«មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧» «ASEAN Young Entrepreneurs Carnival – AYE Carnival» ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាម្ចាស់ផ្ទះនិងដឹកនាំរៀបចំ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រទេសកម្ពុជា ថ្ងៃទ២៦ ខែឧសភា ឆ្នាំ២០២២
ក្នុងឱកាសសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី) រៀបចំ កិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) លើកទី៣ សមាគមប្រកាស់ជាផ្លូវការដឹកនាំនិងជាម្ចាស់ផ្ទះទទួលពីភារៈរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខដ៏ឆាប់នេះ។
ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) គឺជាក្រុមប្រឹក្សាផ្លូវការដែលប្រមូលផ្ដុំទៅដោយសហគ្រិនវ័យក្មេងក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន ហើយបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជាសំឡេងរួមក្នុងដំណើរការបង្កើតគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានត្រូវបានស្នើឱ្យង្កើតឡើងដោយ ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN Business Advisory Council – ABAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥។ ក្រុមប្រឹក្សាមួយនេះមានបណ្តាញ និងទំនាក់ទំនងល្អជាមួយរាជ/រដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង១០ប្រទេស។ ហើយចាប់តាំងពីឆ្នាំ២០១៦ មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន តែងតែត្រូវបានរៀបចំឡើងដោយប្រទេសដែលជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ។ ហើសម្រាប់ឆ្នាំ២០២២ ដែលប្រទេសកម្ពុជាជាប្រធានដឹកនាំអាស៊ាន សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានទទួលភារៈដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន។ កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុជា នាមជាប្រធានឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានចំនួនបីដង និងរៀបចំព្រឹត្តិការណ៍សហគ្រិនអាស៊ានដោយជោគជ័យនិងទទួលបានលទ្ធផលល្អបំផុត។
សម្រាប់មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧នេះ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីសហគ្រិនវ័យក្មេងមកពីបណ្ដាប្រទេសអាស៊ានប្រមាណ ៥០០នាក់ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា និងថ្នាក់ដឹកនាំពីវិស័យសាធារណៈនិងឯកជនពីបណ្តាប្រទេសសមាជិកអាស៊ាននិងអាស៊ានបូកផងដែរ។ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧នេះ នឹងប្រារព្ធឡើង ក្រោមមូលបទ «រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា» "RISE STRONGER TOGETHER" ដោយមានគោលបំណងឱ្យម្ចាស់អាជីវកម្មដែលជាសហគ្រិនវ័យក្មេងទាំងអស់ ជំនះលើផលរំខានដែលបណ្តាលមកពីកូវីដ-១៩ តាមរយៈការធ្វើឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួម ជាពិសេសការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ និងជាពេលដែលយើងត្រូវសម្របខ្លួនទៅនឹងបរិបទថ្មីនេះ។ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ជាប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-កម្ពុជា (ABAC) ។
របៀបវារៈសំខាន់ៗមួយចំនួននឹងត្រូវបានលើកយកទៅពិភាក្សាក្នុងកម្មវិធីនេះ ក្នុងនោះរួមមាន វឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់ថា RCEP ការវិវត្តវិស័យហិរញ្ញវត្ថុដោយផ្ដោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) យុទ្ធសាស្ត្រទីផ្សារឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាងនេះទៅទៀតកម្មវិធី មហោស្រពសហគ្រិនវ័យក្មេងនេះ ក៏នឹងទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតតីដ៏ខ្ពស់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ក្នុងនោះ ក៏នឹងមានកម្មវិធីចែកពានរង្វាន់សាហគ្រិនវ័យក្មេងឆ្នើមអាស៊ានដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិតផងដែរ។ តាមរយៈកម្មវិធីមហោស្រពនេះ នឹងជួយពង្រឹង និងពង្រីកវិសាលភាពនៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មក្នុងស្រុក ជាមួយសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បណ្ដាសមាជិកអាស៊ានរួមទាំងកម្ពុជានឹងអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចដោយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េបន្ថែមទៀត។
