សប្តាហ៍សហគ្រិនភាពសកល- កម្ពុជា ឆ្នាំ២០២១ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល”
ទិវាសប្ដាហ៍សហគ្រិនភាពសកល គឺជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្ដួចផ្ដើមគំនិតធុរកិច្ចថ្មី និង អ្នកបង្កើតការងារថ្មី ដែលបានចាប់ផ្ដើមនាំយកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។ ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំក្នុងសប្ដាហ៍ជាមួយគ្នា នាខែវិច្ឆិកា ចាប់ពីឆ្នាំ ២០០៨ មក ដោយមានទីតាំងកណ្តាលរួមស្ថិត នៅសហរដ្ឋអាមេរិច។ ទិវានេះរួមមានកម្មវិធី និងសកម្មភាពប្រកួតប្រជែងច្រើនប្រភេទ ដើលទាក់ទាញអោយមានអ្នកចូលរួមច្រើនលាននាក់ ដើម្បីស្វែងរកនូវសក្តានុពល របស់ពួកគេ ក្នុងនាមជាសហគ្រិន ព្រមទាំងជម្រុញអោយមានការកសាងទំនាក់ទំនង និង សហការគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព។
នាព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាពសកល ដែលជាភាសាអង់គ្លេសហៅថា Global Entrepreneurship Week Cambodia ក្រោមប្រធានបទ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents នៅក្នុងនោះផងដែរយើងបានធ្វើការផ្សាយបន្តផ្ទាល់តាម រយៈហ្សូម (ZOOM) និងទំព័រហ្វេសប៊ុកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ផងដែរ។ ក្នុងការបើកកម្មវិធីព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២១នេះមានការអញ្ជើញចូលរួមជាកិត្តិយសពី ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia ឯកឧត្តម យឹម សៀប អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ឆេង បញ្ញារិទ្ធ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ និង លោក ចៃ ឡូ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាភិបាល Water Environment (W.E.) Venture Co., Ltd. (WE Venture)ផងដែរ។
ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia បានថ្លែងថា នេះជាលើកទី៩ហើយដែលយើងប្រារព្ធទិវានេះនៅប្រទេសកម្ពុជា ហើយនៅប្រទេសកម្ពុជា អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ព្រមទាំងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានទទួលស្គាល់ជាម្ចាស់ផ្ទះផ្លូវការ (official host) នៃទិវានេះ ដែលហៅថា ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា តាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ ទិវានេះត្រូវបានរៀបចំឡើងនូវជាង ២០០ ប្រទេសទៀតក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិការៀងរាល់ឆ្នាំ ពីឆ្នាំ២០០៨មក ដោយបណ្តាញសហគ្រិនភាពសកល GEN Global ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិច ព្រមទាំងស្ថាប័នជាមែកធាងនៅជាង ១០០ ប្រទេសទៀតទូទាំងពិភពលោក។
កម្មវិធីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ វិច្ឆិកានេះមានការអញ្ជើញចូលរួមពីវាគ្មិនឆ្នើមៗនិងប្រកបដោយបទពិសោធន៍ទាក់ទងនឹងប្រធានបទនៃកិច្ចពិភាក្សាមានដូចជា៖
១- លោក ស៊ឹម ចាន់គីរីរ័ត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន BanhJi
២- លោក ខេង វ៉ាន់ថា Co-Founder & Managing Partner at Biz Solution
៣- លោក សារិន សិរីវុឌ្ឍិ នាយកប្រត្តិបត្តិ VTENH
៤- អ្នកស្រី សុខ វិច្ឆិកា Program Manager នៃមជ្ឈមណ្ឌលព័ត៌មានអាជីវកម្ម (BIC)
អ្នកស្រី វឹង ចន័្ទដេលីស នាយិកា ក្រុមហ៊ុនទេសចរណ៍អេស៊ាអ៊ីកហ្សតធីកធួរ ជាអ្នកសម្រសម្រួលក្នុងកិច្ចពិភាក្សានេះផងដែរ។
ក្នុងកិច្ចពិភាក្សានេះផងដែរ វាគ្មិនយើងបានផ្តោតសំខាន់ទៅលើចំណេះជំនាញឌីជីថលសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មក្នុងការធ្វើឲ្យដំណើរការនៃរបរខ្លួនទៅរលូន និងកាន់តែប្រសើរ។ ជាពិសេសការផ្តោតសំខាន់ទៅលើកការលើកស្ទួយឲ្យមានធនធានមនុស្សចេះផ្នែកឌីជីថលច្រើន ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាដ៏ជឿនលឿន និងទាមទារឲ្យសហគ្រិន ឬម្ចាស់អាជីវកម្មត្រូវរក្សាការសិក្សាស្រាវជ្រាវជាប្រចាំដើម្បីអភិវឌ្ឍជំនាញឌីជីថល។ លើសពីនេះទៀត ការប្រើប្រាស់ឌីជីថលមានការកើនឡើងគួរឲ្យកត់សំគាត់ មិនថាតាមបណ្តាខេត្តឬក៏នៅក្នុងទីក្រុង ជាពិសេសMSMEមានទំនោរទៅលើការប្រើប្រាស់ឌីជីថលដើម្បីអាជីវកម្មរបស់ខ្លួនអាចរក្សាជំហ៊រក្នុងរបត់ថ្មីបច្ចុប្បន្ន។
