ឆ្លាតវៃ​​



ដើម្បី​​ក្លាយ​ជា​អ្នក​លក់​ដ៏​ពូកែ​ម្នាក់​ ​ត្រូវ​ការធាតុ​​​រួម​ផ្សំ​ជា​ច្រើន​ ហើយ​គន្លឹះ​ទាំង​ ៥​យ៉ាង​ខាង​ក្រោម​នេះ​អាច​​ជា​ទុន​គំនិត​មួយ​​​ជួយ​អ្នក​ឱ្យ​ក្លាយ​​លក់​ដ៏​ឆ្លាត​វៃ​ម្នាក់​បាន។

១) ​ឈ្វេងយល់​តម្រូវ​ការ​​ស្នូល​របស់​អតិថិជន​៖ 

នេះ​​ជា​ចំណុច​សំខាន់​បំផុត​​ដែល​អ្នក​លក់​គួរ​ធ្វើ។ ​លោក​អ្នក​ត្រូវ​ឈ្វេង​យល់​ពី​តម្រូវ​ការ​ស្នូល​​អតិថិជន​របស់​អ្នក​ឱ្យ​បាន​ច្បាស់​ថា​តើ​ពួក​គេ​ចង់​បាន​អ្វី​ឱ្យ​ពិត​ប្រាកដ។ ​ត្រូវ​ឆ្លាត​ក្នុង​ការ​ស្វែង​រក​ផលិតផល​ និង​របៀប​បង្ហាញ​វា​ឱ្យ​​ទាក់ចិត្ត​អតិថិជន។ ​លោក​អ្នក​ដឹង​កាន់​តែ​ច្រើន​អំពី​ការ​ចង់​បាន​របស់​អតិថិជន​ លោក​​អ្នក​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​លក់​ទំនិញ​​​នោះ។

២) បន្ធូរបន្ថយ​ការ​បារម្ភ​​របស់​អតិថិជន​តាម​រយៈ​ការ​លើក​ឧទាហរណ៍​ជាក់​ស្ដែង៖ 

អតិថិជន​តែង​មាន​ការ​បារម្ភ​ជា​និច្ច​​នៅ​ពេល​ដែល​ពួក​គេ​ចង់​ទិញ​ផលិតផល​អ្វី​មួយ​ ជា​ពិសេស​ផលិតផល​​ ឬ​សេវាកម្ម​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ។ ​ពួក​គេ​អាច​នឹង​បារម្ភ​ថា​ វា​នឹង​អាច​មាន​អ្វី​កើត​ឡើង​​ក្រោយ​ពី​ប្រើ​ប្រាស់​មួយ​រយៈ​ពេល។ អតិថិជន​ខ្លះ​ទៀត​អាច​​នឹង​ស្ទាក់ស្ទើរ​ ​មិន​ហ៊ាន​សម្រេច​ចិត្ត​ទិញ​ព្រោះ​​បារម្ភ​ថា​ ​​មិន​ចេះ​ប្រើ។ ដូច្នេះ​លោក​អ្នក​គួរ​លើក​យក​ឧទាហរណ៍​​ដែល​មាន​សាច់​រឿង​ប្រហាក់​ប្រហែល​​គ្នា​មក​ពន្យល់​ដល់​អតិថិជន។

៣) ដំបូង​លក់​តិច​សិន​៖​ 

នៅ​ពេល​ដែល​តម្លៃ​​ក្លាយ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​បារម្ភ​​ចំពោះ​អតិថិជន​របស់​អ្នក​ លោក​អ្នក​គួរ​ស្វែង​យល់​ពី​កម្រិត​នៃ​ថវិកា​របស់​អតិថិជន​ដែល​អាច​មាន​លទ្ធភាព​ទិញ​បាន។ ​បើ​ទំនិញ​របស់​អ្នក​មាន​តម្លៃ​ថ្លៃ​​ ​​ការ​លក់​ដំបូង​កុំ​រំពឹង​ខ្ពស់​ពេក​ ហើយ​​បើ​ផលិតផល​របស់​អ្នក​មាន​ច្រើន​ប្រភេទ​ ច្រើន​សន្ធាន​ អ្នក​គួរ​ពិចារណា​លក់​​បរិមាណ​តិច​សិន​ទៅ​កាន់​អតិថិជន​ ហើយ​​នា​ពេល​ក្រោយ​បន្ទាប់​ពី​មាន​ទំនុក​ចិត្ត​មក​លើ​​ផលិតផល​របស់​អ្នក​ហើយ​ គឺ​អាច​លក់​ក្នុង​បរិមាណ​​ច្រើន។

៤) ពន្យល់​ពី​គុណ​វិបត្តិ​បើ​សិន​អតិថិជន​មិន​ទិញ​ផលិតផល​របស់​អ្នក៖ 

ក្រៅ​ពី​លក្ខណៈ​ពិសេស​នៃ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ ​លោក​អ្នក​អាច​នឹង​ពន្យល់​ពី​​គុណវិបត្តិ​ ឬ​ការ​សោកស្ដាយ​បើ​សិន​ជា​អតិថិជន​មិន​សម្រេច​ចិត្ត​ទិញ​ទំនិញ​ ឬ​ផលិតផល​របស់​អ្នក​នោះ​ទេ។ ​ឧទាហរណ៍​ពួក​គេ​អាច​នឹង​ចំណាយ​ពេល​ច្រើន​ដើម្បី​ស្វែង​រក​​ផលិតផល​ប្រភេទ​នេះ​ ផលិត​ប្រហែល​គ្នា​នេះ​អាច​នឹង​ថ្លៃ​ គុណភាព​អន់​ជាង​នេះ ​​មិន​ត្រូវ​នឹង​តម្រូវ​ការ​ក្រុមហ៊ុន​ជា​ដើម -។ល។

៥) ​អប់រំ​ ឬ​ណែនាំ​អតិថិជន​របស់​អ្នក៖​ 

បើ​អតិថិជន​នៅ​តែ​ស្ទាក់ស្ទើរ​​ក្នុង​ការ​ទិញ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ លោក​​អ្នក​គួរ​តែ​ព្យាយាម​ណែនាំ​បន្ថែម​ទៀត​ពី​គុណតម្លៃ​ ឬ​ចំណុច​ពិសេស​នៃ​ផលិតផល​របស់​អ្នក។ ព្យាយាម​ប្រៀប​ធៀប​ផលិតផល​របស់​អ្នក​ទៅ​នឹង​ដៃ​គូ​ប្រកួត បើ​សិន​ជា​អតិថិជន​​ប្រៀបធៀប​មុន។​​ ​ការ​ណែនាំ​ឬ​​បង្ហាញ​បាន​ល្អ​ ​ឬ​​និយាយ​ដោយ​ខ្លី​គឺ​ពន្យល់​ចាក់​ចំ​បេះ​ដូង​​របស់​អតិថិជន​ ​នោះ​អតិថិជន​អាច​នឹង​សម្រេច​ចិត្ត​ទិញ៕

ដោយ៖ រតនៈ​វិភូ​​​​​​​​​

X
5s