ពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោង លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល”
“គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” (Clinic for MSMEs Digital Acceleration for New Growth in Digital Economy)
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពដៃគូជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ជាភាសាអង់គ្លេសថា “Clinic for MSMEs Digital Acceleration for New Growth in Digital Economy” ដែលជាគម្រោងដែលផ្តល់ការគាំទ្រដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ពិធីសម្ពោធជាផ្លូវការនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីសហគ្រិនប្រមាណ ២០០នាក់ និងក្រោមអធិបតីភាពរបស់៖
• ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
• លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
• ឯកឧត្ត ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
• ឯកឧត្ត សង់ ស៊ីណាវ៉ុង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
• ឯកឧត្ត ម៉ុក រ៉ាឌី អគ្គនាយកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
• លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា Cambodia Academy of Digital Technology (CADT)
ថ្លែងក្នុងពិធីនេះ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តបេសកកម្មរបស់ខ្លួនក្នុងការធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ កន្លងមក យើងមានគម្រោងកម្មវិធីជាច្រើនដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម ដើម្បីពង្រីកខ្លួនសម្រាប់ការប្រកួតប្រជែងជាមួយធុរកិច្ចក្នុងតំបន់ និងពិភពលោក។ ជាក់ស្តែង ថ្ងៃនេះ សមាគម បានទទួលការគាំទ្រក្នុងភាពជាដៃគូពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការអនុវត្តគម្រោងនេះ។ ក្នុងនាមសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកបានសម្តែងនូវមនោសញ្ចេតនាគោរព និងអរគុណជាអតិបរិមាដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់ថវិកាគាំទ្រ និងសហការក្នុងការពង្រឹង និងបង្កើនសមត្ថភាពលើផ្នែកបច្ចេកវិទ្យាឌីជីថលសម្រាប់អភិវឌ្ឍអាជីកម្មដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា។
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការវិភាគទិន្នន័យ និងអ៊ីនធឺណេតនៃវត្ថុ។ល។ បច្ចេកវិទ្យាឌីជីថលទាំងនោះបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងលឿនដែលមិនធ្លាប់មានពីមុនមក ក្នុងវិស័យអប់រំ សុខាភិបាល ទីផ្សារការងារ រដ្ឋបាលសាធារណៈ និងជាពិសេសវិស័យធុរកិច្ចផងដែរ។ ការបន្តទំនើបកម្ម និងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍ និងការកសាងសមត្ថភាពបច្ចេកវិទ្យាឌីជីថលគឺជាយុទ្ធសាស្រ្តចាំបាច់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះមានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១- ២០៣៥ គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ផែនការមេរបស់ ICT កម្ពុជាឆ្នាំ២០២០ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាដើម។
ឯកឧត្តមបណ្ឌិតបានបន្តថា ដោយមើលឃើញពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា សេនាធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការគ្រប់គ្រងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ជាភាសាអង់គ្លេសថា “Clinic for MSMEs Digital Acceleration for New Growth in Digital Economy” កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តាមរយៈកិច្ចព្រមព្រៀងលេខ ២២/០០៧ គសអ សរហ. ដោយមានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាអ្នកអនុវត្ត។ឯកឧត្តមបណ្ឌិត ជឿជាក់ថា ការអនុវត្តគម្រោងនេះ គឺពិតជាបានបង្ហាញពីតួអង្គសំខាន់ទាំងបី គឺវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលក្នុងការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនៅកម្ពុជា។ គម្រោងនេះគាំទ្រដល់សហគ្រិនចំនួន១០០ ដែលរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត ក្នុងការបង្កើតតម្លៃបន្ថែម ដែលនាំឲ្យផលិតផល និងសេវាកម្មមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិន វ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹង បណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនPផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកចំនួនប្រមាណ៤០០នាក់ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ រួមមាន កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕
..........................................................................................................................