វាគ្មិនរបស់យើងក៏បានចែករំលែកគន្លឹះ និងប្រភពចំណេះដឹងទាក់ទងនឹងឌីជីថលដែល MSMEយើងអាចទៅសិក្សាស្រាវជ្រាវដើម្បីពង្រឹងសមត្ថភាពខ្លួន និងជំនាញខ្លួន។ វាគ្មិនក៏បានលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មយើងឲ្យចេះប្រើឌីជីថលដើម្បីចាប់ឪកាសក្នុងការពង្រីកនិងពង្រឹងអាជីវ-កម្មខ្លួន និងជ្រើសរើសDigital Platformដ៏ត្រឹមត្រូវសម្រាប់របរអាជីវកម្មរបស់ខ្លួន ដោយសារតែឌីជីថលមានទម្រង់ច្រើន អុីចឹងក្នុងការប្រើទំរង់ដ៏ត្រឹមត្រូវ នោះទើបផលិតផលរបស់គាត់ ឬក៏Brandingអាចទៅដល់អតិថិជនគោលដៅ។
កម្មវិធីព្រឹកនេះមានការចូលរួមពីចំងាយតាមរយៈហ្យូម ៦០នាក់ និងឡាយលើទំព័រហ្វេសប៊ុក ១០១នាក់។
ទិវានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគមក្រោមប្រធានបទខុសៗគ្នា ចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហ- គ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិនជោគជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យធុរកិច្ច ក៏ដូចជាក្រសួង ស្ថាបន័ពាក់ពន្ធ័នានា ។
ប្រធានបទក្នុងឆ្នាំ២០២១ សម្រាប់ប្រទេសសម្ពុជាគឺ៖ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents។ ទិវាទាំងមូលនឹងចាប់ផ្តើមពីថ្ងៃទី ០៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយរួមកម្មវិធីសិក្ខាសាលា សម្រាប់យុវជន សិស្ស-និស្សិត ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាសំខាន់ៗសម្រាប់សហគ្រិនធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម។ ក្នុងកម្មវិធី និមួយៗ ខ្លឹមសារសំខាន់ៗដែលនឹងត្រូវលើកមកពិភាក្សាទាក់ទងនឹងប្រធានបទ មានដូចជា៖
• ប្រភេទការងារ និង មុខជំនាញផ្សេងៗដែលបាន ឬដែលនឹងកើតមានឡើងដើម្បីបំពេញតម្រូវការទីផ្សារស្របនឹងពេលដែលធុរកិច្ចបង្កើតថ្មីជាច្រើនត្រូវបានបង្កើតឡើងដែរ។
• តើសហគ្រាសធុន តូច និងមធ្យមអាចពង្រីកខ្លួនដោយប្រើប្រាស់ ថា្នលឌីជីថលក្នុងប្រទេស និងក្រៅប្រទេស?
• គោលដៅ និង ការរំពឹងទុកទៅថ្ងៃអនាគត លើអាជីវកម្មអនឡាញ និង ថ្នាលឌីជីថល។
ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ ២០២១ ប្រារព្ធឡើងដោយមានការគាំទ្រថវិការពី យូអិនឌីភី (UNDP) កម្ពុជា និង Konrad-Adenauer-Stiftung ប្រចាំនៅកម្ពុជា និង មូលនិធិ ស.អ (CBRD) របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគម និងការឧបត្ថម្ភពី USAID តាមរយៈPACT Cambodia និង ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងនោះរួមមាន Partner sponsors និង National sponsors។ កម្មវិធីក៏ទទួលបានការសហការពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មជ្ឈមណ្ឌលពត៌មានអាជីវកម្ម(BIC) និង សហព័ន្ធសេវាអប់រំកម្ពុជា។
គួរបញ្ជាក់ផងដែរថាទិវាសប្តាហ៍សហគ្រិនភាពសកល ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី៣ប្រចាំខែវិច្ឆិកា នៅក្នុងប្រទេសជាង ១៧០ ដើម្បីអបអរនូវភាពជោគជ័យ និងឥទ្ធិពលនៃសហគ្រិននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបំបែកឧបសគ្គខាងវប្បធម៌ និងពង្រីកចំនួនមនុស្សដែលពិចារណា និងព្យាយាមដើម្បីក្លាយជាសហគ្រិននៅក្នុងឆាកជីវិតរបស់គេធ្វើអោយសេដ្ឋកិច្ចមានការរីកចម្រើន ធ្វើអោយមនុស្សមានការគិតគូរ និងពង្រឹងសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសនីមួយៗ ។
ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីខាងលើ សូមទំនាក់ទំនងមក មន្រ្តី នៃអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា តាមរយៈ៖
លេខទូរស័ព្ទ +855 70 464 688
សារអេឡិចត្រូនិច [email protected]
ទំព័រFacebookផ្លូវការរបស់យើង Global Entrepreneurship Network Cambodia
ឬ តាមរយៈគេហទំព័រ genglobal.org/cambodia