តិចនិក​​រៀន​សូត្រទាំង ​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ​



ជា​ទូទៅ​សិស្ស​និស្សិត​មាន​ភាព​មមាញឹក​ជាមួយ​នឹង​កិច្ចការ​សាលា​របស់​ពួក​គេ​ ហើយ​ពេល​ខ្លះ​ទៀត​ពួក​គេ​មាន​ការ​ប្រលង​ជាច្រើន​មុខ​វិជ្ជា​ទៀត​ផង​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ បើ​សិន​ជា​អ្នក​រៀន​២​សាកល​វិទ្យាល័យ​ វា​នឹង​ក្លាយ​ទៅ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ជា​ខ្លាំង។ តែ​ពេល​នេះ​អ្នក​ប្រហែល​ជា​លែង​ជួប​ការ​លំបាក​ទៀត​ហើយ​បន្ទាប់​ពី​បាន​ធ្វើ​តាម​ចំណុច​ទាំង​៥​នេះ៖

១) រៀន​ប្រើប្រាស់​ Flashcard៖ Flashcard ត្រូវ​បាន​គេ​ពេញ​និយម​ប្រើប្រាស់​វា​ដោយ​សារ​តែ​វា​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ចង​ចាំ។ ជាទូទៅ​គឺ​គេ​សរសេរ​សំនួរ​នៅ​ម្ខាង និង​ចម្លើយ​នៅ​ម្ខាង ហើយ​គេ​បើក​មើល​តែ​ខាង​សំនួរ​សិន​ដោយ​ព្យាយាម​ឆ្លើយ​សំនួរ​នោះ​តាម​ការ​យល់ដឹង​​និង​ការ​ចងចាំ​របស់​ខ្លួន។

២) មិន​ពន្យារ​ពេល​រៀន​ជា​ដាច់​ខាត៖ ពេល​ខ្លះ​ សិស្ស​ភាគច្រើន​ចូល​ចិត្ត​រអ៊ូ​រទាំ​ថា​ខ្លួន​ឯង​គ្មាន​ពេល​ទំនេរ​ តែ​យើង​ភ្លេច​ហើយ​ថា​មនុស្ស​ម្នាក់ៗ​មាន​ពេល​២៤​ម៉ោង​ក្នុង​ថ្ងៃ​ដូច​ៗ​គ្នា។ អ្នក​អាច​មាន​ពេល​ចុច​ទូរស័ព្ទ មើល​រឿង​ ឬ​អង្គុយ​លេង ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ឆ្លៀត​ពេល​មើល​មេរៀន​ដែល​ផង​ទៅ? នេះ​ជា​សំនួរ​ដែល​អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង។

៣) ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​មុខវិជ្ជា​ដែល​អ្នក​ចង់​អភិវឌ្ឍ​បន្ថែម៖ សិស្សានុសិស្ស​ជាច្រើន​ហាក់​បី​ដូចជា​មិន​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​រៀន​បន្ថែម​ដោយ​ខ្លួន​ឯង​នោះ​ទេ។ យ៉ាង​ណា​មិញ​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​ការ​យល់​ដឹង​រឹតតែ​ទូលំទូលាយ​ហើយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​យក​អ្វី​ដែល​ទាក់ទង​នឹង​មុខវិជ្ជា​នោះ​ផង​ដែរ។

៤) បង្កើត​វិញ្ញាសា​ដោយ​ខ្លួន​ឯង៖ វា​មិន​មែន​ជា​រឿង​អ្វី​ដែល​លំបាក​ណាស់​ណា​នោះ​ទេ​ ព្រោះ​អ្នក​អាច​ទៅ​រក​មើល​ក្រដាស​ប្រលង​មុនៗ​ដែល​បាន​កែ​ហើយ​ រួច​អ្នក​អាច​មើល​បាន​ថា​អ្នក​ខ្សោយ​ចំណុច​ណា​ខ្លាំង​ជាង​គេ​ ហើយ​ចំណុច​ណា​ខ្លះ​ដែល​អ្នក​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ស្វែង​រក​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​របស់​ខ្លួន។

៥)  រៀបចំ​ការ​កត់ត្រា​របស់​អ្នក​ឡើង​វិញ​ម្ដង​ទៀត៖ នៅ​ពេល​ដែល​នៅ​ថ្នាក់​ មាន​សិស្ស​ឧស្សាហ៍​មួយ​ចំនួន​ចូលចិត្ត​កត់ត្រា​ទុក​នូវ​អ្វី​ដែល​សាស្ត្រាចារ្យ​របស់​ពួកគេ​និយាយ​នៅ​ពេល​ដែល​គាត់​បង្រៀន តែ​ភាគច្រើន​ពួកគេ​មិន​សូវ​ជា​បាន​រៀបចំ​ការ​កត់ត្រា​ទាំង​នោះ​ម្ដង​ទៀត​ឡើយ។ ដូច​ដែល​យើង​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល​យើង​ស្ដាប់​បណ្ដើរ កត់​បណ្ដើរ​ វា​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ហើយ​អក្សរ​មិន​សូវ​ជា​ស្អាត​នោះ​ទេ​ ហើយ​ព្រម​ទាំង​គ្មាន​ការ​រៀបចំ​បាន​ស្អាតបាត​នោះ​ទេ។ 

ហេតុនេះ​ហើយ​យើង​គួរ​តែ​យក​ការ​កត់ត្រា​ទាំង​នោះ​យក​មក​អាន​ហើយ​រៀបចំ​វា​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ការ​មើល​ម្ដង​ទៀត។

ប្រែ​សម្រួល៖ តូច​ ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s