ទន្ទឹមនឹងនេះ សហគ្រិនវ័យក្មេងកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចែករំលែកនូវបទពិសោធ ចំណេះដឹង និងពង្រីកវិសាលភាពនៃបណ្ដាញធុរកិច្ចឱ្យកាន់តែទូលំទូលាយបន្ថែមទៀតជាមួយសហគ្រិនវ័យក្មេងអាស៊ានគ្រប់ប្រទេស និងសហគ្រិនអន្តរជាតិដទៃទៀតដែលនឹងអញ្ជើញមកចូលរួម មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នៅខែវិច្ឆិកាខាងមុខនេះ។ កន្លងមក AYEC បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់ជាអានុសាសន៍ដើម្បីជាទិសដៅគោលនយោបាយអាស៊ាន និងដើម្បីផលប្រយោជន៍សហគ្រិនវ័យក្មេងអាស៊ាន ក៏ដូចជាចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានទាំងមូលកាន់តែល្អប្រសើឡើង។ ក្នុងនាមម្ចាស់ផ្ទះ និងជាអ្នកដឹកនាំរៀបចំកម្មវិធី មហោស្រពសហគ្រិនវ័យក្មេងអាស៊ានដ៏អស្ចារ្យនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសេចក្ដីសោមនោសរីករាយយ៉ាងក្រៃលែងក្នុងការគោរពអញ្ជើញសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពលទាំងអស់ មកចូលរួមធ្វើឱ្យព្រឹត្តិការណ៍ដ៏អធិកអធមមួយនេះមានភាពអស្ចារ្យ ប្រកបដោយភាពរីកចម្រើនរុងរឿង នឹងដើម្បីមុខមាត់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយើងទាំងមូលផងដែរ។អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC - វ៉ាយអ៊ីអេស៊ី)ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគមមិនរកប្រាក់ចំណេញ ដែលផ្ដល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្រ្តីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤៨០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៦ រួមមាន កំពង់ចាម សៀមរាប បាត់ដំបង ក្រុងព្រះសីហនុ កំពត និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសតាមបណ្ដាខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕
អំពី ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន
ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) គឺជាក្រុមប្រឹក្សាផ្លូវការដែលប្រមូលផ្ដុំទៅដោយសហគ្រិនវ័យក្មេងក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន ហើយបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជាសំឡេងរួមក្នុងដំណើរការបង្កើតគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានត្រូវបានស្នើឱ្យង្កើតឡើងដោយ ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN Business Advisory Council – ABAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥។ ក្រុមប្រឹក្សាមួយនេះមានបណ្តាញ និងទំនាក់ទំនងល្អជាមួយរាជ/រដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង១០ប្រទេស។ ហើយចាប់តាំងពីឆ្នាំ២០១៦ មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន តែងតែត្រូវបានរៀបចំឡើងដោយប្រទេសដែលជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ។
ក្រៅពីការចូលរួមនៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ក៏មានតួនាទីជាបណ្តាញសហគ្រិនវ័យក្មេង ដោយមានទំនាក់ទំនងផ្ទាល់ជាមួយសមាគមថ្នាក់ជាតិរៀងៗខ្លួន និងលេខាធិការដ្ឋានអាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ក៏ត្រូវបានផ្តល់អាសនៈនៅក្នុងក្រុមប្រឹក្សាធុរកិច្ចអាស៊ានរួមក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC JBCs) ដែលសំណើស្តីពីសហគ្រិនភាពវ័យក្មេងត្រូវបានដាក់ជូនតំណាងផ្នែកឯកជនផ្លូវការក្នុងអាស៊ានក្នុងគោលបំណងផ្តល់សំឡេងដល់សហគ្រិនវ័យក្មេងរបស់អាស៊ាន និងការបង្រួបបង្រួមភាគីពាក់ព័ន្ធសំខាន់ៗដើម្បីធ្វើឱ្យប្រសើរឡើងនៃភាពជាសហគ្រិនវ័យក្មេងដែលជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចដែលដឹកនាំដោយនវានុវត្តន៍របស់អាស៊ាន។